អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២០,៥០៦ ដង)
ចិត្តមានជម្ងឺ

|
ចិត្តមានជម្ងឺ
កកុធសូត្រ នៅក្នុង សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គត្រង់ ទេវបុត្តសំយុត្ត កកុធសូត្រ បិដកខ្មែរយើងលេខ ២៩ ទំព័រ ១៤២ មានសេចក្ដីទាំងស្រុងថាខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់ក្នុងព្រៃអញ្ជ័ន ជាទីឲ្យភ័យដល់សត្វម្រឹគជិតក្រុងសាកេត គ្រាកាលបឋមយាមរាត្រីកន្លងទៅ ទេវបុត្ត ឈ្មោះកកុធៈមានរស្មីរុងរឿងញ៉ាំងព្រៃអញ្ជ័នជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយចូលទៅគាល់ ព្រះមានព្រះភាគលុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះកកុធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយបានក្រាបថ្វាយបង្គំទូលព្រះមានព្រះភាគដូច្នេះថា នន្ទសិសមណាតិ បពិត្រព្រះសមណៈ ព្រះអង្គត្រេកអរដែរឬ? ព្រះអង្គត្រាស់ឆ្លើយថាៈ កឹលទ្ធា អាវុសោតិ ម្នាលអាវុសោត្រេកអរព្រោះបានអ្វី? ទេវបុត្តសួរតទៀតថាៈ តេន ហិ សមណ សោចសីតិ បពិត្រព្រះសមណៈបើដូច្នោះ ព្រះអង្គសោយសោកដែរឬ? ព្រះអង្គត្រាស់ឆ្លើយ កឹ ជីយិត្ថ អាវុសោតិ ម្នាលអាវុសោចុះអ្នកណាផ្ចាញ់អ្វី? បានជាសោយសោកទេវបុត្តសួរម្ដងទៀតថាៈ តេនហិ សមណ នេវនន្ទសិនេវសោចសីតិ បពិត្រព្រះសមណៈបើដូច្នោះព្រះអង្គមិនត្រេកអរហើយក៏មិនសោកទេឬ? ព្រះអង្គឆ្លើយថា ឯវមាវុសោតិ អើអាវុសោ អ៊ីចឹងហើយ។ កកុធ ទេវបុត្តទូលសួរចំពោះព្រះដ៏មានព្រះភាគថាៈ កច្ចិ ត្វំ អនិឃោ ភិក្ខុ កច្ចិ នន្ទិ នវិជ្ជតិ កច្ចិ តមេកមាសីនំ អរតី នាភិកីរតីតិ ព្រះអង្គជាភិក្ខុមិនមានទុក្ខទេឬ សេចក្ដីត្រេកអរមិនមានទេឬ សេចក្ដីអផ្សុកមិនគ្របសង្កត់ ព្រះអង្គដែលគង់នៅម្នាក់ឯងទេឬ? ព្រះដ៏មានព្រះភាគត្រាស់ថាៈ អនិឃោ វេ អហំយក្ខ អថោ នន្ទិ នវិជ្ជតិ អថោ មមេកមាសីនំ អរតី នាភិកីរតីតិ ម្នាលយក្ស តថាគតមិនមានទុក្ខទេ ទាំងសេចក្ដីត្រេកអរក៏មិនមាន ទាំងសេចក្ដីអផ្សុក ក៏មិនគ្របសង្កត់ តថាគតដែលអង្គុយនៅម្នាក់ឯងឡើយ! កកកុធទេវបុត្ត សួរចំពោះព្រះអង្គជាបន្តថាៈ
កថំ ត្វំ អនិឃោ ភិក្ខុ កថំ នន្ទិ ន វិជ្ជតិ កថំតមេកមាសីនំ អរតី នាភិកីរតីតិ ដូចម្ដេចក៏ព្រះអង្គជាភិក្ខុមិនមានទុក្ខ? ដូចម្ដេចក៏មិនមានសេចក្ដីត្រេកអរ? ដូចម្ដេចសេចក្ដីអផ្សុកមិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅតែម្នាក់ឯង? ព្រះអង្គត្រាស់ថាៈ អឃជាតស្ស វេ នន្ទិ ជាតស្ស វេ អឃំ អនន្ទិ អនិឃោ ភិក្ខុ ឯវំ ជានាហិ អាវុសោតិ សេចក្ដីត្រេកអរ រមែងមានដល់សត្វដែលមានសេចក្ដីទុក្ខ សេចក្ដីទុក្ខរមែងមានដល់សត្វដែលមានសេចក្ដីត្រេកអរ ម្នាលអាវុសោ អ្នកឯងត្រូវដឹងថា ភិក្ខុមិនមានសេចក្ដីត្រេកអរទុក្ខក៏មិនមានដែរ។ ពាក្យចុងក្រោយរបស់កកុធទេវបុត្តពោលថា ចិរស្សំ វត បស្សាមិ ព្រាហ្មណំ បរិនិព្វុតំ អនន្ទឹ អនិឃំ ភិក្ខុំ ភិណ្ហំ លោកេ វិសត្តិកំ ខ្ញុំព្រះអង្គខានឃើញភិក្ខុ ជាព្រាហ្មណ៍ដែលរលត់កិលេស មិនមានសេចក្ដីត្រេកអរ មិនមានទុក្ខ ឆ្លងនូវតណ្ហា ដែលជាគ្រឿងផ្សាយទៅក្នុងលោកអស់កាលយូរហើយ។ ក្នុងព្រះអដ្ឋកថា សារត្ថប្បកាសិនី ទំព័រ ៣៥០ លោកបានសម្ដែងថាៈ បទថា កកុធោ ទេវបុត្តោ សេចក្ដីថាបានឮថា ទេវបុត្តអង្គនេះ ជាបុត្តឧបដ្ឋាករបស់ព្រះមហាមោគ្គលានត្ថេរៈក្នុងកោឡនគរ កាលវ័យវឌ្ឍនាការធំចម្រើនឡើងក្នុងសំណាក់របស់ព្រះថេរៈ ធ្វើឈានឲ្យកើតហើយ ធ្វើមរណកាលទៅបានកើតទៅក្នុងព្រហ្មលោក សូម្បីក្នុងព្រហ្មលោកនោះ ពួកព្រហ្មក៏ដឹងអំពីគេថា កកុធព្រហ្មនេះឯង បទថា នន្ទសិ ប្រែថា ត្រេកអរបទថា កឹលទ្ធា សេចក្ដីថា បុគ្គលមានសេចក្ដីត្រេកអរព្រោះបានអ្វី? បុគ្គលបានរបស់ដែលពេញចិត្តអ្វីៗ ឈ្មោះថា សេចក្ដីត្រេកអរព្រោះដូច្នោះព្រះដ៏មានព្រះភាគជាម្ចាស់ទើបត្រាស់យ៉ាងនេះ បទថា កឹជិយត្ថ សេចក្ដីថា អ្នកណាអន់ថយអាប់ឱន វត្ថុរបស់មានសំពត់ជាដើមដែលខ្លួន ពេញចិត្តយ៉ាងណាៗ អ្នកនោះរមែងសោកសៅព្រោះ ដូច្នោះព្រះមានព្រះភាគជាម្ចាស់ទើបត្រាស់យ៉ាងនោះ បទថា អរតិ នាភិកីរតិ សេចក្ដីថា សេចក្ដីអផ្សុករមែងមិនគ្របសង្កត់ បទថា អឃជាតស្ស សេចក្ដីថាអ្នកកើតទុក្ខ គឺតាំងនូវក្នុងវដ្ដទុក្ខ បទថា នន្ទីជាតស្ស បានដល់ អ្នកកើតតណ្ហាពិតណាស់ វដ្ដទុក្ខរបស់បុគ្គលឃើញដូចនោះ ក៏មានហៅថា អឃៈ អ្នកជាទុក្ខរមែងប្រាថ្នាសុខដូច្នេះត្រេកអរ ទើបមានដល់អ្នកកើតទុក្ខ ចំណែកទុក្ខក៏មានចំពោះបុគ្គល ដែលមានសេចក្ដីត្រេកអរដូចគ្នាកាល សុខប្រែប្រួលទៅហេតុនោះទុក្ខទើបមានដល់អ្នកមាន សេចក្ដីត្រេកអរ។ ពាក្យថា ទុក្ខ បានសេចក្ដីថាទ្រាំមិនបានដែលទ្រាំមិនបាននេះមកពីអ្វី ថាមកពីមានរោគ រោគមាន២យ៉ាង រោគផ្លូវកាយ ១ រោគផ្លូវចិត្ត ១ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គត្រាស់សម្ដែងថា រោគផ្លូវកាយស្រួលព្យាបាលជាងរោគផ្លូវចិត្ត ចំពោះរោគផ្លូវចិត្តពិបាកព្យាបាលណាស់។ តែសព្វថ្ងៃសម្លឹងឃើញទស្សនៈសង្គមក្នុងបច្ចុប្បន្ន ថារោគអេដស៍ លំបាកព្យាបាល ហើយមិនមានថ្នាំសម្រាប់ព្យាបាលទៀតផង តែថាអាចព្យាបាលជាសះស្បើយ នៅពេលដែលបុគ្គលអ្នកកើតអេដស៍នោះ បាត់បង់ជីវិតទៅជម្ងឺផ្លូវកាយ សូម្បីជម្ងឺផ្លូវភេទណាក៏ដោយរមែងមានទីបញ្ចប់ទាំងអស់ គឺនៅពេលស្លាប់។ តែជម្ងឺផ្លូវចិត្ត គឺជម្ងឺលោភៈ ជម្ងឺទោសៈ ជម្ងឺមោហៈ ជម្ងឺឥស្សា ជម្ងឺមច្ឆរិយៈ ជម្ងឺទិដ្ឋិ ជម្ងឺមានៈ ជម្ងឺតណ្ហា ជម្ងឺទាំងអស់នេះ លំបាកព្យាបាលក្រៃលែងលំបាក។ ដូចជាលោភៈ ដែលជាជម្ងឺ រ៉ាំរ៉ៃមួយក្នុងវដ្ដសង្សារ តើមានគ្រូពេទ្យណា ឌុកទ័រណា ដែលអាចព្យាបាលជាទេ។ ទាំងដែលខ្លួនឯងជាគ្រូពេទ្យ ក៏មិនបានដឹងថ្នាំ តើរកថ្នាំអ្វីមកលេបដើម្បីកំចាត់បង់នូវរោគ កើតរោគចាស់ រោគឈឺ រោគ ស្លាប់ បាន ព្រោះមិនបានយល់ថា កើត ចាស់ ឈឺ ស្លាប់មកពីអ្វីផង។ ដូច្នេះ ចំពោះកិលេសបាបអកុសលដែលជាជម្ងឺប្រភេទនាមធម៌មួយកើតឡើង ក្នុងសន្ដានមិនមែនកើតឡើងព្រោះអត់ហេតុអត់បច្ច័យទេ លោភមូលចិត្តកើតឡើង ព្រោះមានលោភចេតសិកជាមូលជាប្រធានទោសមូលចិត្តកើតឡើង ព្រោះមាន ទោសចេតសិកជាមូលជាប្រធាន មោហមូលចិត្តកើតឡើង ព្រោះមោហចេតសិកជាមូលជាប្រធាន នេះគឺសេចក្ដីដែលបញ្ជាក់ឲ្យឃើញថាសភាពនៃសង្ខារធម៌គ្រប់យ៉ាងទាំងអស់ គឺកើតមកអំពីហេតុនិងបច្ច័យ។ សូម្បីតែជម្ងឺផ្លូវកាយដែលកើតឡើង ក៏មានសមុដ្ឋានរបស់វាដែរ ជម្ងឺខ្លះកើតមកពីកម្ម ជម្ងឺខ្លះ កើតមកពីឧតុ ជម្ងឺខ្លះកើតមកអំពីអាហារ ជម្ងឺខ្លះកើតមកពីចិត្ត។ យើងគ្រប់គ្នាត្រូវជ្រាបខ្លួនឯងថា គឺជាអ្នកមានជម្ងឺ ជម្ងឺក្នុងទីនេះមិនមែនជម្ងឺផ្លូវកាយទេ គឺសំដៅយកជម្ងឺផ្លូវចិត្ត តើយើងគ្រប់គ្នាទទួលស្គាល់ខ្លួនឯងថា ជាអ្នកមានជម្ងឺហើយឬនៅ រឿងចេះទទួលស្គាល់ខ្លួនឯង នេះជាការចេះដឹងប្រសើរណាស់ ព្រោះថាក្នុងលោកនេះដោយច្រើន គឺសម្បូរតែអ្នកដែលមិនបានស្គាល់ខ្លួន ម្លោះហើយមិនដឹងថាខ្លួនឯងទៅណាមកណា មិនដឹងថាខ្លួនឯង ជាអ្នកណា វាមិនខុសអ្វីពីមនុស្សដែលមានជម្ងឺហើយមិនដឹងថាខ្លួនឯងមានជម្ងឺ តើដែលមានគំនិតអ្វីគិតទៅរកថ្នាំ មកព្យាបាលជម្ងឺដែរឬទេ។ យ៉ាងណាមិញចំពោះជីវិតយើងក៏អ៊ីចឹងដែរ យើងត្រូវតែដឹងថា តើជីវិតយើងគឺជាអ្វី? ចម្លើយយ៉ាងខ្លី ដែលអាចស្ដាប់បានតែមិនយល់គឺ ជីវិតំ សច្ចំ ជីវិតគឺសច្ចធម៌ ការដែលយល់អំពីសច្ចធម៌នេះ មិនមែនជារឿងធម្មតាទេ បើបុគ្គលណាបានចូលចិត្តច្បាស់លាស់ រមែងកំចាត់បង់នូវសេចក្ដីទុក្ខបាន។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |