អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៤២៤ ដង)
កូនមានជម្ងឺត្រូវខំព្យាបាល

|
កូនមានជម្ងឺត្រូវខំព្យាបាល
មនុស្សណាម្នាក់ ដែលថាមិនមានជម្ងឺនោះ គឺមិនមានទេ គ្រាន់តែតិចឬខ្លាំង តែកាលកូនមានជម្ងឺហើយ សូមនាំគ្នាខ្វាយខ្វល់ថែរក្សា ព្យាបាលឲ្យកូនបានជាសះស្បើយ មិនត្រូវទុកឲ្យកូនមានជម្ងឺរ៉ាំរ៉ៃនោះទេ។ មានឪពុកម្ដាយមិនតិចទេក្នុងលោកនេះ ពេលដែលកូនមានជម្ងឺមិនយកចិត្តទុកដាក់ព្យាបាលកូន ដោយអាងឡេះថា មិនមានលុយព្យាបាល។ តែបើយើងជាឪពុកម្ដាយដ៏ល្អនោះ ត្រូវស្វះស្វែងរកប្រាក់មកព្យាបាលឲ្យកូនបានជាឡើយ។ កាលមិនខ្វល់ខ្វាយព្យាបាលកូននៅមានជម្ងឺជានិច្ចកាលរ៉ាំរ៉ៃធ្វើឲ្យកូន មានទឹកចិត្តមិនគោរពចំពោះយើងបាន ព្រោះកូនតែងគិតថា ខ្លួនមានជម្ងឺនេះ មកពីឪពុកម្ដាយមិនព្យាបាល ទើបនៅឈឺរហូតមក ធ្វើឲ្យកូនចងគំនុំទៀតផងក៏មាន។ ឪពុកម្ដាយខ្លះ មានលុយកាក់ដែរ តែស្ដាយមិនហ៊ានព្យាបាលទេ ដោយខ្លាចអស់ទ្រព្យសម្បត្តិ នេះជាកំហុសមួយដ៏ធំ ដែលឃើញលុយជាធំ មិនឃើញកូនជាធំឡើយ។ នៅក្នុងព្រះពុទ្ធដីកា ព្រះអង្គទ្រង់ត្រាស់ថា៖ អារោគ្យមិច្ឆេ បរមញ្ច លាភំ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្ដមគឺ ការមិនមានរោគ។ អារោគ្យបរមា លាភា លាភមានការមិនមានរោគជាយ៉ាងក្រៃលែង។ ព្រះអង្គទ្រង់ត្រាស់ជាមួយមាគណ្ឌិយបរិព្វាជកថា អារោគ្យបរមា លាភា និព្វានំ បរមំ លាភំ អដ្ឋង្គិកោ ច មគ្គានំ ខេមំ អមតគាមិនំ។ លាភទាំងឡាយមានការមិនមានរោគប្រសើរបំផុត ព្រះនិព្វានជាសេចក្ដីសុខដ៏ប្រសើរ មគ្គដែលប្រកបដោយអង្គ ៨ ដ៏ក្សេមក្សាន្តជាងមគ្គទាំងឡាយ សម្រាប់ដើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ។ ក្នុងបាទព្រះគាថាទាំងអស់នេះ ព្រះអង្គទ្រង់ត្រាស់ថា ការមិនមានរោគជាកំពូលលាភក្នុងលោកនេះ មិនមានអ្វីប្រៀបបាន។ កាលយើងមានសទ្ធាជឿ ព្រះបរមសម្ពុទ្ធ ត្រូវខំព្យាបាលជម្ងឺឲ្យកូនឲ្យជា វៀរលែងតែជម្ងឺមើលមិនជាមានអេដស៍ជាដើមយើងមិនដឹងធ្វើយ៉ាងណា តែបើមានជម្ងឺអាចមើលជាឬបន្តិចបន្តួចត្រូវព្យាបាលឡើង មិនត្រូវទុកឲ្យជាខ្លួនឯងឡើយ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |