បដិសម្ភិទាមគ្គ

|
មាតិកា (បដិសម្ភិទាមគ្គ) បញ្ញា (ការដឹងច្បាស់) ក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ បញ្ញាក្នុងការសង្រួមហើយតំកល់ទុក ឈ្មោះថា សមាធិភាវនាមយញ្ញាណ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ បញ្ញាក្នុងការបំប្រួញនូវពួកធម៌ជាអតីត អនាគត និងបច្ចុប្បន្ន ហើយកំណត់ទុក ឈ្មោះថា សម្មសនញ្ញាណ បញ្ញាក្នុងការឃើញនូវ ការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថា ឧទយព្វយានុបស្សនាញ្ញាណ បញ្ញាក្នុងការឃើញនូវអារម្មណ៍ថា បែកធ្លាយ ឈ្មោះថា វិបស្សនាញ្ញាណ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថា អាទីនវញ្ញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណា ឬការព្រងើយកន្តើយ ឈ្មោះថា សង្ខារុបេក្ខាញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភុញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំងពីរ ឈ្មោះថា មគ្គញ្ញាណ បញ្ញាដែលសម្រាប់រម្ងាប់នូវព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ បញ្ញាក្នុងការឃើញនូវធម៌ដែលតាំងឡើងក្នុងខណៈមគ្គផលនោះ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បញ្ញាក្នុងការកំណត់នូវអាយតនៈខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវអារម្មណ៍ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ បញ្ញាក្នុង ការកំណត់នូវការត្រាច់ទៅ (នៃវិញ្ញាណ) ឈ្មោះថា ចរិយានានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថា ភូមិនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវធម៌ ៩ ឈ្មោះថា ធម្មនានត្តញ្ញាណ បញ្ញាដែលជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថា ញាតដ្ឋញ្ញាណ បញ្ញាដែលជាគ្រឿងដឹងជ្រួតជ្រាប ឈ្មោះថា តីរណដ្ឋញ្ញាណ បញ្ញាដែលជាគ្រឿងលះ ឈ្មោះថា បរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថា ឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា ផស្សនដ្ឋញ្ញាណ បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថា អត្ថប្បដិសម្ភិទាញាណ បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថា ធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថា និរុត្តិប្បដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ បញ្ញាក្នុងវិបស្សនាវិហារផ្សេងៗ ឈ្មោះថា វិហារដ្ឋញ្ញាណ បញ្ញាក្នុងផលសមាបត្តិផ្សេងៗ ឈ្មោះថា សមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងវិហារសមាបត្តិផ្សេងៗ ឈ្មោះថា វិហារសមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងការផ្តាច់បង់នូវអាសវៈព្រោះសេចក្តីបរិសុទ្ធ ដោយសេចក្តីមិនរាយមាយ ឈ្មោះថា អានន្តរិកសមាធិញ្ញាណ បញ្ញា គឺទស្សនាធិបតេយ្យផង ការបាននូវវិហារដ៏ស្ងប់ផង សេចក្តីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តមផង ឈ្មោះថា អរណវិហារញ្ញាណ បញ្ញាដែលមានភាពស្ទាត់ជំនាញព្រោះហេតុប្រកបដោយកម្លាំងសមថៈ និងវិបស្សនាទាំង ២ ផង ព្រោះការរម្ងាប់នូវសង្ខារទាំង ៣ ផង ព្រោះញាណចរិយា ១៦ ផង ព្រោះសមាធិចរិយា ៩ ផង ឈ្មោះថា និរោធសមាបត្តិញ្ញាណ បញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅ (នៃកិលេស និងខន្ធ) របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថា បរិនិព្វានញ្ញាណ បញ្ញាដែលមិនប្រាកដក្នុងការផ្តាច់ផ្តិលដោយប្រពៃ នូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថា សមសីសដ្ឋញ្ញាណ បញ្ញាក្នុងការរំលត់នូវភ្លើងដ៏ក្រាស់ មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថា សល្លេខដ្ឋញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ បញ្ញាគឺការប្រកាសនូវធម៌ផ្សេងៗ ឈ្មោះថា អត្ថសន្ទស្សនញ្ញាណ បញ្ញាក្នុងត្រាស់ដឹងនូវការសង្រ្គោះធម៌ទាំងពួងឲ្យមានតែមួយ និងកិលេសមានភាពផ្សេងៗ ទាំងគុណធម៌មានសភាពតែមួយ ឈ្មោះថា ទស្សនវិសុទ្ធិញ្ញាណ បញ្ញាព្រោះការដឹង ឈ្មោះថា ខន្តិញ្ញាណ បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថា បរិយោគាហនញ្ញាណ បញ្ញាក្នុងការប្រមូល ឈ្មោះថា បទេសវិហារញ្ញាណ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្ដញ្ញាណ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថា ចេតោវិវដ្ដញ្ញាណ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថា ចិត្តវិវដ្ដញ្ញាណ បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថា ញាណវិវដ្ដញ្ញាណ បញ្ញាក្នុងការលះបង់ ឈ្មោះថា វិមោក្ខវិវដ្ដញ្ញាណ បញ្ញាក្នុងសេចក្តីពិត ឈ្មោះថា សច្ចវិវដ្ដញ្ញាណ បញ្ញាក្នុងអត្ថថា សម្រេចដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា និងលហុសញ្ញា ព្រោះកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថា ឥទ្ធិវិធញ្ញាណ បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្តមានភាពផ្សេងៗ ទាំងមានភាពតែមួយ ដោយអំណាចនៃកិរិយាផ្សាយទៅនៃវិតក្កៈ ឈ្មោះថា សោតធាតុវិសុទ្ធិញ្ញាណ បញ្ញាក្នុងការស្ទង់នូវការត្រាប់ទៅនៃវិញ្ញាណ ដែលមានសភាពផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃបសាទរបស់ឥន្រ្ទិយទាំងឡាយ ព្រោះផ្សាយទៅនៃចិត្តទាំង ៣ ឈ្មោះថា ចេតោបរិយញ្ញាណ បញ្ញាក្នុងការស្ទង់នូវពួកធម៌ដែលប្រព្រឹត្តទៅបានព្រោះបច្ច័យ ដោយអំណាចនៃកិរិយាផ្សាយទៅនៃកម្មដែលមានសភាពផ្សេងៗ គ្នា ទាំងមានសភាពតែមួយ ឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ បញ្ញាក្នុងអត្ថថា ឃើញនូវរូបនិមិត្តមានសភាវៈផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃពន្លឺ ឈ្មោះថា ទិព្វចក្ខុញ្ញាណ បញ្ញាដែលស្ទាត់ជំនាញនៃឥន្រ្ទិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ បញ្ញាក្នុងអត្ថថា កំណត់ដឹង ឈ្មោះថា ទុក្ខញ្ញាណ បញ្ញាក្នុងអត្ថថា លះ ឈ្មោះថា សមុទយញ្ញាណ បញ្ញាក្នុងអត្ថថា ធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា និរោធញ្ញាណ បញ្ញាក្នុងអត្ថថា ចំរើន ឈ្មោះថា មគ្គញ្ញាណ ទុក្ខញ្ញាណ ទុក្ខសមុទយញ្ញាណ ទុក្ខនិរោធញ្ញាណ ទុក្ខនិរោធគាមិនីបដិបទាញាណ អត្ថប្បដិសម្ភិទាញាណ ធម្មប្បដិសម្ភិទាញាណ និរុត្តិប្បដិសម្ភិទាញាណ បដិភាណប្បដិសម្ភិទាញាណ ឥន្រ្ទិយបរោបរិយត្តញ្ញាណ សត្តាសយានុសយញ្ញាណ យមកប្បាដិហិរញ្ញាណ មហាករុណាសមាបត្តិញ្ញាណ សព្វញ្ញុតញ្ញាណ អនាវរណញ្ញាណ នេះញាណ ៧៣ បណ្តាញាណ ៧៣ នេះ ញាណ ៦៧ ជាសាធារណៈដល់ពួកសាវ័ក ញាណ ៦ មិនសាធារណៈដល់ពួកសាវ័កទេ។ ចប់មាតិកា ។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ( ព្រះត្រៃបិដកលេខ ៦៩ )
|