Reading Article
Public date : 27, Jul 2019 (25,723 Read)
សេចក្តីអធិប្បាយអំពីព្យាយាម

|
វីរិយកថា
គឺសេចក្តីអធិប្បាយអំពីព្យាយាម ប្រជាជនក្នុងលោក ដែលតាំងកសាងផ្តើមឡើង ជាបឋមនោះគឺរៀនសិល្បសាស្រ្តទាំងពួងឬស្វែងរកទ្រព្យសម្បត្តិដោយហត្ថកម្មជាដើម អាស្រ័យដោយអ្វី ថាអាស្រ័យដោយវីរិយព្យាយាម តែប្រាសចាកវីរិយហើយ នឹងកសាងធ្វើការអ្វីមិនសម្រេចទាំងអស់ វីរិយនេះជាសាធារណទូទៅ លើវិជ្ជាទាំងពួង ហើយជាទីកាត់បង់នូវទម្លាប់ខ្ជិល ច្រអូសនេះចេញ តាមធម្មតា មនុស្សកើតមកគ្មានវិជ្ជាសោះហៅថាល្ងង់ងងឹត លុះដល់មានព្យាយាមរៀនសូត្រដោយមាតាបិតា ឬរាជការជួយឧបត្ថម្ភដាស់តឿនទើបកើតវិជ្ជាចេះដឹងឡើង រីវិជ្ជានេះជាទីផ្លូវបង្កើតប្រាជា្ញនិងទ្រព្យសម្បត្តិ ហេតុនេះមនុស្សយើងកុំស្ថិតនៅជាមនុស្សធម្មតា គឺកើតឡើងល្ងង់នៅជាល្ងង់ ក្រនៅជាក្រនោះឡើយ ត្រូវប្រែទៅតាមសម័យដែលរាប់អានថាល្អពិតយកមកនមស្សការ ទុកដាក់ក្នុងចិត្តជានិច្ច កិរិយាដែលប្រែប្រួលពីមនុស្សធម្មតាបានដូច្នេះ ត្រូវឲ្យលះបង់ខ្ជិលច្រអូសចេញ ឲ្យមានវីរិយរៀនសូត្រសិល្បសាស្រ្ត និងខំធ្វើការងាររកទ្រព្យសម្បត្តិឲ្យមានឡើងគឺវិជ្ជាឬវត្ថុអ្វីដែលមិនមាន នោះត្រូវព្យាយាមរៀនរកឲ្យមានឡើង បើមានឡើងហើយ ត្រូវព្យាយាមឲ្យរឹតតែចេះដឹងមានច្រើនឡើងតទៅទៀត នេះវីរិយខាងគតិលោក វីរិយគតិធម្មវិញហើយថាសម្មាវាយាមោព្យាយាម ដ៏ប្រពៃមាន ៤ យ៉ាងគឺ៖
១. អកុសលចិត្ត ឯណាមិនទាន់បង្កើតឡើង ត្រូវព្យាយាមបំបាត់កុំឲ្យបង្កើតឡើង ។ ២. អកុសលចិត្ត ឯណាបង្កើតឡើង ត្រូវព្យាយាមឲ្យលះបង់ចោលចេញ ។ ៣. កុសលចិត្ត ឯណាមិនទាន់បង្កើតឡើង ត្រូវព្យាយាមឲ្យមាន ឲ្យកើតឡើង ។ ៤. កុសលចិត្ត ឯណាបង្កើតឡើយហើយ ត្រូវព្យាយាមឲ្យរឹងរឹតតែបង្កើតឡើងតទៅទៀត រីសិល្បសាស្ត្រខាងលោកខាងធម៌ក្តី ទ្រព្យសម្បតិ្តធនធានក្តី កើតមានឡើងដោយកិរិយារៀន រក ដូចពាក្យទំនៀមថា ចេះព្រោះរៀនមានព្រោះរកតាមសតិនិងតម្រិះតិចច្រើន ប្រៀបដូចខ្សែស្ទង់ទឹក បើខ្សែវែងក៏ដឹងទឹកជ្រៅ បើខ្សែខ្លីក៏ដឹងទឹករាក់តាមភាព វាសនា នឹងបង្អង់ឈប់ពុំបាន ឯការងារមានច្រើនប្រភេទ ច្រើនសណ្ឋាន នឹងធ្វើការមួយមុខៗ អស់ការនោះហើយឈប់ដើរលេងនោះ ហៅថាមិនល្មមនឹងចិញ្ចឹមជីវិតបាន ព្រោះហេតុអ្វី ថាព្រោះខ្ជិលក៏មាន ព្រោះមិនយល់ផ្លូវរកស៊ីនាំទុញទាល់គំនិតក៏មាន ដោយហេតុមិនរៀនសិល្បសាស្រ្តខាងជំនួញ ហេតុនេះបានជាសម្តែងថា វីរិយ ជាមូលហេតុឲ្យកើតប្រាជ្ញាក្រាស់ដូចផែនដី តែប្រាសចាកវីវិយហើយ ប្រាជ្ញានោះក៏សាបសូន្យបាត់ទៅ អធិប្បាយថា តម្រិះវិជ្ជាទាំងពួងត្រូវស្វាធ្យាយឲ្យរឿយៗ តែគ្មានវីរិយស្វាធ្យាញហើយនឹងភ្លេចវង្វេងបាត់ទៅ ប្រៀបដូចជាផ្ទះបើលិចបែកបាក់ត្រូវជួសជុលឲ្យឆាប់ បើមិនជួសជុលនឹងវិនាសខូចទៅជាអសារឥតការ ម៉្យាងទៀត ដូចជារូបកាយឬវត្ថុជាបរិក្ខារ ត្រូវតែជម្រះឲ្យស្អាតកុំឲ្យក្អែលឬច្រេះស្នឹម នឹងចម្រើនស្ថិតស្ថេរចីរកាលតទៅ នោះមានឧបមាដូចម្តេច មានឧបមេយ្យដូចតម្រិះវិជ្ជាដូច្នោះឯង ។ សម័យនេះនឹងចង្អុលឲ្យឃើញថាវីរិយធ្លាក់ក្នុងស្រុកប្រទេសណា ស្រុកប្រទេសនោះច្រើនមានភោគសម្បត្តិ និងសិល្បសាស្ត្រប្រើការគ្រប់យ៉ាង ដែលត្រូវការក្នុងលោកសមដូច ពុទ្ធភាសិតថា ពហូ សច្ចព្ចា សិប្បព្ចា ឯតម្មន្ត មុត្តមំ អធិប្បាយថា សេចក្តីស្តាប់ច្រើន និងរៀនយកនូវសិល្បសាស្រ្តជាមង្គលដ៏ឧត្តម ជាទីឲ្យចម្រើនក្នុងលោក និងបរលោក ភាសិតនេះជាពាក្យប្រដៅវិសេសណាស់ យើងគប្បីប្រតិបត្តិតាម កុំធ្វេសប្រហែស ដើម្បីបំបាត់នូវពាក្យពោលផ្សំនិងខ្ជិល ថាខំរៀនខំរកអីពេកស្រេចនៅសំណាងនោះចេញ ព្រោះយើងមើលមិនឃើញទៅខាងមុខដូចម្តេច សូម្បីព្រះពុទ្ធអង្គកាលពុំទាន់បានត្រាស់ក្នុងបច្ឆិមជាតិនេះ ទ្រង់មានវីរិយធ្វើទុក្ករកិរិយា ៦ព្រះវស្សា ទើបបានត្រាស់មិនបាននៅផ្ទំស្ងៀមចាំសំណាងនោះឡើយ ។ ហេតុនេះត្រូវតាំងវីរិយរៀនវិជ្ជាឬធ្វើការងារឲ្យឆាប់ៗ ទើបបានសម្រេចប្រយោជន៍ ដោយខំផ្សំនិងសំណាងកសាងនោះផង សមដូចភាសិតថាឲ្យមានវីរិយំ សច្ចំ កុសល ។ ន័យមួយទៀត មានវីរិយត្រូវប្រកបដោយឥរិយា ៤យ៉ាង គឺដេក ដើរ ឈរ អង្គុយ ឲ្យស្មើគ្នាតែឲ្យជ្រុលទៅដោយឥរិយាបថណាមួយនោះ នឹងបង្កើតឡើងនៅសមុដ្ឋានរោគ តែប្រទេសយើង មិនសូវមានអ្នកណាព្យាយាមជ្រុលពេកនោះទេ ច្រើនតែរៀនចេះល្មមប្រើការបានសន្មតថាចេះ ហើយក៏ឈប់ទៅ។ ឯអ្នកធ្វើការងារក៏ដូចគ្នា ច្រើនពោលពាក្យភ័ន្តច្រឡំផ្សំនិងខ្ជិលថា កុំលោភពេករីផ្លូវធ្វើការងាររករបរ គឺជួញព្រែ ធ្វើស្រែចំការច្បារដំណាំជាដើម នោះឈ្មោះថាធ្វើការប្រោសចាកទោស ហៅថាសម្មាអាជីវោ ចិញ្ចឹមជីវិតដោយប្រពៃ ឯហៅថាលោភនោះ គឺចិញ្ចឹមជីវិតដោយមច្ឆាជីវ មានលួចទ្រព្យគេជាដើម ។ ឯកិច្ចដែលវីរិយធ្វើការងារមិនធ្វេសប្រហែស ប្រយ័ត្នមិនឲ្យខូចខាតនេះជាមង្គលដ៏ប្រសើរ ក្នុងឥធលោកនិងបរលោក ។ សម្តែងមកតាំងពីដើមបទ រហូតដល់ទីបំផុតបទ សន្មតថាចប់ដោយសង្ខេបនេះ ដើម្បីឲ្យឃើញថាសិល្បសាស្រ្ត និងភោគសម្បត្តិ បង្កើតឡើងនាំថ្កើងដល់ស្រុកនគរ នេះដោយវីរិយ វីរិយនេះជាទីទ្រទ្រង់នូវវិជ្ជា និងសម្បត្តិកំចាត់បង់នូវល្ងង់ខ្លៅ និងខ្សត់អត់ឃ្លានថោកថយ ជាដែនឲ្យរុងរឿងទៅអនាគតកាល ។ អ្នកឧកញ៉ា សុភាធិរាជ-ស៊ូរ ដកស្រង់ទាំងស្រុងចេញពី ទស្សនាវដ្តីកម្ពុជសុរិយា ចេញផ្សាយក្បាលលេខ ៨ ឆ្នាំ១៩២៦ -១៩២៧ ត្រង់ទំព័រ៤៦ តទៅ។ ដោយ៥០០០ឆ្នាំ |