អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៥២ ដង)
ទូកក្ដោង

|
ទូកក្ដោង
យើងមិនអាចបង្វែរទិសដៅនៃខ្យល់បាន តែយើងអាចចាត់ចែងក្ដោងទូករបស់យើងបាន ដើម្បីឲ្យទូកបានទៅដល់ទិសដៅ។ ហេតុការណ៍ខាងក្រៅ ប្រៀបដូចជាទិសដៅនៃខ្យល់ រឿងដែលយើងត្រូវបានមកដល់ហើយ យើងមិនអាចបញ្ចៀសបាន តែយើងអាចអប់រំចិត្តឲ្យទទួលយកនូវការពិត និងសម្របសម្រួលទៅតាមការពិតនៃសង្គម ជីវិតរមែងជាសុខ។ មនុស្សយើងដែលចេះតែមានទុក្ខ ក៏ព្រោះមកអំពីងព្យាយាមរៀបចំរបស់ខាងក្រៅ តម្រូវតាមចិត្តរបស់ខ្លួន។ អ្វីៗ ក្នុងសាកលចក្កវាឡនេះ មិនមែនកើតឡើងមកដើម្បីតម្រូវនឹងសេចក្ដីត្រូវការរបស់អ្នកណាមួយឡើយ គឺវាប្រព្រឹត្តទៅតាមតែហេតុប៉ុណ្ណោះ បើវាស្របតាមសេចក្ដីប្រាថ្នា ក៏បានត្រឹមតែមួយរយៈដែលវាប្រព្រឹត្តទៅតែប៉ុណ្ណឹងឯង ហើយបើយើងមិនសិក្សាឲ្យឃើញលោកនេះ ទៅតាមសេចក្ដីពិតទេ យើងនឹងអន្ទះសាដេញចាប់របស់ដែលលបាត់ទៅ និងអន្ទះសាចង់បានរបស់ដែលអត់ គឺជាទុក្ខ។ អ្វីៗក្នុងលោកសុទ្ធតែជាធម្មជាតិ មិនស្ដាប់អ្នកណាឡើយ ប្រព្រឹត្តទៅតាមតែហេតុ តាមតែបច្ច័យប៉ុណ្ណោះ។ យើងអាចអប់រំចិត្ត អប់រំគំនិត និងរៀបចំដំណើរនៃជីវិតទៅតាមសេចក្ដីពិត ឲ្យបានសម្រេចដល់គោលដៅ នេះឯងជាដំណើរដ៏ល្អបំផុតក្នុងព្រះពុទ្ធសាសនា។ បើយកពិត យកប្រាកដជាមួយនឹងលោកនេះពេកទៅ នឹងត្រូវដេកស្លាប់ព្រោះសោកសៅ បើមិនចង់ផ្សាក្ដៅ ត្រូវយកឈ្នះចិត្តខ្លួនឯង។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |