អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៥,៨៨៣ ដង)
រឿងស្រ្តីពីរនាក់ចងពៀរនឹងគ្នា

|
រឿងស្រ្តីពីរនាក់ចងពៀរនឹងគ្នា
(ចាក ធ. ខុ.) (អ្នកធ្វើបាបគេ ត្រូវគេធ្វើបាបខ្លួនវិញ) មានស្រ្តីម្នាក់ជាស្រីអាឥតកូន ខ្លាចក្រែងប្តីយកប្រពន្ធមួយទៀត នឹងត្រួតត្រាលើខ្លួន ក៏ទៅដណ្តឹងស្រ្តីម្នាក់មកឲ្យជាប្រពន្ធរបស់ប្តីដោយខ្លួនឯងដើម្បីឲ្យប្រពន្ធក្រោយនៅក្រោមអំណាចខ្លួន ។ លុះគេមានគ៌ភក៏ផ្សំថ្នាំឲ្យគេស៊ីរលូតគ៌ភដល់ពីរដង ម្តងក្រោយទៀតជាគំរប់បីប្រពន្ធចុង ក៏ស្លាប់ទាំងកូនក្នុងពោះ ។ វេលានឹងស្លាប់នោះ បានចងពៀរនឹងគ្នាថា " បើអញទៅកើតជាអ្វីក៏ដោយ សូមឲ្យបានស៊ីកូនវាវិញកុំខាន " ។ លុះប្រពន្ធចុងស្លាប់ទៅ រៀបនឹងស្លាប់បានចងពៀរដូចគ្នា។ ឯភរិយាដែលជាប់ពៀរនឹងគ្នាទៅមុខទៀតនោះ យ៉ាងនេះគឺៈ ជាតិទី១ ប្រពន្ធចុងជាមេឆ្មា ប្រពន្ធដើមជាមេមាន់ ។ ជាតិទី២ ប្រពន្ធចុងជាមេម្រឹគ ប្រពន្ធដើមជាមេខ្លាដំបង ។ ជាតិទី៣ ប្រពន្ធចុងជាយក្ខិនី ប្រពន្ធដើមជាកុលធីតា ។ ស៊ីតែកូនគ្នាទៅវិញទៅមករាល់ៗជាតិ ។ ក្នុងជាតិទី ៣ ប្រពន្ធចុងដែលកើតជាយក្ខិនីស៊ីកូនប្រពន្ធដើម ដែលកើតជានាងកុលធីតាដល់ពីរដងវេលាដែលប្រារព្ធនឹងស៊ីជាគំរប់បី នាងកុលធីតាក៏នាំកូនខ្ចីរត់ចូលទៅឯវត្តជេតពន ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់កំពុងសម្តែងធម៌កណ្តាល ប្រជុំពុទ្ធបរិស័ទ នាងកុលធីតាក៏យកទៅដាក់ក្បែរព្រះបាទថ្វាយព្រះអង្គ ។ ក្នុងខណៈនោះ នាងយក្ខិនីរត់តាមមកទាន់ ព្រះអង្គមានព្រះពុទ្ធដីកាថា " នែនាងទាំងឡាយ! ត្រូវឈប់ចងពៀរនឹងគ្នាទៅ ត្បិតអំពើដែលនាងឯងចងពៀរនឹងគ្នានេះ បើប្រសិនណាជាមិនបានជួបនឹងតថាគតទេ ពៀរនេះមុខជានឹងចេះតែចងពៀរគ្នាដរាបអស់១កប្បនេះមិនខានប៉ុន្តែឥឡូវនេះ នាងទាំងពីរនាក់បានមកជួបនឹងតថាគតហើយ ឈប់ចងពៀរនឹងគ្នាទៀតទៅ ពៀរនេះនឹងរលត់អស់ត្រឹមនេះ" ។ ស្រ្តីទាំងពីរនាក់នោះ ក៏លែងចងពៀរនឹងគ្នាតាំងអំពីថ្ងៃនោះមកត្រឡប់ជាមានចិត្តស្នេហាស្រឡាញ់គ្នាតទៅ។ អត្ថបទនេះដកស្រងចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |