អានអត្ថបទ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៣៥,៨៣៣ ដង)
ធ្វើតែអំពើល្អ!

|
ធ្វើតែអំពើល្អ!
និយាយដោយសង្ខេប ព្រះពុទ្ធវចនៈគឺបានដល់ ការវៀរចាកការប្រព្រឹត្តធ្វើនូវអំពើអាក្រក់ទាំងពួង ការព្យាយាមបំពេញតែអំពើល្អ និងការជម្រះចិត្តឲ្យបរិសុទ្ធចាកគ្រឿងសៅហ្មងទាំងឡាយ។ នៅក្នុងទម្រង់នៃការប្រតិបត្តិប្រចាំថ្ងៃរបស់ពុទ្ធបរិស័ទ តាមព្រះពុទ្ធវចនៈខាងលើនេះ យើងឃើញមានការធ្វើទាន ការរក្សាសីល និងការចម្រើនភាវនា។ តើទាន ជាអ្វី? តាមធម្មតា ពាក្យនេះមានន័យថា ឲ្យ ឬ បរិច្ចាគ ឬ ជួយអ្នកដទៃ។ គេអាចប្រតិបត្តិនូវការឲ្យទាននេះតាមវិធីផ្សេងៗ ។ អ្នកអាចធ្វើដូច្នោះ តាមរយៈការនិយាយស្ដី ដោយប្រើពាក្យពេចន៍ល្អដែលមានការលើកទឹកចិត្តជាមួយអ្នកដទៃ។ សូម្បីអ្វីមួយដែលសាមញ្ញបំផុត ដូចជាការញញឹមក៏អាចជួយអ្នកដទៃបានដែរ ប្រសិនបើស្នាមញញឹមនោះអាចធ្វើឲ្យពួកគេរីករាយឡើង និងធ្វើឲ្យភ្លឺថ្លាក្នុងការរស់នៅប្រចាំថ្ងៃ។អ្នកអាចជួយយកអាសាបុគ្គលណាម្នាក់ ដែលត្រូវការជំនួយ។ អ្នកអាចស្ម័គ្រចិត្តជួយដោយកំលាំង និងការព្យាយាម ឬដោយធនធានរបស់អ្នកដល់អ្នកដែលខ្សត់ខ្សោយ។ អ្នកអាចចែករំលែកនូវចំណេះដឹងផ្នែកព្រះពុទ្ធចវនៈដល់បុគ្គលណាមួយ ដែលចាប់អារម្មណ៍។ ឲ្យការចេះដឹងជាទាន(ធម្មទាន) ដែលប្រសើរជាងទានណាៗទាំងអស់ក្នុងលោក។ ទោះជាយ៉ាងណា អ្នកត្រូវព្យាយាមធ្វើនូវកិច្ចការទាំងអស់ ដោយមិនមានការកើតវិប្បដិសារៈ ការរើសអើង ឬមានអារម្មណលាក់បាំង។ ចូរធ្វើទានដោយសេចក្ដីអាណិតអាសូរ សេចក្ដីករុណា និងការយល់ចិត្ត។ ចុះតើ សីល ជាអ្វី? ពាក្យនេះមានន័យថា ធម្មចរិយា ឬដំបូន្មាន ហើយព្រះសម្មាសម្ពុទ្ធទ្រង់ទូន្មានមនុស្សគ្រប់រូប ឲ្យព្យាយាមរក្សានូវសិក្ខាបទប្រាំប្រការដូចខាងក្រោមនេះ ១- វៀរចាកការសម្លាប់សត្វមានជីវិតទាំងឡាយ។ ២- វៀរចាកការកាន់យកទ្រព្យសម្បត្តិអ្នកដទៃ ដែលគេមិនបានឲ្យដល់កាយ ឬដោយវាចា។ ៣- វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ ៤- វៀរចាកការនិយាយពាក្យកុហក ។ ៥- វៀរចាកការសេពគ្រឿងស្រវឹង ។ សិក្ខាបទទាំងនេះមិនមែនជាបទបញ្ញាត្តនោះទេ ប៉ុន្តែក្រមសីលធម៌ ដែលពុទ្ធបរិស័ទយកមកអនុវត្តប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ។ ហើយពុទ្ធបរិស័ទក៏មិនមែនអនុវត្តប្រតិបត្តិ នូវក្រមសីលធម៌ទាំងនេះដោយសារការខ្លាចទណ្ឌកម្មដែរ ប៉ុន្តែដោយសារពួកគេយល់ច្បាស់ថាទង្វើដែលប្រាសចាកពីក្រមសីលធម៌នេះ រមែងធ្វើឲ្យអន្តរាយដល់អ្នកដទៃផង និងខ្លួនឯងផង។ ឧទាហរណ៍ជាក់ស្ដែង ពេលណាយើងគ្មានបំណងចង់ឲ្យគេសម្លាប់ ឬធ្វើទុក្ខទោសដល់ខ្លួន យើងយល់ថា សត្វដទៃទៀតក្នុងភពផែនដីនេះក៏ប្រាថ្នាមិនចង់ឲ្យគេកាប់សម្លាប់ ឬបៀតបៀនដូច្នោះដែរ។ ដូចគ្នាផងដែរ នៅពេលយើងមិនចង់ក្លាយជាជនរងគ្រោះពីការលួច អំពើផិតក្បត់ ការកុហកបោកប្រាស់ យើងខ្លួនឯងគួរគប្បីវៀរចាកអំពើទាំងអស់នេះចំពោះអ្នកដទៃ។ ព្រះសម្មាសម្ពុទ្ធបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការវៀរចាកពីការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនទាំងឡើយ។ នេះគឺដោយសារតែថា នៅពេលណាអ្នកស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀនហើយ អ្នកអាចប្រព្រឹត្តធ្វើនូវអំពើមួយដែលអ្នកមិនគួរគប្បីធ្វើទាល់តែសោះក្នុងជីវិត។ ប្រសិនបើអ្នកបានធ្វើឲ្យដាច់នូវសិក្ខាបទណាមួយ អ្នកត្រូវយល់ច្បាស់ថា តាមមាគ៌ាព្រះពុទ្ធសាសនា គឺត្រូវធ្វើឲ្យដឹងច្បាស់ថា អ្នកបានធ្វើប្រាសចាកសិក្ខាបទមែនពិត ហើយចូរព្យាយាមឲ្យអស់ពីសមត្ថភាពរបស់អ្នក ក្នុងការកែប្រែខ្លួនឲ្យល្អឡើងវិញ ហើយបន្ទាប់មកចូរព្យាយាមរក្សាអនុវត្តប្រតិបត្តិនូវសិក្សាបទនោះឲ្យបានល្អទ្វេឡើង។ អ្វីៗគ្រប់យ៉ាងក្នុងលោកនេះ ត្រូវពឹងផ្អែកលើសីលធម៌ដេលជាមូលដ្ឋានគ្រឹះ។ ដូច្នេះជាការល្អប្រសើរខ្លាំងណាស់ក្នុងការទន្ទេញសិក្ខាបទប្រាំឲ្យចាំស្ទាត់ ដើម្បីឲ្យអ្នកអាចរំលឹកពីសិក្ខាបទទាំងនេះគ្រប់ពេលវេលា។ នៅពេលណាការរក្សានូវសិក្ខាបទទាំង៥នេះ ក្លាយទៅជាសភាវគតិ និងជាផ្នែកមួយធំនៃអាកប្បកិរិយារបស់អ្នក ពេលនោះលក្ខណៈវិជ្ជមានរបស់វាដេលបានចម្រើនឡើង និងកើតដោយងាយទៅតាមធម្មជាតិ ពោលគឺ ១- ការផ្ដល់ឲ្យនូវអភ័យ និងសេចក្ដីអាណិតអាសូរ។ ២- ការផ្ដល់នូវសេចក្ដីសន្ដោស និងចិត្តសប្បុរស។ ៣- ការផ្ដល់នូវជំនឿទុកចិត្ត និងទំនួញខុសត្រូវ។ ៤- ការគោរពឲ្យតម្លៃនូវសច្ចភាព និងមានវាចាពីរោះ។ ៥- ការផ្ដល់នូវជំនឿចិត្តខ្លួនឯង និងមានសតិស្មារតី។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |