អានអត្ថបទ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៦៣,១០២ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ

|
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
បិដកលេខ ៧៧ ទំព័រ ១៤ ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿងដូចឈើប្រចាំទ្វីប ឬ ដូចព្រះអាទិត្យស្រទន់ ដែលទើបនឹងរះឡើង ។ ខណៈនោះ ព្រះសារីបុត្រ បានប្រជុំពួកភិក្ខុចំនួន ៥០០ រូប ជាអ្នកមានសោឡសកិច្ចធ្វើហើយ ជាតាទិបុគ្គល ជាខីណាស្រព ប្រាសចាកមន្ទិល ហើយសម្តែងនូវបាដិហារិយៈ ឈ្មោះ លោកប្បសាទនៈ ថា “ពួកយើងនឹងទៅក្នុងទីនោះ ហើយថ្វាយបង្គំព្រះជិនស្រី បានជួបព្រះលោកនាយកហើយ នឹងបន្ទោបង់នូវសេចក្តី សង្ស័យ” ។ ព្រះមុនីទ្រង់ឈ្លាសក្នុងពាក្យឧបមា ទ្រង់ជ្រាបនូវចិត្តនៃភិក្ខុទាំងឡាយនុ៎ះ ទ្រង់មានព្យាយាមធំ កាត់នូវសេចក្តីសង្ស័យ ទ្រង់សម្តែងនូវគុណរបស់ព្រះអង្គ ។ ទីបំផុតនៃអសង្ខេយ្យទាំងឡាយណា ដែលបុគ្គលដឹងមិនបាន អសង្ខេយ្យទាំងនោះ មាន ៤ ប្រការ អសង្ខេយ្យទាំងនុ៎ះគឺ ពួកសត្វ ១ អាកាស ១ ចក្កវាឡមិនមានទីបំផុត ១ ពុទ្ធញ្ញាណដែលប្រមាណមិនបាន ១ បុគ្គលមិនអាចដឹងបានឡើយ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) “ការដែលតថាគតធ្វើឫទ្ធិប្លែក ៗ ណា ការធ្វើឫទ្ធិប្លែក ៗ នុ៎ះនឹងទុកជាហេតុអស្ចារ្យចម្លែកគួរព្រឺរោមដទៃទៀតនៅមានច្រើន ។ ក្នុងកាលដែលតថាគតនៅជាទេវបុត្រ ឈ្មោះ សន្តុសិតៈ ក្នុងពួកទេវបុត្រជាន់តុសិត កាលនោះ ទេវតាមួយហ្មឺនលោកធាតុមកប្រជុំគ្នា ធ្វើអញ្ជលីអារាធនាតថាគតថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោកព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះ អមតៈ ។ កាលណា តថាគតច្យុតចាកពួកទេវតាជាន់តុសិត មកចាប់បដិសន្ធិក្នុងផ្ទៃ ( នៃព្រះមាតា ) កាលនោះ លោកធាតុមួយហ្មឺននិងព្រះធរណីញាប់ញ័រ ។ កាលដែលតថាគត ប្រសូតផ្ទៃព្រះមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតាសាធុការឲ្យប្រព្រឹត្តទៅ លោកធាតុមួយហ្មឺនញាប់ញ័រ ។ តថាគតមិនមានបុគ្គលស្មើក្នុងការចុះកាន់គភ៌ព្រះមាតានៃតថាគតជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និង ការញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ។ ឱ ! ព្រះពុទ្ធទាំងឡាយមានគុណដ៏ធំ ជាអស្ចារ្យក្នុងលោកពេកណាស់ លោកធាតុមួយហ្មឺនញាប់ញ័រអស់វារៈ ៦ លើក ។ ពន្លឺដ៏ធំកើតមានទាំងសេចក្តីអស្ចារ្យ គួរព្រឺរោមក៏កើតឡើង ” ។ ដកស្រង់ចេញពីសៀវភៅ ពុទ្ធវង្សសង្ខេប រៀបរៀងដោយៈ មុនីកោសល្យ នៅ ហៃឡុង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |