Reading Article
Public date : 06, Jul 2021 (66,856 Read)
ជីវិតស្ងប់ពិត

|
ជីវិតស្ងប់ពិត
ក្នុងសំយុត្តនិកាយ សគាថវគ្គ សក្កសូត្រ បិដកលេខ ៣០ , ទំព័រ ២០៨ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំ គិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ គ្រានោះឯង យក្សឈ្មោះសក្កៈ បាន ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោល គាថា នឹងព្រះដ៏មានព្រះភាគថា ការប្រៀនប្រដៅបុគ្គលដទៃណាៗ មិនសមគួរដល់សមណៈ ដូចជាលោក ដែលជាអ្នកលះបង់នូវកិលេសជាគ្រឿងដោតក្រង មានចិត្តផុតស្រឡះ ជាអ្នកស្ងប់រំងាប់ហើយនោះទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសក្កៈ ការនៅ ជាមួយគ្នាបានកើតឡើងដោយហេតុណា បុគ្គលអ្នកមានប្រាជ្ញាមិន គប្បីអនុគ្រោះនូវហេតុនោះ ដោយត្រឹមតែចិត្តទេ បើបុគ្គលមាន ចិត្តជ្រះថ្លា ប្រៀនប្រដៅបុគ្គលដទៃ ដោយពាក្យណា ទុកជាបុគ្គល ដទៃនោះ មិនប្រកបខ្លួនតាមពាក្យនោះក៏ដោយ ការប្រៀនប្រដៅ នោះ ក៏ឈ្មោះថាការអនុគ្រោះដោយការអាណិតអាសូរដែរ ។ នៅក្នុងព្រះសូត្រមួយនេះ បានបញ្ជាក់ប្រាប់ឱ្យយើងយល់ អំពីគំនិតរបស់យក្ស ដែលគិតថា បុគ្គលអស់កិលេសហើយ ចាំបាច់ មករវល់ប្រដៅអ្នកដទៃធ្វើអ្វីទៀត ត្រូវតែជាបុគ្គលស្ងប់ៗម្នាក់ឯង មិនគប្បីមកធ្វើកិច្ចទូន្មានប្រៀនប្រដៅអ្នកណាៗឡើយ ។ នេះគឺជា គំនិតល្ងង់ខ្លៅរបស់យក្សឈ្មោះសក្កៈនោះ ដោយយក្សនោះ អត់ បានដឹងឡើយថា ព្រះដ៏មានព្រះភាគទ្រង់អស់កិលេស ហើយទ្រង់ ប្រកបដោយព្រះញាណគ្រប់យ៉ាង ព្រះអង្គត្រាស់ទេសនាប្រោស សត្វតាមអធ្យាស្រ័យនៃអ្នកស្តាប់ រហូតដល់អ្នកស្តាប់ដឹងច្បាស់នូវ ធម៌ពិត តាមដោយព្រះហឫទ័យមហាករុណារបស់ព្រះអង្គ ។ យក្ស ល្ងង់ខ្លៅនោះ អត់ជ្រាបអំពីសេចក្តីស្ងប់ពិតប្រាកដទេ ចេះតែថា ព្រះអង្គមានព្រះហឫទ័យផុតស្រឡះហើយ ចាំបាច់មករវល់ជាមួយ នឹងអ្នកដទៃធ្វើអ្វីទៀត ។ មានតែបុគ្គលអ្នកអប់រំចម្រើននូវសតិប្បដ្ឋានប៉ុណ្ណោះ ទើប អាចជ្រាបដឹងអំពីការស្ងប់នូវអភិសង្ខារពិតប្រាកដ ព្រោះការស្ងប់ នេះ គឺជាផលនៃសតិប្បដ្ឋានប្បដិបត្តិ ។ មិនមែននៅត្រង់មិន និយាយ មិនធ្វើការងារអ្វីៗ ឬព្រោះនៅព្រៃម្នាក់ឯងនោះទេ ហើយ ក៏មិនមែនការបានសម្រេចនូវរូបជ្ឈាន និង អរូបជ្ឈាននោះដែរ ការស្ងប់នូវអភិសង្ខារព្រោះបានលះបង់នូវអវិជ្ជា ។ ការស្ងប់នូវ អភិសង្ខារតាមលំដាប់ និង ជារៀងរហូតនោះ គឺចាប់ពីព្រះសោតាបន្នបុគ្គលទៅ ។ ទោះជាព្រះសោតាបន្នបុគ្គលនោះ មានគ្រួសារ ជាឃរាវាស មានការងារជាមុខរបរ រហូតដល់ត្រូវមានរឿងយំ សោកយ៉ាងណា ក៏អភិសង្ខារដែលលះបានហើយនោះ មិនត្រឡប់ មកជាការមិនស្ងប់វិញនោះឡើយ ព្រោះថា ព្រះនិព្វានមានសេចក្តី ស្ងប់ដ៏ទៀងទាត់ អត់ប្រែប្រួល ។ ការស្ងប់នូវអភិសង្ខារនេះ មិនមានវិធីរៀបចំចាត់ចែងធ្វើ យ៉ាងណា ឬត្រូវតែទៅរស់នៅយ៉ាងណានោះឡើយ ព្រោះការ ស្ងប់នូវអភិសង្ខារដោយការលះបង់នូវអវិជ្ជា ។ អវិជ្ជាខណៈនេះ ឯង គឺខណៈដែលមានសភាវធម៌ ជាធម៌ដែលមានពិត ហើយអត់ ឃើញ អត់ដឹងនូវធម៌ពិតដែលមិនមែនជាសត្វបុគ្គលតួខ្លួន ត្រឹមតែ ជាបរមត្ថ ។ នៅពេលខ្លះ អាចពោលថា ពួកឯងនេះធ្វើឱ្យយើងលំបាក ណាស់ អញមិនចេះនៅជាមួយឯងទេ អញទៅរកស្ងប់ស្ងាត់តែ ម្នាក់ឯងវិញ ... ។ បដិបត្តិធម៌មិនឃាត់អធ្យាស្រ័យនោះឡើយ ព្រោះធ្លាប់សន្សំជាឧបនិស្ស័យមកហើយ តែជីវិតរស់នៅគ្រប់ពេល វេលា គឺមិនមានអ្វីក្រៅអំពីរូបធម៌ និង នាមធម៌ក្នុងលោកទាំង ៦ ទេ លោកទាំង ៦ សុទ្ធតែជាលោកស្ងាត់គ្រប់ពេលវេលាទាំងអស់ គ្រាន់តែថា លោកដ៏ស្ងប់ស្ងាត់នេះ ត្រូវទៅដល់ដោយបញ្ញា ។ ព្រោះមិនបានស្តាប់ឱ្យយល់ សត្វលោកត្រូវឃ្វាង ឬ ត្រូវគេចចេញ អំពីធម៌ពិត ហើយក៏មិនបានដល់នូវសេចក្តីស្ងប់ដ៏ពិតប្រាកដឡើយ។ ពិតមែនតែលោកនេះកំពុងវឹកវរ ដោយគ្រោះធម្មជាតិ ដោយកិលេសក្នុងខ្លួនម្នាក់ៗ ទាំងដែលវឹកវរដោយជរា ព្យាធិ មរណៈ និង អកុសលវិបាកផ្សេងៗ ប៉ុន្តែ នេះវាជាលោកនៃគំនិត ប៉ុណ្ណោះ កាលដែលពុទ្ធបរិស័ទបានចូលដល់លោកក្នុងអរិយវិន័យ ដោយបញ្ញា ពុទ្ធបរិស័ទនឹងបានក្រេបនូវរសនៃការមិនវឹកវរដោយពិត ។ ការដែលមិនវឹកវរក្នុងចិត្តមិនមានកង្វល់ មិនមានសេចក្តី ប្រកាន់ នេះឯងជាទីពឹង ជាព្រះនិព្វាន ជាទីអស់ទៅនៃជរា និង មរណៈ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |