អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៧២៨ ដង)
ឈប់ទៅកូនអើយ

|
ខ្យល់ជំនោរដ៏ត្រជាក់នៃរាត្រីកាល ធ្លាក់មកបបោសអង្អែលកាយាមនុស្សសត្វទាំងឡាយ ឲ្យមានភាពត្រជាក់ បានគេងលង់លក់នៅក្នុងរាត្រី ដ៏សែនមនោរម្យនេះ ។ ទោះជាអាកាសធាតុខំប្រឹងទម្លាក់ខ្យល់ ឲ្យសព្វសត្វបានត្រជាក់ស្រួលយ៉ាងណាក៏ដោយ ក៏មិនអាចបណ្ដាលឲ្យចិត្តអ្នកម្ដាយក្នុងពេលនេះ ឲ្យត្រជាក់ទោទន់ទៅតាមធាតុអាកាសបានដែរ ។
ម៉ែអង្គុយនៅមាត់បង្អួច សម្លឹងមើលទៅដួងចន្ទមួយចំណិត ដែលប្រឹងបញ្ចេញពន្លឺរស្មីយ៉ាងពិបាកវេទនាដោយទឹកភ្នែកហូរមកជានិច្ច ។ ពេលម៉ែនឹកឃើញកូនកាលណាម៉ែខ្លោចផ្សាកាយនោះ ម៉ែឆ្អែតក្នុងទ្រូងរហូតហាស្ដីអ្វីមិនចេញ បានត្រឹមតែសម្លឹងមើលមុខកូន ស្រែកអង្វរសូមឲ្យកូនអាណិតមេត្តា ដល់ឱរាម្ដាយផង ។ ម៉ែខឹងខ្លួនឯងដែលម៉ែទូន្មានកូនមិនបានល្អ បណ្ដាលឲ្យកូនក្លាយទៅជាមនុស្សបែបនេះ គឺមនុស្សដែលសង្គមគេមិនរាប់រក គេរើសអើងម៉ែខ្មាស់ណាស់ ខ្មាសញាតិជិតខាង ខ្មាសមនុស្សដែលនៅក្នុងសង្គមទាំងមូល ដែលម៉ែមានកូនជាក្មេងទំនើងដូច្នេះ។ ម៉ែស្រក់ទឹកភ្នែករាល់រាត្រី ទ្រូងម៉ែខ្ទេចខ្ទាំគ្រាំគ្រាអស់ហើយ ព្រោះម៉ែគិតពីកូន ។
សម្លេងបាស់តន្ត្រីរាំសប្បាយរីករាយនៅក្នុងភូមិ គឺជាសម្លេងដែលម៉ែខ្លាចជាទីបំផុត រាល់ពេលដែលម៉ែឮសូរសម្លេងបាស់តន្ត្រី ក្នុងចិត្តរបស់ម៉ែរន្ធត់ណាស់ ព្រោះម៉ែភ័យព្រួយបារម្ភពីកូន ម៉ែខ្លាចកូនមានគ្រោះថ្នាក់ ឬខ្លាចកូនបង្ករឿងនៅក្នុងវង់បាស់ ។ ពិតដូចជាម៉ែគិតណាស់ ព្រោះរាល់ពេលដែលមានការស៊ីផឹករាំច្រៀងម្ដងៗ កូនម៉ែតាំងមានបញ្ហារហូត កូនបង្កជម្លោះឈ្លោះទាស់ទែងគ្នា វាយប្រហារប្រកាប់ប្រចាក់គ្នាពេញវង់បាស់ ហើយអ្នកដែលដោះស្រាយបញ្ហាឲ្យកូនគឺគ្មាននរណាឡើយ ក្រៅអំពីពុកនិងម៉ែជាអ្នកដោះស្រាយឲ្យ ។ ដោយមិនចង់ឲ្យកូនជាប់គុក ខ្លាចកូនលំបាកវេទនា ពុកម៉ែស៊ូពុះពារប្រឹងប្រែងរត់រកប្រាក់ដោយការខ្ចីបុលបញ្ចាំចងការគេខ្លះ ដោយលក់ដីស្រែចម្ការកេរពីដូនតាខ្លះ ដើម្បីបានប្រាក់យកមកបង់ឲ្យគេ ជំនួសកូនឲ្យកូនបានរួចផុតពីការជាប់គុកច្រវាក់។ ក្នុងចិត្តម៉ែតែងសង្ឃឹមជានិច្ចថា កូននឹងកែខ្លួន ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀត តែការសង្ឃឹមរបស់ម៉ែត្រូវខកយ៉ាងក្រៃលែងព្រោះកូនខុសម្ដងហើយម្ដងទៀត ឪពុកម្ដាយបង់ឲ្យគេស្ទើរតែគ្មានសល់អ្វីនឹងខ្លួនឡើយ។
ឪពុកម្ដាយខ្លះ ធ្លាក់ខ្លួនក្រីក្រ អស់ទ្រព្យសម្បត្តិ ធ្លាក់អំណាចបុណ្យស័ក្ដិ ក៏ព្រោះតែកូន កូនធ្វើឲ្យម៉ែឪបាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះនៅក្នុងសង្គម រហូតលោកមិនហ៊ាន ងើបមុខឡើងមើលសង្គមឡើយ ព្រោះលោកខ្មាសគេ ដែលមានកូនជាទំនើង។
កូនអើយឈប់ទៅ ឈប់ធ្វើអំពើបែបនេះតទៅទៀត ទៅណាកូន ឈប់ឲ្យម៉ែស្រក់ទឹកភ្នែកព្រោះកូនទៀតទៅ ទឹកភ្នែកម៉ែស្រក់ខ្សោះអស់ទៅហើយ ក្នុងទ្រូងរបស់ម៉ែស្ទះស្ទើរតែបែកចេញមកក្រៅទៅហើយ តើកូនមានដឹងទេហេតុអ្វីបានជាកូន គ្មានវិចារណញាណ ទាល់តែសោះអ៊ីចឹង ។ បើកូនមិនគិតដល់ម៉ែក៏ហីចុះ សូមឲ្យតែកូនគិតខ្លួនឯងផងណាកូន ព្រោះម៉ែស្រលាញ់កូនខ្លាំងណាស់។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |