អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៤២,២០៨ ដង)
មេត្តាព្រហ្មវិហារ

|
មេត្តាព្រហ្មវិហារ
កាលបើព្រះយោគាវចរកុលបុត្រ មានប្រាថ្នាដើម្បីចម្រើននូវមេត្តាព្រហ្មវិហារ គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ អង្គុយនៅឲ្យស្រួល ពិចារណានូវទោសក្នុងសេចក្ដីប្រទុស្ដ (ទោស) និងអានិសង្សក្នុងសេចក្ដីអំណត់ (ខន្តី) ជាមុន។ ទោសក្នុងសេចក្ដីប្រទុស្ដដូចម្ដេចខ្លះ? អានិសង្សក្នុងសេចក្ដីអំណត់ ដូចម្ដេចខ្លះ? ហេតុអ្វីទើបត្រូវពិចារណាជាមុន? ទោសក្នុងសេចក្ដីប្រទុស្ដនោះលោកពោលទុកថា "បើបុគ្គលណាដែលទោសគ្របសង្កត់ហើយ បុគ្គលនោះអាចហ៊ានសម្លាប់សត្វជាដើមបាន" ឯអានិសង្សក្នុងសេចក្ដីអំណត់នោះ ព្រះមានព្រះភាគទ្រង់ត្រាស់ទុកដូច្នេះជាដើមថា "ខន្តី គឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម" បានជាត្រូវពិចារណាជាមុន ព្រោះថាកម្មដ្ឋាននេះព្រះយោគីត្រូវចម្រើនដើម្បីនឹងលះបង់នូវទោសៈ ហើយនឹងបាននូវខន្តីប៉ុណ្ណោះ បើមិនបានពិចារណាឲ្យឃើញជាមុនហើយ ក៏មិនអាចដើម្បីនឹងលះបង់នូវទោសដែលមិនឃើញ ហើយបាននូវអានិសង្សដែលមិនដឹងនោះឡើយ។ កាលដែលព្រះយោគីប្រារព្ធនឹងចម្រើនមុនដំបូង កុំអាលចម្រើនក្នុងបុគ្គលដែលជាទោស ៤ ពួកគឺ បុគ្គលមិនជាទីស្រឡាញ់ ១ សម្លាញ់ដែលជាទីស្រឡាញ់ក្រៃពេក ១ បុគ្គលដែលជាកណ្ដាល ១ បុគ្គលដែលមានពៀរដល់គ្នា ១ មិនតែប៉ុណ្ណោះសោត សូម្បីបុគ្គលដែលមិនមែនជាខេត្ត ២ ពួកគឺ បុគ្គលដែលមានភេទខុសគ្នា ១ បុគ្គលដែលធ្វើមរណកាលកន្លងហើយ ១ ក៏មិនគប្បីចម្រើនមេត្តាព្រហ្មវិហារទៅរកជាដំបូងឡើយ។ បុគ្គលទាំងនោះ មានទោសដល់មេត្តាព្រហ្មវិហារដូចម្ដេច ទើបលោកហាមមិនឲ្យចម្រើនជាដំបូង? បុគ្គលទាំងនោះមានទោសដូច្នេះគឺ បុគ្គលដែលមិនជាទីស្រឡាញ់លំបាកនឹងទាញមកតម្កល់ទុកឲ្យជាទីស្រឡាញ់, សម្លាញ់ដែលជាទីស្រឡាញ់ពេកក្រៃ លំបាកនឹងទាញមកតម្កល់ទុកឲ្យជាកណ្ដាល បុគ្គលដែលជាកណ្ដាល លំបាកនឹងទាញមកតម្កល់ទុកឲ្យជាទីគោរព និងជាទីស្រឡាញ់ បុគ្គលដែលមានពៀរដល់គ្នា បើចម្រើនមេត្តាព្រហ្មវិហារទៅរកនឹងកើតសេចក្ដីក្រោធ បុគ្គលដែលមានភេទខុសគ្នានឹងកើតសេចក្ដីតម្រេក បុគ្គលដែលធ្វើមរណកាលកន្លងទៅហើយនឹងមិនដល់នូវអប្បនានិងឧបចារៈ ហេតុនោះ ទើបលោកហាមមិនឲ្យចម្រើនមេត្តាទៅរកជាដំបូង។ បើដូច្នោះត្រូវឲ្យចម្រើនចំពោះបុគ្គលដូចម្ដេចជាមុន? ត្រូវឲ្យចម្រើនចំពោះខ្លួនព្រះវយោគីជាមុន គឺត្រូវចម្រើនឲ្យរឿយៗថា " អហំ សុខិតោ ហោមិ និទ្ទុក្ខោ សូមឲ្យអញបានដល់នូវសេចក្ដីសុខ កុំមានទុក្ខឡើយ" ឬនឹងចម្រើនថា "អវេរោ អព្យា បជ្ឈោ អនីឃោ សុខី អត្តានំ បរិហរាមិ សូមឲ្យអញជាបុគ្គលគ្មានពៀរ គ្មានទុក្ខ គ្មានទោស ឲ្យមានតែសេចក្ដីសុខ សូមរក្សាខ្លួនឲ្យបានយ៉ាងនេះជាដរាបទៅ" ដូច្នេះក៏បាន។
បើព្រះយោគី ចម្រើននូវមេត្តាព្រហ្មវិហារចំពោះខ្លួនយ៉ាងនេះជារឿយៗហើយ អប្បនាចិត្តនៅមិនទាន់កើតឡើង ក៏គប្បីតម្កល់ទុកនូវខ្លួនឲ្យជាបន្ទាល់ ហើយទាញយកសត្វទាំងឡាយដទៃមកប្រៀបថា "អញប្រាថ្នានូវសេចក្ដីសុខ ខ្ពើមរអើមទុក្ខ ប្រាថ្នាចង់រស់ មិនចង់ស្លាប់យ៉ាងណា សត្វទាំងឡាយដទៃ ក៏ប្រាថ្នានូវសេចក្ដីសុខ ខ្ពើមរអើមទុក្ខ ប្រាថ្នាចង់រស់ មិនចង់ស្លាប់យ៉ាងនេះដែរ" រួចហើយត្រូវចម្រើនមេត្តាចំពោះបុគ្គលដែលគួរគោរព មានអាចារ្យ និងឧបជ្ឈាយ៍ ជាដើមឲ្យរឿយៗថា "ឯស សប្បុរិសោ សុខិតោ ហោតុ និទ្ទុក្ខោ សូមឲ្យលោកជាសប្បុរសនុ៎ះ បានដល់នូវសេចក្ដីសុខ កុំបីមានទុក្ខឡើយ"។ ដោយអំណាចដែលព្រះយោគី ចម្រើននូវមេត្តាព្រហ្មវិហារ ចំពោះបុគ្គលមានសភាពយ៉ាងនេះ អប្បនាចិត្តក៏នឹងកើតឡើងដោយពិត តែបើមិនទាន់ដល់នូវសេចក្ដីត្រេកអរដោយព្យាយាមប៉ុណ្ណេះគប្បីចម្រើនចំពោះបុគ្គលជាទីស្រឡាញ់ បុគ្គលដែលជាកណ្ដាល បុគ្គលដែលមានពៀរដល់គ្នាតទៅទៀត ចម្រើនក្នុងកោដ្ឋាសនីមួយៗ ធ្វើចិត្តឲ្យគួរដល់កម្ម ទាញយកបុគ្គលដែលជាទីស្រឡាញ់មកដាក់ត្រង់កន្លែងបុគ្គលដែលជាកណ្ដាលៗ មកដាក់ត្រង់កន្លែងបុគ្គលដែលមានពៀរដល់គ្នាតទៅទៀត ចម្រើនក្នុងកោដ្ឋាសនីមួយៗ ធ្វើចិត្តឲ្យគួរដល់កម្ម ទាញយកបុគ្គលដែលជាទីស្រឡាញ់ មកដាក់ត្រង់កន្លែងបុគ្គលដែលជាកណ្ដាលៗ មកដាក់ត្រង់កន្លែងបុគ្គលដែលមានពៀរដល់គ្នា បន្ទោបង់នូវបដិឃក្នុងបុគ្គលដែលមានពៀរដល់គ្នា លំដាប់មកទៀត គប្បីចម្រើនឲ្យរឿយៗ ញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅស្មើ ជាសីមសម្ភេទ (សីមា, ដែន) ក្នុងជនទាំង ៤ ពួកគឺ ខ្លួនព្រះយោគី ១ បុគ្គលដែលជាទីស្រឡាញ់ ១ បុគ្គលដែលជាកណ្ដាល ១ បុគ្គលដែលមានពៀរដល់គ្នា ១ មិនឲ្យមានធ្ងន់ស្រាលជាងគ្នា សីមសម្ភទនេះហើយដែលលោកហៅថានិមិត្តក្នុងកម្មដ្ឋាននេះ ព្រោះថា ក្នុងព្រហ្មវិហារទាំង ៤ មិនមានឧគ្គហនិមិត្ត និងបដិភាគនិមិត្តដូចក្នុងកសិណទាំង ១០ ជាដើមឡើយ មានតែសមថនិមិត្ត ដែលប្រព្រឹត្តទៅដោយអំណាចនៃសីមសម្ភេទប៉ុណ្ណោះ។ បើព្រះយោគីសេពនូវនិមិត្តនោះដោយច្រើន ចម្រើនឲ្យរឿយៗ ឡើងទៅ ក៏នឹងបានដល់នូវអប្បនាឈានដោយងាយមិនមានលំបាកឡើយ តែក្នុងកម្មដ្ឋាននេះ ឲ្យសម្រេចបានតែត្រឹមតតិយជ្ឈានក្នុងចតុក្កន័យ ឬចតុត្ថជ្ឈានក្នុងបញ្ចកន័យប៉ុណ្ណោះ តែបើព្រះយោគីផ្សាយមេត្តាព្រហ្មវិហារ ដោយអំណាចនៃឈាននីមួយៗ ចំពោះសត្វដែលនៅក្នុងទិ ១ ទិស ២ ដរាបដល់គ្រប់ទិសទាំង១០ ជាអនាធិសោផរណា ដោយអាការ ៥ ជាឱធិសោផរណា ដោយ អាការ ៧ ជាទិសាផរណាដោយអាការ ១០ ក៏នឹងបាននូវអានិសង្ស ១១ យ៉ាង មានដេកនៅជាសុខជាដើម មានទៅកើតនៅក្នុងស្ថានព្រហ្មលោក ជាទីបំផុត។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |