Reading Article
Public date : 19, Jun 2021 (6,010 Read)
ចូឡសុវជាតក

|
ចូឡសុវជាតក
ដោយ៥០០០ឆ្នាំ(បិដកខ្មែ៛ថា ចុល្លសុវករាជជាតក) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធវេរញ្ជកណ្ឌ (វិនយបិដកលេខ ១ ទំព័រ ១) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សន្តិ រុក្ខា ដូច្នេះជាដើម ។ កាលព្រះសាស្ដាគង់នៅចាំវស្សាក្នុងស្រុកវេរញ្ជា ហើយយាងតាមលំដាប់មកដល់ក្រុងសាវត្ថី ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតជា ខត្តិយសុខុមាលជាតិ ជាពុទ្ធសុខុមាលជាតិ ទ្រង់ប្រកបដោយឥទ្ធានុភាពច្រើន កាលនៅចាំវស្សាអស់ ៣ ខែដោយការនិមន្តរបស់វេរញ្ជព្រាហ្មណ៍ ទ្រង់មិនបានភិក្ខាសូម្បីតែមួយថ្ងៃអំពីសម្នាក់ព្រាហ្មណ៍នោះ ដោយអំណាចនៃមារបង្វិលចិត្ត ទ្រង់លះសេចក្ដីល្មោភក្នុងអាហារ ទ្រង់ញ៉ាំងព្រះជន្មឲ្យប្រព្រឹត្តទៅដោយអាហារសម្រាប់សេះមួយនាឡិអស់ ៣ ខែ ស្ដេចមិនយាងទៅក្នុងទីដទៃ សេចក្ដីប្រាថ្នាតិច និងសេចក្ដីសន្តោសរបស់ព្រះតថាគត អស្ចារ្យណាស់ ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការលះសេចក្ដីល្មោភក្នុងអាហារ ក្នុងកាលឥឡូវនេះ របស់តថាគត មិនជាអស្ចារ្យទេ សូម្បីក្នុងកាលមុន កាលតថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារដែរ ដូច្នេះហើយ ព្រះអង្គទើបនាំអតីតនិទានមក ។ រឿងរ៉ាវសូម្បីទាំងអស់ អ្នកសិក្សាគប្បីឲ្យពិស្ដារដោយន័យដំបូងនោះឯង ។ (សេ្តចហង្សនិយាយនឹងសេ្តចសេកថា) សន្តិ រុក្ខា ហរិបត្តា, ទុមា នេកផលា ពហូ; កស្មា នុ សុក្ខេ កោឡាបេ, សុវស្ស និរតោ មនោ។ ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្គត់ឈើពុកស្ងួត ។ (សេ្តចសេកនិយាយតបវិញថា) ផលស្ស ឧបភុញ្ជិម្ហា, នេកវស្សគណេ ពហូ; អផលម្បិ វិទិត្វាន, សាវ មេត្តិ យថា បុរេ។ យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅដូចដើម ។ (ស្តេចហង្សនិយាយថា) សុក្ខញ្ច រុក្ខំ កោឡាបំ, ឱបត្តមផលំ ទុមំ; ឱហាយ សកុណា យន្តិ, កិំ ទោសំ បស្សសេ ទិជ។ សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសម្គាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច ។ (សេ្តចសេកនិយាយថា) យេ ផលត្ថា សម្ភជន្តិ, អផលោតិ ជហន្តិ នំ; អត្តត្ថបញ្ញា ទុម្មេធា, តេ ហោន្តិ បក្ខបាតិនោ។ ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថាមានប្រាជ្ញាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញ៉ាំងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស ។ (ស្តេចហង្សនិយាយថា) សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តធម៌នេះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណានីមួយ ចូរទទួលយកពរនោះចុះ ។ (សេ្តចសេកនិយាយថា) អបិ នាម នំ បស្សេយ្យំ, សបត្តំ សផលំ ទុមំ; ទលិទ្ទោវ និធិំ លទ្ធា, នន្ទេយ្យាហំ បុនប្បុនំ។ ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយរឿយ ៗ ដូចមនុស្សកម្សត់ បានកំណប់ទ្រព្យ ។ (អភិសម្ពុទ្ធគាថា) តតោ អមតមាទាយ, អភិសិញ្ចិ មហីរុហំ; តស្ស សាខា វិរូហិំសុ, សីតច្ឆាយា មនោរមា។ លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោច នូវឈើដុះលើផែនដី ដើមឈើនោះ មានមែកលូតលាស់ត្រសាយត្រសុំ មានម្លប់ដ៏ត្រជាក់ ជាទីរីករាយនៃចិត្ត ។ (ស្តេចសេកនិយាយថា) ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចជាខ្ញុំដែលបានសេចក្តីសុខ ព្រោះឃើញនូវដើមឈើដ៏ប្រកបដោយផ្លែ ក្នុងថ្ងៃនេះ ។ (អភិសម្ពុទ្ធគាថា) សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាន នៃទេវតាទាំងឡាយ ជាមួយនឹងភរិយា ។ សូម្បីបញ្ហានិងពាក្យតបបញ្ហា សូម្បីអត្ថសេចក្ដី អ្នកសិក្សាគប្បីជ្រាបតាមន័យដំបូងនោះឯង ចំណែកក្នុងជាតកនេះ ខ្ញុំនឹងពណ៌នាបទដែលលំបាកប៉ុណ្ណោះ ។ បទថា ហរិបត្តា សេចក្ដីថា ដេរដាសដោយស្លឹកពណ៌ខៀវ ។ បទថា កោឡាបេ សេចក្ដីថា ដែលមិនមានខ្លឹម កាលខ្យល់បក់ មានសំឡេងដូចគេសំពង ។ បទថា សុវស្ស សេចក្ដីថា ព្រោះហេតុអ្វី ស្ដេចសេកសុវរាជដ៏មានអាយុមានចិត្តត្រេកអរស៊ប់នឹងដើមឈើ ដែលមានសភាពបែបនោះ ។ បទថា ផលស្ស សេចក្ដីថា ផ្លែដើមឈើនោះ។ បទថា នេកវស្សគណេ សេចក្ដីថា ជាច្រើនឆ្នាំ ។ បទថា ពហូ សេចក្ដីថា សូម្បីអស់កាលច្រើនរយឆ្នាំ មិនមែន ២ ឆ្នាំ មិនមែន ៣ ឆ្នាំ គឺច្រើន ។ បទថា វិទិត្វាន សេចក្ដីថា សេកសុវរាជកាលប្រកាសសេចក្ដីនោះទើបពោលថា បពិត្រស្ដេចហង្ស ឥឡូវនេះ សូម្បីខ្ញុំដឹងថា ដើមឈើនេះមិនមានផ្លែ មេត្រីភាពជាមួយនឹងដើមឈើនោះក្នុងកាលមុនយ៉ាងណា មេត្រីភាពនោះ ពួកខ្ញុំនឹងមិនទម្លាយមេត្រីភាពនោះ ព្រោះថាអ្នកដែលទម្លាយមេត្រីភាព ឈ្មោះថា ជាមនុស្សមិនល្អ ជាអសប្បុរស ។ បទថា អបិ នាម នំ សេចក្ដីថា បពិត្រស្ដេចហង្ស បើសេចក្ដីប្រាថ្នារបស់ខ្ញុំគប្បីបាន ពរដែលលោកឲ្យ គប្បីសម្រេច ខ្ញុំចង់ឃើញដើមឈើនេះមានស្លឹក មានផ្លែម្ដងទៀត បន្ទាប់មក ខ្ញុំដែលជាសត្វកម្សត់បានកំណប់នេះ នឹងគប្បីត្រេកអរនឹងដើមឈើនោះរឿយៗ កាលបានឃើញដើមឈើនោះ ខ្ញុំនឹងមានចិត្តរីករាយ ។ បទថា អមតមាទាយ សេចក្ដីថា ឋិតនៅដោយអានុភាពរបស់ខ្លួន កាន់យកទឹកទន្លេគង្គា មកស្រោច ។ ក្នុងជាតកនេះ មានអភិសម្ពុទ្ធគាថា ២ មួយអន្លើដោយគាថាទាំងឡាយនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ស្ដេចសេកសុវរាជ គឺ តថាគត នេះឯង ។ ចប់ ចូឡសុវជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤២) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. |