អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៤១៣ ដង)
អារក្ខសម្បទា

|
អារក្ខសម្បទា
ការថែរក្សាការពារនូវទ្រព្យសម្បត្តិ ដែលខិតខំរកបានមកហើយឲ្យគង់វង្សល្អ គឺសំដៅដល់ការសន្សំសំចៃទ្រព្យទុក ឲ្យផុតពីសេចក្ដីវិនាសអន្តរាយផ្សេងៗ ។ ធម្មតាទ្រព្យដែលនឹងអាចគង់វង្សនៅ ឬចម្រើនឡើងបាន ក៏ដោយអាស្រ័យម្ចាស់ទ្រព្យចេះថែរក្សា ចេះចាយ ចេះប្រើ។ ឯការរក្សានោះសំដៅដល់ការចេះទុកដាក់ ចេះថ្មម ចេះជួសជុល និងចេះកែខៃឲ្យមានផលចម្រើនតទៅ។ តួនាទីកូនប្រុសស្រីចំពោះមាតាបិតា មាន៥យ៉ាង ក្នុងបណ្ដាតួនាទី៥យ៉ាងនោះ មានមួយយ៉ាងដែលព្រះមានព្រះភាគទ្រង់បង្រៀន ឲ្យកូនប្រុសស្រីធ្វើខ្លួន ឲ្យសមជាអ្នកទទួលមត៌ក។ មាតាបិតា ចាប់តាំងពីពេលកាន់ដៃគ្នាកសាងគ្រួសារដំបូង មានការខិតខំប្រឹងប្រែងរកទ្រព្យខ្លាំងជាងពេលដែលខ្លួននៅទំនេរ ព្រោះចង់មានជីវភាពសមរម្យនឹងគេ ជាងនេះទៅទៀត តែងនឹកគិតទៅដល់អនាគតកូនប្រុសស្រីជាទីស្រលាញ់ របស់ពួកគាត់ ខ្លាចក្រែងមិនមានអ្វីចិញ្ចឹមកូននិងមិនមានអ្វីចែកឲ្យកូន ទើបបានជាការងារកាន់តែច្រើនឡើងសម្រាប់ពួកគាត់ទាំងពីរនាក់។ កាលកូនប្រុសស្រីនឹកឃើញ ទៅដល់ញើសឈាម និងទឹកចិត្តរបស់មាតាបិតាឲ្យបានរឿយៗយ៉ាងនេះ សូម្បីទ្រព្យដែលមាតាបិតាចែកឲ្យនោះ មិនច្រើនក៏ដោយ កូនប្រុសស្រីត្រូវតែរក្សាឲ្យបានល្អជាទីបំផុត ព្រមទាំងចេះកែខៃនូវមត៌កនោះឲ្យមានប្រយោជន៍ឡើង ទើបសមគួរជាអ្នកទទួលនូវមត៌កនោះ ព្រោះក្នុងទ្រព្យមត៌កទាំងនោះ មានញើសឈាមរបស់មាតាបិតាព្រមទាំងបង្កប់នូវមេត្តាព្រហ្មវិហារ ដ៏មានជម្រៅទៀតផង។ ការថែរក្សាទ្រព្យ ដែលជាមត៌ករបស់មាតាបិតាក្ដី ការថែទាំទ្រព្យសម្បត្តិដែលបានមកដោយការខិតខំប្រឹងប្រែងរកដោយខ្លួនឯងក្ដី គឺជាកាតព្វកិច្ច ដែលជនជាឃរាវាសគ្រប់ៗគ្នាត្រូវតែធ្វើ បើមិនដូច្នោះទេ មុខជានឹងក្លាយទៅជាញាតិផៅរបស់អ្នកសុំទានមិនខានឡើយ។ ក្នុងអតីតកាល ព្រះបរមពោធិសត្វធ្លាប់កើតជាសេដ្ឋីអ្នកមានទ្រព្យច្រើន ព្រះអង្គតែងធ្វើបុណ្យសុន្ទរ៍ទានជារឿយៗ មុនពេលព្រះអង្គអស់ជីវិត បានប្រគល់ទ្រព្យទាំងអស់ឲ្យកូនប្រុសរបស់ព្រះអង្គ ហើយក៏ស្លាប់រួចបដិសន្ធិជាសក្កទេវរាជ។ ឯកូនប្រុសរបស់ព្រះអង្គ ជាមនុស្សវង្វេងនឹងទ្រព្យ ងប់នឹងអបាយមុខ មិនចេះថែរក្សាមត៌ករបស់បិតាឲ្យបានល្អ មិនយូរប៉ុន្មានក៏បានក្លាយជាអ្នកសុំទាន។ ចំណែកសក្កទេវរាជ ដែលធ្លាប់ជាបិតាបានទតឃើញដូច្នោះ មានព្រះទ័យអាណិតណាស់ បាននាំយកឆ្នាំងទិព្វមួយទៅប្រគល់ឲ្យ ដោយពោលផ្ដាំថា " ម្នាលបា ឆ្នាំងទិព្វនេះមានអានុភាពណាស់ កាលបើបាត្រូវការអ្វី ចូរបាយកពីក្នុងឆ្នាំងទិព្វនេះចុះ តែយើងសូមផ្ដាំអ្នកថា ចូរអ្នកថែរក្សាឆ្នាំងនេះឲ្យបានល្អ កុំឲ្យបែកឲ្យសោះប្រសិនបើបែក ឆ្នាំងនេះមុខជាប្រើការលែងបានហើយ "។ កូនប្រុសនោះជាមនុស្សប្រមាទ មិនបានចាំនូវបណ្ដាំរបស់បិតា ពេលមួយបបួលមិត្តភក្តិផឹកស្រាស្រវឹង រួចក៏យកឆ្នាំងនោះបោះលេងជាល្បែង ឆ្នាំងទិព្វនោះក៏ធ្លាក់បែក ហើយខ្លួនឯងក៏ក្លាយជាអ្នកសុំទានម្ដងទៀត មានសភាពកំសត់ដរាបដល់អស់ជីវិតទៅ។ ការដែលសំដែងអំពី ការថែរក្សាទ្រព្យឲ្យគង់វង្សមិនឲ្យបាត់បង់ មិនមែនជាការខ្ទាស់ទៅនឹងកម្មផលនោះទេ ព្រោះលទ្ធផលដែលល្ងប្រសើរដែលគួរទទួលបាននោះ កើតឡើងដោយកត្តាពីរយ៉ាងសំខាន់គឺ បុណ្យដែលបានធ្វើហើយក្នុងកាលអតីតៈ និងការប្រកបក្នុងបច្ចុប្បន្ន បើមានតែសំណាងព្រោះសាងពីអតីតៈ តែខ្វះធ្នាក់ដែលសាងបច្ចុប្បន្ន ក៏ប្រយោជន៍ដែលទទួលបាននោះ មិនអាចឲ្យពេញទំហឹងឡើយ។ ដកស្រង់ពីសៀវភៅ "ប្រយោជន៍បីប្រការ" រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា ដោយ៥០០០ឆ្នាំ |