Reading Article
Public date : 29, Jan 2021 (26,193 Read)
ទឹកភ្នែករយលានតំណក់ស្រក់លើថ្ពាល់ម៉ែ

|
ទឹកភ្នែករយលានតំណក់ស្រក់លើថ្ពាល់ម៉ែ
ក្រឡេកមើលទៅថ្ងៃទៀបលិច នៅជើងមេឃដែលរំកិលខ្លួនបន្តិចម្ដងៗទៀបនឹងអស្ដង្គត រលត់ផុតពីភពផែនដីនេះទៅ ហើយស្បៃងងឹតនៃរាត្រីកាល ក៏ចូលមកជំនួសវិញ ធ្វើឲ្យផែនដីទាំងមូល ដែលធ្លាក់តែមានភាពស្រស់ឆើតឆាយ ប្រែក្លាយទៅជាងងឹត អួអ័ព្ទ បាត់បង់សម្រស់អស់គ្មានសល់ ប្រៀបបីដូចជាដួងហឫទ័យរបស់អ្នកម្ដាយថ្លៃនាពេលនេះ ដែលកំពុងតែខ្វាយខ្វល់រសាប់រសល់ចុកឆ្អល់ រកកល់នឹងសន្លប់ ថប់ពេញដើមទ្រូង ស្ទើរតែបាត់បង់ស្មារតីម្ដងៗ ព្រោះម៉ែខកបំណងនឹងកូន តែម៉ែខំប្រឹងទប់ទាំងខ្លោចផ្សា ទប់ទាំងទឹកនេត្រាមិនឈប់ឈរ ម៉ែរងទុក្ខវេទនាបែបនេះព្រោះអ្នកណា គឺព្រោះតែបុត្រាបុត្រីហេតុអ្វីក៏បុត្រថ្លៃ ធ្វើឲ្យទឹកភ្នែកម៉ែហូរមិនឈប់ឈរបែបនេះ។ ម៉ែតែងតែសង្ឃឹមញញឹមទុកក្នុងចិត្តជានិច្ចថា កូនរបស់ម៉ែពេលធំឡើង នឹងក្លាយខ្លួនជាកូនល្អ តែផ្ទុយខុសស្រឡះ ពីចិត្តគំនិតដែលម៉ែរំពឹងទុកព្រោះកូនមិនស្ដាប់ការទូន្មានរបស់ម៉ែ។ កាលកូននៅតូច ទឹកភ្នែកម៉ែ មិនសូវជាស្រក់ហូរមកប៉ុន្មានទេ តែដល់ពេលកូនធំឡើង ទឹកភ្នែករបស់ម៉ែស្រក់ឥតស្រាកស្រាន្ត ស្រក់គ្រប់ពេលវេលា ស្រក់រៀងរាល់រាត្រី ព្រោះកូនគ្មានមេត្តាត្រាប្រណីដល់ឱរារបស់អ្នកម្ដាយសោះឡើយ។ កូនមានដឹងទេថាពេលនេះទ្រូងរបស់ម៉ែស្ទើរបែកធ្លាយជាចំណែកៗទៅហើយ ពេលដែលកូនមិនបានដឹងគុណម៉ែ កូនមិនស្ដាប់តាមពាក្យទូន្មានរបស់ម៉ែ កូនធ្វើឲ្យម៉ែលំបាកចិត្តឥតល្ហែល្ហើយឡើយ។ ឃើញឈាមម៉ែស្រក់ ក៏ព្រោះតែម៉ែប្រឹងប្រែងចិញ្ចឹមកូន ម៉ែធ្វើការគ្រប់បែបយ៉ាង គឺដើម្បីកូន ម៉ែទទួលរងនូវសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងក៏ដើម្បីកូន ហើយទឹកភ្នែករយលានតំណក់ស្រក់លើថ្ពាល់ម៉ែ ក៏ព្រោះតែកូនដែរ អ្វីៗ ទាំងអស់ដែលម៉ែលះបង់ មិនមែនដើម្បីអ្នកណាដទៃឡើយគឺដើម្បីតែកូនម្នាក់ប៉ុណ្ណោះ តើហេតុអ្វីបានជាកូន មិនយល់ចិត្តម៉ែ? បើម៉ែបានលះបង់អ្វីៗ គ្រប់បែបយ៉ាងចំពោះកូនទៅហើយនោះ ម្ដេចក៏កូនចេះតែធ្វើឲ្យម៉ែស្រក់ទឹកភ្នែកមិនឈប់ឈរបែបនេះ? ហេតុអ្វីបានជាកូន មិនដែលធ្វើឲ្យម៉ែ សប្បាយចិត្តម្ដងណាអ៊ីចឹង? ថ្ងៃណាក៏ម៉ែយំ រាត្រីណាក៏ម៉ែស្រក់ទឹកភ្នែក គឺម៉ែយំយែកព្រោះតែកូនធ្វើបាបចិត្តម៉ែ។ ចិត្តម៉ែខ្ទេចខ្ទាំគ្រាំគ្រារងទុក្ខវេទនា គ្រប់ពេលវេលា ព្រោះតែរូបកូនប្រុសស្រីគ្រប់គ្នា សូមកូនមេត្តាដល់ទឹកនេត្រារបស់ម៉ែផង!!!.... ណា៎កូនណា៎.....! ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |