ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/3413/2026-07-05_09_31_29-Untitled_-_Notepad.jpg
ផ្សាយ : ០៥ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៨ ដង)
ព្រោះហេតុតែចង់គាំទ្រការខឹងក្រោធរបស់ខ្លួន យើងត្រូវបាត់បង់កម្មដ្ឋាន បាត់បង់សុខភាពរបស់ចិត្ត បាត់បង់សេចក្តីសុខជាមួយនឹងអ្នកដែលយើងស្រឡាញ់ ។ល។ តាមពិត យើងមិនត្រូវបណ្តោយឲ្យបាត់បង់នូវឥទ្ធិពលនៃគុណធម៌របស់ខ្លួន ព្រោះហេតុតែរឿងនោះៗឡើយ គួរសិក្សាឲ្យឃើញការពិតនៃលោកនេះ ចាករឿងទាំងឡាយក្នុងលោកនេះវិញ ទើបមិនខាតពេលក្នុងជីវិតដែលបានកើតមកជួបនឹងព្រះពុទ្ធសាសនា ។ នៅក្នុងនិរយវគ្គ ( វគ្គទី ២២ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា នគរំ យថា បច្ចន្តំ គុត្តំ សន្តរពាហិរំ ឯវំ គោបេថ អត្តានំ ខណោ មា វោ ឧបច្ចគា ខណាតីតា ហិ សោចន្តិ និរយម្ហិ សមប្បិតា ។ នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅយ៉ាងណា អ្នកទាំងឡាយគួររក្សាខ្លួនយ៉ាងនោះ កុំឲ្យខណៈ ( ពេលដែលព្រះពុទ្ធបានត្រាស់ដឹង ) កន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយ ដែលឲ្យខណៈកន្លងហើយ រមែងសោកស្តាយក្នុងនរក មីរដេរដាស ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3397/2026-06-30_12_59_04-Greenshot.jpg
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០២៦ (អាន: ៣៥៤ ដង)
សម័យបច្ចុប្បន្ននេះ ជាសម័យលោកុត្តរធម៌ សូមទស្សនានិងសវនាគម្ពីរអដ្ឋកថានិងគម្ពីរដីកាដូចតទៅនេះ ក៏ពាក្យថា « ១ ពាន់ឆ្នាំ » នេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដោយអំណាចនៃព្រះខីណាស្រពអ្នកដល់នូវសេចក្ដីបែកធ្លាយក្នុងបដិសម្ភិទាប៉ុណ្ណោះ ។ តែនឹងតាំងនៅ​លើស​ពី ១ ពាន់ឆ្នាំនោះខ្លះ គឺនឹងតាំងនៅអស់ ១ ពាន់ឆ្នាំ(ទី ២ )ដោយអំណាចនៃព្រះខីណាស្រពជាសុក្ខវិបស្សកៈនឹងតាំងនៅអស់ ១ ពាន់ឆ្នាំ(ទី ៣ )ដោយអំណាចនៃព្រះអនាគាមី, នឹងតាំងនៅអស់ ១ ពាន់ឆ្នាំ(ទី ៤ )ដោយអំណាចនៃព្រះសកទាគាមី, នឹងតាំងនៅអស់ ១ ពាន់ឆ្នាំ(ទី ៥ )ដោយអំណាចនៃព្រះសោតាបន្ន , បដិវេធសទ្ធម្មនឹងតាំងនៅបានរហូតគ្រប់ ៥ ពាន់ឆ្នាំ ដោយប្រការដូចដែលបានរៀបរាប់មកនេះ ។ សូម្បីព្រះបរិយត្តិធម៌ ក៏នឹងនៅតាំងនៅបានរហូតគ្រប់ ៥ ពាន់ឆ្នាំដូចគ្នា ។ ពិតមែន កាលព្រះបរិយត្តិធម៌មិនមាន បដិវេធធម៌ក៏មិនមាន, កាលព្រះបរិយត្តិធម៌នៅមាន បដិវេធធម៌ក៏នៅមាន, ចំណែក ភេទអ្នកបួស សូម្បីកាលព្រះបរិយត្តិធម៌សាបសូន្យទៅ ក៏នឹងប្រព្រឹត្តទៅអស់កាលដ៏យូរ ៚( បកប្រែចេញពីគម្ពីរអដ្ឋកថាព្រះវិន័យ ជាភាសាបាលី ភាគ ៣ ទំព័រ ៦៥៥ ) ក្នុងពាក្យនេះថា « ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដោយអំណាចនៃព្រះខីណាស្រពអ្នកដល់នូវសេចក្ដីបែកធ្លាយក្នុងបដិសម្ភិទាប៉ុណ្ណោះ » សូម្បីឈានក៏ទ្រង់កាន់យកហើយដែរដោយសព្ទថាបដិសម្ភិទាបត្តខីណាសវៈនុ៎ះឯង ។ លោកពោលទុកក្នុងគម្ពីរគណ្ឋិបទទាំងឡាយថា « ត្បិតថា សម្បត្តិគ្រប់ប្រការ រមែងមិនសម្រេចដល់បុគ្គលអ្នកមិនមានឈាន » ។ ក៏ពាក្យណាដែលព្រះអដ្ឋកថាចារ្យពោលហើយដោយន័យជាដើមថា « នឹងតាំងនៅអស់ ១ ពាន់ឆ្នាំ ដោយអំណាចនៃព្រះខីណាស្រពជាសុក្ខវិបស្សកៈ » ពាក្យនោះ គប្បីជ្រាបថា « ព្រះអដ្ឋកថាចារ្យលោកពោលតាមមតិរបស់អាចារ្យទាំងឡាយអ្នកទ្រទ្រង់គម្ពីរខន្ធកៈ » ។ ចំណែកក្នុងគម្ពីរអដ្ឋកថាទីឃនិកាយ លោកពោលទុកយ៉ាងនេះថា « ( បដិវេធសទ្ធម្ម )តាំងនៅបាន ១ ពាន់ឆ្នាំ( ទី ១ )ដោយព្រះខីណាស្រពអ្នកបានសម្រេចបដិសម្ភិទា, តាំងនៅបាន ១ ពាន់ឆ្នាំ( ទី ២ )ដោយព្រះខីណាស្រពអ្នកបានសម្រេចអភិញ្ញា ៦, តាំងនៅបាន ១ ពាន់ឆ្នាំ( ទី ៣ )ដោយព្រះខីណាស្រពអ្នកបានសម្រេចវិជ្ជា ៣, តាំងនៅបាន ១ ពាន់ឆ្នាំ( ទី ៤ )ដោយព្រះខីណាស្រពជាសុក្ខវិបស្សកៈ, តាំងនៅបាន ១ ពាន់ឆ្នាំ( ទី ៥ )ដោយព្រះបាតិមោក្ខ » ។ សូម្បីក្នុងគម្ពីរអដ្ឋកថាអង្គុត្តរនិកាយ លោកក៏ពោលទុកថា « ពិតមែន បន្ទាប់ការបរិនិព្វានរបស់ព្រះពុទ្ធទាំងឡាយ សាវ័កទាំងឡាយអាចញុំាងបដិសម្ភិទាឲ្យកើតឡើងអស់រយៈពេល ១ ពាន់ឆ្នាំប៉ុណ្ណោះ, តពីនោះ អាចញុំាងអភិញ្ញា ៦ ឲ្យកើត, តពីនោះទៀត កាលមិនអាចញុំាងអភិញ្ញា ៦ ឲ្យកើត រមែងញុំាងវិជ្ជា ៣ ឲ្យកើត, នាកាលពេលវេលាកន្លងយូរទៅ ៗ កាលមិនអាចញុំាវិជ្ជា ៣ ឲ្យកើត ក៏ជាព្រះអរហន្តសុក្ខវិបស្សកៈ, ព្រះអនាគាមី ព្រះសកទាគាមី និងព្រះសោតាបន្ន រមែងមានដោយឧបាយនេះឯង » ។ ចំណែកក្នុងគម្ពីរអដ្ឋកថាសំយុត្តនិកាយ លោកពោលទុកថា « ក៏ក្នុងបឋមពោធិកាល ភិក្ខុទាំងឡាយជាអ្នកបានសម្រេចបដិសម្ភិទា, តមក នាកាលពេលកន្លងទៅ មិនអាចសម្រេចបដិសម្ភិទា ក៏ជាអ្នកបានអភិញ្ញា ៦, តពីនោះ កាលមិនអាចសម្រេចអភិញ្ញា ៦ ក៏សម្រេចវិជ្ជា ៣, ឥឡូវនេះ នាកាលពេលកន្លងទៅ កាលមិនអាចសម្រេចវិជ្ជា ៣ ក៏សម្រេចត្រឹមតែអស់អាសវៈ, កាលមិនអាចសម្រេចត្រឹមតែសូម្បីអស់អាសវៈនោះ ក៏សម្រេចត្រឹមតែអនាគាមិផល, កាលមិនអាចសម្រេចអនាគាមិផលនោះ ក៏សម្រេចត្រឹមតែសកទាគាមិផល, កាលមិនអាចសម្រេចសកទាគាមិផលនោះ ក៏សម្រេចត្រឹមតែសោតាបត្តិផល, នាកាលពេលកន្លងទៅ នឹងមិនអាចសម្រេចសូម្បីសោតាបត្តិផល » ។ ក៏ព្រោះពាក្យទាំងអស់នេះជំទាស់នូវគ្នានឹងគ្នា ហេតុនោះ ( បណ្ឌិត )គប្បីកាន់យកថា « មតិនុ៎ះឯង របស់អាចារ្យទាំងឡាយអ្នកពោលនោះ ៗ ព្រះអដ្ឋកថាចារ្យសម្ដែងទុកហើយក្នុងទីនោះ ៗ » ព្រោះកាលកាន់យកសេចក្ដីដោយប្រការដទៃ ក៏គប្បីមានសេចក្ដីឆ្វាក់ពាក់ព័ន្ធគ្នាដោយការជំទាស់ពាក្យខាងដើមនិងពាក្យខាងចុងរបស់ព្រះអដ្ឋកថាចារ្យនុ៎ះឯង ។ បទថា « តានិយេវ » ប្រែថា អស់ ៥ ពាន់ឆ្នាំនោះដូចគ្នា ។ សាសនាមានព្រះបរិយត្តិធម៌ជាឫលគល់ ព្រោះហេតុនោះ ព្រះអដ្ឋកថាចារ្យទើបពោលថា « ពិតមែន នាកាលព្រះបរិយត្តិធម៌មិនមាន បដិវេធធម៌ក៏មិនមាន » ។ ក៏កាលព្រះបរិយត្តិធម៌សាបសូន្យទៅ ការបដិបត្តិក៏សាបសូន្យទៅ កាលការបដិបត្តិសាបសូន្យទៅ ការចាក់ធ្លុះមគ្គផលក៏សាបសូន្យទៅផងដែរ , ព្រោះហេតុអ្វី ? ព្រោះថា ព្រះបរិយត្តិធម៌នេះ ជាបច្ច័យដល់ការបដិបត្តិ ការបដិបត្តិជាបច្ច័យដល់ការចាក់ធ្លុះមគ្គផល ។ ព្រះបរិយត្តិធម៌នុ៎ះឯង ទើបជាប្រមាណសូម្បីជាងការបដិបត្តិដូច្នេះឯង ៚ ( បកប្រែចេញពីគម្ពីរដីកាព្រះវិន័យ ឈ្មោះសារត្ថទីបនី ជាភាសាបាលី ភាគ ៣ ទំព័រ ៦៤៨-៩-៥០ ) ប្រភពៈ ហ្វេសប៊ុកLong Savuth ដោយ៥០០០ឆ្នាំ
images/articles/3393/2026-06-27_08_48_54-_New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ២៧ មិថុនា ឆ្នាំ២០២៦ (អាន: ៣១០ ដង)
តើអ្នកចង់បានអ្វី ? ចង់បានជាធំលើអ្វី ? អ្នកត្រូវសិក្សា ពិចារណាធម៌ ធម្មុទ្ទេស ៤ យ៉ាង ដើម្បីរក្សាខ្លួន រកធម៌ជាទីពឹងសម្រាប់ខ្លួន គឺ ១- ឧបនីយតិ លោកោ អទ្ធុវោ, សត្វលោក មិនទៀង តែងត្រូវជរានាំចូលទៅរកមរណៈ គឺសេចក្ដីស្លាប់ ។ ២- អតាណោ លោកោ អនភិស្សរោ, សត្វលោកមិនមានគ្រឿងការពារ ឥតមានទីពឹង (ដោយការជួយអង្វរ ជួយរំលែកនូវអាពាធ គឺជំងឺ នូវទុក្ខវេទនាឲ្យបានស្រាលបន្តិច ដូច្នេះបានឡើយ) ។ ៣-អស្សកោ លោកោ សព្វំ បហាយ គមនីយំ, សត្វលោក សុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវលះបង់របស់ទាំងពួងហើយទៅ ។ ៤- ឩនោ លោកោ អតិត្តោ តណ្ហាទាសោ, សត្វលោក មានតែសេចក្ដីខ្វះខាត មិនចេះឆ្អែត សុទ្ធតែខ្ញុំរបស់តណ្ហា ។ ( សុត្តន្តបិដក លេខ ២៤ ទំព័រ ២៩៨ ) ប្រភពៈ ហ្វេសប៊ុកPhuorng Sovann ដោយ៥០០០ឆ្នាំ
images/articles/3391/17f114611584a1a80b3ac8e2ed369e39.jpg
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០២៦ (អាន: ៣៤៨ ដង)
អាវុធ​ ៣​ តាម​​ន័យ​ព្រះ​​ធម៌តីណាវុធានិ​ អាវុធ​ ៣​ យ៉ាង​ បាន​ដល់​៖ ១. សុតាវុធំ​ អាវុធ​គឺ​សុតៈ​ ( ពុទ្ធវចនៈ ) ២. បវិវិវេកាវុធំ​ អាវុធ​គឺ​សេចក្តី​ស្ងាត់​ [ ស្ងាត់​កាយ​ ស្ងាត់​ចិត្ត​ ស្ងាត់​ចាក​ឧបធិ ] ៣. បញ្ញាវុធំ​ អាវុធ​គឺ​បញ្ញា​ ( បិដក​លេខ​ ១៩​ ទំព័រ​ ១៤២ ) អធិប្បាយ បទ​ថា​ សុតាវុធំ​ បាន​ដល់​ អាវុធ​ គឺ​ សុតៈ ។​ អាវុធ​ គឺ​ សុតៈ​នោះ​ ដោយ​អត្ថ​បាន​ដល់​ ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះត្រៃ​បិដក ។​ ព្រោះ​ថា​ ភិក្ខុ​អាស្រ័យ​អាវុធនោះ​ គឺ​ អាស្រ័យ​អាវុធ​ ៥​ ប្រការ​ រមែង​ជា​អ្នក​មិន​ញាប់​ញ័រ​ ឆ្លង​សំសារកន្តារ​បាន​ ដូច​ទាហាន​ដ៏​ហាន​ក្លា​ មិន​ញាប់​ញ័រ​ឆ្លង​មហាកន្តារ​បាន​ ដូច្នោះ ។​ ព្រោះ​ហេតុ​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​ សុតាវុធោ, ភិក្ខវេ, អរិយសាវកោ អកុសលំ បជហតិ, កុសលំ ភាវេតិ, សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ, សុទ្ធមត្តានំ បរិហរតិ ។ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវ័ក​ដែល​មាន​សុតៈ​ជា​អាវុធ​ រមែង​លះ​បង់​នូវ​អកុសល​ ញ៉ាំង​កុសល​ឲ្យ​ចម្រើន​ឡើង​ លះ​បង់​ធម៌​ដែល​មាន​ទោស​ ចម្រើន​ធម៌​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​” ។ បទ​ថា​ បវិវេកាវុធំ​ សេចក្តី​ថា​ អាវុធ​ គឺ​ វិវេក​ ទាំង​ ៣​ ប្រការ​នេះ​គឺ​ កាយវិវេក​ ចិត្តវិវេក​ ឧបធិវិវេក ។​ វិវេក​ទាំង​ ៣​ ប្រការ​នោះ​ មាន​ការ​ធ្វើ​ផ្សេងៗ​ គ្នា ។​ កាយវិវេក​ សម្រាប់​បុគ្គល​ដែល​មាន​កាយ​គេច​ចេញ​ទៅ​ ត្រេក​អរ​ក្នុង​នេក្ខម្មៈ​ ចិត្តវិវេក​សម្រាប់​បុគ្គល​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ ដល់​នូវ​សេចក្តី​បរិសុទ្ធ​ជា​ទី​បំផុត​ ឧបធិវិវេក​សម្រាប់​បុគ្គល​ដែល​មិន​មាន​ឧបធិ​ ដល់​នូវ​វិសង្ខារ​ (​ គឺ​ព្រះ​និព្វាន ) ។​ ក៏​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​វិវេក​ទាំង​ ៣​ យ៉ាង​នេះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ព្រោះ​ហេតុ​នោះ​ វិវេក​នេះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ ។​ អាវុធ​គឺ​បញ្ញា​ ដែល​ជាលោកិយ​ និង​លោកុត្តរ​ ចាត់​ជា​អាវុធ​ គឺ​បញ្ញា ។​ ព្រោះ​ថា​ បុគ្គល​អ្នក​មាន​អាវុធ​ គឺ​ បញ្ញា​នោះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ទាំង​អ្នក​ដទៃ​ក៏​មិន​ខ្លាច​ចំពោះ​បុគ្គល​នោះ​ ព្រោះ​ហេតុ​នោះ​ សូម្បី​បញ្ញា​នោះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ [ អវស្សយដ្ឋេនេវ អាវុធំ ] ។ ដេាយ៖ (ប្រជុំពួកធម៌ ធម្មសង្គហៈ) ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ ដោយ៥០០០ឆ្នាំ
images/articles/3390/c645727adbef987f5e4299c8e2e53eaf.jpg
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០២៦ (អាន: ៣០៦ ដង)
ការបដិបត្តិដើម្បីប្រយោជន៍សុខដល់ជនច្រើននៅពេលចេញព្រះវស្សាទី ១ របស់ព្រះដ៏មានព្រះភាគ ក្នុងកាលណោះ ព្រះអង្គទ្រង់ត្រាស់ទៅកាន់ព្រះអរហន្ត ៦០ អង្គ ដែលមានសេចក្តីទាំងស្រុង ក្នុងវិន័យបិដកលេខ ៦ ទំព័រ ៦៦ ដូចតទៅ៖ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយអំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សោតក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីរបស់ទេវតាក្តី ទោះបីរបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ ទេវតានិងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ ឲ្យពីរោះបទដើមបទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបម្រុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏នឹងចូលទៅកាន់សេនានិគម ក្នុងឧរុវេលា-ប្រទេស ដើម្បីសម្តែងធម៌។ ក្នុងបិដកលេខ ២៩ ទំព័រ ២៨៧ ទុតិយបាសសូត្រ មានសេចក្តីផ្តើមថា៖ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់ដូចបានសរសេរហើយពីខាងដើម គឺទ្រង់ត្រាស់ឲ្យព្រះភិក្ខុនិមន្តទៅសម្តែងព្រះធម៌ តាមផ្លូវមួយតែ មួយអង្គ កុំទៅពីរអង្គតាមផ្លូវមួយជាមួយគ្នាឡើយ។ ក្នុងបិដកលេខ ៤៣ ទំព័រ ១៣ សុគតសូត្រ មានសេចក្តីទាំងស្រុងដូចតទៅ៖ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចមេ្តច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយ វិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរក បុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគត ក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តី វិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ »ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជា មនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យ ប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយគឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជា ថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែល ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាប សូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។ »ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់ សេចក្តីបានងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យរប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំ នូវមាតិកា ភិក្ខុទាំងនោះ ញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខព្រះសូត្ររបស់ភិក្ខុ ទាំងនោះមិនបានដាច់ឫស តាំងនៅតៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈមិន ប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធុរបន្ថយ ដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធាន ក្នុងវិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើត ខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិន ប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុង វិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំង ឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ក្នុងបិដកលេខ ១៦ ទំព័រ ២៥៣ នៅក្នុង មហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ណែនាំឲ្យរៀនសូត្រ និងបដិបត្តិ ដើម្បីឲ្យសាសនព្រហ្មចរិយៈឋិតនៅអស់កាលយូរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពពួកជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក មានសេចក្តីដូចតទៅ៖ គ្រានោះ ព្រះមានព្រះភាគទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលយូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់ សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយ ប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីបៀតបៀនដោយប្រពៃហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំង ឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយ ប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូច​​ម្តេច ។ អ្វីខ្លះ ។ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បី តម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ។ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់ តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគតជាសាស្តាលុះទ្រង់ មានព្រះបន្ទុលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា៖ ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តី ស្លាប់នៅពិខាងមុខ ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះមាន កិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះតទៅទៀតថា៖ វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។ អប្បមត្តា សតីមន្តោ សុសីលា ហោថ ភិក្ខវោ សុសមាហិតសង្កប្បា សចិត្តមនុរក្ខថ។ យោ ឥមស្មឹ ធម្មវិនយេ អប្បមត្តោ វិហរិស្សតិ បហាយ ជាតិសំសារំ ទុក្ខស្សន្តំ ករិស្សតិ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្ត របស់ខ្លួន ឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់នូវជាតិសំសារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខានឡើយ។ ក្នុងបិដកលេខ ១៨ ទំព័រ ២៥៨ នៅក្នុង បាសាទិកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពោធិបក្ខិយធម៌ទាំង ៣៧ ប្រការ ចែកជា ៧ ពួក មានពួកសតិប្បដ្ឋាន ៤ ជាដើម ថាគួររួបរួម ផ្ទៀងផ្ទាត់ នូវអត្ថ នូវព្យញ្ជនៈដោយ ព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតថេរអស់កាលយូរ ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក។ ក្នុងបិដកលេខ ៥៣ ទំព័រ ១៧ នៅក្នុង មោទសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសាមគ្គីរបស់សង្ឃ មានសេចក្តី ដូចតទៅ៖ សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ។ សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនៃសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា (ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប។ ក្នុងបិដកលេខ ២៦ ទំព័រ ៩៩ នៅក្នុង សាមគ្គាមសូត្រ ព្រះអង្គសម្តែងអំពីវិវាទមូល ៦ ប្រការ៖ ១. ច្រើនដោយក្រោធ និងការចងគំនុំ ២. ការរមិលគុណ និងការលើកខ្លួនវាយឫក ៣. ច្រណែន និងកំណាញ់ ៤. អំនួតអួតអាង និងមាយាលាក់ពុត ៥. ការប្រាថ្នាអាក្រក់ និងការយល់ខុស ៦. ការស្ទាបអង្អែលនូវសីលព្វ័ត ហើយមានការប្រកាន់តាមទិដ្ឋិរបស់ខ្លួន និងការប្រកាន់មាំ លះបង់បានដោយ កម្រ។ ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនដោយក្រោធ និងការចងគំនុំ ( ៥ ប្រការទៀតក៏ដូចគ្នា ) ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញក្នុងសិក្ខាផង ។ … ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទតែងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ជាបន្តទៅព្រះអង្គទ្រង់ឲ្យលះបង់នូវវិវាទមូលទាំង ៦ ប្រការនោះ។ ក្នុងវិនយបិដក លេខ ១០ ទំព័រ ៦១ នៅក្នុង សមថក្ខន្ធកៈ អំពីមូលនៃវិវាទាធិករណ៍ ព្រះអង្គទ្រង់ត្រាស់សម្តែង មូលនៃវិវាទ ៦ ប្រការដូចគ្នាដែរ។ មូលនៃវិវាទ ៦ ប្រការ មានក្នុងបិដកលេខ ១៩ ទំព័រ ១៩៨ នៅក្នុងសង្គិតិសូត្រ ពួក ៦ និងនៅក្នុងបិដកលេខ ៤៦ ទំព័រ ១១១ វិវាទមូលសូត្រ។ ក្នុងវិនយបិដក​លេខ ១៣ ទំព័រ ២០៤ មហាសង្គាម មានសម្តែងអំពីភិក្ខុជាវិន័យធរពួកខ្លះក្នុងសាសនានេះ លំអៀងដោយអគតិ ៤ យ៉ាង ហើយពោលក្នុងវត្ថុ ១៨ ប្រការ គឺសម្តែងសភាវៈមិនមែនធម៌ ថាជាធម៌ សម្តែងនូវ ធម៌ថាមិនមែនជាធម៌ សម្តែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សម្តែងនូវវិន័យថាមិនមែនជាវិន័យជាដើម។ ការសម្តែងវត្ថុ ១៨ ប្រការ ដោយអគតិ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជា សុខដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចម្រើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ភិក្ខុជាវិន័យធរ កាលបើលុះក្នុងអគតិ មានឆន្ទាគតិជាដើម ដោយវត្ថុទាំង ១៨ ប្រការ ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង។ ក្នុងបិដកលេខ ៤៤ ទំព័រ ២៣៨ នៅក្នុង ថេរសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអ្នកដឹកនាំមានមិច្ឆាទិដ្ឋិ គឺយល់ ខុសអំពីសេចក្តីពិតជាដើមដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ មិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនបានជាប្រយោជន៍ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំង ឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារ ច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។ល។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ តែ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតម្កល់នៅក្នុងអសទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនោះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះ ថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវ ទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ-ភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំ លែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះ ថា ប្រតិបត្តិ ដើម្បីមិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ដល់ជនច្រើន មិន ជាគុណទេ ជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជន ច្រើន ដើម្បីគុណនិងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខជាថេរៈដឹង រាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នក សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮ ហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។បេ។ ចាក់ធ្លុះដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃដល់នូវទិដ្ឋានុគតិ របស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះ ជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ់ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខដល់ទេវតា និង មនុស្សទាំងឡាយ។ (អត្ថបទ៖ សិក្សាព្រះធម៌) ………………… ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។ ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។ …………………ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ……………………………….………………………. ធម្មទាន FB: សិរីអមតា- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ ដោយ៥០០០ឆ្នាំ
images/articles/3015/2020-09-02_12_51_28-Window.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ២៨,៣៧៧ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល ។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់ក្នុងសាលវ័ន ជាទេវវ័ន [ក្នុងព្រៃនោះ ​អ្នកផងតែងធ្វើពលិកម្មថ្វាយពួកទេវតា ​បានជាហៅថា ​ទេវវ័ន ឬនឹងហៅថា សាលវ័ន ក៏បាន ។ អដ្ឋកថា ។] នៅខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ។ ក្នុងសម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី ​នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វ និងមនុស្ស ​បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ​ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។ [៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ​បានដល់មកឱបាសាទគ្រាម ឥឡូវនេះ មកគង់ក្នុងឱបាសាទគ្រាម ​ក្នុងសាលវ័នជាទេវវ័ន​ នៅខាងជើងឱបាសាទគ្រាម កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើន អង្គនោះ ឮល្បីខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានជោគអង្គនោះ ​ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ​ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ​ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលម្អបទដើម មានលម្អបទកណ្តាល និងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានចួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស សំដៅទៅកាន់សាលវ័ន ជាទេវវ័ន ។ ក៏សម័យនោះឯង ចង្កីព្រាហ្មណ៍ ចូលទៅដេកក្នុងវេលាថ្ងៃ ឰដ៏ប្រាសាទជាន់ខាងលើ ។ [៦៥] ចង្កីព្រាហ្មណ៍ បានឃើញពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន ​លុះឃើញហើយ ក៏និយាយទៅរកខត្តាមាត្យថា ម្នាលខត្តៈ ចុះហេតុដូចម្តេច បានជាពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន ។​ ខត្តាមាត្យជំរាបថា បពិត្រលោកចង្កីដ៏ចម្រើន ​មានព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃ ជាច្រើន ឥឡូវ បានមកដល់ឱបាសាទគ្រាម ទ្រង់គង់នៅក្នុងសាលវ័ន ជាទេវវ័ន ក្បែរឱបាសាទគ្រាម ជាខាងជើងនៃឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយមក យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអហរន្តសម្មាសម្ពុទ្ធ ​ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ​ពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ ដើរចូលទៅដើម្បីគាល់ព្រះគោតមដ៏ចម្រើន ។ ចង្កីព្រាហ្មណ៍និយាយថា ម្នាលខត្តៈដ៏ចម្រើន បើដូច្នោះ អ្នកចូរចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងឱបាសាទគ្រាម ​យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចង្កីព្រាហ្មណ៍ បាននិយាយយ៉ាងនេះថា សូមឲ្យអ្នកដ៏ចម្រើនទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ​ចង់ចូលទៅគាល់ព្រះសមណគោតមដែរ ។ ខត្តាមាត្យនោះ ទទួលពាក្យចង្កីព្រាហ្មណ៍ថា​ បាទ លោកដ៏ចម្រើន រួចចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ បានពោលទៅរកពួកព្រាហ្មណ៍ គហបតី ដែលនៅក្នុងឱបាសាទគ្រាម ដូច្នេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ចង្កីព្រាហ្មណ៍ និយាយយ៉ាងនេះថា ​សូមឲ្យអ្នកទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះគោតមដែរ ។ [៦៦] ក៏សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ ដែលមកអំពីដែនដទៃផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន៥០០ នាក់ នៅអាស្រ័យក្នុងឱបាសាទគ្រាម ដោយកិច្ចណានីមួយៗ ។ ពួកព្រាហ្មណ៍ទាំងនោះ បានឮថា ចង្កីព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតម ។ ទើបព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកចង្កីព្រាហ្មណ៍ ត្រង់កន្លែងដែលគាត់នៅ លុះចូលទៅដល់ហើយ បាននិយាយទៅរកចង្កីព្រាហ្មណ៍ ដូច្នេះថា ឮថា ចង្កីដ៏ចម្រើន នឹងចូលទៅគាល់ព្រះសមណគោតម មែនឬ ។ ចង្កីព្រាហ្មណ៍ឆ្លើយថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ យ៉ាងហ្នឹងហើយ ខ្ញុំឯងនឹងទៅគាល់ព្រះសមណគោតមមែន ។ ពួកព្រាហ្មណ៍និយាយឃាត់ថា ចង្កីដ៏ចម្រើន កុំចូលទៅគាល់ព្រះសមណគោតមឡើយ ចង្កីដ៏ចម្រើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ ដ្បិតចង្កីដ៏ចម្រើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូនជីតាជាគម្រប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ចង្កីដ៏ចម្រើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណនៃជីដូនជីតា ជាគម្រប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចម្រើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួរតែព្រះសមណគោតមចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ មួយទៀត ចង្កីដ៏ចម្រើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងបរិភោគច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចម្រើន ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ មួយទៀត ចង្កីដ៏ចម្រើន មាន រូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយពណ៌សម្បុរដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀងនឹងព្រហ្ម មានសរីរៈស្រដៀងគ្នានឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង មួយទៀត ចង្កីដ៏ចម្រើន ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន មួយទៀត ចង្កីដ៏ចម្រើន មានសំដីពីរោះ និយាយសំដីពីរោះ ប្រកបដោយសំដីអ្នកក្រុង ជាសំដីច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន មួយទៀត ចង្កីដ៏ចម្រើន ជាអាចារ្យ ជាប្រធានលើអាចារ្យនៃពួកជនច្រើន បានបង្រៀនមន្តមាណព ៣០០ នាក់ មួយទៀត ចង្កីដ៏ចម្រើន ព្រះបាទបសេនទិកោសល តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែងចង្កីដ៏ចម្រើនដែរ មួយទៀត ចង្កីដ៏ចម្រើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ចង្កីដ៏ចម្រើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺព្រះរាជទានដោយដាច់ខាត ដោយហេតុណា ហេតុនេះ បានជាថា ចង្កីដ៏ចម្រើន មិនគួរចូលទៅចួបនឹងព្រះសមណគោតមឡើយ គួរតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ ។ [៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចម្រើន បើដូច្នោះ ចូរស្តាប់ពាក្យខ្ញុំសិនថា បើទុកជាយ៉ាងណាៗ ក៏គួរតែយើងចូលទៅគាល់ព្រះសមណគោតមនោះវិញ មិនគួរឲ្យព្រះគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងទេ នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគម្រប់៧មក មិនមានអ្នកណាតិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ព្រះសមណគោតម មានជាតិដ៏ល្អ ទាំងពីរចំណែក ។បេ ។ ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ មិនគួរឲ្យព្រះគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងទេ គួរតែយើងរាល់គ្នា ចូលទៅគាល់ព្រះគោតមដ៏ចម្រើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម ទ្រង់លះបង់មាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅលើផែនដី ទាំងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ហើយចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គជាកម្ល៉ោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ ទ្រង់ចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ហើយចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះ រូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ប្រកបដោយសីលជាកុសល នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះវាចាពីរោះ មានព្រះពុទ្ធដីកាដ៏ពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាព្រះវាចាច្បាស់លាស់ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីច្បាស់លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈហើយ ប្រាសចាកសេចក្តីស្រើបស្រាលហើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាកម្មវាទី ជាកិរិយវាទី ព្រះអង្គ ទ្រង់ធ្វើធម៌ដែលគ្មានបាប ទុកជាខាងមុខ ក្នុងពួកព្រាហ្មណ៍ និងពួកសត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ មិនលាយច្រឡំ ហើយមកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅដែនក្រៅ អ្នកនៅជនបទក្រៅ តែងនាំគ្នាមកសាកសួរព្រះសមណគោតម នែគ្នាយើង ឮថា ទេវតាច្រើនពាន់ បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា កិត្តិសព្ទល្អ នៃព្រះសមណគោតម ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា បោក្ខរសាតិព្រាហ្មណ៍ ព្រមទាំងបុត្រ និងភរិយា បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះសមណគោតម ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់នៅក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលមកដល់គាមក្ខេត្ត របស់យើងហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា នែគ្នាយើង ក៏ព្រះសមណគោតមនេះឯង ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់ក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ឯព្រះសមណគោតម ជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ក៏ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា ដោយហេតុនេះហើយ បានជាមិនគួរឲ្យព្រះសមណគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងឡើយ តាមពិត គួរតែពួកយើង ចូលទៅគាល់ព្រះសមណគោតមដ៏ចម្រើននោះវិញ នែគ្នាយើង ខ្ញុំដឹងគុណ (ដែលគួរសរសើរ) របស់ព្រះគោតមដ៏ចម្រើននោះ ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតមដ៏ចម្រើននោះ មិនមែនមានគុណដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតមដ៏ចម្រើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបាន នែគ្នាយើង ព្រះគោតមដ៏ចម្រើននោះ ទោះបីព្រះអង្គប្រកបដោយអង្គតែមួយៗ ព្រះគោតមដ៏ចម្រើននោះ ក៏មិនគួរនឹងចូលមកចួបនឹងយើងទេ តាមពិត គួរតែពួកយើង ចូលទៅចួបនឹងព្រះគោតមដ៏ចម្រើននោះវិញ ។ ពួកព្រាហ្មណ៍និយាយគ្នាថា នែគ្នាយើង បើដូច្នោះ ពួកយើងទាំងអស់គ្នា នឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ។ ទើបចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ច្រើន នាក់ ចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពោលពាក្យណាមួយ ទៅរកពួកព្រាហ្មណ៍ចាស់ៗ លុះបញ្ចប់ពាក្យដែលគួររលឹកហើយ ក៏ទ្រង់គង់ ។ [៦៨] សម័យនោះឯង មានមាណពកំឡោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរ មានអាយុប្រមាណ ១៦ឆ្នាំ អំពីកំណើត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិវុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ អង្គុយនៅក្នុងប្រជុំបរិស័ទនោះ ។ មាណពនោះ ក៏និយាយស្កាត់សំដីរបស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សា ទៅរកព្រះមានព្រះភាគ ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់កាបទិកមាណពថា ភារទ្វាជៈមានអាយុ កុំនិយាយស្កាត់សំដី របស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សាឡើយ ភារទ្វាជៈមានអាយុ ចូរបង្អង់ចាំឲ្យចប់សំដីគេសិន។ [៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើន កុំឃាត់កាបទិកមាណពឡើយ ដ្បិតកាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង កាបទិកមាណព ជាបណ្ឌិតផង កាបទិកមាណព ជាអ្នកនិយាយពាក្យពីរោះផង កាបទិកមាណព អាចនឹងប្រឹក្សាក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចម្រើនបានផង ។ ទើបព្រះមានជោគ មានព្រះតម្រិះយ៉ាងនេះថា កាបទិកមាណព មុខជានឹងបានសម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនាដោយពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើកកាបទិកមាណពនោះជាត្រីមុខ ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើព្រះសមណគោតម ទ្រង់ឆ្មៀងព្រះនេត្រមកចំភ្នែករបស់អញ អញនឹងសួរប្រស្នា ចំពោះព្រះសមណគោតម ក្នុងកាលនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កៈ ក្នុងចិត្តរបស់កាបទិកមាណព ដោយព្រះហឫទ័យរបស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះទៅរកកាបទិកមាណព ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះសមណគោតម មើលមកអញហើយតើ បើដូច្នោះ មានតែអញសួរប្រស្នា ចំពោះព្រះសមណគោតម ។ លំដាប់នោះ កាបទិកមាណព ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បទមន្តចាស់ របស់ពួកព្រាហ្មណ៍ដែលប្រកាន់តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ដែលដល់នូវសេចក្តីចូលចិត្ត ដោយចំណែកមួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតមដ៏ចម្រើន ទ្រង់សំដែងថាដូចម្តេចទៅវិញ។ [៧០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មណ៍ណាខ្លះ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ កាបទិកមាណព ឆ្លើយថា បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ ។ ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ខ្លះ មានអាចារ្យជាមួយគ្នាផង ជាប្រធានលើអាចារ្យជាមួយគ្នាផង តាំងអំពីគូនៃអាចារ្យជាគម្រប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ ។ ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានពួកព្រាហ្មណ៍ណា ជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងនូវមន្ត អ្នកពោលនូវមន្ត បទនៃមន្តចាស់នេះ ដែលពួកព្រាហ្មណ៍ណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ សូត្រតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាមមន្ត ដែលគេពោលហើយ បង្រៀនមន្តដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ។ [៧១] ព្រះភគវន្តមុនីនាថ ទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ មិនមានឮថា បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ ដែលមានអាចារ្យជាមួយគ្នា ឬមានអាចារ្យជាប្រធានលើអាចារ្យជាមួយគ្នា ដរាបតាំងអំពីគូនៃអាចារ្យ ជាគម្រប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ ពួកព្រាហ្មណ៍ដែលជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងមន្ត អ្នកពោលមន្ត បទនៃមន្តចាស់នេះ ដែលពួកឥសីណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ បានសូត្រតាមមន្តនោះ បានពោលតាមមន្តនោះ បានពោលតាមមន្ត ដែលគេពោលហើយ បានបង្រៀនមន្ត ដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ មិនពោលថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ។ ម្នាលភារទ្វាជៈ ដូចបុរសខ្វាក់ទាំងជួរ ដែលជាប់តៗគ្នា បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងណាមិញ ម្នាលភារទ្វាជៈ ភាសិតរបស់ពួកព្រាហ្មណ៍ ក៏មានទំនងដូចបុរសខ្វាក់ទាំងជួរ បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អ្នកយល់សេចក្តីនោះ ដូចម្តេច កាលបើយ៉ាងនេះ តើសទ្ធាដែលគ្មានឫសគល់ របស់ពួកព្រាហ្មណ៍ សម្រេចបានដែរឬ ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន សម្រេចមិនបានទេ ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិតដោយសទ្ធា ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិត ដោយការស្តាប់តៗគ្នាមក។ [៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថាឮតាមគេ ម្នាលភារទ្វាជៈ ធម៌ទាំង៥យ៉ាងនេះ មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ធម៌ទាំង៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាងគឺ សេចក្តីជឿ១ សេចក្តីគាប់ចិត្ត១ ការឮតាមគ្នា១ ការត្រិះរិះនូវអាការ១ សេចក្តីចូលចិត្តតាមការយល់១ ម្នាលភារទ្វាជៈ ធម៌ទាំង៥នេះឯង មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គលជឿស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនជឿស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គលគាប់ចិត្តស៊ប់ ។បេ ។ ពាក្យណា ដែលបុគ្គលឮច្បាស់តាមគ្នា ។បេ ។ ហេតុណា ដែលបុគ្គលត្រិះរិះឃើញជាក់ ។បេ ។ ហេតុណា ដែលបុគ្គលចូលចិត្តស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនចូលចិត្តស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ បុរសជាអ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរចូលចិត្តដោយដាច់ខាត ក្នុងហេតុនេះថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះឡើយ ។ កាបទិកមាណព ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះការរក្សាសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលរក្សាសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំព្រះអង្គ សូមសួរចំពោះការរក្សាសច្ចៈ និងព្រះគោតមដ៏ចម្រើន។ [៧៣] ព្រះលោកនាថត្រាស់ថា ម្នាលភារទ្វាជៈ បើបុរសមានជំនឿថា ជំនឿរបស់អញយ៉ាងនេះ កាលដែលនិយាយតាមគំនិតដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីគាប់ចិត្ត… ម្នាលភារទ្វាជៈ បើបុរសមានការឮតាមៗគ្នា… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីត្រិះរិះនូវអាការ… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីចូលចិត្តដោយការយល់ថា សេចក្តីចូលចិត្ត តាមការយល់របស់អញ យ៉ាងនេះ កាលបើនិយាយតាមសេចក្តីចូលចិត្ត ដោយការយល់ដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមតែប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ។ កាបទិកមាណព ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងខ្ញុំទាំងឡាយ ក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចម្រើន ចុះការត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន បុគ្គលត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន យើងខ្ញុំសូមសួរ ចំពោះការត្រាស់ដឹងសច្ចៈ នឹងព្រះគោតមដ៏ចម្រើន។ [៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ មានសេចក្តីដំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនូវស្រុក ឬនិគមណាមួយ ។ គហបតីក្តី កូនគហបតីក្តី ចូលទៅរកភិក្ខុនោះឯង ល្បងមើលក្នុងធម៌ទាំងឡាយ ៣ប្រការ គឺធម៌ជាទីតាំងនៃលោភៈ ធម៌ជាទីតាំងនៃទោសៈ ធម៌ជាទីតាំងនៃមោហៈ ដោយគំនិតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃលោភៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយមិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណាដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនមែនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ តើមានដល់លោកមានអាយុនេះដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនលោភដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើលដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានសេចក្តីលោភ មិនងាយសំដែងបានឡើយ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃលោភៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ ដែលជាទីតាំងនៃទោសៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលជនដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះឡើយ ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នក ដែលមិនមានទោសៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានទោសៈ មិនងាយសំដែងបានឡើយ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃទោសៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃមោហៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលពួកធម៌ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនមានមោហៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបានទេ ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានមោហៈ មិនងាយនឹងសំដែងបានឡើយ ។ កាលគហបតី ឬកូនគហបតី ល្បងមើលនូវភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ជាទីតាំងនៃមោហៈ ដោយហេតុណាហើយ ក៏ញុំាងសទ្ធា ឲ្យជ្រួតជ្រាប ក្នុងហេតុនោះ ជាអ្នកមានសទ្ធា កើតឡើងក្នុងកាលនោះ ទើបចូលទៅរក (ភិក្ខុនោះ) កាលចូលទៅរក ក៏បានអង្គុយជិត កាលទៅអង្គុយជិត ក៏ដាក់នូវសោតប្បសាទ លុះមានសោតប្បសាទដាក់ចុះហើយ ទើបស្តាប់ធម៌ លុះស្តាប់ហើយ ទើបទ្រទ្រង់នូវធម៌ ពិចារណានូវសេចក្តីនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ កាលបើពិចារណានូវសេចក្តីហើយ ក៏ចូលចិត្តនូវធម៌ និងគំនិត កាលមានសេចក្តីចូលចិត្ត នូវធម៌ និងគំនិតហើយ ក៏មានឆន្ទៈកើតឡើង លុះមានឆន្ទៈកើតឡើងហើយ ក៏ប្រឹងប្រែង លុះប្រឹងប្រែងហើយ ក៏ត្រិះរិះ លុះត្រិះរិះហើយ ក៏តម្កល់ (នូវសេចក្តីព្យាយាម ដើម្បីមគ្គ) ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមត្ថសច្ចៈ ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់ នូវបរមត្ថសច្ចៈនោះ ដោយបញ្ញាផង ។
images/articles/3016/2020-09-02_13_09_24-_____________-_Google_Search.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៣៣,១១៥ ដង)
១- មានសីលធម៌រស់នៅល្អ ២-មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ៣-មានសំដីសំដៅពីរោះពិសា ៤-មានស្មារតីរឹងមាំ ចិត្តនឹងន ៥-មានសញ្ញារួចផុតពីទុក្ខកង្វល់ ដោយ៥០០០ឆ្នាំ
images/articles/3017/2020-09-02_13_51_59-Window.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៣៤,១៤៩ ដង)
ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖ ១. ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូនឬបងប្អូនកើត ហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។ ២. ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។ ៣.ជួនកាលដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។ ៤. ជួនដើរទៅហើយប្រទះនឹងចោរ ឬ អ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សំគាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សំលាប់ ទៅយ៉ាងនេះជាទោស១។ ៥. អ្នកដើរយប់ ជាទីនាំអោយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថា ឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។ ដោយ៥០០០ឆ្នាំ
images/articles/3019/2020-09-02_14_34_26-Window.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៣៨,០៩៦ ដង)
មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ? បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖ 1. ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។ 2. កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសំរេច។ 3. កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសា បសូន្យវិនាសទៅបាន។ 4. ទាយជ្ជារហបដិបជ្ជនំកូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។ 5. ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។ ដោយ៥០០០ឆ្នាំ
images/articles/3020/2020-09-02_14_55_15-Window.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៣៦,៨០៥ ដង)
ប្តីសង្រ្គោះប្រពន្ធមានប៉ុន្មានប្រការ ប្រពន្ធសង្រ្គោះប្តី តើមានប៉ុន្មានប្រការ? ប្តីសង្រ្គោះប្រពន្ធនោះមាន៥ ប្រការគឺ៖ ១. សមាននាយ ប្រដៅសព្វសារពើ ពោលពាក្យពិរោះ សរសើរដោយលក្ខណៈ ប្រព្រឹត្តជាប្រយោជន៏ពោលពាក្យជាបិយវចនៈ។ ២. អវិមាននាយ ពុំមើលងាយជេរវាយដូចទាសីទាសាកម្មករឡើយ។ ៣. អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្រ្តីដទៃទៀតជាភរិយាឡើយ។ ៤. អិស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើមអោយដល់ភរិយា។ ៥. លង្ការានុប្បទានេន អោយនូវគ្រឿងប្រដាប់ មានសំពត់អាវជាដើម អោយភរិយាដោយសមគួរតាមបវេណី។ ប្រពន្ធសង្រ្គោះប្តីមាន៥ប្រការគឺៈ ១. សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃ និងតាក់តែងភោជនាហារ មិនអោយហួសពេលវេលា។ ២. សង្គហិតបរជនា ប្រពន្ធត្រូវសង្រ្គោះដល់ជនក្នុងផ្ទះ និងញាតិខាងប្តី រាប់អានអោយដូចជាញាតិរបស់ខ្លួន។ ៣. អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី គឺមិនមានបុរសដទៃជាប្តីឡើយ។ ៤. សមតពា្ច អនុរក្ខតិ រក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកមិនអោយអន្តរាយដោយការមិនគួរ។ ៥. ទក្ខា ច ហោតិ អនលសា ឈ្លាសក្នុងការស្រ្តីរឺមិនខ្ជិលច្រអូស។ មាតាបិតាអនុគ្រោះបុត្រដោយបទ៥ប្រការគឺៈ ១. បាបា និវារេន្តិ ហាមកូនចាកផ្លូវបាបគឺកុំអោយធ្វើបាបកម្ម។ ២. កល្យាណេ និវេសេន្តិញ៉ាំងកូនអោយតម្កល់នៅក្នុងការកុសល។ ៣. សិប្បំ សិក្ខាបេន្តិ ញ៉ាំងកូនអោយសិក្សារៀនសូត្រសិល្បសាស្រ្តផ្សេងៗ។ ៤. បដិរូបេន ទារេន សំយោជេន្តិ លុះកូនធំឡើង ត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិ សមគួរផ្សំអោយកូន គឺរៀបអាពាហ៍ពិពាហ៍អោយកូន។ ៥. ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កអោយក្នុងសម័យដ៏សមគួរ គឺអោយក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១។ ដោយ៥០០០ឆ្នាំ
images/articles/3021/2020-09-02_19_48_28-Window.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ២៦,១៣៥ ដង)
ទំនួញប្រេត (ពេាល) បពិតលេាកអ្នកសប្បុរស ក្មេងចាស់ទាំងអស់ ទាំងប្រុសស្រី ខែភ្ជុំដាក់បិណ្ឌក្នុងឆ្នាំថ្មី គួរតែលកលៃទៅវត្តវា។ កុំនៅសំងំតែក្នុងផ្ទះ ឬដេីរផ្តេសផ្តាស់ហុឺហា បុណ្យទានមិនឆ្ងាញ់ៗតែស្រា ជេរគេឡូឡារពាសពេញផ្លូវ។ ណ្ហេីយ! ឈប់ខានប៉ុណ្ណឹងហេីយ កុំនៅកន្តេីយខំរិះរេ តេាះទៅបុណ្យរាប់បាត្រជាមួយគេ កុំនៅទំនេរឥតបានការ។ ទំនួញប្រេត ម៉ែឪរស់នៅប្រឹងព្រេាះកូន ដល់សូន្យជីវិតបាត់សង្ខារ មិនដឹងជាកេីតនៅទីណា ជាមនុស្សទេវតា ឬជាប្រេត។ បេីកេីតជាមនុស្ស ឬទេវតា ប្រសេីរថ្លៃថ្លាព្រេាះស្គាល់ហេតុ ខ្លាចណាស់តែភ្លាត់ធ្លាក់ជាប្រេត បាក់ពេាះគ្រហែតឥតអាហារ។ សុីតែខ្ទុះឈាមនិងលាមក រូបកាយអាក្រក់គួរអនិច្ចា វេទនាខ្លាំងណាស់ក្នុងសង្ខារ មិនដឹងថ្ងៃណានឹងស្រាក់ស្រាន។ នេះហេីយព្រេាះកម្មចិពាឹ្ចមកូន អកុសលនាំខ្លួនឲ្យរំខាន សេាយទុក្ខពុំសុខក្នុងសន្តាន អស់លេាកគ្រប់ប្រាណខំរិះរេ ឥឡូវភ័ទ្របុតខែបុណ្យភ្ជុំ ប្រេតទួញស្រែកយំព្រេាះនឹកកូន យមបាលដេាះលែងឲ្យរួចខ្លួន ទៅរកតាដូនកូនប្រពន្ធ។ អនិច្ចាអេីយអាសូពេក ប្រេតហូរទឹកភ្នែករងទុក្ខធ្ងន់ ទៅរកគ្រប់វត្តខំគយគន់ មិនឃេីញប្រពន្ធកូនខ្លួនឡេីយ។ ឃេីញតែញាតិគេដ័ទៃ គេខំលកលៃម្ហូបអាហារ បាយទឹកនំចំណីទុក្ខជូនដូនតា បរិភេាគកាលណាគេបានឆ្អែតគ្រប់គ្នា។ ឈប់ស្លេះត្រឹមនេះមិននិយាយ ស្តីពីរពួកប្រេតដែលកំព្រា យំសេាកបេាកខ្លួនក្បែរវិហារ រងទុក្ខវេទនាជាអនេក។ យកដៃគក់ទ្រូងទួញយំថា ឱអនិច្ចាខ្លួនខ្ញុំពេក កាលនៅជាមនុស្សខំទូលរែក យប់ថ្ងៃឥតដេកព្រេាះតែកូន។ ឥឡូវធ្លាក់ខ្លួនទៅជាប្រេត គេបានសុីឆ្អែតឥតនឹកនា ឱខ្លួនខ្ញុំអេីយ! សែនវេទនា កំព្រាខ្លេាចផ្សារឈឺចុកចាប់។ ហេតុនេះគួរសង្វេគ អាសូរប្រេតពេកដេកផ្ងាផ្កាប់ ស្រេកឃ្លានខ្លាំងណាស់ស្ទេីនឹងស្លាប់ រៀបរាប់សារស័ព្ទស្រែកទួញថា។ ឱកូនសម្លាញ់មាសឪពុក រូបឪសេាយទុក្ខព្រេាះកូនប៉ា ឥឡូវបាត់កូនទៅទីណា មិនឃេីញយាត្រាមកនឹងគេ។ អ្នកដឹងទេថារូបឪពុក សេាយទុក្ខពុំសុខព្រេាះរូបកូន បំបាត់ជីវិតសត្វឲ្យស្លាប់សូន្យ ឲ្យតែរូបកូនបានសុខសាន្ត។ ឥឡូវដល់ផលកម្មតាមផ្តល់ ផ្តល់ឲ្យឪពុកពុំដែលក្សាន្ត សេាយទុក្ខពុំសុខក្នុសន្តាន គ្មានថ្ងៃស្រាកស្រានម្តងណាឡេីយ។ កូនអេីយកេីតជាមនុស្សស្គាល់ខុសត្រូវ កូនពៅគួរគិតដល់បិតា ស្រេកឃ្លានខ្លាំងណាស់ព្រេាះអត់អាហារ មិនដឹងថ្ងៃណាបានហូបឡេីយ។ ឥឡូវជិតដល់គម្រប់ថ្ងៃ យមបាលមកហៅឪពុកហេីយ ឱកូនសម្លាញ់មាសឪពុកអេីយ កូនអេីយតេីកូននៅទីណា។ បេីមុននឹងឪទៅឪសូមជួប បានហូបមួយម៉ាត់រសអាហារ ស៊ូស្លាប់ទៅចុះស្រស់ជីវា ឪពុកឥតថាទេកូនអេីយ។ ឥឡូវដេីររកគ្រប់តែវត្ត មិនឃេីញមកសេាះកូនពិសី ឪអស់សង្ឃឹមនឹងបានចំណី ឱកូនប្រុសស្រីឪពុកលាហេីយ។ ប្រេតទួញៗទាំងអស់សង្ឃឹម តាំងពីព្រលឹមទល់ព្រលប់ហេីយ ទ្រូងប្រេតថែរថប់ឥតល្ហែល្ហេីយ ម៉េះសម្លាញ់អេីយខានឃេីញមុខ។ រឿងនេះឈប់ស្លេះប៉ុណ្ណេះទៅចុះ បងប្អូនស្រីប្រុសពិចារណា ឃេីញទេរឿងនេះព្រេាះនរណា ព្រេាះតែបុត្រានឹងបុត្រី។ នាំឲ្យឪពុកកេីតជាប្រេត ដេីមហេតុព្រេាះតែនំចំណី រកសុីចព្ចាឹមកូនប្រុសស្រី ដល់ពេលក្សិណក្ស័យរងទុក្ខធំ។ បេីសិនជាយេីងកូនកត្តញ្ញូ ត្រូវតែគិតគូពីររឿងគុណ កុំយកតៀមស្រាធ្វេីស្រែបុណ្យ ប្រយ័ត្នវាធ្ងន់ជាងខ្មេាចឪ។ ខែភ្ជុំដាក់បិណ្ឌមករាប់បាត្រ រៀបចំឲ្យស្អាតម្ហូបចំណី បង្សុកូលឧទ្ទិសដល់តាយាយ ញាតិមិត្តប្រុសស្រីដែលចែកឋាន។ ឲ្យគាត់បានហូបចំណីនំ ដែលធ្វេីដេាយដៃយ៉ាងចំណ​ាន ហូបហេីយកាលណាឲ្យពរបាន សួរស្តីសុខសានដល់កូនចៅ។ រឿងនេះបេីសិនជាអស់លេាកណា មានប្រាជ្ញាបានបំពេញ ផល់នេាះនឹងបានដល់យេីងវិញ សេាយសុខពេាពេញដល់និពា្វនហេាង។ ឈប់ស្លេះសង្ខេបដេាយវាចារ្យ ខ្ញុំពេជ្រសុខាសូមលេីកដៃអភ័យអត់ទេាសញាតិទាំងប្រុសស្រី ខ្ញុំសូមបពា្ចប់ខ្លីតែប៉ុណ្ណឹង។ ឣត្តា ហិ ឣត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ឣត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។ ខ្លួនជាទីពឹងរបស់ខ្លួន បុគ្គលដទៃជាទីពឹងដូចម្តេចបាន ព្រោះថា បុគ្គលឣ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។ ដោយ៥០០០ឆ្នាំ
images/articles/3035/PNG_image_3.png
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៨,១៨៤ ដង)
មាតិកា​ (បដិសម្ភិទា​មគ្គ​) បញ្ញា​ (ការ​ដឹង​ច្បាស់​) ក្នុង​ការ​ប្រុង​ត្រចៀក ឈ្មោះថា​ សុត​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្តាប់​ហើយ​សង្រួម ឈ្មោះថា​ សីល​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​សង្រួម​ហើ​យតំ​កល់​ទុក ឈ្មោះថា សមាធិ​ភាវនា​មយ​ញ្ញាណ​ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា ធម្ម​ដ្ឋិ​តិញ្ញាណ​ បញ្ញា​ក្នុង​ការ​បំប្រួញ​នូវ​ពួក​ធម៌​ជា​អតីត អនាគត និង​បច្ចុប្បន្ន ហើយ​កំណត់ទុក​ ឈ្មោះថា សម្ម​សន​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ ការប្រែប្រួល​នៃ​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ឈ្មោះថា ឧទយ​ព្វ​យានុ​បស្ស​នា​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​អារម្មណ៍​ថា បែកធ្លាយ​ ឈ្មោះថា វិបស្សនា​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ ឈ្មោះថា អាទីនវ​ញ្ញាណ​ បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច ឬការពិចារណា ឬការ​ព្រងើយកន្តើយ ឈ្មោះថា​ សង្ខារុបេក្ខា​ញ្ញាណ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ចាក​សង្ខារ​និមិត្ត​ខាងក្រៅ​ ឈ្មោះថា គោ​ត្រ​ភុ​ញ្ញាណ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ចាក​សភាវៈ​ទាំងពីរ​ ឈ្មោះថា មគ្គញ្ញាណ បញ្ញា​ដែល​សម្រាប់​រម្ងាប់​នូវ​ព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា វិមុត្តិ​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ធម៌​ដែល​តាំង​ឡើង​ក្នុង​ខណៈ​មគ្គផល​នោះ​ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​អាយតនៈ​ខាងក្នុង ឈ្មោះថា​ វត្ថុ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​អារម្មណ៍​ខាងក្រៅ ឈ្មោះថា​ គោចរ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ ការកំណត់​នូវ​ការ​ត្រាច់​ទៅ (នៃ​វិញ្ញាណ​) ឈ្មោះថា ចរិយា​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ ៤ ឈ្មោះថា ភូមិ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌ ៩ ឈ្មោះថា​ ធម្ម​នានត្ត​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ដ៏​ប្រសើរ ឈ្មោះថា ញាត​ដ្ឋ​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ជ្រួតជ្រាប​ ឈ្មោះថា តី​រណ​ដ្ឋ​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​លះ ឈ្មោះថា បរិច្ចាគ​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​អប់រំ​ ឈ្មោះថា ឯករស​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា ផស្ស​នដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា អត្ថប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ ធម្មប្បដិ​សម្ភិទា​ញាណ បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា​ញាណ​ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា បដិភាណប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​វិបស្សនា​វិ​ហារ​ផ្សេង​ៗ ឈ្មោះថា វិហារ​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ផល​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា សមា​បត្ត​ដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​វិហារ​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា វិហារ​សមា​បត្ត​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្តាច់​បង់​នូវ​អាសវៈ​ព្រោះ​សេចក្តី​បរិសុទ្ធ​ ដោយ​សេចក្តី​មិន​រាយមាយ ឈ្មោះថា អា​នន្ត​រិក​សមាធិ​ញ្ញាណ បញ្ញា គឺ​ទស្សនា​ធិប​តេយ្យ​ផង ការបាន​នូវ​វិហារ​ដ៏​ស្ងប់​ផង​ សេចក្តី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម​ផង ឈ្មោះថា អរ​ណវិហារ​ញ្ញាណ បញ្ញា​ដែល​មាន​ភាព​ស្ទាត់ជំនាញ​ព្រោះ​ហេតុប្រ​កប​ដោយ​កម្លាំង​សមថៈ​ និង​វិបស្សនា​ទាំង ២ ផង ព្រោះ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំង ៣ ផង ព្រោះ​ញាណ​ចរិយា ១៦​ ផង ព្រោះ​សមាធិ​ចរិយា ៩ ផង ឈ្មោះថា និរោធ​សមាបត្តិ​ញ្ញាណ បញ្ញា​ក្នុង​ការ​បង្អស់​នូវ​ការប្រព្រឹត្តិ​ទៅ​ (នៃ​កិលេស និង​ខន្ធ​) របស់​បុគ្គល​អ្នកដឹងខ្លួន​ ឈ្មោះថា បរិនិព្វាន​ញ្ញាណ បញ្ញា​ដែល​មិន​ប្រាកដ​ក្នុង​ការ​ផ្តាច់ផ្តិល​ដោយ​ប្រពៃ នូវ​ធម៌​ទាំងពួង​ផង​ ក្នុង​ការ​រំលត់​ផង ឈ្មោះថា សម​សីស​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​រំលត់​នូវ​ភ្លើង​ដ៏​ក្រាស់ មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ឈ្មោះថា សល្លេ​ខដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ឈ្មោះថា វីរិយារម្ភ​ញ្ញាណ បញ្ញា​គឺ​ការប្រកាស​នូវ​ធម៌​ផ្សេង​ៗ ឈ្មោះថា អត្ថ​សន្ទស្សន​ញ្ញាណ បញ្ញា​ក្នុង​ត្រាស់​ដឹង​នូវ​ការ​សង្រ្គោះ​ធម៌​ទាំងពួង​ឲ្យ​មានតែ​មួយ​ និង​កិលេស​មាន​ភាព​ផ្សេង​ៗ ទាំង​គុណធម៌​មាន​សភាព​តែមួយ ឈ្មោះថា ទស្សន​វិសុទ្ធិ​ញ្ញាណ បញ្ញា​ព្រោះ​ការ​ដឹង ឈ្មោះថា ខន្តិ​ញ្ញាណ បញ្ញា​ព្រោះ​ការ​ពាល់ត្រូវ​ ឈ្មោះថា បរិ​យោ​គា​ហន​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រមូល ឈ្មោះថា បទេស​វិហារ​ញ្ញាណ បញ្ញា​ព្រោះ​ភាពជា​អធិបតី​ ឈ្មោះថា សញ្ញា​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា ចេ​តោ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ការ​អធិដ្ឋាន​ ឈ្មោះថា ចិត្ត​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​សភាវៈ​សូន្យ ឈ្មោះថា ញាណ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា វិមោក្ខ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​សេចក្តី​ពិត ឈ្មោះថា សច្ច​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ សម្រេច​ដោយអំណាច​នៃ​ការ​អធិដ្ឋាន​នូវ​សុខ​សញ្ញា និង​លហុ​សញ្ញា ព្រោះ​កំណត់​នូវ​កាយ និង​ចិត្ត​ថា​តែមួយ​ ឈ្មោះថា ឥទ្ធិ​វិធ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​សទ្ទ​និមិត្ត​មាន​ភាព​ផ្សេង​ៗ ទាំង​មាន​ភាព​តែមួយ ដោយអំណាច​នៃ​កិរិយា​ផ្សាយ​ទៅ​នៃ​វិតក្កៈ ឈ្មោះថា​ សោត​ធាតុ​វិសុទ្ធិ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ការ​ត្រាប់​ទៅ​នៃ​វិញ្ញាណ ដែល​មាន​សភាព​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​បសាទ​របស់​ឥន្រ្ទិយ​ទាំងឡាយ ព្រោះ​ផ្សាយ​ទៅ​នៃ​ចិត្ត​ទាំង​ ៣ ឈ្មោះថា ចេ​តោ​បរិ​យញ្ញា​ណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ពួក​ធម៌​ដែល​ប្រព្រឹត្តទៅ​បាន​ព្រោះ​បច្ច័យ​ ដោយអំណាច​នៃ​កិរិយា​ផ្សាយ​ទៅ​នៃ​កម្ម​ដែល​មាន​សភាព​ផ្សេង​ៗ គ្នា ទាំង​មាន​សភាព​តែមួយ​ ឈ្មោះថា បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ឃើញ​នូវ​រូប​និមិត្ត​មាន​សភា​វៈ​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​ពន្លឺ ឈ្មោះថា ទិព្វចក្ខុ​ញ្ញាណ បញ្ញា​ដែល​ស្ទាត់ជំនាញ​នៃ​ឥន្រ្ទិយ​ ៣ ដោយ​អាការ ៦៤ ឈ្មោះថា អា​សវ​ក្ខ​យញ្ញា​ណ បញ្ញា​ក្នុង​អត្ថ​ថា កំណត់​ដឹង ឈ្មោះថា​ ទុក្ខ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា លះ ឈ្មោះថា សមុទយ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ធ្វើឲ្យ​ជាក់ច្បាស់​ ឈ្មោះថា និរោធ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ចំរើន ឈ្មោះថា មគ្គញ្ញាណ ទុក្ខ​ញ្ញាណ​ ទុក្ខសមុទយ​ញ្ញាណ ទុក្ខនិរោធ​ញ្ញាណ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ អត្ថប្បដិសម្ភិទា​ញាណ​ ធម្មប្បដិ​សម្ភិទា​ញាណ និរុត្តិប្បដិ​សម្ភិទា​ញាណ បដិភាណប្បដិសម្ភិទា​ញាណ​ ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ សត្តា​សយានុ​សយ​ញ្ញាណ យម​កប្បា​ដិ​ហិ​រញ្ញា​ណ មហាករុណា​សមាបត្តិ​ញ្ញាណ សព្វញ្ញុតញ្ញាណ អនាវ​រណ​ញ្ញាណ នេះ​ញាណ ៧៣ បណ្តា​ញាណ ៧៣ នេះ ញាណ​ ៦៧ ជា​សាធារណៈ​ដល់​ពួក​សាវ័ក ញាណ ៦ មិន​សាធារណៈ​ដល់​ពួក​សាវ័ក​ទេ។ ចប់​មាតិកា ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ ព្រះត្រៃបិដកលេខ ៦៩ ) ដោយ៥០០០ឆ្នាំ
images/articles/3034/PNG_image.png
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៣៨,៤៨៨ ដង)
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។ ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។ សិក្សាព្រះសូត្រ ភាគទី ១១ ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៦,៧១១ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/3385/2026-06-12_07_31_40-_New_Texf-_Notepad.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២៦ (អាន: ៦៣៦ ដង)
​អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជីវិតរបស់ខ្ញុំគឺស្គាល់តែរឿងមួយគត់ គឺការខំប្រឹងរកលុយ ដោយចាប់តាំងពីម៉ោង ៥ ព្រឹក រហូតដល់ពាក់កណ្ដាលអធ្រាត្រម៉ោង ១២ យប់ ពេលវេលារបស់ខ្ញុំទាំងអស់ត្រូវបានលិចលង់ទៅក្នុងគំនរការងារ និងការដើរហើរផឹកស៊ីសប្បាយ ដើម្បបង្កើតទំនាក់ទំនងជំនួញជាមួយមិត្តភក្តិខាងក្រៅ រហូតគ្មានពេលសូម្បីតែញ៉ាំបាយជុំគ្រួសារ ឬលេងជាមួយកូនៗនោះឡើយ។ រាល់ពេលដែលប្រពន្ធរបស់ខ្ញុំមកសុំអង្វរទាំងក្រៀមក្រំឱ្យខ្ញុំផ្ដល់ពេលវេលាឱ្យផ្ទះខ្លះ ខ្ញុំតែងតែស្រែកគំហកដាក់គាត់វិញដោយកំហឹងថា «ដែលខ្ញុំខំរកលុយ និងហត់នឿយទៅផឹកស៊ីទាក់ទងម៉ូយរាល់ថ្ងៃនេះ មិនមែនដើម្បីចិញ្ចឹមពួកឯងទេរឺ?» ប៉ុន្តែ... កម្មលិខិតបានបញ្ឈប់ហ្វ្រាំងជីវិតរបស់ខ្ញុំត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ កាលពីសប្ដាហ៍មុន ពេលដែលខ្ញុំស្រាប់តែមានអាការៈចុកទ្រូងយ៉ាងខ្លាំង រហូតត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់ថែទាំដិតដល់ភ្លាមៗ។ នៅក្នុងនាទីដែលសេចក្ដីស្លាប់មកឈរនៅចំពោះមុខ ទើបខ្ញុំដឹងច្បាស់ថា តើអ្វីជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតដែលខ្ញុំបានសាងឡើង ព្រោះលុយរាប់សែនរាប់លានដែលសម្រាកយ៉ាងមានក្ដីសុខនៅក្នុងគណនីធនាគារ បែរជាមិនអាចទិញសុខភាពល្អ ឬខ្សែជីវិតរបស់ខ្ញុំត្រឡប់មកវិញបានសូម្បីតែមួយវិនាទីឡើយ។ ចំណែកឯក្រុមមិត្តភក្តិរួមតុផឹកស៊ី និងបងប្អូនល្អក្នុងវង់ជំនួញដែលខ្ញុំធ្លាប់ចំណាយពេលសប្បាយហ៊ឺហារជាមួយ ក៏គ្មានស្រមោលម្នាក់ណាមកឈរមើលបារម្ភពីខ្ញុំឡើយ ពោលគឺមានតែប្រពន្ធរបស់ខ្ញុំដែលអង្គុយយំរហូតហើមភ្នែក និងកូនៗដ៏ស្លូតត្រង់របស់ខ្ញុំប៉ុណ្ណោះ ដែលកំពុងកាន់ដៃដ៏ត្រជាក់ស្រេបរបស់ខ្ញុំទាំងក្តីបារម្ភ និងខំអត់ងងុយពេញមួយយប់ដើម្បីបន់ស្រន់ឱ្យខ្ញុំបានរស់រានមានជីវិតឡើងវិញ ទោះបីជាកន្លងមក ពួកគេគឺជាមនុស្សដែលខ្ញុំតែងតែមើលរំលង និងស្រែកស្ដីបន្ទោសឱ្យជារៀងរាល់ថ្ងៃក៏ដោយ។ រឿងរ៉ាវនេះបានដាស់តឿនចិត្តខ្ញុំយ៉ាងខ្លាំងថា នៅក្នុងជីវិត លុយពិតជាសំខាន់ ព្រោះវាជាជម្រក និងជាអាហារ ប៉ុន្តែកុំរត់តាមតែលុយ និងភាពសប្បាយខាងក្រៅ រហូតដល់ភ្លេចរស់នៅក្នុងជីវិតពិត ហើយបំផ្លាញសុខភាព និងគ្រួសារខ្លួនឯងឱ្យសោះ ព្រោះនៅថ្ងៃដែលយើងត្រូវបិទភ្នែកចាកចេញពីលោកនេះទៅ អ្វីដែលនៅសេសសល់ក្បែរខ្លួនយើង មិនមែនជាលេខកូដទឹកប្រាក់នៅក្នុងធនាគារ ឬមិត្តភក្តិនៅលើតុផឹកស៊ីនោះទេ ប៉ុន្តែវាគឺជាក្ដីស្រឡាញ់ និងការចងចាំដ៏កក់ក្ដៅរបស់មនុស្សនៅក្នុងគ្រួសារតែប៉ុណ្ណោះ ដូចនេះចូររកលុយដើម្បីចិញ្ចឹមជីវិត ប៉ុន្តែត្រូវត្រលប់មកផ្ទះវិញដើម្បីមើលថែសេចក្ដីសុខ និងមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដផង។ ដកស្រង់ បកប្រែ និងកែសម្រួលពីប្រព័ន្ធផ្សព្វផ្សាយសង្គមស្រីលង្កា ប្រភព៖ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំំ
images/articles/3384/2026-06-12_07_27_gNotepad.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២៦ (អាន: ៣២៦ ដង)
​នាកាលសម័យមួយ ព្រះបរមសាស្ត្រាសម្មាសម្ពុទ្ធ ទ្រង់គង់ប្រថាប់នៅលើកំពូលភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ នាកាលនោះឯង ស្តេចមហារាជទាំងបួនទិស ដែលជាអធិបតីនៃចតុលោកបាល ព្រមទាំងពពួកទេវតានិងបរិវារយ៉ាងច្រើនកុះករ បាននាំគ្នាចូលមកក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។ ក្នុងឱកាសនោះ ស្តេចមហារាជទាំងបួន បានលំឱនកាយទូលថ្វាយព្រះមានព្រះភាគថា នៅក្នុងលោកនេះ ពពួកអមនុស្សមានយក្ខនិងបិសាចជាដើម ខ្លះមានចិត្តរឹងរូស មិនទាន់មានសេចក្តីជ្រះថ្លា ហើយតែងតែបង្កការយាយីនិងគោរពប្រមាថដល់ព្រះពុទ្ធសាសនា។ ហេតុដូច្នេះហើយ ដើម្បីជាខែលការពារ សុវត្ថិភាព និងប្រទានសេចក្តីសុខក្សេមក្សាន្តដល់ភិក្ខុសង្ឃ ភិក្ខុនី ព្រមទាំងឧបាសក ឧបាសិកាទាំងឡាយ ពួកទ្រង់ក៏បានណែនាំនិងថ្វាយនូវមន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិមួយ ដែលមាននាមថា អាដានាតិយបរិត្ត។ ព្រះបរិត្តនេះ មានអានុភាពដ៏វិសេសវិសាល ក្នុងការកម្ចាត់រាល់ការភ័យខ្លាចពីពពួកអមនុស្ស នាំមកនូវសិរីសួស្តី និងជួយបង្កើនសេចក្តីស្ងប់ស្ងាត់និងទំនុកចិត្តក្នុងចិត្តដល់អ្នកដែលបានសូត្ររំលឹកជាប្រចាំ។ បន្ទាប់ពីបានព្រះសណ្តាប់រួចមក ព្រះសម្មាសម្ពុទ្ធទ្រង់ក៏មានព្រះទ័យយល់ព្រម និងអនុញ្ញាតឱ្យភិក្ខុសង្ឃគ្រប់ព្រះអង្គ ទ្រទ្រង់និងសិក្សារៀនសូត្រនូវធម៌បរិត្តនេះ ដើម្បីជាប្រយោជន៍និងជាទីពឹងពំនាក់ដល់ពុទ្ធបរិស័ទតរៀងទៅ។ បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា ប្រភព៖ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.11
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿