Reading Article
Public date : 06, Nov 2021 (47,263 Read)
វិបាករបស់បុណ្យ

|
វិបាករបស់បុណ្យ
បុណ្យទាំងអស់សុទ្ធតែមានវិបាក កាលណាគេធ្វើបុណ្យអ្វីក៏ដោយ វិបាករបស់បុណ្យរមែងកើតឡើងគ្រប់ពេលដែលគេធ្វើ ព្រោះបុណ្យជាតួកម្ម វិបាកជាតួផល បុណ្យ បាបនិងកម្ម ឬ កុសលកម្ម អកុសលកម្ម សម្រាប់ប្រើសម្រាប់ផ្លាស់ប្តូរគ្នាបាន ។ ដូចនេះ មិនមានកម្មណា ដែលធ្វើក្នុងថ្ងៃនេះ ថ្ងៃស្អែកឡើង ទើបមានវិបាកនោះទេ ។ ក្នុងរឿងនេះ បើជាធ្វើសេចក្តីប្រៀបធៀប ឧបមា ដើម្បីឲ្យងាយយល់នោះ គ្រឿងប្រដាប់ឬមធ្យោបាយទាំងឡាយមាន រូបកាយ, ចិត្តវិញ្ញាណ, ពាក្យសម្តី, ទ្រព្យសម្បត្តិ, ។ ល ។ លោកទុកដូចជាតួត្រា បោះឬការបោះ គឺកិរិយាចាប់នូវតួត្រាសង្កត់ ឬចុច ។ ស្នាម ដែលកើតមានឡើងចាកតួត្រា, ចាកការបោះ លោកទុកដូចជាវិបាក ។ វិបាកនៃបុណ្យបានដិតជាស្នាម ឬបានចុចជាចំណុចនៅលើ ធម្មធាតុមួយ ហៅថា វិញ្ញាណ ឬ ចិត្ត ។ ស្នាមនេះ ជាប់នៅរហូតអស់រយៈកាយដ៏វែង ដរាបណាមនុស្សយើងមិនទាន់បាន សម្រេចព្រះនិព្វាន ដរាបនោះ ស្នាមនោះមិនបានមិនរលុបឡើយ ។ ដោយអាស្រ័យហេតុនេះ ទើបមនុស្សជិតស្លាប់ ម្នាក់ ៗ តែងកើតនិមិត្តទាំងឡាយ ៣ គឺ កម្ម, កម្មនិម្មិត, គតិនិម្មិត ។ នេះព្រោះហេតុអ្វី ? ព្រោះស្នាមរបស់បុណ្យ ឬ បាប បានឲ្យផលម្តងទៀត ក្នុងពេលដែលវិញ្ញាណ ឈប់ទទួលស្គាល់ក្នុង កិរិយាទាំងឡាយ ៥ គឺ ភ្នែគ, ត្រចៀក, ច្រមុះ, អណ្តាត, កាយ ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |