អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៨១ ដង)
សុតៈ

|
សុតៈ
សុតៈ គឺជាចំណេះដឹងដែលបានមកអំពីការស្ដាប់ ការរៀន ការអាន។ ការចេះដឹងដែលបានមកអំពីការសិក្សាសីល្បវិទ្យាផ្សេងៗ ទាក់ទងនឹងការងារចិញ្ចឹមជីវិតព្រមទាំងការប្រកបកិច្ចការផ្សេងៗទៀតក្នុងផ្លូវលោកសូម្បីជាសុតៈក៏ដោយ ប៉ុន្តែនៅមិនទាន់បានគ្រប់គ្រាន់សម្រាប់ចូលទៅរកភាពជាអរិយសាវ័កឡើយ។ បុគ្គលម្នាក់ៗ អាចមាននូវសុតៈក្នុងសិល្បវិទ្យាត្រឹមតែមួយមុខ ក៏ល្មមសម្រាប់កាងារអាជីព ញ៉ាំងជីវិតឲ្យរស់នៅបាន។ មនុស្សម្នាក់ៗមានសុតៈក្នុងផ្នែកមួយៗ អាចផ្សេងៗគ្នាបាន សុតៈរបស់មនុស្សម្នាក់ មិនចាំបាច់សម្រាប់មនុស្សម្នាក់ទៀតក៏បានដែរ ពោលគឺសុតៈក្នុងលោកនោះមិនសុទ្ធតែចាំបាច់ឲ្យមានដូចៗគ្នានោះឡើយ។ សុតៈដែលនៅប្រកបដោយទោស លាយច្រឡំដោយលោភៈទោសៈមោហៈ សូម្បីទិសដៅប្រព្រឹត្តទៅដើម្បីដោះស្រាយបញ្ហាជីវិត ធ្វើឲ្យបានជួបនូវសេចក្ដីសុខសប្បាយ ប៉ុន្តែជាច្រើនដងវាត្រឡប់ក្លាយមកជាការសាងបញ្ហា បង្កសេចក្ដីទុក្ខសោកដែលលំបាកនឹងដោះស្រាយ។ សុតៈនៅក្នុងព្រះពុទ្ធសាសនា ជាសុតៈប្រាសចាកទោស ជាគុណសម្បត្តិរបស់ព្រះអរិយសាវ័ក សំដៅដល់ការចេះដឹងដែលចាំបាច់ដល់មនុស្សគ្រប់គ្នា ដើម្បីរៀបចំដំណើរជីវិតឲ្យបានល្អបរិសុទ្ធ ធ្វើឲ្យចេះប្រើសុតៈដទៃៗមានវិជ្ជាជីវៈជាដើម ប្រព្រឹត្តិទៅក្នុងផ្លូវដែលជាគុណជាប្រយោជន៍ទាំងដល់ខ្លួនឯងនិងអ្នកដទៃ។ សុតៈដែលនៅក្នុងក្រុមអរិយទ្រព្យ មានសទ្ធានិងសីលជាខាងដើមនេះ ជាជំនួយសម្រាប់រារាំងនូវទោសជួយធ្វើឲ្យសុតៈដទៃមានគុណតម្លៃពេញបរិបូរណ៌ជាចំណេះដឹងសម្រាប់ដោះស្រាយនូវបញ្ហា សម្រេចទិសដៅដែលជាបំណងប្រាថ្នាពិតប្រាកដ។ សុតៈនេះមានតែគុណម្យ៉ាងប៉ុណ្ណោះ យ៉ាងក្រៃលែងនោះ សុតៈនេះឯង គឺជាការចេះដឹង ដែលធ្វើឲ្យបុថុជ្ជន ក្លាយទៅជាព្រះអរិយបុគ្គលបានសុតៈនេះក៏គឺការចេះដឹងក្នុងអរិយធម៌។ អរិយធម៌ គឺធម៌ពិតព្រមទាំងធម៌ល្អផ្សេងៗដែលព្រះអរិយៈបានសម្ដែង បានប្រាប់បង្ហាញ ប្រព្រឹត្តទៅដើម្បីគ្រប់គ្រងជីវិតបានល្អបានប្រសើរ ក្នុងដំណើរទៅកាន់ភាពជាអរិយជន។ សុតៈក្នុងសិល្បវិទ្យាផ្សេងៗ ត្រូវគ្រប់គ្រងដោយសុតៈក្នុងអរិយធម៌គ្រប់កាលទាំងពួង ទើបល្មមឲ្យទុកចិត្តបានថា ជាការដោះស្រាយបញ្ហា មិនមែនជាចំណេះដឹងសម្រាប់សាងនូវបញ្ហាឡើយ។ សុតៈក្នុងអរិយធម៌ គឺជាឃ្លាំងទុកដាក់នូវឧបករណ៍សម្រាប់សាងបញ្ញា ពោលគឺបញ្ញាមានការចម្រើន ព្រោះសុតៈក្នុងអរិយធម៌។ ត្រឡប់មកវិញសុតៈគ្រប់យ៉ាងក្នុងលោក កាលបើប្រើប្រាស់ដោយបញ្ញាដែលចម្រើនហើយរមែងប្រព្រឹត្តទៅជាប្រយោជន៍ ដូចជាឧបករណ៍ក្នុងលោកដែលប្រើប្រាស់ដោយអ្នកជំនាញហើយដូច្នោះឯង។ សុតៈក្នុងអរិយធម៌ គឺជាកំពូលនៃសុតៈក្នុងលោក។ បុគ្គលដែលមានការសិក្សាដោយល្អក្នុងព្រះពុទ្ធវចនៈ គឺជាការទទួលយកនូវព្រះសម្មាសម្ពុទ្ធជាសាស្ដា មានការយល់ដឹងក្នុងគោលនៃការពិត ច្បាប់ធម្មជាតិ ហេតុផលក្នុងជីវិត ប្រព្រឹត្តទៅដើម្បីយោនិសោមនសិការ ក្នុងការញ៉ាំងសម្មាទិដ្ឋិកើតឡើង។ មនុស្សមួយចំនួន កាន់យកនូវការបដិបត្តិ ដោយការខ្វះខាតនូវសុតៈក្នុងអរិយធម៌ ទាំងគ្រូអ្នកដឹកនាំក៏ខ្វះខាត មិនអាចដើរត្រូវផ្លូវបានឡើយ។ ការបដិបត្តិនូវធម៌ពិតជាសំខាន់ ប៉ុន្តែការបដិបត្តិប្រៀបដូចជាការដើរផ្លូវត្រូវអាស្រ័យសុតៈក្នុងអរិយធម៌ ដែលដូចជាអ្នកនាំផ្លូវ ត្រូវឲ្យយល់ច្បាស់ប្រាកដថា អ្វីណាត្រូវកំណត់ដឹង។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |