អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,១៧២ ដង)
បុណ្យរមែងសម្រេចតាមបំណងអ្នកធើ្វ ដែលបានតាំងបា្រថ្នា

|
រឿងនានរោហិណ៌
(ចាក ធ. ខុ.) (បុណ្យរមែងសម្រេចតាមបំណងអ្នកធើ្វ ដែលបានតាំងបា្រថ្នា) មានសេចក្តីដំណាល ព្រះងនុវុទ្ធដ៏មានអាយុ បាននាំភិក្ខុជាបរិថវារនមន្តមក ក៏នាំគ្នាមកថ្វាយបង្គំ បាត់តែនាងរោហិណីជាប្អូនបង្កើតមិនឃើញមកថ្វាយបង្គំ ។ ព្រះថេរៈក៏សួរដំណឹងបានជ្រាបដោយព្រះញាតិវង្សប្រាប់ថា នាងមានសេចក្តីអៀនខ្មាស់ជាពន់ពេក ព្រោះកើតរោគសើរស្បែក(ស្រែង)បានជាមិនមក ។ ព្រះថេរៈក៏បង្គាប់ឲ្យគេហៅមក កាលបើនាងមកដល់ហើយថ្វាយបង្គំព្រះថេរៈដោយគោរព លោកសួរថា ហេតុអ្វីបានជានាងមិនមក? នាងទូលតាមអាការៈនៃសេចក្តីអៀនខ្មាស់ចំពោះថេរៈៗ ក៏សួរបន្តទៅទៀតថាចុះក្រែងនាងមិនចង់ធ្វើបុណ្យទេឬ? ឲ្យខ្ញុំព្រះករុណាធ្វើបុណ្យអ្វី? ចូរនាងសាងអាសនសាលាមួយទៅ។ នាងថាចុះខ្ញុំព្រះករុណាបានអ្វីធ្វើ? ព្រះថេរៈសួរថា ចុះនាងមានគ្រឿងបសាធនភណ្ឌដែរឬ? នាងឆ្លើយថាមាន។ បើដូច្នោះចូរនាងលក់របស់នោះ យកប្រាក់មកសង់សាលាចុះ។ នាងសួរថាបាននរណាគេជួយសង់ឲ្យខ្ញុំព្រះករុណា? ព្រះថេរៈក៏និយាយអង្វរក្រុមញាតិដែលនៅអង្គុយជិតថា សូមឲ្យជួយធ្វើសាសនសាលានាងរោហិណីផង អាត្មានឹងជួយឧបត្ថម្ភក្នុងកិច្ចកសាងនេះដែរ ។ ឯក្រុមញាតិ គេមានសេចក្តីអាណិតនាងរោហិណីនេះណាស់ នឹងគោរពតាមពាក្យអង្វរនៃព្រះថេរៈផង ក៏ជួយធ្វើដោយស្មោះស័គ្រ។ ព្រះថេរៈបានឲ្យទៅនាំទព្វសម្ភារៈ សម្រាប់ការកសាងនេះហើយបង្គាប់ឲ្យធ្វើសាលា ចាប់តាំងពីពេលក្រាលរនាបរួច ព្រមទាំងឲ្យតាក់តែងអាសនៈនឹងដងទឹកដំកល់ទុក សម្រាប់ប្រើប្រាស់លើសាលាជានិច្ចនិរន្តរ៍ កុំឲ្យអាក់ខានមួយពេលណាឡើយ ។ នាងរោហិណីក៏ទទួលធ្វើតាមបង្គាប់បងឥតមានខ្ចោះ ត្រាតែដល់រោគសើរស្បែក សះស្បើយស្រពោនថយចុះបន្តិចម្តងៗ ដោយអំណាចនៃបុញ្ញកម្មដែលនាង បានបោសសំអាតសាលាជាដើម ។ ថ្ងៃមួយនាងបានចាត់ចែងទានដ៏ថ្លៃថ្លា ប្រគេនដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន លើអាសនសាលារបស់នាង ។ លុះព្រះបរមគ្រូសម្រេចភត្តកិច្ចហើយ ទ្រង់ត្រាស់សួរព្រះអនុរុទ្ធថា ហៃអនុរុទ្ធ អ្នកណាជាម្ចាស់ទាននេះ ព្រះអនុរុទ្ធទូលថា បពិត្រព្រះមានជោគ នាងរោហិណី ជាប្អូនស្រីខ្ញុំព្រះអង្គជាម្ចាស់ទាននេះ ។ ចុះនាងនៅឯណា? បពិត្រព្រះអង្គនាងនៅក្នុងផ្ទះ ។ ព្រះអង្គក៏ត្រាស់ឲ្យព្រះអនុរុទ្ធហៅនាងមក តែមិនមក ទើបទ្រង់ត្រាស់ហៅផ្ទាល់ព្រះអង្គ ត្រាតែនាងមក ក៏ទ្រង់សួរថា នាងរោហិណី! ហេតុអ្វីបានជានាងមិនមក? នាងទូលថា ខ្ញុំព្រះអង្គមានសេចក្តីអៀនខ្មាស់ណាស់ព្រោះតែកើតរោគសើរស្បេក ។ រោគនេះកើតដល់នាង តើនាងដឹងថាកើតឡើងដោយហេតុអ្វី? នាងទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនដឹងសោះ ។ ព្រះអង្គត្រាស់ថា រោគសើស្បែកកើតឡើង ដោយសេចក្តីក្រោធ ។ នាងក៏សួរបុព្វកម្ម ដែលខ្លួនកសាងពីបុរេជាតិ ចំពោះព្រះអង្គៗត្រាស់ថាៈ ក្នុងកាលពីព្រេងព្រឹទ្ធយូរយាណាស់មកហើយ នាងបានជាអគ្គមហេសីនៃព្រះចៅក្រុងពារាណសី ។ ក្នុងចំណោមស្រីស្នំស្រីង្គារទាំងអស់ជាព្រះរាជបរិវារ មានស្រីរបាំម្នាក់មានរូបល្អស្រស់របស់ជាទីគាប់ព្រះទ័យព្រះរាជា ទ្រង់បានរួមរសមេត្រីស្នេហាតាមភាពនៃបុថុជ្ជនជានិច្ចកាល ឥតមានប្រែព្រះទ័យទៅស្នេហាលើរូបនាងជាអគ្គមហេសី ឬស្រីស្នំឯទៀតឡើយ ម្ល៉ោះហើយអគ្គមហេសី ក៏មានសេចក្តីប្រចណ្ឌច្រណែនឈ្នានិះចងគំនុំនឹងស្រីរបាំនោះថា អញនឹងធ្វើហងឲ្យមានសេចក្តីទុក្ខលំបាកជាមិនខាន លុះគិតដូច្នេះក៏បង្គាប់ឲ្យស្រីស្និទ្ធស្នាលមួយរូបយកខ្ញែរមក ទើបនាងលបគោះលំអិតខ្ញែរដាក់លើដំណេកនាងរបាំនោះ ពេលគោះហើយ ក៏ចូរទៅរកនាងរបាំប្រឡែងគ្នាលេង ធ្វើហាក់ដូចជាមានសេចក្តីរាប់រកណាស់ ហើយគោះលំអិតខ្ញែរដាក់លើសរីរះនាងទៀត ។នាងរបាំក៏ខ្វាខ្ញាំសរីរះនោះដរាបដល់ដោលឡើងជាពកតូចពកធំ នាងរត់ទៅប្រះខ្លួនលើដំណេក ក៏ស្រាប់តែរមាស់ជាក្រៃលែងដោយមានលំអិតខ្ញែនៅលើទីនោះឯង ។ អគ្គមហេសីក្នុងកាលនោះ បានមកកើតជានាង(រោហិណី) ហ្នឹង ។ លុះសំដែងបុព្វកម្មចប់ ហើយសម្តេចព្រះដ៏មានបុណ្យត្រាស់ព្រះពុទ្ធដីកាតទៅទៀតថា ម្នាលនាងរោហិណី នាងបានធ្វើកម្មយ៉ាងនេះឯង ព្រោះហេតុនោះ សេចក្តីក្រោធសូម្បីតែបន្តិចក្តី សេចក្តីច្រណែនក្តីនាងមិនគួរធ្វើទេ ។ ចប់ព្រះធម៌ទេសនាកាលណា នាងរោហិណីក៏បានសម្រេចសោតាបន្តិផលក្នុងពេលនោះ នឹងមានសរីរះស្អាតបាតសមរម្យល្អដូចជាមាសទឹកដប់ លុះអស់អាយុពីលោកនេះទៅ បនាទៅកើតក្នុងឋានតាវតឹង្ស ជាចន្លោះដែនទេវបុត្រទាំង៤អង្គ មានរូបរាងល្អឆ្នើមគួរជាទីចាប់ចិត្តនៃទេវបុទ្រទាំងនោះជាពន់ពេក ។ ព្រោះតែរូបនាងឆើតយ៉ាងនេះបានជាទេវបុត្រទាំង៤មានចិត្តប្រតិព័ទ្ធជាអស្ចារ្យ ជជែកតវ៉ាគ្នា ដណ្តើមនាងធ្វើជាអគ្គមហេសីរៀងៗខ្លួន តែមិនដាច់ស្រាច់ ក៏នាំនាងរោហិណីស្រ្តីល្អឆ្នើមទៅប្តឹងសម្តេចអមរិន្ទ្រាធិរាជសូមទ្រង់កាត់សេចក្តីរកយុត្តិធម៌ឲ្យ ។ ផ្តាសទៅទៀតសម្តេចអមរិន្ទរាធិរាជ គ្រាន់តែទតព្រះនេត្រ ចំរូបនាងរោហិណីពេលណាក៏មានព្រះទ័យស្រឡាញ់ហួសទេវបុត្រទាំង៤អង្គ ទើបទ្រង់ត្រាស់សួរថា អ្នកទាំងឡាយមកនេះមានការអ្វី? ទេវបុត្រក៏ក្រាប់បង្គំទូលពីរឿងរោហិណី ថា ខ្លួនមានសេចក្តីស្រឡាញ់គ្រប់ៗគ្នា ។ ព្រះឥន្ទត្រាស់សួរទេវបុត្រទាំង៤ថា ចិត្តអ្នករាល់គ្នា តាំងពីឃើញរូបនាងរោហិណី កើតមានសេចក្តីស្រឡាញ់យ៉ាងណាខ្លះ? ចូរអ្នករ៉ាយរ៉ាប់សេចក្តីមកមើល ។ ទេវបុត្រទី១ទូលថា ចិត្តខ្ញុំព្រះអង្គនៅមិនស្ងៀមសោះ តាំងពីឃើញរូបនាងកាលណា ចេះតែផ្អូកផ្អើសអរភ័យជានិច្ចហាក់ដូចស្គរជ័យ ដែលនៅកណ្តាលរឿងណរង្គ នៃសមរភូមិដូច្នោះ ។ ទេវបុត្រទី២ទូលថា ចិត្តខ្ញុំព្រះអង្គស្រឡាញ់ នាងរោហិណីណាស់ តែងតែហូរ គ្របដណ្តប់លើរូបនាងមិនដាចពេលវេលាណាទេ ហាក់ដូចជាទឹកឈូរ ដែលហូរចុះពីលើកំពូលភ្នំដូច្នោះ ។ ទេវបុត្រទី៣ទូលថា ចិត្តខ្ញុំស្រឡាញ់នាងរោហិណីខ្លាំងណាស់ព្រះអង្គ សូម្បីចក្ខុទាំងគូរបស់ខ្ញុំដែល សំឡឹងនាងនោះស្ទើរតែលៀនចេញមកដូចជាភ្នែកក្តាមទៅហើយ ។ ទេវបុត្រទី៤ទូលថាបពិត្រព្រះឧប្បត្តិទេវាវង្ស! ចិត្តខ្ញុំព្រះអង្គតាំងពីឃើញនាងរោហិណីកាលណាមិនបាននៅហ្នឹងតាមធម្មតាទេ ចេះតែឆ្លេឆ្លាចុះឡើងៗដូចជាកន្ទុយទង់ដែលគេលើកឡើងលើកំពូលចេតិយដូច្នោះឯង ។ សម្តេចអមរិន្ទ្រាធិរាជទ្រង់ព្រះសណ្តាប់ សេចក្តីរាយការណ៍នៃសេចក្តីស្រឡាញ់ដែលមាន ចំពោះលើរូបនាងរោហិណី របស់ទេវបុត្រទាំង៤នោះចប់ហើយមានបន្ទូលថា ចិត្តអ្នករាល់គ្នាដែលស្រឡាញ់នេះបើតាមខ្ញុំយល់ថានៅអត់ទ្រាំបាន មិនទាន់ជាខ្លាំងណាស់ណាទេ ឯចិត្តខ្ញុំវិញ ចាប់តាំងពីឃើញរូបនាងនេះ ក៏មានសេចក្តីស្រឡាញ់ជាអស្ចារ្យ ទាំងបានប្តេជ្ញាថា បើមិនបាននាងរោហិណីនេះធ្វើជាអគ្គមហេសីទេ មុខជាស្លាប់ក្នុងទីនេះដោយពិតបើបានធ្វើជាមហេសី ទើបមានជីវិតរស់តទៅ បានឃើញមុខអ្នករាល់គ្នា ។ ទៅបុត្រទាំងនោះបានព្រះបន្ទូលតប នៃសក្កទេវរាជហើយក៏ព្រមព្រៀងគ្នាលើកនាងរោហិណីថ្វាយជារង្វាន់ក៏គាប់ព្រះទ័យដល់ព្រះអង្គ ដើម្បីកុំឲ្យទ្រង់សោយព្រះទីវង្គត ។ នាងរោហិណី បានឡើងឋានន្តរ ជាអគ្គមហេសី ជាទីពេញព្រះទ័យនៃព្រះឥន្ទជាពន់ពេក ទ្រង់តែងមានសេចក្តីប្រោសប្រាណចំពោះបបួលទៅលេងក្នុងទីណាៗរបស់នាងជាធម្មតា មិនដែលហ៊ានហាមឃាត់ ឬប្រកែកនឹងពាក្យនោះដល់ម្តងណាឡើយ ។ ព្រោះហេតុនោះបានជាលោកសំដែងថា បុណ្យរមែងឲ្យសម្រេចប្រយោជន៍ តាមសេចក្តីប្រាថ្នា គ្រប់កាលវេលាទាំងពួង ដូចនិទាននាងរោហិណីនេះ ។ អត្ថបទនេះដកសស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |