អានអត្ថបទ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,២៤៨ ដង)
កប្បវិនាស

|
កប្បដែលវិនាសទៅវិញដោយហេតុ៣យ៉ាងគឺៈ
១- វិនាសដោយភ្លើងឆេះកាល បើលោកធាតុឬចក្កវាឡទាំង១សែនកោដិមានអាយុគ្រប់មួយកប្បហើយ ត្រូវភ្លើងឆេះកម្ទេចលោកធាតុទាំងនោះ មុនដែលនឹងភ្លើងឆេះនោះ មានភ្លៀងធំធ្លាក់ចុះក្នុងលោកទាំង១សែនកោដិ មនុស្សទាំងឡាយនាំគ្នាត្រេកអរសាបព្រោះបណ្ដុះពូជធញ្ញជាតិផ្សេងៗ កាលបើដុះល្មមស៊ីបានហើយ ភ្លៀងក៏រាំងលែងធ្លាក់ចុះមកទៀតអស់សែនឆ្នាំជាច្រើន។ សត្វដែលមានកម្មស្រាលៗ ក៏ស្លាប់មុនសត្វដែលមានកម្មអាក្រក់ បានទៅកើតក្នុងព្រហ្មលោកទាំងអស់។ លុះកាលកន្លងយូរទៅទឹកដែលដក់នៅក្នុងទីនោះៗក៏រីងអស់ទៅ ពួកសត្វទាំងឡាយមានត្រីនឹងអណ្ដើកជាដើមក៏ស្លាប់អស់ទៅ។ សត្វនរកក្ដី តិរច្ឆានក្ដី មនុស្សក្ដី ស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ ខំចម្រើនឈានក្នុងស្ថានសួគ៌បានទៅកើតក្នុងព្រហ្មលោកទាំងអស់។ ត្បិតមុនដែលភ្លើងនឹងឆេះចំនួនមួយសែនឆ្នាំ មានទេវតាមួយអង្គឈ្មោះលោកព្យូហាចុះអំពីទេវតាមក ក្លែងភេទជាមនុស្សស្លៀកសំពត់ក្រហមរំសាយសក់ មានមុខទទឹកជោគដោយទឹកភ្នែក ជូកទឹកភ្នែកហើយដើរទៅតាមផ្លូវមនុស្ស ប្រកាសប្រាប់ថាអ្នកទាំងឡាយនៅមួយសែនឆ្នាំទៀតកប្បនឹងវិនាស លោកនឹងវិនាស ទឹកសមុទ្រនឹងរីងខះ ផែនដីភ្នំសុមេរុ ទេវលោក ព្រហ្មលោកនឹងវិនាស អ្នកទាំងឡាយចូលចម្រើនមេត្តាភាវនានិងខំបម្រើមាតាបិតាដោយគោរព។ ក្នុងពេលនោះមនុស្សទាំងឡាយជាសប្បុរសបានស្ដាប់ពាក្យទេវតានោះហើយ ក៏កើតសវេកតក់ស្លុតមុនគេ ប្រញាប់ប្រញាល់ធ្វើបុណ្យទានបម្រើមាតាបិតាមិនមានសេចក្ដីប្រមាទ លុះដល់ស្លាប់ទៅបានកើតក្នុងទេវលោក ខំចម្រើនឈានក្នុងទេវលោក បានសម្រេចឈានក៏បានទៅកើតក្នុងព្រហ្មលោកទៅ មិនបានទៅរងទុក្ខវេទនាយូរដូចជនអសប្បុរសឡើយ។ ក្នុងគម្ពីរវុសុទ្ធិមគ្គប្រាប់ថា វស្សុបច្ចេទតោ បន ឧទ្ធំ ទីឃស្ស អទ្ធុនោ អច្ចយេន ទុតិយោ សុរិយោចាតុភវតិ... ដូច្នេះជាដើម។ សេចក្ដីថាៈ រាប់តាំងអំពីកាលដែលរាំងភ្លៀង កន្លងកាលជាយូរអង្វែង មានព្រះអាទិត្យទី ២ កើតឡើងប្រាកដ។ កាលព្រះអាទិត្យពីរមានក្នុងលោកហើយ យប់នឹងថ្ងៃមិនប្រាកដ។ ព្រះអាទិត្យមួយរះឡើង មួយលិចទៅ ក្នុងលោកមានកម្ដៅពព្រះអាទិត្យជាប់ជានិច្ចរាល់វេលា។ ក្នុងកាលមុនអំពីកាលដែលព្រះអាទិត្យញ៉ាំងកប្បឲ្យវិនាសនោះសុរិយទេវបុត្រតែងមានក្នុងសុរិយវិមាន ដល់មកក្នុងពេលដែលព្រះអាទិត្យញ៉ាំងកប្បឲ្យវិនាសនោះ សុរិយវិមាន មិនមានទេវបុត្រឡើយ។ សុរិយមណ្ឌលដែលកើតថ្មីមានកម្លៅក្លាហានណាស់ ពពកនឹងអ័ព្ទក្នុងអាកាសបាត់អស់ ជាអាកាសប្រាសចាកមន្ទិល។ កាលបើព្រះអាទិត្យ២កើតឡើងក្នុងលោក ហើយទឹកក្នុងស្ទឹងតូចៗរីងខះអស់ឥតសល់។ លុះកន្លងកាលយូរទៅព្រះអាទិត្យទី៣កើតឡើង ទឹកក្នុងស្ទឹងធំទាំង៥ក៏រីងខះអស់ទៀត។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី៤កើតឡើង ទឹកក្នុងស្រះធំទាំង៧ មានស្រះអនោតត្តជាដើមក៏រីងខះអស់ទៀត។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី៥កើតឡើង ទឹកក្នុងសមុទ្រក៏រីងខះអស់ទៀត ក្នុងលោកទាំងមូលគ្មានទឹកមួយដំណក់ឡើយ។ លុះកន្លងកាលយូរទៅព្រះអាទិត្យទី៦កើងឡើង ចក្កវាឡទាំងមួយសែនកោដិមានផ្សែងហុយទ្រលោមឡើង មានជ័រហូរអំពីផែនដី។ លុះកន្លងកាលយូរទៅ ព្រះអាទិត្យទី៧កើតឡើង ចក្កវាឡទាំងមួយសិនកោដិ មានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ឆេះរលាយភ្នំកម្ពស់មួយយោជន៍ៗជាដើមដរាបដល់ភ្នំសិនេរុ បណ្ដាលឲ្យវិនាសសាបសូន្យទៅ។ អណ្ដាតភ្លើងដែលឆេះនោះក៏កួចទៅឆេះក្នុងស្ថានចាតុមហារាជិកា ឆេះស្ថានតាវត្តិង្ស ស្ថានយាមា ស្ថានតុសិត ស្ថាននិម្មានរតី ស្ថានបរនិម្មិតវសវតី និងឆេះនូវស្ថានព្រហ្មជាន់ខាងក្រោមទៅទល់ត្រឹមស្ថានអាភស្សរៈ។ សា យាវ អណុមត្តម្បិ សង្ខ័ារគតំ អត្ថិ តាវ ន និព្វាយតិ។ អណ្ដាតភ្លើងនោះ បើរបស់ដែលឆេះនោះមិនទាន់អស់ ក៏មិនទាន់រលត់ ឆេះដរាបដល់អស់មិនឲ្យសល់ផេះ ទើបរលត់ទៅ ឧបមាដូចជាភ្លើងឆេះប្រេង។ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយ។ ២- វិនាសដោយទឹក កាលបើលោកធាតុឬចក្កវាឡមានអាយុមួយកប្បហើយត្រូវវិនាសទៅវិញ។ កាលដែលវិនាសដោយទឹកមានទំនាក់ទំនងគ្នានឹងវិនាសដោយភ្លើងដែរ គ្រាន់តែប្លែកដូច្នេះ គឺមហាមេឃបណ្ដាលភ្លៀងទឹកក្រុតឲ្យធ្លាក់ចុះមកក្នុងចក្កវាឡទាំងមួយសែនកោដិ សម្ភារៈទាំងឡាយមានភ្នំជាដើម កាលបើត្រូវទឹកក្រុតហើយក៏រលាយរលួយអស់ទៅ ទឹកក្រុតនោះខ្យល់បក់ទ្រទ្រង់ជុំវិញ រលាយនូវសម្ភារៈខាងក្រោម រំលាយនូវស្ថានសួគ៌៦ជាន់និងស្ថានព្រហ្មជាច្រើនជាន់ទៀតទៅដល់នឹងត្រឹមស្ថានព្រហ្មឈ្មោះ សុភកិណ្ហា។ ទឹកក្រុតក៏រីងខះអស់ទៅ សម្ភារៈទាំងឡាយមានភ្នំជាដើម ដែលរលាយដោយទឹកក្រុតនោះឧបមាដែលមានអំបិលបង់ទៅក្នុងទឹក រលាយអស់ឥតមានសល់អ្វីតិចតួចឡើយ។ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់ មានតែងងឹតធំតែមួយ។ ៣- កប្បវិនាសដោយខ្យល់ កាលបើរលាយដោយធាតុឬចក្កវាឡមានអាយុមួយកប្បហើយ ត្រូវវិនាសទៅវិញ។ ការដែលវិនាសដោយខ្យល់នោះ មានទំនាក់ទំនងដូចគ្នានឹងវិនាសដោយភ្លើងដែរ គ្រាន់តែប្លែកគ្នាដូច្នេះគឺ មហាមេឃញ៉ាំងខ្យល់ព្យុះធំឲ្យកើតឡើងបក់បំប៉ើងធុលីល្អិតៗ ឲ្យហុយទៅព្ធដ៏អាកាសវិនាសបាត់អស់ទៅជាមុន ទើបបក់បំប៉ើងនូវដីខ្សាច់គ្រួសតូចៗនិងដុំថ្មធំៗដរាបដល់ដើមឈើនិងភ្នំឲ្យប៉ះទង្គិចគ្នាអណ្ដែតទៅព្ធដ៏អាកាស វិនាសអស់ឥតសល់កម្ទេច ទើបបក់បំបែកផែនដីក្នុងមួយសិនចក្កវាឡនិងស្ថានសួគ៌៦ជាន់ ស្ថានព្រហ្ម ដរាបទៅទល់ស្ថានព្រហ្មឈ្មោះវេហប្ជលា ឲ្យល្អិតខ្ទេចខ្ទីអស់ឥតមានសល់ធុលីបន្តិចបន្តួចឡើយ។ ខ្យល់ក៏វិនាសបាត់អស់ទៅ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់ មានងងឹតធំតែមួយ។ កប្បដែលវិនាសទៅវិញដោយអាការៈបីយ៉ាង ដូចរៀបរាប់មកនេះឯង។ អាការៈទាំងបីយ៉ាងនេះមិនមែនវិនាសផ្លាស់ប្ដូរគ្នាម្ដងៗម្នាក់ទេ គឺវិនាសយ៉ាងនេះ។ វិនាសដោយភ្លើង៧ដង ត្រូវវិនាសដោយទឹកម្ដង វិនាសដោយភ្លើងនិងទឹកៗតែយ៉ាងនេះចំនួន៦៣ដង ទើបវិនាសដោយខ្យល់ម្ដង។ នេះជាធម្មតានៃការវិនាសរបស់កប្ប។ ក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់អំពីហេតុដែលបណ្ដាលឲ្យវិនាសថា អកុសលលមូលេសុ ហិ ឧស្សន្នេសុ ឯរំ លោកោ វិនស្សតិ។ សោ ច ខោ រាគេ ឧស្សន្នតរេ អគ្គិនា វិនស្សតិ ទោសេ ឧស្សន្នតរេ ឧទកេន វិនស្សតិ។ កេចិ បន ទោសេ ឧស្សន្នតរេ អគ្គិនា រាគេ ឧស្សន្នតរេ ឧទកេនាតិ វទន្តិ។ មោហេ ឧស្សន្នតរេ វាតេន វិនស្សតិ។ សេចក្ដីថាៈ កាលបើអកុសលមូលទាំងឡាយគឺ រាគៈ ទោសៈ មោហៈ ក្រាស់ឡើងហើយ លោកតែងវិនាសដោយការយ៉ាងនេះ។ លោកនោះឯង កាលបើមានរោគៈ ក្រាស់ជាង ត្រូវវិនាសដោយទឹក។ ចំណែកខាងកេចិតអាចារ្យនិយាយថាៈ កាលបើមានទោសៈក្រាស់ជាង ត្រូវវិនាសដោយភ្លើង បើមានរាគៈក្រាស់ជាង ត្រូវវិនាសដោយទឹក។ បើមានមោហៈក្រាស់ជាងត្រូវវិនាសដោយខ្យល់។ ដកស្រង់ចេញពីសៀវភៅ កប្បកថា រៀបរៀងដោយ ព្រះបាឡាត់ឧត្ដមលិខិត សុង ស៊ីវសិទ្ធត្ថោ ដោយ៥០០០ឆ្នាំ |