អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១,០៩៦ ដង)
រឿងស្តេចចណ្ឌប្បជ្ជោត

|
រឿងស្តេចចណ្ឌប្បជ្ជោត
( ចាក ម. អ. ) ( កម្លាំងនៃសេចក្តី ប្រាថ្នារបស់អ្នកមានសទ្ធា ) កាលកន្លងទៅហើយមានឥស្សរជនម្នាក់ ធ្វើដំណើរទៅងូតទឹកខាងក្រៅនគរ លុះមកវិញបានប្រទះព្រះបច្ចេកពុទ្ធមួយអង្គ ត្រាច់បិណ្ឌបាត្រត្រង់ពាក់កណ្តាលផ្លូវ មិនបានចង្ហាន់សោះគឺមានបាត្រទទេ ព្រោះពួកអ្នកនគរនោះលុះដោយអំណាចមារចូលជ្រាបទាំងអស់គ្នា ទើបគាត់ថ្វាយបង្គំឲ្យឈប់ហើយសួរថា បពិត្រលោកម្ចាស់ដ៏ចំរើនបានចង្ហាន់ខ្លះដែរឬទេ ? ព្រះបច្ចេកពុទ្ធឆ្លើយតបថា ម្នាលអាវុសោ អាត្មាគ្រាន់តែចូលទៅភ្លាមហើយចេញមកវិញ ។
ជនជាឥស្សរគិតថាលោកម្ចាស់នេះមិនឆ្លើយតាមពាក្យអញសោះ បែរជាពោលពាក្យដ៏ទៃវិញ ប្រហែលជាមិនបានចង្ហាន់ទេមើលទៅ ទើបអោនឈ្ងោកមើលបាត្រមិនឃើញមានចង្ហាន់មួយគ្រាប់សោះ ហើយគាត់មិនបានយកបាត្រទៅទេ ព្រោះគាត់មិនបានដឹងភក្តឯផ្ទះមានឬគ្មាន ទើបទូលថា បពិត្រលោកម្ចាស់បង្អង់ចាំកាលបន្តិច គាត់ក៏ស្ទុះរត់ទៅផ្ទះដោយសន្ទុះយ៉ាងលឿន ដឹងថាមានភក្តក៏បញ្ជូនអ្នកបំរើម្នាក់ថា នែអ្នកឯងត្រូវរត់ទៅយកបាត្រលោកម្ចាស់ឲ្យលឿនមក ។ អ្នកបំរើក៏រត់ទៅយកមកបាន ជនជាឥស្សរដាក់ភត្តដាក់បាត្រទាល់តែពេញហើយ ពោលម្តងទៀតថា អ្នកយកបាត្រទៅប្រគេនលោកម្ចាស់យ៉ាងឆាប់ អញចែកបុណ្យឲ្យអ្នកខ្លះបុរសនោះស្ទុះរត់ទៅយ៉ាងលឿនប្រគេនបាត្រទៅព្រះបច្ចេកពុទ្ធ រួចថ្វាយបង្គំតាំងសេចក្តីប្រាថ្នាថាបពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាទៅផង មកផង ដោយរបឿនលឿនរហ័សនេះ សូមឲ្យខ្ញុំព្រះករុណាកើតជាតិណាៗ មានវាហនៈទាំងឡាយទៅបានចម្ងាយ៥០យោជន៍ ១០០ យោជន៍ ២០០យោជន៍ ដែលខ្ញុំព្រះករុណារត់ទៅមកក្តៅដោយកំដៅព្រះអាទិត្យ ទាំងចំណែកបុណ្យដែលម្ចាស់ខ្ញុំព្រះករុណាឲ្យនោះសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា ។ព្រះបច្ចេកពុទ្ធពោលថា សេចក្តីប្រាថ្នាដែលអ្នកប្រាថ្នាហើយឲ្យបានសម្រេចឆាប់រួសរាន់ទាន់ចិត្ត ។ បុរសនោះ អន្ទោលទៅមកក្នុងសំសារវដ្តជាយូរអង្វែង ដល់ពុទ្ធកាលព្រះសម្មាសម្ពុទ្ធយើងនេះ បានមកកើតជាស្តេចទ្រង់ព្រះនាមចណ្ឌប្បជ្ជោត នានគរឧជ្ជេនី ដោយអានិសង្សនោះ ព្រះអង្គមានវាហនៈ៥ គឺមេដំរីមួយ ទៅមួយថៃ្ងបាន៥០យោជន៍ ខ្ញុំប្រុសម្នាក់រត់បាន៦០យោជន៍ សេះពីរឈ្មោះវេលកំសិ និងមុញ្ជកេសិរត់បាន១០០ យោជន៍ ដំរីឈ្មោលនាឡាគិរី រត់មួយថ្ងៃបាន ២០០យោជន៍សម្រេចដូចសេចក្តីប្រាថ្នាមែន ។ ( ព្រះមហា ប៉ុល សៅ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |