អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៤០៣ ដង)
ការត្រៀមខ្លួនទុកជាមុន

|
កូនជាទីស្រឡាញ់! ក្នុងជីវិតមួយថ្ងៃៗនៃមនុស្សយើងនេះ រមែងតែងតែមានរឿង ដែលនឹងត្រូវឲ្យដោះស្រាយជារឿយៗបន្តិចរឿងនេះ បន្តិចរឿងនោះ ពេលខ្លះក៏បាននាំនូវសេចក្តីលំបាកយ៉ាប់យ៉ឺនមកប្រគល់ឲ្យទៀតផង ព្រោះដោះស្រាយមិនបាន ។ កូនក៏ធ្លាប់ជួបប្រសព្វរឿងយ៉ាងនេះមកខ្លះហើយ ក្នុងសេចក្តីនេះ កូនត្រូវត្រៀមខ្លួនឲ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុនដូចពាក្យថា ( ការពារទុក) មុនស្រណុកជាងដោះស្រាយ ។
ប្រៀបដូចជាការដើរផ្លូវឆ្ងាយអីចឹងឯង គឺត្រូវត្រៀមរៀបចំអ្វីៗ ទុកជាមុនឲ្យសព្វគ្រប់ មិនថាជាការដាក់ផែនការ ឬ ស្បៀងអាហារសំពត់អាវអ្វីឡើយ គឺត្រូវតែឲ្យដល់ព្រម ទាំងយានពាហនៈ ទាំងមាសទាំងប្រាក់សម្រាប់ចាយវាយ ។ ល ។ លុះដល់ពេលវេលាហើយ ក៏ចាប់យកអ្វីៗ ដែលបានត្រៀមរៀបចំជាស្រេចនោះ ដើរផ្លូវទៅទាន់ពេលដល់ដើរទៅហើយ មិនមានខ្វះអ្វីឡើយ ។ ការត្រៀមរៀបចំឲ្យដល់ព្រម គឺជាកិច្ចការពារ និងដោះស្រាយបញ្ហាដែលល្អជាទីបំផុត កាលបើមានបញ្ហា កើតឡើង ក៏ដោះស្រាយបានទាន់ពេលវេលា ប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លត់ភ្លើង ឬត្រៀមថ្នាំដែលចាំបាច់សម្រាប់ព្យាបាលដូច្នោះឯង ។ ក្នុងការរស់នៅកូនត្រូវត្រៀមកាយ ត្រៀមចិត្តត្រៀមទាំងគំនិតគិតទុកជាមុន គឺថាតទៅនឹងយ៉ាងណាបើយ៉ាងនោះមែន តើត្រូវធ្វើដូចម្តេច ហើយឥឡូវនេះត្រូវធ្វើអ្វីដូចនេះជាដើម ។ ការត្រៀមរៀបចំទុកជាមុនដូចនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា (មិនប្រមាទ) ។ មនុស្សដែលមិនមានប្រមាទ គឺមនុស្សដែលមិនមានការធ្វេសប្រហែសមិនអាងថាមិនអី តែងត្រៀមអ្វីៗក្នុងដំណើរជីវិតទុកជាស្រេច សូម្បីរឿងចាស់ឈើស្លាប់ រឿងការព្រាត់ប្រាសនិងរឿងផលកម្ម ដែលតែងតែមានជាប្រចាំគ្រប់ៗគ្នា អ្នកមិនប្រមាទ ក៏បានគិតទុកជាស្រេចហើយដែរ ដល់ពេលរឿងនោះមកដល់ ចិត្តរមែងស្ងប់រម្ងាប់មិនញាប់ញ័រ ។
ចូរកូនកុំប្រមាទ ក្នុងជីវិត កុំធ្វើឲ្យប្រយោជន៍មិនបាត់បង់ទេ គឺនៅជាប់តាមខ្លួនកូនជានិច្ចនោះ កូននឹងជាមនុស្សល្អរហូត ចូរកូនចាំចុះថា ( មិនមានអ្នករួមដំណើរណាក្នុងជីវិត ដែលនាំមកនូវការីករាយ ឲ្យដូចជាខ្លួនកូនឯងជាមនុស្សល្អនោះឡើយ) ដូច្នេះកូនត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អ ។ កូនត្រូវតែត្រៀមរៀបចំ នូវប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតកូន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |