ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ

|
ព្រះសារីរិកធាតុរបស់គោតមពុទ្ធត្រូវបានគេជឿថា ស្ថិតនៅភាសពេញតំបន់អាស៊ីដែលជាទីចាប់កំណើតនៃព្រះពុទ្ធសាសនា តាំងពីពេលធ្វើឈាបនកិច្ចព្រះបរមសពមកម៉្លេះ ។ តាមដំណាលថា បន្ទាប់ពីធ្វើឈាបនកិច្ចរួច មានពួកក្សត្យនគរផ្សេងៗ មកដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ហើយដើម្បីបញ្ចប់នូវជម្លោះនេះ ភាគីជម្លោះទាំងឡាយបានយល់ព្រមធ្វើការបែងចែកព្រះសារីរិកធាតុជា ៨ ចំណែក និងត្រូវបានបាំងដោយក្លស់ (ឆត្រ) ដែលក្រោយមក ក្លស់បានក្លាយទៅជានិមិត្តរូបនៃសិល្បៈផ្នែកព្រះពុទ្ធ សាសនា ។ សារីរិកធាតុចំណែកនីមួយៗត្រូវបានបញ្ជូនទៅកាន់នគរជាច្រើនដើម្បីបញ្ចុះនៅក្នុងស្ដូប (ចេតិយ) សម្រាប់គោរពបូជា ។
![]() ![]() ព្រះបរមសារីរិកធាតុ តាមដំណាលបានបន្តទៀតថា ប្រហែល ១០០ ឆ្នាំ ក្រោយមក មានស្ដេចមួយអង្គឈ្មោះ អសុកាជាក្សត្រដែលមានជំនឿមុតមាំ ជ្រះថ្លាលើពុទ្ធសាសនា បានផ្សព្វផ្សាយលទ្ធិសាសនានេះដុះដាល និងបានប្រមែប្រមូលសារីរិកធាតុទាំងអស់ ហើយបានយកទៅបញ្ចុះនៅក្នុងស្ដូបចំនួន ៨៤០០០ដែលបច្ចុប្បន្នស្ដូបទាំងនោះស្ថិតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនានានានៅអាស៊ី ។ អ្នកមានជំនឿភាគច្រើនជឿជាក់ថា សារីរិកធាតុទាំងនេះបានសម្ដែងនូវអម្ភូតហេតុពិសិដ្ឋដ៏មហស្ចារ្យ ។
ព្រះសារីរិកធាតុភាគច្រើនមានរូបរាងដូចជាគុលិកាគុជតូចៗ ខ្លះស្រអាប់ ខ្លះថ្លា មានពណ៌ផ្សេងៗ តាមជំនឿថា ផ្នែកផ្សេងៗនៃរាងកាយព្រះសម្ពុទ្ធ ផ្ដល់នូវសារីរិកធាតុពណ៌ផ្សេងគ្នា ។ ព្រះសារីរិកធាតុមួយចំនួនធំត្រូវបានបញ្ចុះនៅក្នុងស្ដូប ហើយមួយចំនួនទៀតត្រូវបានបែងចែកដោយព្រះសង្ឃទៅឲ្យអ្នកដែលមានជំនឿដើម្បីរក្សាទុកគោរពបូជាលក្ខណៈគ្រួសារ ដែលករណីដូចនេះមានតិចតួចបំផុត ។ ដោយហេតុថា ព្រះសារីរិកធាតុជាវត្ថុពិសិដ្ឋ សក្តិសិទ្ធិ ប្រកបដោយមហិទ្ធិឫទ្ធិ គឺត្រូវបានដាក់ដំកល់ជាសាធារណៈដើម្បីគោរពបូជារួមគ្នាក្នុងចំណោមអ្នកដែលមានជំនឿទាំងឡាយ ។ «ព្រះសម្មាសម្ពុទ្ធជាចម្បងជាងអស់អ្នក ប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ៥ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ត្រាច់ទៅបិណ្ឌបាត១ ក្នុងពេលល្ងាចទ្រង់សម្ដែងធម៌ទេសនា១ ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអាធ្រាតទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹងនិង មិនគួរត្រាស់ដឹង១ ។» ព្រះពុទ្ធអង្គទ្រង់បំពេញពុទ្ធកិច្ចអស់៤៥ ឆ្នាំហើយ ក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ១ថ្ងៃ ព្រះអង្គទ្រង់ចូលបរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្ស ទេវតា ព្រហ្ម ជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ ។ ក្នុងថ្ងៃទី៧ បន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វាន ព្រះបរមសពដែលតម្កល់លើចិតកាធាន ត្រូវភ្លើងឆេះឡើងដោយអំណាចនៃទេវតាបណ្ដាលឲ្យឆេះព្រះបរមសពនៃព្រះ ដ៏មានព្រះភាគអស់រូបរាងកាយ ធារទឹកបានធ្លាក់ហូរចុះពីលើអាកាសបានពន្លត់ចិតកាធានរបស់ ព្រះសាស្ដា នៅសល់តែព្រះបរមធាតុនៃព្រះដ៏មានព្រះភាគប៉ុណ្ណោះ ។ កាលបើពួកមល្លក្សត្រមិនព្រមចែកព្រះសារីរិកធាតុយ៉ាងនេះ ព្រះវាជា និងព្រាហ្មណ៍ទាំងអស់នោះ ចាប់ផ្ដើមនាំគ្នាធ្វើចម្បាំងដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ។ ក៏រៀបចំកងទ័ពរៀងៗខ្លួនដើម្បីឡោមព័ទ្ធក្រុងកុសិនារា ។ ឯពួកមល្លក្សត្រអ្នកក្រុងកុសិនារាវិញ ក៏បានរៀបចំកងទ័ពតតាំងច្បាំងវិញដែរ ។ ក្នុងកាលណោះទោណព្រាម្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះ ឃើញការវិវាទទាស់ទែងគ្នាដោយសារព្រះសារីរិកធាតុជារឿងមិនសមគួរទាល់តែសោះ ទើបឡើងទៅឈរលើកំពែងទីខ្ពស់ស្រែកឡើងថា ៖ «លោកទាំងឡាយដ៏ចម្រើន សូមស្ដាប់ពាក្យខ្ញុំមួយមាត់សិន ព្រះពុទ្ធជាម្ខាស់នៃយើង ព្រះអង្គជាខន្តិវាទ ការប្រហារគ្នា ច្បាំងគ្នាព្រោះចំណែកនៃព្រះសារីរិកធាតុរបស់ឧត្ដមបុរសនេះមិនប្រពៃឡើយ ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ យើងទាំងអស់គ្នាគួរតែស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសារីរិកធាតុឲ្យជា៨ចំណែក ព្រះស្ដូបទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើនជ្រះថ្លាចំពោះព្រះសម្ពុទ្ធមានចក្ខុមិនលែង ។» កាលទោណព្រាហ្មណ៍ពោលពាក្យនេះលើកទី១ គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ឡើយ ព្រោះម្នាក់ៗគិតតែថាត្រូវច្បាំងៗ ។ តែអាស្រ័យទោណព្រាហ្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទូទាំងជម្ពូទ្វីប មិនមានក្សត្រ និងព្រាហ្មណ៍ណាមួយថាមិនស្គាល់ឡើយ ។ ទើបទោណព្រាហ្មណ៍ស្រែកប្រកាសយ៉ាងខ្លាំងជាពីរដងថា ៖ «ពួកលោកចាំសម្លេងអាចារ្យរបស់ខ្លួនមិនបាន ទេឬ ។ ប្រសិនបើចាំបាន សូមស្ងាត់ស្ងៀមគ្រប់ៗគ្នា ហើយស្ដាប់វាចាដែលខ្ញុំពោល ។» ពួកក្សត្រទាំងនោះ បានឮសម្លេងស្រែកឡើងនោះក៏ចាំបានថា នេះជាសម្លេងរបស់ទោណព្រាហ្មជាអាចារ្យរបស់ខ្លួន ហើយក៏នាំគ្នាស្ងៀមស្ងាត់ទៅ ។ ទោណព្រាហ្មណ៍ក៏ប្រកាសឡើងដូចពាក្យមុននោះឯង ដើម្បីបបួលគ្នាចែកព្រះបរមសារីរិកធាតុឲ្យជា៨ចំណែកសម្រាប់ក្សត្រ និងព្រហ្មណ៍៨នគរ ដែលមកជួបជុំគ្នានៅពេលនោះ ។ ក្សត្រ និងព្រាហ្មណ៍ព្រមតាមទោណព្រាហ្មណ៍ មានឆន្ទៈតែមួយថានឹងចែកឲ្យបានស្មើៗគ្នា ។ ព្រះបាទមាគធអជាសត្តុវេទេហីបុត្រ បានទទួលព្រះធាតុមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប (ព្រះចេតិយ) ក្នុងរាជគ្រឹះ ។ «ព្រះសារីរិកធាតុទាំងឡាយនោះ ដែលមិនបែកចេញមាន ៧ អង្គគឺ ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) ១ ព្រះទាឋធាតុ (ចង្កូមកែវ) ៤ ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ២ ព្រះសារីរិកធាតុដ៏សេសសល់ក្រៅពីនោះសុទ្ធតែបែកចេញ (ជាចំណែកតូចៗ) ។» ព្រះបរមធាតុទាំងឡាយមានខ្នាតផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំ មានទំហំប៉ុនគ្រាប់សណ្ដែកបាយព្រះធាតុខ្នាតកណ្ដាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករបាក់ និង ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ ។ ព្រះបរមធាតុទាំងឡាយ មានពណ៌ផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំមានពណ៌ដូចមាស ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ រួមទាំងអស់ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។ នៅក្នុងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ បានសម្ដែងថា ៖ «ចុះព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធបរម សាស្ដាបែកជាចំណែកប៉ុន្មាន ? មិនបែកប៉ុន្មានដែរ ? ព្រះបរមធាតុព្រះសម្មាសម្ពុទ្ធនៃយើង មិនបែកជាចំណែកតូចៗមាន ៧ គឺ ព្រះចង្កូមកែវ ៤ ដងកាំបិត ២ ថ្ងាស ១ ឯព្រះធាតុដ៏សេសសល់ក្រៅពីនោះ សុទ្ធតែជាចំណែកតូចៗ ។ បណ្ដាព្រះធាតុទាំងនោះ ព្រះធាតុតូចបំផុតប៉ុនគ្រាប់ស្ពៃ ព្រះធាតុខ្នាតកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ព្រះធាតុខ្នាតធំបំផុតប៉ុនគ្រាប់សណ្ដែកបាយបាក់ពាក់កណ្ដាល ។» សេចក្ដីបញ្ជាក់ៈ នៅក្នុងបទនមស្សការត្រង់ធាតុចេតិយនមស្សការគាថា ដែលរៀបរៀងដោយ បណ្ឌិត សែម សូរ ក្នុងសៀវភៅប្រជុំភាណវារបាលីប្រែពិស្ដារ ត្រង់ទំព័រ៣០៣ បន្ទាត់ទី១៣ ដែលគាថានេះបានដកចេញពីគម្ពីរបឋមសម្ពោធិត្រង់ទំព័រ២៦០ តែមិនត្រឹមត្រូវតាមគម្ពីរព្រះត្រៃបិដក ដែលមានក្នុងគម្ពីរពុទ្ធវំសបិដកលេខ៧៧ ទំព័រ២៣៧ បន្ទាត់ទី១១ នោះទេ ។ «ព្រះធាតុទាំងឡាយដែលនៅសេសសល់ប្រាកដ ដូចផ្កាម្លិះក្រពុំខ្លះ ដូចកែវមុក្ដាដ៏ស្អាតខ្លះ ដូចលម្អិតមាសខ្លះ ។» ដូច្នេះក្នុងអដ្ឋកថាបានបញ្ជាក់ហើយថា សុមនមកុលសទិសា ប្រាកដដូចផ្កាម្លិះក្រពុំជាក់ច្បាស់ទៅហើយ និងគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) បានសម្ដែងថា ៖ «បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចប៉ុនគ្រាប់ស្ពៃ ។ ព្រះធាតុកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ។ បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចមានពណ៌ប្រាកដដូចផ្កាម្លិះក្រពុំ ។ ព្រះធាតុកណ្ដាលមានពណ៌ប្រាកដដូចកែវមុក្ដាដ៏ស្អាត ។ ព្រះធាតុខ្នាតធំមានពណ៌ប្រាកដដូចជាមាស ។» ព្រមទាំងក្នុងគម្ពីរបបញ្ចសូទនីអដ្ឋកថា មជ្ឈិមនិកាយ ពាកុលសូត្រត្រង់សុញ្ញតវគ្គបានបញ្ជាក់ធាតុព្រះពាកុលៈមាន មកុល ស័ព្ទដែរថា ៖ «ព្រះធាតុទាំងឡាយនោះឯងនៅសេលសល់ប្រាកដដូចផ្កាម្លិះក្រពុំ ។» តាមទឡ្ហីករណ៍ដែលបានលើកឡើងខាងលើនេះ ព្រះធាតុខ្នាតតូចគឺមានពណ៌ដូចផ្កាម្លិះក្រពុំ មិនមែនពណ៌ដូចផ្កាថ្កុលទេ ដោយហេតុថាពាក្យ ពកុល មិនមានក្នុងបិដក និងអដ្ឋកថាដែលជាច្បាប់ដើមនោះទេ ។ ដូច្នេះ យើងទាំងអស់គ្នាគប្បីកែបទនមស្សការនេះឲ្យត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថាវិញ ។ នៅក្នុងសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រប្រាប់ថា ៖ «ព្រះបរមធាតុរួមទាំងអស់ ១៦ នាឡិ ដោយនាឡិតាមប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។» នៅក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖ «ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ខុ មានចំនួន ៨ ទោណ ។» យើងត្រូវគិតពីមាគធនាឡិ (បាកតិនាឡិ) និងទោណនេះឲ្យបានច្បាស់លាស់ដើម្បីដឹងពីប្រមាណនៃព្រះធាតុ នេះ ។ តាមគម្ពីរអភិធានប្បទិបិកា គាថាទី៤៨២‑៣ តទៅ ៖ ១ បសតៈ ជា ១ កុឌុវៈ ក្នុងសុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និងក្នុងសមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះថា បត្ថៈ គឺមានប្រមាណប៉ុននាឡិត្រឹមល្មដើម្បីចិញ្ចឹមបុរសម្នាក់ៗឲ្យ ប្រព្រឹត្តទៅបាន ។ សរុបព្រះធាតុ ព្រះបរមសិរីរិកធាតុសរុបទាំងអស់មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះតាមន័យក្នុងអដ្ឋកថា ។ តែព្យញ្ជនៈក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះបរមសារីរិកធាតុរបស់សម្ពុទ្ធមានចក្ខុមានចំនួន ៨ ទោណ ។ បើមាន ៨ ទោណ មែននោះគឺ ១៦ x ៨ = ១២៨ នាឡិ ទៅហើយ តែអដ្ឋកថាបញ្ជាក់ថា មានតែ ១៦ នាឡិធម្មតាប៉ុណ្ណោះ ។ ហើយគួរឲ្យសង្ស័យដល់អ្នកសិក្សាទៀតនោះ គឺក្នុងសារត្ថទីបនីដីកា (១/២២៣) ព្រះសារីបុត្រជាគន្ថរចនាចារ្យបានខៃពន្យល់ពីព្រះធាតុដែលបានតមក ពីរាមគ្រាមចំនួន ១ ទោណ ថា ៖ «ពាក្យថា ត្រឹម ១ ទោណ គឺស្មើប្រមាណ ១៦ នាឡិ ដោយនាឡិមគធ ។ តាមក្នុងដីកាខៃពន្យល់ព្រះបរមធាតុមានចំនួន ១២៨ នាឡិ តែតាមពិត ព្រះបរមធាតុមានតែ ១៦ នាឡិ ស្មើនឹង ១ ទោណ ទេ ។» ចុះពាក្យថា ព្រះបរមធាតុមាន ៨ ទោណ ដែលមានក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ១៦ ទំព័រ៣៤៩ បន្ទាត់ទី១០ នោះយ៉ាងណាទៅវិញ ? ពាក្យនេះអដ្ឋកថាប្រាប់ថា ៖ «ក៏គាថាទាំងឡាយមានពាក្យជាដើមថា ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ចុ មានចំនួន ៨ ទោណ ដូច្នេះជាដើម គឺព្រះថេរៈទាំងឡាយ អ្នកនៅក្នុងកោះតាម្ពបណ្ណិទ្វីប (ប្រទេសសិរីលង្កាសព្វថ្ងៃ) ពោលទុកហើយ ។» តាមគាថាពន្យល់ក្នុងគម្ពីរបឋមសម្ពោធិត្រង់ ទំព័រ២៦១ បានចង្អុលបង្ហាញប្រាប់ថា ព្រះថេរៈក្នុងកោះតាម្ពបណ្ណិទ្វីបនោះមិនបានគិតពីមាត្រាវាស់ទេ លោកចងគាថាឲ្យគិតយ៉ាងនេះថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បីគម្ពីរដទៃមានគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) ក៏បានពន្យល់យ៉ាងជាក់ច្បាស់ដែរថា ក៏ធាតុទាំងឡាយរបស់ព្រះដ៏មានព្រះភាគនៃយើងមានត្រឹម ១៦ នាឡិ ។ ហើយធ្វើឲ្យយើងលែងសង្ស័យគ្រាន់ពាក្យថា ៨ ទោណ ដែលមានក្នុងបិដកទៀតនោះ ព្រោះក្នុងអដ្ឋកថា (៥/៣៥៦) បានបញ្ជាក់ពីព្រះធាតុចែកឲ្យទៅទាំង ៨ នគរនោះថា ៖ «ព្រះរាជា និងព្រាហ្មណ៍អ្នកក្នុងនគរនិមួយៗ បានទទួលចំណែកព្រះធាតុ ២ នាឡិៗ (ក្នុងមួយនគរៗ) ។» ចំណែកព្រះធាតុដែលប្រទេសសិរីលង្កាបានតមកពី រាមគ្រាមនោះ ក៏បានចំណែកតែ ២ នាឡិដែរ មិនមែន ១៦ នាឡិ ដូចដីកាពោលនោះទេ ។ ដូច្នេះសរុបគ្រប់គម្ពីរមក ព្រះបរមធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។ ខ្នាត ពណ៌ និង បរិមាណ របស់សម្ភិន្នធាតុ «តថាគតមិនស្ថិតនៅយូរអង្វែងទេ នឹងបរិនិព្វានទៅ សាសនាតថាគតនៅមិនទាន់ផ្សាយទៅគ្រប់ទីកន្លែងនៅឡើយ ព្រោះហេតុនេះ កាលបើតថាគតបរិនិព្វានទៅហើយ មហាជនទទួលយកនូវព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃ ហើយធ្វើចេតិយក្នុងទីនៅរបស់ខ្លួនៗ ហើយគោរពបូជា កាលត្រាច់ទៅនឹងមានសួគ៌ក្នុងខាងមុខ ។ ព្រោះហេតុនោះ ព្រះធាតុបែកចេញជាចំណែកតូចៗខ្លះ មិនបែកចេញខ្លះ ។» អដ្ឋកថា ទីឃនិកាយ មហាវគ្គ ៥/៣៤៧ ថា ៖ «ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញ ពុទ្ធចរិយាអស់ ៤៥ វស្សា ដើម្បីប្រយោជន៍ដល់សត្វលោក សូម្បីព្រះអង្គទ្រង់បរិនិព្វានទៅហើយ ក៏ព្រះអង្គនៅតែបំពេញប្រយោជន៍ដល់សត្វលោកទៀត ដូចព្រះអង្គទ្រង់អធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ ដើម្បីផ្សាយទៅគ្រប់ទីកន្លែងសម្រាប់ជាគ្រឿងសក្ការៈគោរពបូជារបស់ ពុទ្ធបរិស័ទ នឹងបានសម្រេចនូវស្ថានសួគ៌ និងព្រះនិព្វានក្នុងកាលខាងមុខ ៕» ដោយ៥០០០ឆ្នាំ |