Reading Article
Public date : 29, Jul 2019 (9,245 Read)
លោកវិបត្តិសូត្រទី ៦

|
លោកវិបត្តិសូត្រទី ៦
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិញទៅតាមនូវលោកធម៌ទាំង ៨ នេះដែរ។ លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាម នូវលោកធម៌ទាំង ៨ យ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែងកើតឡើងដល់បុថុជ្ជនអ្នកមិនចេះដឹង ម្នាលភិក្ខុទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែងកើតឡើងដល់ អរិយសាវក អ្នកចេះដឹងដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះក្នុងលោកធម៌ទាំងនោះ មានសេចក្ដីបែកគ្នាដូចម្ដេច មានអធិប្បាយដូចម្ដេច មានហេតុផ្សេងគ្នាដូចម្ដេច របស់អរិយសាវកអ្នកចេះដឹង នឹងបុថុជ្ជនអ្នកមិនចេះដឹង? (ភិក្ខុទាំងឡាយតបថា) បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹងរបស់យើងទាំងឡាយស្រាប់ហើយ បពិត្រព្រះអង្គដ៏ចម្រើន សេចក្ដីនៃភាសិតនោះ ជាក់ច្បាស់ដល់ព្រះដ៏មានព្រះភាគ ដោយល្អស្រាប់ហើយ ភិក្ខុទាំងឡាយបានស្ដាប់ (ធម៌) របស់ព្រះដ៏មានព្រះភាគ នឹងចងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រុងស្ដាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្ដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភតែងកើតឡើងដល់បុថុជ្ជនអ្នកមិនចេះមិនដឹង បុថុជ្ជននោះមិនពិចារណា មិនដឹងច្បាស់តាមពិតដូច្នេះថា លាភនេះកើតឡើងដល់អាត្មាអញហើយ លាភនោះឯងមិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា អលាភរមែងកើតឡើង យស អយស និន្ទា បសំសា សុខ ទុក្ខរមែងកើតឡើង (ដល់បុថុជ្ជនអ្នកមិនចេះដឹង) បុថុជ្ជននោះមិនពិចារណា មិនដឹងច្បាស់តាមពិតដូច្នេះថា ទុក្ខនេះកើតឡើងដល់អាត្មាអញហើយ ទុក្ខនោះឯងមិនទៀត ជារបស់អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា។ លាភក្ដី រមែងគ្របសង្កត់ចិត្តរបស់បុថុជ្ជននោះ អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី រមែងគ្របសង្កត់ចិត្ត។ បុថុជ្ជននោះ តែងត្រេកអរនឹងលោកដែលកើតឡើង តូចចិត្តព្រោះអលាភ ត្រេកអរនឹងយសដែលកើតឡើង តូចចិត្តព្រោះអយសត្រេកអរនឹងបសំសាដែលកើតឡើង តូចចិត្តព្រោះនិន្ទា ត្រេកអរនឹងសុខដែលកើតឡើងតូចចិត្តព្រោះទុក្ខ។ បុថុជ្ជននោះ ប្រកបនូវសេចក្ដីត្រេកអរ និងសេចក្ដីតូចចិត្តយ៉ាងនោះហើយ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនរួចចាកវដ្ដទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភកើតឡើងដល់អរិយសាវកអ្នកចេះដឹង អរិយសាវកនោះពិចារណាដឹងច្បាស់តាមពិតដូច្នេះថា លាភនេះកើតឡើងដល់អាត្មាអញហើយ លាភនោះឯងមិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា អលាភកើតឡើង យស អយស និន្ទា បសំសា សុខ ទុក្ខកើតឡើង អរិយសាវកនោះ ពិចារណាដឹងច្បាស់តាមពិតដូច្នេះថា ទុក្ខកើតឡើងដល់អាត្មាអញហើយទុក្ខនោះឯងក៏មិនទៀង អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា។ អរិយសាវកដឹងច្បាស់តាមពិតថា នេះជាទុក្ខ ទុក្ខនោះឯងក៏មិនទៀង អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា លាភក្ដី មិនគ្របសង្កត់ចិត្តរបស់អរិយសាវកនោះ អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី ក៏មិនគ្របសង្កត់ចិត្តបាន។ អរិយសាវកនោះ មិនត្រេកអរនឹងលាភដែលកើតឡើង មិនអាក់អន់ព្រោះអលាភ មិនត្រេកអរនឹងយសដែលកើងឡើង មិនអាក់អន់ព្រោះអយស មិនត្រេកអរនឹងបសំសាដែលកើតឡើង មិនអាក់អន់ព្រោះនិន្ទា មិនត្រេកអរនឹងសុខដែលកើតឡើង មិនអាក់អន់ព្រោះសេចក្ដីទុក្ខ។ អរិយសាវកនោះ លះបង់សេចក្ដីត្រេកអរ និងសេចក្ដីអាក់អន់យ៉ាងនេះហើយរមែងរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា រួចស្រឡះចាកវដ្តទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្ដីប្លែកគ្នា នេះជាអធិប្បាយ នេះជាហេតុផ្សេងៗគ្នា នៃអរិយសាវអ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង។ ធម៌ទាំងឡាយនេះ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌មិនទៀង ក្នុងមនុស្សជាតិទាំងឡាយជាធម៌មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា ចំណែកបុគ្គលអ្នកមានប្រជ្ញាមានស្មារតី លុះដឹងនូវធម៌ទាំងនេះហើយ រមែងពិចារណាឃើញច្បាស់ នូវធម៌ដែលមានសេចក្ដីប្រែប្រួល ជាធម្មតា ឥដ្ឋារម្មណ៍ រមែងមិនញាំញីចិត្តរបស់បុគ្គលនោះបាន ទាំងអនិដ្ឋារម្មណ៍ ក៏មិនអាចប៉ះទង្គិចបាន សេចក្ដីត្រេកអរ ឬថាសេចក្ដីថ្នាំងថ្នាក់ ក៏បុគ្គលនោះបានកម្ចាត់បង់ហើយ ដល់នូវសេចក្ដីវិនាសមិនមានតទៅទៀតឡើង បុគ្គលអ្នកដល់នូវត្រើយនៃភព រមែងដឹងច្បាស់ដោយប្រពៃ ព្រោះដឹងច្បាស់នូវបទ គឺព្រះនិព្វាន ដែលមិនមានធូលីគឺកិលេសមិនមានសេចក្ដីសោក។ ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌ ដោយ៥០០០ឆ្នាំ |