អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១០២ ដង)
ភោជនទានសូត្រ

|
ភោជនទានសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨២ ដល់ ៨៣) ម្នាលភិក្ខុទាំងឡាយ ទាយកកាលឲ្យភោជនាហារឈ្មោះថាឲ្យស្ថាន ៥ យ៉ាងដល់បដិគ្គាហកទាំងឡាយ ។ ស្ថាន ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺឲ្យអាយុ ១ ឲ្យពណ៌សម្បុរ ១ ឲ្យសុខ ១ ឲ្យកម្លាំង១ ឲ្យបដិភាណគឺប្រាជ្ញាវាងវៃ ១ ។
បុគ្គលដែលបានឲ្យអាយុហើយ រមែងបានចំណែកអាយុទិព្វ ឬ អាយុជាមនុស្ស ឲ្យពណ៌សម្បុររមែងបានចំណែកសុខទិព្វ ឬសុខជារបស់មនុស្ស ឲ្យសុខ រមែងបានចំណែកសុខទិព្វ ឬ សុខជារបស់មនុស្សឲ្យកម្លាំងរមែងបានចំណែកកម្លាំងទិព្វ ឬ កម្លាំងជារបស់មនុស្ស ឲ្យបដិភាណ រមែងបានចំណែកបដិភាណ ជារបស់ទិព្វ ឬ បដិភាណជារបស់មនុស្ស ។ ម្នាលភិក្ខុទាំងឡាយទាយកកាលឲ្យភោជនាហារ ឈ្មោះថា ឲ្យស្ថាន៥ យ៉ាង នេះ ដល់បដិគ្គាហកទាំងឡាយ ។
អាយុទា ពលទោ ធីរោ វណ្ណទោ បដិតាណទោ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ។ ធីរជនអ្នកមានប្រាជ្ញា ជាអ្នកឲ្យអាយុ ឲ្យកម្លាំង ឲ្យពណ៌សម្បុរ ឲ្យបដិភាណ ឲ្យសុខ (ដល់គេ) ហើយធីរជននោះ រមែងបានសុខ ។ អាយុំ ទត្វា ពលំ វណ្ណំ សុខញ្ច បដិភាណទោ ទីឃាយុ យសវា ហោតិ យត្ថ យត្ថូបបជ្ជតីតិ ។ អ្នកប្រាជ្ញ ឲ្យអាយុ កម្លាំង ពណ៌សម្បុរ សេចក្តីសុខ ទាំងឲ្យបដិភាណហើយ ទៅកើតក្នុងទីណាៗ រមែងមានអាយុវែង មានយសបរិវារ ។ អដ្ឋថាភោជនទានសូត្រ ដែលថា ឲ្យអាយុ គឺឲ្យជីវិត រស់នៅ ។ ដែលថា ឲ្យវណ្ណៈ គឺឲ្យពណ៌សម្បុរកាយ ។ ដែលថាឲ្យសុខៈ គឺឲ្យសុខកាយ និង សុខចិត្ត ។ ដែលថា ឲ្យពលៈ គឺឲ្យកម្លាំងកាយ ។ ដែលថា ឲ្យបដិភាណៈ គឺឲ្យបញ្ញាឈ្លាសក្នុងការចង បញ្ហាសួរ និង ឈ្លាសក្នុងការដោះស្រាយបញ្ហា ។ កិន្ទទសូត្រ បិដកលេខ ២៩ ទំព័រ ៨០ អន្មទោ ពលនោ ហោតិ វត្ថទោ ហោតិ វណ្ណទោ យានទោ សុខទោ ហោតិ ទីបទោ ហោតិ ចក្ខុទោ ។ សោ ច សព្វទទោ ហោតិ យោ ទទាតិ ឧបស្សយំ អមតន្ទទោ ច សោ ហោតិ យោ ធម្មមនុសាសតីតិ ។ បុគ្គល ឲ្យបាយ ឈ្មោះថាឲ្យកម្លាំង ឲ្យសំពត់ឈ្មោះថាឲ្យពណ៌សម្បុរ ឲ្យយានជំនិះឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យប្រទីប ឈ្មោះថា ឲ្យចក្ខុ ។ បុគ្គលណា ឲ្យទីអាស្រ័យ បុគ្គលនោះ ឈ្មោះថាឲ្យវត្ថុគ្រប់យ៉ាង បុគ្គលនា ប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថាឲ្យព្រះនិព្វាន ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |