Reading Article
Public date : 27, Jul 2019 (54,202 Read)
គុណព្រះសម្ពុទ្ធតែងញុំាងបំណងអ្នកមានសទ្ធាមាំឲ្យសម្រេច

|
រឿងឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ
(ចាក ម វា) (គុណព្រះសម្ពុទ្ធតែងញុំាងបំណងអ្នកមានសទ្ធាមាំឲ្យសម្រេច) កាលព្រះសម្ពុទ្ធបរិនិព្វានហើយ មានព្រះខីណាស្រពមួយព្រះអង្គបានយកឈើទ្រនាប់ព្រះសម្ពុទ្ធ ដាក់ក្នុងយាមនិមន្តទៅកាន់ជនបទមួយស្ថិតនៅខាងត្បូងនៃមហាពោធិព្រឹក្ស។ ក្នុងជនបទនោះមានជនជាសម្មាទិដ្ឋិខ្លះ មិច្ឆាទិដ្ឋិខ្លះស្មើភាគគ្នា ។ ចំណែកជនជាសម្មាទិដ្ឋិទំាងឡាយ បានឃើញព្រះខីណាស្រពយកឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធទៅនៅក្នុងស្រុករបស់ខ្លួនហើយ មានសទ្ធាជ្រះថ្លាចំពោះគុណនៃព្រះសម្ពុទ្ធដ៏ក្រៃលែង បាននាំគ្នាជញ្ជូនដីខ្សាច់យ៉ាងស្អាតល្មម មកធ្វើជាស្តូបចេតិយបញ្ចុះឈើទ្រនាប់ព្រះបាទនោះហើយនាំគ្នាគោរពបូជាធ្វើសក្ការៈរាល់ៗថ្ងៃ។ ឯជនមិច្ឆាទិដិ្ឋទាំងឡាយនំាគ្នាគោរពបូជា ធ្វើទីសក្ការៈចំពោះឥស្សរទេវតាគី (អារ័ក្ស អ្នកតា ខ្មោច បិសាច) មិនបានជ្រះថ្លាចំពោះគុណនៃព្រះសម្ពុទ្ធឡើយ។
ថ្ងៃមួយពួកជនទាំងពីរពួកនេះ បណ្តាលឲ្យកើតចលាចលយ៉ាងអស្ចារ្យ គឺជជែកភ្នាល់គ្នាអួតគុណរៀងៗខ្លួន ពួកជនសម្មាទិដិ្ឋអួតថាគុណព្រះសម្ពុទ្ធពូកែវិសេសអស្ចារ្យផុតក្នុងលោក ឥតមានគុណអ្វីប្រៀបស្មើបាន ឯជនមិច្ឆាទិដ្ឋិអួតថា គុណឥស្សរទេវតាគឺ អរ័ក្ស អ្នកតា ខ្មោច បិសាច ពូកែផុតផ្តាច់ក្នុងលោក។ រឿងជជែកបនេះកាន់តែធំឡើងៗ ក៏នាំគ្នាភ្នាល់ថាបើគុណខាងណាពូកែផុតក្នុងលោក សូមឲ្យគុណនោះធ្វើបាដិហារ្យឲ្យប្រាកដដល់ភ្នែកមហាជនទាំងអស់ លុះព្រមភ្នាល់គ្នាយ៉ាងនោះហើយ ក៏នាំគ្នាចូលទៅក្រាបទូលព្រះមហាក្សត្ររបស់ខ្លួន ព្រះមហាក្សត្រ ក៏កំណត់ថ្ងៃឲ្យភ្នាល់គ្នា ហើយឲ្យរាជអាមាត្យនាំគ្នាទៅវាយស្គរដើរទៅក្នុងព្រះរាជាណាចក្រទាំងមូលថា នៅ ៧ ថ្ងៃទៀតនឹងមានភ្នាល់គុណព្រះសម្ពុទ្ធ និងគុណឥស្សរទេវតា ក្នុងព្រះរាជណាចក្រយ៉ាងអស្ចារ្យឲ្យមហាជនមកជួបជុំមកធ្វើសាក្សី។ ឯពួកជនសម្មាទិដិ្ឋ នាំគ្នាជំរះស្មៅធ្វើមណ្ឌលតុបតែងព្រះស្តូបចេតិយ ដែលបញ្ចុះឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ។ ពូកជនមិច្ឆាទិដិ្ឋ នាំគ្នាធ្វើខ្ទមអ្នកតា រានទេព្តា ធ្វើស្លាធម៌ បាយសីគ្រប់ទីកន្លែងដែលខ្លួនបានទៅបន់ស្រន់។ កាល ៧ ថ្ងៃមកដល់ហើយ ពួកមហាជនក្នុងព្រះរាជណាចក្រទាំងមូល និងពួកជនបរទេសជាច្រើន បានមកជួបជុំគ្នាក្នុងទីភ្នាល់រាប់រយលាននាក់។ ពួកជនមិច្ឆាទិដ្ឋិ ក៏រៀបតុបតែងរានទេព្តា ខ្ទមអ្នកតា បូជាដោយស្លាធម៌បាយសីខ្លះ ក៏បញ្ជាន់អារក្សបញ្ចូលបង់បត់ឮសូរស្គរ និងសំលេងហ៊ោកញ្រ្ជៀវលាន់រំពង។ ឯពួកជនសម្មាទិដិ្ឋទាំងឡាយ នាំគ្នាទៅនមស្សការព្រះស្តូបចេតិយដែលបញ្ចុះឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ ហើយមានបណ្ឌិតជនម្នាក់ក្រោកឈរថ្លែងសច្ចៈវាចារ សរសើរគុណព្រះសម្ពុទ្ធ រៀបរាប់តាមពុទ្ធជ័យមង្គល ដែលព្រះអង្គទ្រង់ឈ្នះសត្រូវទាំងឡាយមានឈ្នះមារាធិរាជជាដើម ហើយនាំគ្នាអធិដ្ឋានថា " សូមឲ្យឈើទ្រនាប់ព្រះបាទបញ្ចុះក្នុងចេតិយ ធ្វើបដិហារ្យឲ្យអស្ចារ្យក្នុងពេលឥឡូវនេះ ដើម្បីប្រកាសគុណព្រះសម្ពុទ្ធឲ្យប្រាកដដល់មហាជននិងជួយសង្គ្រោះក្នុងពាលុកចេតិយ ក៏បញ្ចេញសំលេងលាន់រំពងក្នុងចេតិយ កំរើកញ័រមហាប្រថពី មួយស្របក់ក៏បែកព្រះចេតិយជាពីរ ហើយអណ្តែតឡើងទៅប្រតិស្ថានដ៏នភាល័យ បញ្ចេញពន្លឺរស្មី ៦ ពណ៌ភ្លឺឆើតអស្ចារ្យ។ ពួកមហាជនទាំងសម្មាទិដិ្ឋ និងមិច្ឆាទិដិ្ឋសម្បើមព្រឺព្រួចក្នុងចិត្តដរាបដល់ទន់ជង្គង់ ក្រាបចុះនៅលើផែនដីថ្វាយបង្គំនមស្សការស្រែកប្រកាសឮលាន់រំពងថា សូមដល់នូវព្រះពុទ្ធជាទីពឹងរលឹកដរាបដល់អស់អាយុ ទាំងព្រះមហាក្សត្រ ក៏បានថ្វាយព្រះអង្គជាឧបាសក យកព្រះពុទ្ធជាទីពឹងទីរលឹកដរាបដល់ទីបំផុតព្រះជន្ម។ ឯឈើទ្រនាប់ព្រះបាទកាលបើធ្វើបដិហារ្យហើយក៏បន្ទាបចុះទៅប្រតិស្ថានក្នុងពាលុកចេតិយដូចដើមវិញ។ តាំងពីនោះមក ពួកមិច្ឆាទិដ្ឋិជនគោរពរាប់អានជឿគុណព្រះសម្ពុទ្ធ ជាមួយនឹងពួកជនសម្មាទិដ្ឋិទាំងឡាយ ដរាបដល់អស់អាយុគ្រប់ៗគ្នា ។ ពួកជនទាំងឡាយក្នុងកាលនោះ លុះអស់អាយុហើយឥតមានជនណាមូយទៅអបាយភូមិឡើយ ខ្លះបានទៅកើតក្នុងស្ថានសួគ៌៦ជាន់ ខ្លះបានកើតក្នុងមនុស្សលោកនេះ បរិបូណ៌ដោយសេចក្តីសុខចម្រើន ។ ដោយ៥០០០ឆ្នាំ |