Reading Article
Public date : 20, Oct 2021 (34,538 Read)
រឿងនិសិ្សតឈ្មោះគំរក់

|
រឿងនិសិ្សតឈ្មោះគំរក់
( ចាក នា. ឯ. ) ( អាក្រក់ចុះឪ្យតែល្អ ក្រចុះឪ្យតែមាន ) កាលកន្លងទៅយូរមកហើយ ព្រះពោធិសត្វ ទ្រង់ព្រះជាតិជាអាចារ្យទិសាបាមោក្ខ មាននាមល្បីល្បាញក្នុងកត្តសិលា តែងបង្រៀនកូនសិស្ស ៥០០ នាក់ ជានិច្ចរាល់ថ្ងៃ ។
កាលនោះ មាននិសិ្សតម្នាក់ឈ្មោះ គំរក់ ជាឈ្មោះកំណើត ដែលមាតា បិតាដាក់ឪ្យ ( បាលីថា បាបកៈ ) នៅរៀនក្នុងសំណាក់ព្រះពោធិសត្វនោះ ។ រាល់តែថ្ងៃនិសិ្សតទាំងឡាយជាគូកន នាំគ្នាហៅលេងសើចថា អាគំរក់ៗ ដូច្នេះ ព្រះពោធិសត្វ ក៏លោកហៅថាគំរក់ដូច្នោះដែរ ព្រោះជាឈ្មោះស្រាប់ទៅហើយ ។ និសិ្សតគំរក់នោះ នឹកអន់ចិត្តនឹងឈ្មោះខ្លួនមិនល្អ ក៏ចូលទៅសុំព្រះពោធិសត្វ ជាអាចារ្យផ្លាស់ឈ្មោះឪ្យ ។ ព្រះពោធិសត្វថា បើដូច្នោះ ឯងចូលដើរទៅក្នុងនិគមជនបទ រាជធានីស្វែងរកឈ្មោះដែលល្អ ប្រកបដោយសិរីសួស្តី ជ័យមង្គលរបស់បុគ្គលណាមួយ ដែលជាទីពេញចិត្តរបស់ឯង ឪ្យបានមក ចាំអញផ្លាស់ឈ្មោះឪ្យ ។ និសិ្សតគំរក់ ធើ្វតាមពាក្យអាចារ្យ រៀបចំដំណើរថ្វាយបង្គំលា ត្រេចចរទៅក្នុងនិគមជនបទ រាជធានីផ្សេងៗ ដើម្បីស្វែងរកឈ្មោះឪ្យបានល្អ ក៏បានទៅដល់នគរមួយ ជួបនឹង អ្នកនគរកំពុងហែ សពទៅព្រៃស្មសាន ទើបនិសិ្សតគំរក់សួរគេថា ៖ សូមទោស ! អ្នកស្លាប់នេះឈ្មោះអ្វី? គេប្រាប់ថាឈ្មោះ រស់ (បាលីថា ជីវកៈ) ។ និសិ្សតគំរក់លាន់មាត់ថា ! អើបើឈ្មោះ រស់ ហើយម្តេចក៏ស្លាប់ ? គេថានែ ! នេះធម្មតារបស់មនុស្សសត្វ បើទុកជាឈ្មោះ រស់ ក៏ដោយឈ្មោះ កើតក៏ដោយ ឈ្មោះជាក៏ដោយ មិនអាចជៀសពីការ ចាស់ ឈឺ ស្លាប់ ទេ ។ និសិ្សតគំរក់ ស្តាប់ពាក្យគេហើយ អស់សង្ឃឹមរវើយគំនិត ក៏ដើរឈៀងចូលទៅភូមិមួយ ឃើញនាយចៅហ្វាយ ម្នាក់កំពុងវាយសំពងទាសី ដែលខ្ជះខ្ជាយ ធ្វើឪ្យបាត់ទ្រព្យរបស់គេ ។ និសិ្សតគំរក់ឃើញហើយ សួរថា នាងនេះមានទោសដូចម្តេច បានជាលោកវាយដល់ម្លឹង ? គេប្រាប់ថា បានជាវាយព្រោះវាខ្ជះខ្ជាយ មិនចេះថែរក្សាទ្រព្យសម្បត្តិ ។ និសិ្សតគំរក់សួរថា ចុះនាងនេះឈ្មោះអ្វី ? គេប្រាប់ថាឈ្មោះរក្សាទ្រព្យ (បាលីថា ធនបាលី )។ ចុះបើឈ្មោះល្អម្លឹង ៗ ក៏មិនចេះថែរក្សាទ្រព្យ ? គេប្រាប់ថា នាងឯងកុំសង្ស័យឈ្មោះនោះ គេគ្រាន់តែកំណត់ឪ្យងាយស្គាល់ ងាយចំណាំគ្នាទៅវិញទៅមកប៉ុណ្ណោះទេ មិនមែនឈ្មោះឪ្យសុខទុក្ខបានឡើយ ។ និសិ្សតគំរក់ឮ ហើយរឹតស្បើយគំនិត ក្នុងការស្វែងរកឈ្មោះល្អ ក៏ត្រលប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ឃើញបុរសម្នាក់ដើរវិលចុះ វិលឡើង ក៏សួរថា អ្នកដើរវិលវល់មានការអ្វី ? គេប្រាប់ថា ខ្ញុំវង្វេងផ្លូវ ។ និសិ្សតគំរក់ ក៏សួរចង់ដឹងឈ្មោះអ្នកនោះទៀត គេប្រាប់ថា ខ្ញុំឈ្មោះអ្នកស្គាល់ផ្លូវ ( បាលីថា បន្ថកៈ ) ចុះឈ្មោះចំណាប់ម្លឹង ម្តេចក៏រកផ្លូវមិនឃើញ ? គេឆ្លើយតបវិញថា សំខាន់អ្វីត្រង់ឈ្មោះ ស្រេចតែនឹងខ្ញុំវង្វេង អ្នកឯងក៏ឆោតម៉្លេះ ។ និសិ្សតគំរក់ ត្រូវគេស្តីឪ្យថាឆោត ក៏លែងស្វែងរកឈ្មោះទៀត ត្រលប់ទៅកាន់សំណាក់លោកអាចារ្យវិញ ។ ព្រះពោធិសត្វ ជាអាចារ្យសួរថា ម៉េចឯងទៅរកឈ្មោះល្អបានហើយឬនៅ ? និសិ្សតគំរក់ថា ឥតអំពើទេ ដើរទៅឪ្យតែខាតរៀន អាឈ្មោះ រស់ បែរជាងាប់ មីឈ្មោះ រក្សាទ្រព្យ បែរជាធ្វើឪ្យបាត់ទ្រព្យគេ ត្រូវដំបង អាឈ្មោះ ស្គាល់ផ្លូវ ទៅជាវង្វេងរកផ្លូវទៅផ្ទះមិនឃើញ ។ ខ្ញុំបាទឈប់ផ្លាស់ឈ្មោះហើយ ម៉ែឪខ្ញុំឪ្យមកយ៉ាងណានៅយ៉ាងនោះចុះ ។ ព្រះពោធិសត្វ ឮដូច្នោះហើយ ក៏សូត្រពាក្យស្លោកថា ជីវកញ្ច មតំ ទិស្វា ធនបាលីញ្ច ទុគ្គតំ
បន្ថកញ្ច វរន មុឡ្ហំ បាបកោ បុន វា គតោ ។ សេចក្តីថា និសិ្សតឈ្មោះ គំរក់ បានឃើញ អារស់ វាស្លាប់ មីរក្សាទ្រព្យ វាខ្ជះខ្ជាយ អាស្គាល់ផ្លូវ វាវង្វេងក្នុងព្រៃ ក៏ត្រលប់មកវិញបានឈ្មោះ គំរក់ ៗ ដដែល ។
តាំងពីពេលនោះ ដរាបទៅ និសិ្សតគំរក់លែងគិតគូ ត្រង់ឈ្មោះ គិតតែខំរៀនសូត្រ ដរាបដល់បានសំរេចវិជ្ជា តាមបំណងរបស់ខ្លួនហោង ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក អត្តបទនេះវាយបញ្ជូលដោយ កញ្ញា ហេង សំដាណែត ដោយ៥០០០ឆ្នាំ |