អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១០២ ដង)
ស្រលាញ់ខ្លួនឲ្យស្ងួនចំណី ស្គាល់គុណទោសពៃរ៍ទើបបានសុខា

|
រឿងភិក្ខុហល់ផ្ទៃ
( ចាក សុ. តិ. ) ( ស្រលាញ់ខ្លួនឲ្យស្ងួនចំណី ស្គាល់គុណទោសពៃរ៍ទើបបានសុខា ) កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅវត្តជេតពន នាក្រុងសាវត្ថី មានភិក្ខុមួយអង្គល្មោភចង្ហាន់ បានទទួលភត្តក្នុងថ្ងៃមង្គលមួយ ក៏ឆាន់ទាលតែហល់ផ្ទៃ ស្ទះខ្យល់ដកដង្ហើមមិនរួច មកពីឆាន់ច្រើនពេក ភិក្ខុទាំងឡាយ ជ្រួលជ្រើមពេញវត្ត ជួយរកថ្នាំដាក់ឲ្យ ប៉ុន្តែមិនបានជា មួយស្របក់ក៏សុគតទៅ ។ ព្រះសម្ពុទ្ធទ្រង់ជ្រាបរឿងឆាន់ឥតរបបនេះ ទើបប្រជុំសង្ឃក្នុងធម្មសភា ហើយលើកអតីតភិក្ខុនោះមកសំដែងថា ៖ កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជក្នុងក្រុងពារាណសី ។ ព្រះពោធិសត្វ ទ្រង់សោយព្រះជាតិជាសេកបក្សា នៅនាព្រៃហេមពាន្ត ជាស្តេចនៃសេកទាំងពួង មានសេកមួយពាន់ជាបរិវារ ហើយមានកូនឈ្មោលមួយ ។ លុះខាងក្រោយមក សេកពោធិសត្វជាបិតានៃកូនសេកនោះ ងងឹតភ្នែកទាំងពីរ ឯសេកជាមាតាក៏ងងឹតដែរ ។ ការងងឹតភ្នែកនេះ ជាទំនៀមរបស់សត្វសេក ព្រោះហើរមានសន្ទុះខ្លាំង តែដល់ចាស់ត្រូវងងឹតភ្នែកជាមុន ។ ឯសេកជាកូន កាលបើមាតាបិតាងងឹតភ្នែកហើយ ក៏តែងរកចំណីមកចិញ្ចឹម ។ ថ្ងៃមួយហើរ ទៅទំលើកំពូលភ្នំខ្ពស់ជិតមាត់សមុទ្រ បានឃើញកោះមួយនៅកណ្តាលសមុទ្រ ក្នុងកោះនោះមានសុទ្ធតែដើមស្វាយ ដុះទ្រុបទ្រុលមានផ្លែធំៗ ពណ៌ក្រហមដូចមាស ផ្លែគ្រប់មែកគ្រប់ទង ។ កូនសេកក៏ហើរទៅស៊ីផ្លែស្វាយនោះឆ្អែតហើយ ពាំយកផ្លែទុំល្អពីរបីយកទៅជូនមាតាបិតា ។ស្តេចសេកពោធិសត្វ បានស៊ីស្វាយនោះហើយ ស្គាល់ជាក់ជាស្វាយដុះនៅកណ្តាលកោះ ក៏ហាមប្រាមកូនថា កុំទៅកោះនោះទៀត ព្រោះមានអន្តរាយច្រើនយ៉ាងណាស់ ត្បិតផ្លែស្វាយនោះ មានឳជារសទិព្វ ស៊ីមិនចេះឆ្អែតទេ ក្រែងបាស៊ីជ្រុលហល់ ហើរមិនបានយូរ ម្យ៉ាងទៀតខ្យល់ក្នុងសមុទ្រខ្លាំងៗណាស់ ។ ចំណែកសេកជាកូននោះ មិនព្រមស្តាប់ ដល់ព្រឹកឡើងហើរទៅកោះនោះទៀត ព្រោះញៀនស្វាយ ទៅដល់ស៊ីស្វាយអស់ជាច្រើន ទាល់តែណែនពោះហើយ ពាំពីរបីហើរឆ្លងសមុទ្រមក ហេតុតែសេកនោះស៊ីឆ្អែតពេក កំពុងតែហើរ ក៏ងុយដេកជាខ្លាំងទប់ពុំបាន ក៏ដេកលក់ទាំងហើរ ក៏ជ្រុះស្វាយពីមាត់អស់ ដល់ស្វាងឡើងវង្វេងផ្លូវ ចេះតែហើរស្មានៗ ដល់គាំងស្លាបធ្លាក់ស្លាប់ក្នុងមហាសមុទ្រនោះទៅ ។ ដល់ពេលល្ងាចសេកជាមាតាបិតាចាំមើលផ្លូវមិនឃើញ ក៏យំសោក ដោយដឹងថាកូនស្លាប់ព្រោះតែទៅស៊ីផ្លែស្វាយនោះឯង ។ កន្លងមកបួនដប់ថ្ងៃ សេកទាំងពីរនោះក៏ដាច់ចំណី ដាច់ទឹក ស្លាប់ទាំងពីរទៅហោង។ កាលព្រះសម្ពុទ្ធបរមគ្រូ សំដែងនូវអតីតនិទាននេះចប់ហើយ ទ្រង់ប្រជុំជាតិថា កូនសេកក្នុងកាលនោះ គឺភិក្ខុមិនដឹងប្រមាណទាល់តែហល់ផ្ទៃស្លាប់នេះឯង ឯស្តេចសេកពោធិសត្វក្នុងកាលនោះគឹតថាគតហ្នឹងឯង ។ បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |