30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៨,៧៥៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩០៥,៩៤០
សរុប ៣៨៩,៩៨៨,៤២៤
អានអត្ថបទ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៤១,៧០២ ដង)

គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា



ស្តាប់សំឡេង
 
រឿងព្រះសមុទ្ធត្ថេរ
( ចាក អ. ម.)
( គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា)


ក្នុង​​សម័​ព្រះបាទ​អសោក សោយ​រាជ្យ​នៅ​ក្រុង​បាតលីបុត្រ មាន​គហបតី​មួយ​រូប ជា​មហា​ពាណិជ្ជករ ខាង​សមុទ្រ​សាគរ បាន​នាំ​ភរិយា​ទៅ​កាន់​សមុទ្ទ​ដើម្បី​ជំនួញ​ លុះ​ទៅ​ដល់​សមុទ្ទ​ហើយ ភរិយា​ក៏​ប្រសូត​បាន​បុត្រ​មួយ​រូប នាំ​គ្នា​ឲ្យ​ឈ្នោះ​បុត្រ​នោះ​ថា " សមុទ្ទ​កុមារ " ។

១២ ឆ្នាំ​កន្លង​មក គហបតី​បាន​នាំ​ភរិយា​មក​ដី​គោក​ជា​ស្រុក​កំណើត​វិញ ពួក​ចោរ​សមុទ្ទ​បាន​​ស្ទាក់​ផ្លូវ ប្លន់​យក​ទ្រព្យ​សម្បត្តិ​អស់ ហើយ​សម្លាប់​គហបតី និង​ភរិយា​ទៅ នៅ​សល់​តែ​សមុទ្ទ​កុមារ​ម្នាក់​ឯង​រត់​រួច។

គ្រា​ក្រោយ​មក សមុទ្ទកុមារ​បាន​បួស​ជា​ភិក្ខុ ហើយ​តែង​ស្វែង​រក​អាហារ​បិណ្ឌ​បាត តាម​និគម​ជនបទ​រៀងៗ ទៅ​រហូត​ដល់​ក្រុង​បាតលីបុត្រ លោក​ចូល​ទៅ​បិណ្ឌ​បាត​តាម​ពន្ធ​នា​គារ​(គុក) របស់​ព្រះ​បាទអសោក ដែល​មាន​នាយចណ្ឌគិរិកៈ ជា​នាយ​គុក។

ចណ្ឌគិរិកៈ​នេះ ជា​មនុស្ស​កាច​សាហាវ​បំផុត ដូច​ជា​ពួក​និរយបាល​ក្នុង​ឋាននរក បាន​ធ្វើទារុណ​កម្ម​អ្នក​នៅ​ក្នុង​គុក​នោះ យ៉ាង​សាហាវ​បំផុត ដូច​ក្នុង​ឋាននរក​ដែរ មាន​ការ​កាត់​អណ្ដាត បកស្បែក ស្រុះ​ទឹកក្ដៅ​អារ​ច្រៀក​ដោយ​រណា​ជាដើម ជា​ពិសេស​បើ​ជន​ណាបាន​ចូល​ទៅ​ក្នុង​គុក​នោះ​ហើយ ទោះ​មាន​ទោសក្ដី ឥត​ទោស​ក្ដី​ត្រូវ​តែ​សម្លាប់​ទាំង​អស់ មិន​ឲ្យ​ចេញ​មក​វិញ​ឡើយ គេ​ចាត់​ទុក​ទី​នោះ​ ជា​ឋាននរក​របស់​ព្រះ​បាទអសោក។

សមុទ្ទភិក្ខុ បាន​និមន្ត​ចូល​ទៅ​ក្នុង​គុក​នោះ​ហើយ បាន​ឃើញ​ទារុណកម្ម​យ៉ាង​សាហាវ​ដូច្នោះ ក៏គិត​ថា ទី​នេះ​មើល​ពី​ខាង​ក្រៅ​មក ស្មាន​ថា​ទី​លំនៅ​របស់​មនុស្ស ដល់​ចូល​មក​ខាង​ក្នុង​ជា​ឋានរក​ទៅ​វិញ។ ពេល​នោះ​នាយ​ចណ្ឌគិរិកៈ​បាន​ឃើញ​ភិក្ខុ​នោះ​ហើយ​ ក៏​គម្រាម​ថា លោក​ចូល​មក​ដល់​ទី​នេះ ត្រូវ​តែ​ស្លាប់ មិន​អាច​ចេញ​ទៅ​វិញ​បាន​ឡើយ។ គ្រាន់​តែ​ឮ​ពាក្យ​នេះ សមុទ្ធភិក្ខុ ក៏​ស្រែក​ទ្រហោយំ​ខ្សឹក​ខ្សួល​រំពង​ក្នុង​គុក។

ចណ្ឌគិរិកៈ សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​យំ​ខ្លាច​ស្លាប់ យើង​មិន​បាន​នាំ​លោក​មក​ទី​នេះ​ទេ គឺ​លោក​ចូល​មក​ស្លាប់​ខ្លួន​ឯង។ សមុទ្ទភិក្ខុ ប្រាប់​តប​វិញ​ថា អាត្មា​មិន​មែន​យំ​សោក​ខ្លាច​ស្លាប់​ឡើយ គឺ​យំ​សោក​ស្ដាយ​នូវ​គុណ​នៃ​សមណធម៍​ដែរ​អាត្មា​ត្រូវ​បាន ព្រោះ​អាត្មា​ទើប​នឹង​បួស មិន​ទាន់​បាន​បំពេញ​សមណធម៍​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ។ ម្យ៉ាង​ទៀត​ការ​កើត​ជា​មនុស្ស​ជា​ការក្រ បាន​កើត​ជា​មនុស្ស​ហើយ បាន​ជួប​នឹង​ធម៍ព្រះពុទ្ធ ក៏​រិត​តែ​ក្រ​ណាស់​ទៅ​ទៀត អាស្រ័យ​ហេតុ​នេះ ទើប​អាត្មា​យំ​សោក​ស្ដាយ។

ចណ្ឌគិរិកៈ ប្រាប់​ថា តាំង​ពី​យូរ​យារ​មក​ហើយ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង បាន​ព្រះ​រាជទាន​ពរឲ្យ​ខ្ញុំ​ថា បើ​មាន​មនុស្ស​ចូល​មក​ដល់​កន្លែង​គុក​នេះ ត្រូវ​តែ​សម្លាប់​ចោល​មិន​ឲ្យ​ចេញ​ទៅ​វិញ​បាន​ឡើយ។ សមុទ្ទភិក្ខុ អង្វរ​នាយ​គុកថា សូម​លោក​ទុក​ជីវិត​ឲ្យ​អាត្មាភាព​បាន​ ៧ ថ្ងៃ​សិន ដល់​ថ្ងៃ​ទី​ ៨ បើ​លោក​ចង់​សម្លាប់​អាត្មា តាម​បំណង​លោក​ចុះ។ នាយ​​គុក​ក៏​យល់ព្រម​តាម​ពាក្យ​អង្វរ​របស់​លោក។

គ្រា​នោះ​ព្រះ​បាទ បាន​ទថ​ឃើញ​ស្នំ​ម្នាក់ កំពុង​ទាក់​ទង​ក្នុង​ផ្លូវ​ស្នេហា ជា​មួយ​យុវ​ព្រះ​អង្គ​ម្ចាស់​​មួយ​អង្គ ក៏​ទ្រង់​ពិរោធ ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ចាប់​អ្នក​ទាំងពីរ​នាំ​ទៅ​ដាក់​គុក។ នាយ​ចណ្ឌគិរិកៈ ទទួល​យក​អ្នក​ទោស​ពាន​វាំង​ទាំង​ពីរ​នោះ​ទៅ​ដាក់​ក្នុង​គុក​ហើយ ក៏​វាយ​សំពង​ក្បាល​អ្នក​ទោស​ទាំង​ពីរ​ដោយ​អង្រែ​ដែក ខ្ទេច​ក្បាល​លៀនភ្នែក​ស្លាប់​មួយ​រំពេច។

សមុទ្ទភិក្ខុ បាន​ឃើញ​ច្បាស់​នូវ​ទារុណកម្ម​នេះ​ហើយ  ក៏​កើត​សង្វេគ​ពិចារណា​ថា រូប​កាយ​ជា​របស់​មិន​ទៀង ជាទុក្ខ ជាអនត្តា តែងបែកធ្លាយ​ទៅ​ដោយ​ឆាប់​រហ័ស ដូច​ជា​ពពុស​ទឹក​។ មើលចុះ រូបឆោម យុវបុរស​យុវនារី​ទាំង​ពីរ​ដ៏ល្អស្រស់​ប្រិមប្រិយ​នេះ កំពុង​ពេញ​វ័យ​ចម្រើន​​លូត​លាស់​ដូច​ក្រពុំផ្កា ឥឡូវនេះ​វិនាស​សភាព​សង្ហារ លំអរ​នោះ​អស់​ទៅ​ក្លាយ​ជា​រូប​​អសុភ គួរ​ខ្ពើម​រអើម។ លោក​ពិចារណា​ក្នុង​ព្រះត្រៃលក្ខណ៍​យ៉ាង​នេះ​អស់​មួយ​រាត្រី ក៏​បាន​សម្រេច​សោតាបត្តិផល ដល់​ថ្ងៃ​ទី ៧ ក៏​បាន​សម្រេច​អរហត្តផល ជា​អសេខបុគ្គល។

នាយ​គុក ចណ្ឌគិរិកៈ ប្រាប់​ព្រះ​សមុទ្ទត្ថេរថា លោក​ចាំ​ពាក្យ​សន្យា​ឬទេ? ថ្ងៃ​នេះ​ដល់​វេន​លោក​ស្លាប់​ហើយ​ព្រះ​សមុទ្ទត្ថេរ មាន​ថេរដីកាថា អាត្មា​ចាំ​ហើយ រាត្រី​របស់​អាត្មា​កន្លង​ទៅ​អស់​ហើយ ដួង​ព្រះ​អាទិត្យ​របស់​អាត្មា​គឺ​ការ​ឃើញ​ច្បាស់​នូវ​លោក​ទាំង​បី​បាន​រះ​ហើយ ពេល​ជា​មង្គល​របស់​អាត្មា គឺ​កិច្ច​ដែល​ព្រះ​សម្ពុទ្ធ​ធ្វើ​ហើយ អាត្មា​បាន​បំពេញ​សព្វ​គ្រប់​ហើយ បើ​អ្នក​ចង់​សម្លាប់​អាត្មា តាម​បំណង​អ្នកចុះ។

ពេល​នោះ នាយ​ចណ្ឌគិរិកៈ ក៏​ចាប់​ព្រះ​សមុទ្ទត្ថេរ បោះ​ចូល​ទៅ​ក្នុង​ខ្ទះ​ដែក​យ៉ាង​ធំ ដែល​ពេញ​ប្រៀប​ទៅដោយ​ខ្លាញ់​ខ្ទុះ​ឈាម​កំទេច​សាក​សព​កំពុង​ពុះ​ហើយ ប្រាប់​អ្នក​ដុត​ភ្លើង​អោយ​ដុត​ថែម ឆេះ​សន្ធោសន្ធៅ​ឡើង។

កាល​ព្រះ​សមុទ្ទត្ថេរ ជា​ព្រះ​អរហន្ត ធ្លាក់​ចុះ​ដល់​ខ្ទះ​នោះ​ហើយ កំដៅ​​ក៏​វិនាស​បាត់​អស់ ផ្កា​ឈូក​យ៉ាង​ធំ ប៉ុន​មាត់​ខ្ទះ​ក៏​មាន​ត្របក ១ ពាន់ស្រទាប់​ក៏​កើត​ឡើង លោក​គង់​ស្ងៀម​ធ្វើ​សមាធិ​លើ​ផ្កា​ឈូក​នោះ។

នាយ​ចណ្ឌគិរិកៈ ឃើញ​ដូច្នោះ​រឹត​តែ​ក្រេវ​ក្រោធ ស្ទុះ​ទៅ​សំពង​លោក​មួយ​ដំបងដែក ហើយ​បង្គរ​អុស​ដុត​ឲ្យ​ឆេះសន្ធោសន្ធៅ​ថែម​ទៀត ប៉ុន្តែ​ទម្ងន់​ដំបង​ដែក និង​កំដៅ​ភ្លើង​មិន​អាច​ប៉ះ​ពាល​ដល់​សរីរៈ​របស់​ព្រះថេរៈ​ឡើយ។ នាយ​រឹត​តែ​ខឹង ក៏​បោច​រោច​ផ្ទះ​ចាស់ៗ សម្ភារៈផ្សេង​ៗ ដែល​អាច​ដុត​បាន​មក​គរ​លើ​ខ្ទះ​ខ្លះ ក្រោម​ខ្ទះ​ខ្លះ ដល់​ភ្លើង​នោះ​ឆេះ​ទ្រោមអស់​ទៅ​ឃើញ​​ព្រះ​ថេរគង់​លើ​ផ្កាឈូក​ស្រស់​ញញឹម​ដដែល​ទាំង​ខ្ទះ​ទាំង​ទឹក​ក៏​គ្មាន​ក្ដៅ​សោះ​ឡើយ ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ​ហើយ ក៏​រត់​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បាទអសោក សូម​ស្ដេច​យាង​មក​ទត​ហេតុ​អស្ចារ្យ​នេះ។

ព្រះរាជា ស្ដេច​យាង​មក​ជា​មួយ​រាជបរិពារ ជាច្រើនពាន់នាក់ ទម្លាយ​កំពែងគុក ឲ្យ​មនុស្ស​រាប់​កោដិ​បាន​ចូល​ទៅ​មើល​ព្រះថេរៈ​ផង។ ពួក​មហាជន​ក្នុង​ក្រុង ក៏​នាំ​គ្នា​ទៅ​ចោម​រោម​មើល​ព្រះថេរៈ​មេដេរដាស​ពេញ​ផ្ទៃ​គុក ក៏​ធំ​ទូលាយ​នោះ។

ព្រះសមុទ្ទត្ថេរ​បាន​ជ្រាប​ថា ព្រះបាទអសោក ជា​មហារាជូបត្ថម្ភ​ចំពោះ​ព្រះពុទ្ធសាសនា យ៉ាង​ក្រៃ​លែង​ទៅ​អនាគត ទើប​លោក​ថ្លែង​រិទ្ធិ​ហោះ​ចេញ​ចាក​ខ្ទះ ទៅ​ប្រតិស្ថាន​ព្ធដ៏​អាកាល បញ្ចេញ​ទទឹក​ឲ្យ​ហូរ​ចេញ​ពី​កាយ​ផ្នែក​ខាង​លើ ហើយ​បញ្ចេញ​ភ្លើង ឲ្យ​ផ្សាយ​ចេញ​ពី​ផ្នែក​ខាង​ក្រោម មាន​ពន្លឺ​ព្រោង​ព្រាត​ពេញ​ផ្ទៃ​មេឃ ដើម្បី​ញ៉ាំង​ព្រះបាទអសោក ឲ្យ​រឹត​តែ​មាន​សេចក្ដី​ជ្រះថ្លា​ចំពោះ​ពុទ្ធសាសនា​។

ពេល​នោះ​ព្រះបាទអសោក និងពួករាជបរិពារ ព្រម​ទាំង​មហាជន មាន​បីកិស្ងប់ស្ងែង​ព្រឺរោមព្រឺស្បែក ព្រះ​រាជា​លើក​ព្រះ​ហស្ថ​ប្រណម្យ មាន​ព្រះ​បន្ទូល​ថា ភិក្ខុ​នេះដូចគ្នា​នឹង​យើង​រាល់​គ្នា​ដោយ​រូបកាយ ប៉ុន្តែ​ឫទ្ធានុភាព និង​សេចក្ដីបរិសុទ្ធ​របស់​លោក វិសេស​លើស​លុប​ជាង​មនុស្ស​ទូទៅ ខ្ញុំ​មិន​ទាន់​ស្គាល់​ព្រះ​នាម​លោក​ម្ចាស់​ទេ សូម​លោក​ម្ចាស់​ជា​ទីពឹង ខ្ញុំ​នឹង​គោរព​តាម​ឪឱវាទ​លោក​ម្ចាស់​តទៅ។

ព្រះសមុទ្ទត្ថេរ មាន​ថេរដីកា ចំពោះ​ព្រះបាទអសោក​ថា បពិត្រមហារាជ ព្រះអរហន្តសម្ពុទ្ធ​ជា​បរមគ្រូ មាន​ករុណាដ៏ធំ បានសម្រេចនូវ​អមតនិព្វាន ហើយញ៉ាំអ្នកដទៃឲ្យ​គោរព​តាម​ឱវាទ​​ព្រះអង្គ ឲ្យបាន​សម្រេច​នូវ​អមតនិព្វាន ហើយញ៉ាំ​អ្នកដទៃ​ឲ្យ​គោរព​តាម​ឱវាទព្រះអង្គ ឲ្យ​បាន​សម្រេច​នៅ​អមតនិព្វាន​ដូច​ព្រះអង្គ​ដែរ។ បពិត្រ​មហារាជ ព្រះសម្ពុទ្ធ​ទ្រង់ជ្រាប​ថា​ក្រោយ​ពេល​ព្រះអង្គ​បរិនិព្វាន​ទៅ មាន​ព្រះ​រាជា​មួយ​ព្រះអង្គ​ព្រះនាម​អសោក គឺតួ​ព្រះ​អង្គ​នេះ​ឯង ជាស្ដេច​ចក្រពត្តិ គ្រប់គ្រងជម្ពូទ្វីបទាំងមូល ជាធម្មិកមហារាជ ជួយ​ទំនុក​បំរុង​ពង្រីក​​ផ្សាយ​ព្រះពុទ្ធសាសនា ឲ្យ​បាន​ចម្រើន​រុង​រឿង​ក្រៃលែង ឥឡូវ​ត្រឡប់​ជា​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​ឲ្យ​គេ​សាង​គុក​ដ៏​ធំ​ដូច​ជា​សាង​ឋាននរក ទ្រង់​បាន​បំផ្លាញ និង​ឲ្យ​គេ​បំផ្លាញ​ជីវិត​មនុស្ស​រាប់​ម៉ឺនសែន។ បពិត្រ​មហារាជ សូម​ទ្រង់​ព្រះរាជទាន អភ័យ​ចំពោះ​សត្វ​លោក​ទាំង​អស់ សូម​ព្រះអង្គ​មេត្តា​ករុណា​ធម៌​ឲ្យ​កើត​ឡើង សូម​ចែកចាយ​ព្រះសារីរិកធាតុ ផ្សាយ​ពុទ្ធ​សាសនា​ឲ្យ​បានរុងរឿង ឲ្យ​បាន​ស្រប​តាម​ពុទ្ធ​ទំនាយ​របស់​ព្រះ​បរមគ្រូ។

ព្រះរាជា មាន​ព្រះ​ទ័យ​រីករាយ​ជ្រះថ្លា ប្រណម្យអញ្ចលី មាន​បន្ទូល​ថា អំពើ​របស់​ខ្ញុំ​ព្រះ​ក​រុ​ណា​ក្នុង​ពេល​មុន​អាក្រក់​ណាស់ សូម​លោកម្ចាស់​អត់ទោស​ចំពោះ​ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​ដល់​លូវ​ព្រះរតនត្រ័យ ជាទីពឹង​ទីរលឹក​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​នឹង​ផ្ដើម​បំពេញ​ការ​កុសល​ នឹង​សាង​ព្រះស្ដូក​ឲ្យ​បាន​ច្រើន​លើ​ផ្ទៃ​ប្រថពី​នេះ ដើម្បី​ជាទី​គោរពសក្ការៈ និង​ជា​ទី​រលឹក​​ចំពោះ​អង្គព្រះអរហន្តសម្ពុទ្ធ។

ព្រះសមុទ្ធត្ថេរ​បាន​ជ្រាប​ថា ព្រះ​បាទ​អសោក​មាន​សទ្ធា​ជ្រះ​ថ្លា​ស៊ប់​ចំពោះ​ពុទ្ធ​សា​ស​នា​ហើយ​ ក៏​ថ្វាយ​ព្រះពរ​លានិមន្ត​តាម​អាកាស​ទៅបាត់ទៅ។ ពេល​នោះ ព្រះរាជា​ប្រុង​យាង​ទៅ​ព្រះ​រាជដំណាក់​វិញ ចណ្ឌគិរិកៈ ទូលឃាត់​ថា បពិត្រ​មហារាជ កាល​ពី​មុន​ព្រះអង្គ​មាន​បន្ទូល​ប្រទានពរ​ចំពោះ​ខ្ញុំ​ព្រះអង្គ​ថា បើ​អ្នក​ណា​ចូល​មក​ក្នុង​ទី​គុក​នេះ ចេញ​ទៅ​វិញ​ពុំបាន ត្រូវ​ខ្ញុំ​ព្រះអង្គ​សម្លាប់ ឥឡូវ​ព្រះអង្គ​យាង​មក​ដល់​ហើយ សូម​គង់​ក្នុង​ទី​នេះ។

ព្រះរាជា​ត្រាស់​សួរ​ថា ឯង​ចង់​សម្លាប់​យើងឬ? ព្រះ​ករុណា​វិសេស ទូលបង្គំ​នឹង​ធ្វើ​គត់​ព្រះ​អង្គ​តាម​កិច្ច​សន្យា។ អើ! យើង​ទាំង​ពីរ​នាក់​នេះ គឺ​អ្នក​ណា​ចូល​មក​​ក្នុង​ទី​នេះ​មុន? សូម​ទ្រង់​ជ្រាប ទូល​បង្គំ​ចូល​មក​ក្នុង​ទី​នេះ​មុន​ព្រោះ​ជា​អ្នក​រក្សា​ទី​នេះ។ អើ! ត្រូវ​តាម​សន្យា​ហើយ អញ​ត្រូវ​សម្លាប់​ឯង​មុន។

ក្នុង​មួយ​រំពេច​នោះ ព្រះរាជា​ត្រាស់​ហៅ​រាជបរិពារ​មក​ឲ្យ​ចាប់​នាយ​ចណ្ឌគិរិកៈ​កំណាច យក​​ទៅ​វាយ​ផ្ចាញ់ផ្ចាល​ហើយដុត​ទាំង​រស់​ស្លាប់​ទៅ។ ទើប​ព្រះ​រាជា ​ត្រាស់​ឲ្យ​ទម្លាយ​រុះរើ​គុក​​ចោល ទ្រង់​ប្រទាន​អភ័យ​ចំពោះ​សត្វ​លោក​ទាំង​អស់ និង​បានឧបត្ថម្ភ​ព្រះ​ពុទ្ធសាសនា​យ៉ាង​ក្រៃលែង​ដរាប​ដល់​អស់​ព្រះជន្ម។

ពួក​មហាជន ក៏​បាន​ថ្វាយ​បរមនាម​ព្រះ​អង្គថា ព្រះបាទធម្មាសោក ជាប់​រហូត​មកដល់​សព្វ​ថ្ងៃ​នេះព្រោះ​ព្រះអង្គ មានព្រះទ័យ​ស្លូតបូត ប្រកបដោយធម៍ កាល​ព្រះអង្គ​ប្រសូត្រ​មក មាន​បរមនាមថា "អសោក" ព្រោះកាល​ប្រសូត្រ ព្រះមាតា​មិន​មាន​សេចក្ដី​លំបាក ដោយ​ប្រឈួនព្រះឧទរឡើយ កាល​ព្រះអង្គ​កំពុង​ប្រើ​ឫទ្ធិអំណាច​កាច​សាហាវ មាន​បរមនាម​ថា "ចណ្ឌាសោក" ព្រោះព្រះអង្គ​មានឫទ្ធិអំណាច​កាចសាហាវ​ណាស់ ទ្រង់​សម្លាប់​មនុស្ស​រាប់​ម៉ឺនសែន ដោយផ្ទាល់​ព្រះហស្ថផង ដោយ​ប្រើ​ព្រះខន្ធពេជ្រ ឲ្យទៅកាត់​ក្បាល​មនុស្ស បាន​ក្នុង​ទី​មួយ​យោជន៍​ផង​និង​ដោយ​ប្រើ​ច្រវាក់​មាស ឲ្យ​ទៅ​ចង​មនុស្ស ក្នុង​ទី​មួយ​យោជន៍​បាន​ឆាប់​រហ័ស​ តាម​ព្រះ​រាជ​បំណង​ផង។


ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និ​ទាន​ជាតក​
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៥៨១ ដង)
រឿង​ពាណិជ្ជ​លង់​ទឹក​សមុទ្រ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿