Reading Article
Public date : 25, Jul 2021 (18,553 Read)
ឃរាវាសធម៌

|
ឃរាវាសធម៌
ឃរាវាសធម៌ គឺជាធម៌មួយសម្រាប់ការរស់នៅគ្រប់គ្រងក្នុងផ្ទះដែលត្រូវប្រតិបត្តិទាំងអស់គ្នាមិនថាក្មេង មិនថាចាស់នោះឡើយ គឺត្រូវរក្សាទើបល្អក្នុងគ្រួសារណាកូន។ សូមកូនយកចិត្តទុកដាក់អានខាងក្រោមនេះ ១- សច្ចៈ សេចក្ដីទៀតត្រង់ដល់គ្នា នឹងគ្នា ២- ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់ ៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ ៤- ចាគៈ លះបង់ទ្រព្យសម្បត្តិដល់អ្នកដទៃដែលគួរឲ្យ។ កូនៗ ទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែង តែងតែមានភរិយាស្វាមី ហើយត្រូវមានការរស់នៅបែកពីម៉ែហើយ និងមានសមាជិកគ្រួសាររៀងៗខ្លួន។ សមាជិកទាំងនោះតែងមានអត្តចរិតផ្សេងៗគ្នា ហើយណាកូនទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ។ តែខ្លះមាននិស្ស័យខុសគ្នាណាកូន មានអ្នកខ្លះចូលចិត្តតែសប្បាយហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេងក្រមាច់ក្រមើម ខ្លះចំណូលខាងភូតភរកុហកគេ កុហកឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះទាំងជាមនុស្សស្មោះត្រង់ ទៀងត្រង់ហើយប្រាថ្នាតិចចូលចិត្តការស្ងប់ស្ងាត់ មិនចង់បានមានអ្វីឲ្យហួសហេតុផ្ទុយពីចរិយាសម្បត្តិរបស់មាតាបិតាឡើយណាកូន។ ដោយហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយ ហើយមានអធ្យាស្រ័យ និងលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗដូច្នោះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីសច្ចធម៌នេះ ថាជាធម៌សម្រាប់ទំនាក់ទំនងគ្នា ល្អវិសេសអាចបង្កើតសាមគ្គីក្នុងគ្រួសារនីមួយៗបាន។ បើគ្រួសារយើង បានតាំងនៅស្លុបមាំក្នុងសច្ចធម៌ គឺសេចក្ដីទៀងត្រង់រវាងគ្នានឹងគ្នាហើយក៏តោងមានទមធម៌ គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាលត់ដំធ្វើចិត្តឲ្យស្ងប់ស្ងាត់ ទន់ភ្លន់កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នាថែមទៀត។ គឺជាំសភាវៈតែងតែត្រិះរិះនូវអារម្មណ៍ផ្សេងៗ មិនឈប់ឈរ តែងតែរំភើបញាប់ញ័រពិបាកនឹងការពារ ឬទប់ទល់ឲ្យនៅនឹងមួយកន្លែងបាន។ អ្នកប្រាជ្ញបានពោលថា បុគ្គលណា បានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្ដីសុខ ដែលជាចំណង់ធំបំផុតរបស់មនុស្សលោក។ ពិតមែនតែចិត្តជាអរូបីយើងមិនអាចមើលឃើញដោយចក្ខុទេ តែវាអាចបង្គាប់បញ្ជាលើរូបរាងកាយទាំងមូលបាន។ យ៉ាងនេះហើយបានជាព្រះសាស្ដាប្រដៅសត្វលោក ឲ្យអប់រំចិត្ត ឲ្យមានសភាពទន់ភ្លន់ល្អឲ្យវៀរចាកអកុសលទាំងពួងមានការប្រព្រឹត្តអាក្រក់ ដោយកាយឬវាចាជាដើម ទៅលើមនុស្សសត្វដែលនៅជុំវិញខ្លួនយើង។ ចិត្តនេះទោះបីរឹងប៉ឹងរឹងរូសដូចម្ដេចក្ដីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរ មិនខុសពីជាងធ្នូពត់តម្រង់កូនសរឲ្យត្រង់ដែលអាចបាញ់ចំគោលដៅ ក្នុងទិសទាំងបួនដូចសេចក្ដីប្រាថ្នាបាន។ បើលំអិតចិត្តបានហើយ ទើបបំពេញកិច្ចការឲ្យសម្រេចបាន ក៏អាស្រ័យទៅលើការធ្វើ ដោយសេចក្ដីព្យាយាម និងសេចក្ដីអត់ធន់ ដែលលោកហៅថាខន្តីគឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាងក្នុង ការបំពេញកិច្ចការនោះៗ។ ការងារទាំងឡាយមិនអាចសម្រេចដោយឯងៗ ដោយគ្រាន់តែគិត ឬនឹកចង់នោះទេលុះត្រាតែធ្វើហើយអំណត់ទៀតទើបសម្រេច។ ខន្តីលោកចាត់ជាតបធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែង សម្រាប់កម្ចាត់អកុសលធម៌ទាំងឡាយ មានហិង្សាជាដើម និងជាអលង្ការដ៏ប្រសើររបស់បុរសស្ត្រីផង។ កាលបើមានអំណត់អត់ឱនចំពោះគ្នានឹងគ្នាហើយ ក៏ត្រូវមានការចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនតទៅទៀតដែលលោកហៅថាចាគៈនេះឯង។ ចាគៈគឺជាការលះបង់ភាពកំណាញ់ហើយយកទ្រព្យសម្បត្តិឲ្យទៅជាទាន ដល់អ្នកដែលគួរនឹងឲ្យ ពីព្រោះគ្រហស្ថត្រូវបែងចែកសម្បត្តិរបស់ខ្លួនជា ៥ ផ្នែកគឺៈ ១- ចិញ្ចឹមខ្លួន និងមាតាបិតាបុត្រភរិយាទាសៈកម្មករឲ្យបានសេចក្ដីសុខទើបប្រសើរ ២- ទំនុកបម្រុងកល្យាណមិត្តឲ្យបានល្អ ៣- កម្ចាត់អន្តរាយដែលកើតមកអំពីភ័យផ្សេងៗ ៤- ឲ្យទានដល់សមណព្រាហ្មណ៍ដែលប្រព្រឹត្តល្អ អ្នកស្វែងរកទ្រព្យសម្បត្តិបានមកដោយផ្លូវល្អ ផ្លូវសុចរិតហើយ គួរតែចេះកាន់យកនូវប្រយោជន៍នេះទ្រព្យនោះឲ្យបាន មិនត្រូវទុកទ្រព្យឲ្យនៅទំនេរទេ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើម បុគ្គលនោះឈ្មោះថា កាន់យកនូវប្រយោជន៍នៃទ្រព្យនោះទុកបាន។ ប្រើប្រាស់ទ្រព្យសម្បត្តិក្នុងផ្លូវឥតប្រយោជន៍ ដូចជាលេងល្បែងភ្នាល់ និងផ្គាប់ផ្គុនស្រីជាដើម ឈ្មោះថាមិនបានកាន់យកនូវប្រយោជន៍នៃទ្រព្យសម្បត្តិនោះឡើយ។ ចិញ្ចឹមមិត្តសម្លាញ់ឲ្យបានសុខ គឺថាយើងរើសយកតែកល្យាណមិត្ត ឯបាបមិត្ត យើងមិនត្រូវចែកចាយឲ្យទេ ត្បិតអីអសេវនធម៌ជារឿងធំ បំផុតនៃជីវិតមនុស្សយើងសូម្បីតែព្រះពុទ្ធជាម្ចាស់សម្ដែងក្នុងមង្គលសូត្រ ៣៨ ប្រការក៏ ចាប់យកការសេពគប់ជាមុនដែរ ដូចបទថា អសេវនា ច ពា លានំ បណ្ឌិតានញ្ច ច សេវនា ជាដើមមានសេចក្ដីថា ជាមង្គលគឺសេចក្ដីចម្រើន។ហេតុនេះ បានជាព្រះអង្គឲ្យសង្គ្រោះតែមិនល្អៗ ដែលអាចពឹងពាក់ ឬជួយធុរៈយើងគ្រប់គ្រាក្នុងគ្រាក្រ។ ចំណាយទ្រព្យសម្បត្តិ កម្ចាត់អន្តរាយដែលកើតពីហេតុផ្សេងៗ នោះគឺបំបាត់អន្តរាយដែលកើតអំពីភ័យគ្រប់យ៉ាងមានភ្លើងឆេះ ភ័យអំពីការចោរលួច ឧទកភ័យ ភ័យអំពីទឹកលិចជាដើម ដោយកម្លាំងទ្រព្យដែលអាចចាត់វិធានការ ការពារឲ្យបានល្អ មិនឲ្យកើតឡើងបាន។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |