អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៥៧ ដង)
ទោសបាណាតិបាត និងទោសនៃសេចក្តីកំណាញ់

|
រឿងភិក្ខុជាញាតិ និងប្រេត
(ចាក បេ. ខុ.) (ទោសបាណាតិបាត និងទោសនៃសេចក្តីកំណាញ់) កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានព្រះរាជាមួយព្រះអង្គ ព្រះនាមកិក្តវាស សោយរាជ្យក្នុងនគរនោះ មានព្រះរាជបុត្រមួយព្រះនាមបទុដ្ឋកុមារ ។ ព្រះរាជបុត្រអង្គនេះបានមើលងាយព្រះបច្ចេកពុទ្ធថ្វាយបង្គំខ្លួន ក៏លោតចុះពីខ្នងដំរីទៅកញ្ឆក់យកបាត្រពីព្រះបច្ចេកពុទ្ធ ដែលកំពុងនិមន្តបិណ្ឌបាត បោកបំបែកជាន់កំទេចចោល ធ្វើឲ្យលោកអត់ចង្ហាន់ ។ ព្រះបច្ចេកពុទ្ធ ក៏និមន្តទៅកាន់ញកភ្នំនន្ទមូលវិញ ។ រឿងនេះសង្ខេបតែប៉ុណ្ណេះ ដល់ព្រះរាជកុមារនោះទីវង្គតទៅ ទៅកើតក្នុងអវចីមាហានរកអស់ ៨៤០០០ឆ្នាំ ដល់អស់ផលកម្ម មកកើតនាត្រកូលអ្នកនេសាទម្នាក់ នៅក្នុងអាណាខេត្តក្រុងសាវត្ថី ឈ្មោះហិរិកកុមារ ជាបុគ្គលរលឹកជាតិបាន ។ កុមារនេះតាំងពីធំដឹងក្តីទ្បើងកាលណារលឹកឃើញសេចក្តីទុក្ខ ដែលខ្លួនទៅកើតក្នុងនរកប្រេត ក៏កើតសេចក្តីខ្លាចបាបជាទីបំផុត ។ ក្នុងគ្រួសារហិរិកុមារមានមុខរបរតែមួយគឺ របរនេសាទត្រី. រាល់តែថ្ងៃមាតាបិតានិងបងៗ នាំកុមារទៅដាក់លបដាក់លាយ ចងសន្ទូចបង់សំណាញ់ជាដើម ។ កុមារចេះតែហែកលបលាយ ចាប់ត្រីរស់ៗ បោះចោលទៅក្នុងទឹក ហើយចេះតែ និយាយថាបាបៗ ទោះបីមាតាបិតាបងៗ ជេស្តីវាយដូចម្តេចក៏នៅតែធ្វើដូច្នោះទៀត ។ បើទុកឲ្យនៅផ្ទះ លួចដុតលបលោយចោលអស់ ។ មាតាបិតាខឹងខ្លាំង ក៏បណ្តេញចុះពីផ្ទះដើរតាមផ្លូវទៅ បងប្រុសមានសេចក្តីអាណិត យំសោកអង្វរមាតាបិតាឲ្យហៅមកវិញតែមាតាបិតាមិនព្រម ។ លុះកុមារដើរឆ្ងាយផុតពីភូមិទៅបានជួបនឹងព្រះអានន្ទកំពុងនិមន្តបិណ្ឌបាត ក៏ចេះតែដើរតាមដរាបដល់វត្ត ។ លោកសួរដឹងថា មាតាបិតាលះបង់ចោលហើយ ក៏បំបួសជាសាមណេរ តាមសេចក្តីសុំរបស់កុមារនោះ ។ ដល់បួសហើយទៅបិណ្ឌបាតមិនបានសោះដោយផលបាបកាលកើតជាទុដ្ឋកុមារ វាយបំបែកបាត្រព្រះបច្ចេកពុទ្ធនោះឯង ។ ថ្ងៃមួយព្រះអានន្ទនាំទៅថ្វាយបង្គំព្រះសម្តុទ្ធ ព្រះអង្គទ្រង់ជ្រាបកម្មពៀរមួយឲ្យ ដោយប្រាប់ឲ្យដងទឹកប្រគេនភិក្ខុសង្ឃឆាន់ស្រង់រាល់ៗថ្ងៃ ពួកភិក្ខុមានសេចក្តីអាណិត ក៏ឲ្យបាយចំណីតាំងពីពេលនោះមក. ដល់អាយុបាន ២០ ឆ្នាំ ព្រះអានន្ទឲ្យឧបសម្បទាជាភិក្ខុ មិនយូរប៉ុន្មានក៏បានសម្រេចអរហត្តផល ជាព្រះអរហន្តមួយក្នុងលោក ។ កាលជាខាងក្រោយ លោកបាននាំភក្ខុ ១២ រូបទៅធ្វើសមណធម៌លើកំពូលភ្នំសានុវាសី ។ ឯមាតាបិតាបងប្អូនគ្រួសារលោក ដល់អស់អាយុទៅកើតជាប្រេត អត់ឃ្លាននៅចន្លោះភ្នំនោះ មានមាត់តូចប៉ុនក្តិតម្ជុល កើតដំបៅស្អុយរលួយពេញខ្លួន មានសេចក្តីស្រេកឃ្លានខ្លាំង ផឹកទឹកស៊ីបាយមិនកើត ដោយអំណាចទោសបាណាតិបាត និងសេចក្តីកំណាញ់មិនដែលធ្វើបុណ្យទាន ។ ពួកប្រេតទាំងនោះដឹងថាហិរិភក្ខុនៅលើកំពូលភ្នំសានុវាសី នោះត្រូវជាកូន ជាប្អូនជាបងរបស់ខ្លួនពីជាតិមុន ដល់វេលានិមន្តចុះទៅបិណ្ឌបាត ក៏ទៅឈរបង្ហាញខ្លួនដល់លោក ប៉ុន្តែផលកម្មដែលបណ្តេញលោកមិនឲ្យនៅជាមួយ កាលលោកនៅជាកុមារនោះ បណ្តាលបិទបាំងមិនឲ្យលោកឃើញ ឬគិតនឹកដល់ទ្បើយ ។ ថ្ងៃមួយប្រេតជាបងប្រុស ដែលយំសោកសុំអង្វរមាតាបិតាដែលមាតាបិតាបណ្តេញលោក ត្រូវបានជួបនឹងលោក ហើយយំសោករៀបរាប់ប្រាប់ថា មាតាបិតាគ្រួសារទាំងអស់ ស្លាប់ទៅកើតជាប្រេតអត់ឃ្លានវេទនាណាស់ មានមាត់តូចប៉ុនក្តិតម្ជុល ។ លោកឮដូច្នេះហើយមានសេចក្តិសង្វេគ អាណិតអាសូពន់ពេក ទើបលោកធ្វើទានចំពោះសង្ឃ ឧទ្ទិសផលឲ្យដល់ប្រេតទាំងនោះ ផលនោះ ក៏បានតែប្រេតជាបងប្រុសមួយប៉ុណ្ណោះ ដល់ពេលខាងក្រោយមក ទើបបានដល់ប្រេតទាំងនោះ ក៏បានក្លាយខ្លួនជារុក្ខទេវតាក្នុងពេលនោះហោង ដោយអំណាចទានដែលហិរិកភិក្ខុជាព្រះអរហន្តលោកឧទ្ទិសឲ្យ ។ ហិរិភិក្ខុ និងភិក្ខុទាំង ១២ អង្គនាំគ្នាទៅក្រាបទូលព្រះមានព្រះភាគ អំពីរឿងប្រេតនោះ. ព្រះមានព្រះភាគទ្រង់ប្រជុំបរិស័ទ ហើយសំដែងធម៌ទេសនា ប្រារព្ធរឿងប្រេតនោះ ដល់ទីបំផុតទ្រង់ប្រកាសអរិយសច្ចធម៌ ៤ ប្រការមនុស្ស និងទេវតាទាំងទ្បាយ ដែលបានស្តាប់ ក៏បានសម្រេចមគ្គផលតាមនិស្ស័យរៀងខ្លួន ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |