Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
BEDOK
១២៥ អត្ថបទ
images/articles/3186/rteyu7565weewww.jpg
Public date : 03, Mar 2026 (6,043 Read)
ទុតិយវគ្គ [១៨១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។ [១៨២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកកុសលធម៌ ដែល កើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំង ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត មិនឲ្យកើតឡើង ឬពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅវិញ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុ ទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកកុសលធម៌ ដែល កើតឡើងហើយ រមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសល ធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅ ដល់បុគ្គលជាសម្មាទិដ្ឋិ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬមិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង មិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹងរឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំសម្មាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬសម្មាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យ រឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំង ឡាយ សម្មាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង សម្មាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹង រឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយមិច្ឆាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក។ [១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដូចយ៉ាងសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក។ [១៨៩] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តី​ប្រណិធាន​ណា​ក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ សុទ្ធតែប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិន​ជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជត្រសក់ក្អែកក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីល្វីង ហាងមិនឆ្ងាញ់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់មិនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន​កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាមិច្ឆាទិដ្ឋិ បានបំពេញ បាន​សមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តី​ប្រណិធាន​ណា​ក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី គាប់ចិត្ត មិនជាប្រយោជន៍។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជា ធម្មជាតិអាក្រក់ ក៏យ៉ាងនោះឯង។ [១៩០] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធាន ណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំង ឡាយ ព្រោះទិដ្ឋិជាធម្មជាតិចំរើន។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្ដី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីរសផ្អែម មិនច្រឡំដោយរសឯទៀត។ ដំណើរ នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ចំរើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិចំរើន ក៏យ៉ាងនោះដែរ។ ចប់ វគ្គ ទី២។ ទុតិយវគ្គ ឬ ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង - បិដកភាគ ៤០ ទំព័រ ៦៩ ឃ្នាប ១៨១ ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
Public date : 01, Mar 2026 (3,982 Read)
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​កំណត់ចិត្ត​ដោយចិត្ត​ហើយ​ ​ដឹង​ច្បាស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​មានចិត្ត​ប្រទូស្ដ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​នរក​។​ ​ លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​ព្រះពុទ្ធ​ ​ទ្រង់​ជ្រាប​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​ ​ទើប​ទ្រង់ព្យាករ​សេចក្ដី​នុ៎ះ​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ព្រោះតែ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​ ​បុគ្គល​បែប​នោះ​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងឡាយ​ ​រមែង​ទៅកាន់​ទុគ្គតិ​ ​ព្រោះហេតុតែ​មានចិត្ត​ប្រទូស​។ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​ បិដក ភាគ ៥៣ - ទំព័រទី ១៨ ដោយ៥០០០ឆ្នាំ
images/articles/3171/____________________________________.jpg
Public date : 01, Mar 2026 (5,367 Read)
ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​ព្រហ្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វទេវតា​ ​(​ទេវតា​ដើម​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វាចារ្យ​ ​(​អាចារ្យ​ដើម​)​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​អា​ហុនេ​យ្យ​បុគ្គល​ ​(​បុគ្គល​គួរ​បូជា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រហ្ម​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុព្វទេវតា​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុ​ពា្វ​ចារ្យ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អា​ហុនេ​យ្យៈ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​មាតាបិតា​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នក​បីបាច់​ ​(​ឲ្យគង់​ជីវិត​)​ ​ជា​អ្នក​ចិញ្ចឹម​ ​(​ឲ្យ​បៅ​ទឹកដោះ​)​ ​ទាំង​ជា​អ្នកបង្ហាញ​នូវ​លោក​នេះ​ ​ដល់​កូន​ទាំងឡាយ​។​ ​មាតាបិតា​ទាំងឡាយ​ ​ដែល​ហៅថា​ ​ព្រហ្ម​ក្តី​ ​បុព្វាចារ្យ​ក្តី​ ​អា​ហុនេ​យ្យៈ​ក្តី​ ​(​សុទ្ធតែ​)​ ​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ​ ​គឺ​កូន​។​ ​ព្រោះហេតុនោះ​ឯង​ ​អ្នកប្រាជ្ញ​ ​គួរ​នមស្ការ​ ​គួរ​ធ្វើសក្ការៈ​ដល់​មាតាបិតា​ទាំងនោះ​ ​ដោយ​បាយ​ ​ទឹក​ ​សំពត់​ ​គ្រឿង​ដេក​ ​គ្រឿង​អប់​ ​គ្រឿង​ផ្ងូត​ទឹក​ ​និង​ទឹក​សម្រាប់​លាង​ជើង​។​ ​ព្រោះ​ការដែល​បាន​ទំនុក​បំរុង​មាតាបិតា​នោះ​ហើយ​ ​បាន​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​នូវ​បុគ្គល​នោះ​ ​ក្នុង​លោក​នេះឯង​ ​បុគ្គល​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​រីករាយ​ក្នុង​ឋានសួគ៌​។​ ​សូត្រ​ ​ទី៧​។​ បិដក ភាគ ៥៣ - ទំព័រទី ១៤១ ដោយ៥០០០ឆ្នាំ
images/articles/3179/_________________________________.jpg
Public date : 01, Mar 2026 (7,135 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​បុព្វារាម ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់​ក្នុង​ឧបោសថ​ថ្ងៃនោះ។ លុះ​វេលារាត្រី​អស់ហើយ បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ បឋមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះ​ដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើ​វេលារាត្រី​អស់ហើយ មជ្ឈិមយាម ​កន្លង​ទៅហើយ ព្រះអានន្ទ​ដ៏​មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏​មានព្រះភាគ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជា​គំរប់​ពីរដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ មជ្ឈិមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ​ជាគំរប់​ពីរដង។ កាលបើ​វេលារាត្រី​អស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រី​ប្រាកដ​ដូចជា​មាន​មុខស្រស់ (បំព្រង) ក្នុងពេលដែល​អរុណរះ​ឡើង ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោកចាក​អាសនៈ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជាគំរប់​ ៣ដង​ទៀត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាម​កន្លង​ទៅហើយ អរុណ​ក៏រះហើយ​ រាត្រី​ក៏ប្រាកដ​ដូចជា​មុខស្រស់​ហើយ ភិក្ខុសង្ឃ​​ក៏អង្គុយ​ចាំយូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូមព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែង​បាតិមោក្ខ​ដល់ភិក្ខុ​ទាំង​ឡាយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មាន​បរិសទ្យ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះ​មហាមោគ្គល្លាន​ដ៏មាន​អាយុ​ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅ​យកបុគ្គលណា​ហ្ន៎​ បាន​ជា​ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះ​មហាមោគ្គល្លានដ៏​មានអាយុ ស្ទង់មើល​ចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយ​ធ្វើទុកក្នុង​​ចិត្ត​ចំពោះភិក្ខុសង្ឃ​ទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គលនោះ​ទ្រុស្តសីល មានធម៌លាមក មានមារយាទ​មិនស្អាត គួរឲ្យរង្កៀស មាន​អំពើអាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ ប្តេជ្ញាខ្លួនថាជា​សមណៈ ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយរាគៈ ក្រខ្វក់​ដូច​សម្រាម អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក៏​ក្រោកចាក​អាសនៈ ចូលទៅរក​បុគ្គលនោះ​ លុះចូល​ទៅជិត​ហើយ ក៏ពោល​ចំពោះទៅបុគ្គល​នោះ ដូច្នេះថា នែ​អាវុសោ អ្នកចូរក្រោក​ចេញ ដ្បិត​ព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុទាំងឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាង​នេះហើយ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ បាននិយាយ​​នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ហើយ។ បុគ្គលនោះ​ក៏​នៅ​ស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងទៀត​ដូច្នេះ​ថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះដ៏មានព្រះ​ភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ទៀត​ហើយ។ បុគ្គល​នោះក៏​នៅស្ងៀម អស់វារៈជាគំរប់​បីដងទៀត។ ទើប​ព្រះមហា​មោគ្គលា្លន​ដ៏មាន​អាយុ ចាប់ដើមដៃ​បុគ្គលនោះ ទាញចេញ​ទៅ​​ខាងក្រៅ​ស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និង​រនុក​ទ្វារ រួចចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ​បាន​បណ្តេញ​ឲ្យដើរ​ចេញហើយ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុ​ទាំងឡាយ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះ​ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញដៃ​ចេញសោះ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បី​ធ្វើ​ឧបោសថ គប្បីសំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែង​បាតិមោក្ខ ចាប់ដើម​តាំងអំពី​ថ្ងៃ​នេះតទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត គប្បីសំដែង​នូវបាតិមោក្ខ​ដល់បរិសទ្យ មិនបរិសុទ្ធ ដោយ​ហេតុ​ណា ហេតុនោះ​មិនមែន​ជាឋានៈ មិនមែន​ជាបច្ច័យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ មានទំនាបទៅ​ដោយ​លំដាប់ មានទីជម្រាលទៅ​ដោយ​លំដាប់ មាន​ទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​តែម្តង ដូចជា​អណ្តូង​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទីជម្រាល​ទៅដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែនចោតជ្រៅ​ទៅតែម្តង ដូចជា​អណ្តូង ដោយហេតុ​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ក្នុង​មហាសមុទ្រ​ ដែលពួក​អសុរ​ឃើញហើយៗ តែងរីករាយ​ក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យ​ខាងដើមដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត​ មហាសមុទ្រ ជាទីនៅអាស្រ័យ​​នៃពួកសត្វ​ធំ ៗ ជាច្រើន ពួក​សត្វធំៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១០០ យោជន៍ខ្លះ។បេ។ មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ​ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ​អស្ចារ្យ​ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យចំឡែក ៨ យ៉ាង​នេះឯង ដែលពួក​អសុរឃើញហើយ ៗ តែងរីករាយ​ក្នុងមហា​សមុទ្រ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុងធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែលមានទំនាប​ទៅដោយ​លំដាប់ មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅ​ទៅតែ​ម្តង ដូចជា​អណ្តូង យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយលំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ដោយ​ហេតុណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​អស្ចារ្យ ចំឡែក​ ទី១ ក្នុង​ធម្មវិន័យនេះ ដែល​ពួកភិក្ខុ​ឃើញ​ហើយ ៗ​ តែង​រីករាយ​ក្នុងធម្មវិន័យ​នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍​ខ្លះ ដែលនៅក្នុង​មហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំ ៗ ជាច្រើនពួក បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីធ្វើ​អោយជាក់ច្បាស់​នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ត ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ​ធម្មវិន័យ​នេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈនៃ​ខ្លួន​ជា​អរហន្ត ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ក្នុង​ធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3180/_________________________________.jpg
Public date : 01, Mar 2026 (5,962 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត។ លុះ​ទ្រង់ត្រាច់​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី​ហើយ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយ​ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​កាន់យក​និសីទនៈ​ទៅ យើងនឹង​ចូល​ទៅសម្រាក ក្នុងវេលា​ថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏​មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់​និសីទនៈទៅតា​មខាងក្រោយៗ ព្រះដ៏មានព្រះភាគទៅ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូល​ទៅកាន់​បាវាលចេតិយ លុះចូលទៅ​ដល់ហើយ ក៏គង់លើ​អាសនៈ ដែលព្រះអានន្ទ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់​ហើយ ក៏ទ្រង់ត្រាស់​នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទី​គួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ បុគ្គលនោះ ទោះបី​ប្រាថ្នា នឹង​គប្បី​ឋិត​នៅ​អស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯ​ឥទ្ធិបាទទាំង ៤ តថាគត​បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ តថាគត បើ​ប្រាថ្នា ​គប្បីឋិត​នៅអស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ឯ​ព្រះអានន្ទ​ដ៏មានអាយុ ទុកជា​ព្រះ​ដ៏មានព្រះភាគ ទ្រង់ធ្វើ​និមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស​ជាឱឡារិក យ៉ាងនេះ​ហើយ ក៏មិនអាច​នឹង​យល់​សេចក្ដី​ច្បាស់លាស់​បាន មិនបាន​អារាធនា​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍​​ដល់​ជនច្រើន ដើម្បី​សេចក្ដីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួក​​ទេវតា និង​មនុស្ស​ដូច្នេះ​សោះ ព្រោះ​មារ ចូលមក​ជ្រែកគំនិត។ ព្រះដ៏មាន​ព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា ជាគំរប់​ពីរ​ដង​ផង​។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នឹងព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​បីដង​ផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទី​គួរត្រេកអរ សារន្ទទចេតិយ ជាទីគួរ​ត្រេកអរ បាវាលចេតិយ ជាទី​គួរត្រេកអរ។ ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធល្អ​ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិត​នៅ អស់១ អាយុកល្ប ឬ​លើស​ជាង ១ អាយុកល្ប​ក៏បាន។ ឯព្រះ​អានន្ទ​ដ៏មានអាយុ ទុកជា​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ធ្វើ​និមិត្ត​ជាឱឡារិក​យ៉ាងនេះហើយ ក៏នៅតែមិនអាច​យល់​សេចក្ដី​ច្បាស់លាស់​បានឡើយ ហើយមិន​បាន​អារាធនា​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដី​សុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមក​ជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​នឹង​អានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោក​ចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយ​ទៀបគល់ឈើមួយ ​ជិត​ព្រះដ៏មានព្រះភាគ។ គ្រានោះ កាលបើព្រះអានន្ទ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន​ចិត្ត​បាប ក៏បាន​ពោលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន​របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់​វាចានេះ​ហើយថា នែ​មារមាន​ចិត្តបាប ពួកភិក្ខុ ជាសាវក​របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាក​យោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរដល់​ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បាន​សង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជា​កិច្ច​ដែល​ខ្លួនបាន​សង្កត់សង្កិន​ដោយល្អ​ តាមពាក្យ​ដែល​សមហេតុ ហើយសំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ នៅ​មិនទាន់​មាន ដរាប​ណាទេ តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវក​របស់​ព្រះដ៏មានព្រះភាគ បាន​ឈ្លាសវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលបាន​សង្កត់​សង្កិន​ដោយល្អ តាមពាក្យ ដែល​សមហេតុ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យបានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះដ៏មាន​ព្រះភាគ ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មាន​ចិត្តបាប ពួកភិក្ខុ​នី ជាសាវិកា របស់តថាគត មិនទាន់​មាន​ដរាបណា តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់​នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សម​គួរដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បានសង្កត់​សង្កិននូវ​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យជា​កិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ​ដែលសមហេតុ សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ នៅមិនទាន់​មាន ដរាបណា​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ ដែលឈ្លាស​វាងវៃ ក្លៀវក្លា ដល់​នូវ​ការ​ក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ នៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបានហើយ ទាំងសង្កត់​សង្កិន​នូវបរប្បវាទ ដែល​កើត​ឡើង​ហើយ ឲ្យជា​កិច្ចដែល​សង្កត់សង្កិន​ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយ​សំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ​បានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹង​បរិនិព្វាន របស់ព្រះដ៏មាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ បានត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មានចិត្តបាប ព្រហ្មចារ្យ របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចំរើន មិនទាន់ផ្សាយ​ទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា មួយទៀត ពួក​ទេវតា និងមនុស្ស​មិនទាន់​​ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត​នឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ​របស់​ព្រះដ៏មាន​ព្រះភាគ​នេះ បាន​ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅ​សព្វទិសហើយ គេបាន​ដឹងច្រើន​គ្នាហើយ បានពេញ​បរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះ​សំដែង​បាន​ដោយល្អហើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់​ព្រះដ៏មានព្រះភាគ​ហើយ។ ម្នាល​មារមានចិត្តបាប ចូរអ្នក​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ការ​បរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃនេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ទ្រង់ដាក់​អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ ក៏កើតការកក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូក​ភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ​ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​សេចក្ដី​នេះ​ហើយ ក៏បន្លឺនូវ​ឧទាននេះ ក្នុងវេលានោះថា ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ​នូវព្រះនិព្វាន ​ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់​នូវសង្ខារ ដែល​នាំសត្វ​ទៅកាន់ភព ទ្រង់ត្រេកអរ​នូវអារម្មណ៍​ខាងក្នុង (ដោយអំណាច​វិបស្សនា) មាន​ព្រះហឫទ័យ​តាំងមាំហើយ (ដោយអំណាច​សមថៈ) ទ្រង់បាន​ទំលាយ​នូវ​បណ្ដាញ គឺកិលេស ដែល​កើតមាន​នៅ​ក្នុង​ព្រះអង្គ​ដូចជា​ក្រោះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា អើហ្ន៎ ការ​កក្រើក​ផែនដី​នេះជាយ៉ាងធំ ការកក្រើក​ផែនដីនេះ​ធំណាស់​តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួច​រោម ទាំងផ្គរ​ក៏លាន់ឮឡើង។ ហេតុ​ដូចម្ដេច បច្ច័យ​ដូចម្ដេចហ្ន៎ ដែលនាំ​ឲ្យការ​កក្រើក​ផែនដី ជា​យ៉ាង​ធំម្ល៉េះ។ ទើបព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការកក្រើក​ផែនដីនេះ​ជាយ៉ាងធំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការ​កក្រើក​ផែន​ដីនេះ ធំពេក​ណាស់តើ គួរឲ្យ​ភ្លូកភ្លឹក គួរឲ្យ​ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់​ឮ​ឡើង។ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុដូចម្ដេច បច្ច័យដូច​ម្ដេចហ្ន៎ ដែលនាំឲ្យកើតការ​កក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យ​ដែលនាំឲ្យ​កើតការកក្រើក​ផែនដីនេះ​មាន ៨ យ៉ាង។ ហេតុ​បច្ច័យទាំង ៨យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពី​នេះ ប្រតិស្ថាន​នៅលើ​ទឹក ឯទឹក​ប្រតិស្ថាន​នៅលើខ្យល់ ខ្យល់​ប្រតិស្ថាន​នៅលើអាកាស ម្នាល​អានន្ទ សម័យ​ដែលមាន​ខ្យល់បក់ ខ្យល់​ធំដែល​បក់នោះ រមែងធ្វើ​ទឹកឲ្យ​កក្រើក ឯទឹកដែល​កក្រើក​មកហើយ ក៏ធ្វើផែនដី​ឲ្យកក្រើក​ដែរ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ​ ទី១ ដែលនាំ​ឲ្យកើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈ​ក្ដី ព្រាហ្មណ៍ក្ដី ដែលមាន​ឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតា​ដែលមានឫទ្ធិធំ មាន​អានុភាព​ធំ បុគ្គលនោះ បានចំរើន​បឋវិសញ្ញា ឲ្យមាន​កំឡាំងតិច ចំរើន​អាបោសញ្ញា ឲ្យ​មាន​កំឡាំង​ច្រើន បុគ្គលនោះ រមែងធ្វើ​ផែនដីនេះ ឲ្យកក្រើក​រំភើប ញាប់ញ័រ​បាន ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ ច្យុតចាក​ពួកទេវតា ដែលឋិតនៅ​ក្នុងឋាន​តុសិត​ មានសតិ និងសម្បជញ្ញៈ យាងចុះ​កាន់ព្រះមាតុឧទរ ក្នុងកាល​នោះ​ ផែនដី​នេះ តែងកក្រើក​រំភើប ញាប់ញ័រ​ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំ​ឲ្យ​កក្រើកផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ពោធិសត្វ មាន​សតិ និងសម្បជញ្ញៈ ទ្រង់ប្រសូត​ចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ត្រាស់ដឹង​នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំ​ឲ្យកើត​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ញុំាង​អនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក​ រំភើប​ញាប់ញ័រ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យ​កើតការកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់​ចុះនូវ​អាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក ​រំភើប​ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​ រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំ​ឲ្យ​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែល​នាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
Public date : 01, Mar 2026 (3,795 Read)
ឧគ្គហសូត្រ ទី៣ [៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកប​ដោយ​ធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។ ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះ​ជន​ជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។ ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 ) ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
Public date : 01, Mar 2026 (3,800 Read)
សមចិត្តវគ្គ ទី៤ [២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។ កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨ ដោយ៥០០០ឆ្នាំ
images/articles/3206/____________________________________.jpg
Public date : 01, Mar 2026 (4,382 Read)
អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ​ដែល​ជន​ពាលត្រិះរិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ​ដែល​ធើ្វឲ្យវិចិត្រ​ដោយ​កែវមណី និងកណ្ឌល ​ដែលឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយសារ​សំពត់​​ទាំងឡាយ​។ ជើង​ទាំងឡាយ​ លាប​ដោយល័ខស្រស់ មុខ​លាប​ដោយ​គ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ទេ។ សក់​ទាំង​ឡាយ​ ​ដែលគេ​រចនា​ដូចជាក្រឡាចតុរង្គ ភ្នែក​ទាំងឡាយ​ លាប​​ដោយថ្នាំ​សម្រាប់​បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិន​អាច​ញ៉ាំងបុគ្គល​អ្នក​​ស្វែង​រកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ឡើយ។ កាយ​ស្អុយ​​ដែលគេ​តាក់​តែង​ហើយ ​ដូចជានាឡិសម្រាប់ដាក់​ថ្នាំបន្តក់ ​ដែលគេ​វិចិត្រហើយ​ថ្មី ៗ អាច​ញ៉ាំងជន​ពាល​ឲ្យវង្វេង ​តែមិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិពា្វន​ឲ្យវង្វេង​បាន​ឡើយ។ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏មិនបាន​​ប៉ះពាល់នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោល​ចេញ​ទៅ​ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញ​ទៅ​ (យ៉ាងនោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏មិនប៉ះពាល់នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ​ យ៉ាង​ណា​មិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​​ដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌​ដោយទ្រព្យសម្បត្តិ​ក្នុងលោក (ពួក​មនុស្ស​ទាំងនោះ​) លុះបាន​ទ្រព្យគាប់ចិត្ត​ហើយ មិនឲ្យ (ដល់​បុគ្គលណាមួយ​ឡើយ) ព្រោះ​​តែសេចក្តី​វង្វេង។ ពួកមនុស្សបាន​ទ្រព្យហើយ ក៏ធើ្វនូវ​ការ​សន្សំ​ទុក ​ទាំងប្រាថ្នា​​ក្នុង​កាម​ដ៏លើ​សលុប។ ព្រះរាជាឈ្នះនូវ​ផែនដី ​ដែលព្រះអង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់គ្រង​​ផែនដី មាន​សាគរជាទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី​ ពួកមនុស្សដទៃច្រើននាក់ក្តី​ មិន​ទាន់ប្រាសចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថាជាអ្នក​មាន​សេចក្តី​ខ្វះខាត លះបង់រាងកាយ ព្រោះថា​សេចក្តី​ឆ្អែត​​ដោយ​កាម​​ទាំងឡាយ​​ក្នុងលោកមិនមាន​។ ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែលស្លាប់ហើយនោះ​ ​ទាំងបាន​និយាយថា ធើ្វម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំងឡាយ​ ​កុំស្លាប់វិញ​ ក៏នាំខ្មោចនោះ​ ​ដែលរុំ​ដោយសំពត់​ ទៅ​កាន់ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ​។ បុគ្គល​ដែលស្លាប់នោះ​ ត្រូវពួកអ្នក​ដុតចាក់​ដោយឈើសូល ដុតបុគ្គល​នោះ​ លះបង់នូវ​ភោគៈ​ទាំងឡាយ​ មាន​តែសំពត់មួយស្លាប់​ទៅ​ ញាតិ​ទាំងឡាយ​ក្តី​ មិត្រ​ទាំងឡាយ​ក្តី​ ឬសម្លាញ់​ទាំងឡាយ​ក្តី​ ជាទីពឹងមិនមាន​ទេ។ ពួកទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​​ដែលស្លាប់នោះ​ ចំណែក​សត្វ​ដែល​ស្លាប់នោះ​ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច​ កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែន​ជាប់តាមសត្វ​ដែលស្លាប់នោះ​ទេ។ បុគ្គលមិនមែន​បាន​នូវ​អាយុ​វែង ​ដោយសារទ្រព្យទេ ​ទាំងមិនមែន​កំចាត់បង់នូវ​ជរា ​ដោយសារទ្រព្យបាន​ទេ ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ​ បាន​ពោលនូវ​ជីវិតនោះ​ថា តិច មិនទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំងឡាយ​ អ្នក​ស្ដុកស្ដម្ភ និងអ្នក​ទាល់ក្រ រមែង​ប៉ះពាល់នូវ​ផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គលពាល បើ​មាន​សេចក្តី​ទុក្ខបៀតបៀនហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯអ្នក​ប្រាជ្ញ បើទុកជាប៉ះពាល់នូវ​ផស្សៈ​ក៏មិនបាន​ញាប់ញ័រ។ ព្រោះហេតុនោះ​ បុគ្គល​បាន​នូវ​ព្រះនិព្វាន​ ជាទីបំផុត​នៃភព ​ក្នុង​លោកនេះ ដោយបញ្ញាណា បញ្ញានោះ​ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ​ មិនទាន់បាន​សម្រេច​ប្រយោជន៍ រមែង​ធើ្វនូវ​បាប​កម្ម​ទាំងឡាយ​ ​ក្នុង​ភពតូច និងភពធំ ព្រោះ​តែមោហៈ។ បុគ្គលណា (បាន​ធើ្វបាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូលទៅ​កាន់គភ៌ និងបរលោក បុគ្គលអ្នក​អប្ប​ប្រាជ្ញា (ឯទៀត) កាលបើជឿ​បុគ្គលអ្នក​ធើ្វបាបកម្មនោះ​ ក៏ទៅ​កាន់គភ៌ និង​បរលោក។ ចោរអ្នក​មាន​ធម៌​ដ៏លាមក ​ដែល​គេ​ចាប់បាន​ត្រង់មុខតំណ [គេចាប់បាន​ត្រង់​កន្លែងជញ្ជាំង​ដែលខ្លួន​បោះ ឬកាត់នោះ។] (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយកម្ម​របស់​ខ្លួន​ យ៉ាងណា​មិញ សត្វអ្នក​មាន​ធម៌​ដ៏លាមក​ លុះស្លាប់​ទៅ​ រមែង​ក្តៅ​ក្រហាយ​​ក្នុងលោកខាងមុខ ​ដោយកម្ម​របស់​ខ្លួន​ ក៏យ៉ាងនោះ​ដែរ។ កាម​ទាំងឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជាទីរីករាយ​នៃចិត្ត ​តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗ បពិត្រ​មហារាជ ហេតុនោះ​ អាត្មាភាព ឃើញទោស​ក្នុងកាមគុណ​ទាំងឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំងឡាយ​ ទោះក្មេងក្តី​ ចាស់ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ​ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព​ បាន​ឃើញនូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិនសូវខុស​ភ្លាត់ ជារបស់​ប្រសើរលើ​សលុប។ អាត្មាភាពបួសដោយសទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុងសាសនា​នៃព្រះជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិនមាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញនូវ​កាម​ទាំង​ឡាយ​ ហាក់​ដូចជាភ្លើង​ឆេះ​សព្វហើយ ឃើញនូវ​ជាតរូប ហាក់​ដូចជាគ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំមកនូវ​ទុក្ខ តាំង​តែ​អំពីការ​ចុះចាប់​បដិសន្ធិ​ក្នុងគភ៌ ឃើញនូវ​ភ័យធំ​​ក្នុងនរក​ទាំងឡាយ​។ អាត្មាភាព ឃើញនូវ​ទោសនេះ​ឯង ក៏បាន​នូវ​សេចក្តី​សំវេគ ​ក្នុងកាលនោះ​ អាត្មាភាពហ្នឹងឯង ជាអ្នក​ត្រូវសរមុត​ហើយ ​ក្នុង​កាល​នោះ​ (ឥឡូវនេះ​) បាន​ដល់​ហើយនូវ​ការ​អស់ទៅ​នៃអាសវៈ​។ ព្រះសាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បាន​ធើ្វហើយ ភារៈ​ដ៏ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅ​កាន់ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​​នោះ​ គឺការ​​អស់ទៅ​នៃសំយោជនៈ​ទាំងពួង អាត្មាភាពបាន​ដល់​ហើយ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3208/___________________________.jpg
Public date : 01, Mar 2026 (3,355 Read)
ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួក ឥសី ច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយ ស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និង វេបចិត្តិ អសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។ [៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិ អសុរិន្ទ ពាក់ស្បែក ឃើង ដ៏ក្រាស់ [ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។] សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរ ដើរ ក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណ មួយព្យាម។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូលទៅកាន់ អាស្រម តាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មានគុណធម៌ដ៏ ល្អ ទាំង នោះ ពីខាងក្រោមខ្យល់។ [៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ ដ៏ល្អទាំងនោះ បានពោលនឹង សក្កទេវានមិន្ទ ដោយគាថា ថា៖ ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយ ទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រ ទេវរាជ ព្រោះក្លិនរបស់ពួកឥសី មិនស្អាតទេ។ [៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយ ទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់ ក្នុងការខ្ពើម រអើម ក្នុងក្លិននេះទេ។ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ (ព្រះត្រៃបិដក លេខ ៣០) ជីវិតមានសីល ខ្ពង់ខ្ពស់ឧត្តម !! សីល គឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយ ។ សីល មានក្លិនក្រអូបផ្សាយទៅគ្រប់ទិស និងសមគួរគ្រប់កាល។ សីល មានគុណអំណាចដ៏ខ្ពង់ខ្ពស់ ស្ថិតនៅក្នុងបុគ្គលណា បុគ្គលនោះ មនុស្ស និងទេវតាគួរគោរពបូជា ។ សីល ជាជណ្ដើរឡើងទៅកាន់ទេវលោក ។ សីល ជាឧបាយនាំឱ្យបានសម្រេចឈាននិងអភិញ្ញា ។ សីល ជាផ្លូវនាំឱ្យបានដល់មហានគរគឺព្រះនិព្វាន ។ សីល ជាភូមិប្រតិស្ឋាននូវសាវកពោធិ បច្ចេកពោធិ និងសម្មាសម្ពោធិញ្ញាណ។ សីល នាំឱ្យសម្រេចនូវរបស់ដែលប្រាថ្នា ប្រៀបដូចកប្បព្រឹក្ស ឬកែវទិព្វក្នុងទេវលោក ៕ ដោយ៥០០០ឆ្នាំ
images/articles/3226/56tergrgrererter44.jpg
Public date : 01, Mar 2026 (6,106 Read)
ព្រះមានព្រះភាគព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតា​ចោម​រោម​ ទ្រង់គង់នៅក្នុងព្រៃ ហិមពាន្ត ។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅ ក្នុង​មហា​​សមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា ។ វេលា នោះ ខ្ញុំបានលះបង់នូវពួកនាគជាបរិវារ ហើយបានផ្តើមប្រគំ ដូរ្យដន្រ្តី ឯពួកស្រីអប្សរ ( នាងនាគមានវិកា ) ក៏ចោមរោម ប្រគំ ថ្វាយព្រះសម្ពុទ្ធដែរ ។ កាលមានដូរ្យដន្ត្រី របស់ពួកនាគ ហើយ ពួកទេវតា ក្នុងចាតុ​ម្មហារាជិកា ក៏បានប្រគំនូវដូរ្យដន្រ្តី ទិព្វ ឯព្រះសម្ពុទ្ធទ្រង់ឮ ទ្រង់ជ្រាបច្បាស់នូវសម្លេង នៃដូរ្យដន្ត្រី ទាំងពីរពួកនោះ ។ បន្ទាប់មក ខ្ញុំបាននិមន្តព្រះសម្ពុទ្ធ ហើយវិល ត្រឡប់ចូលទៅកាន់ពិភពរបស់ខ្លួនវិញ បានក្រាលអាសនៈ រួច ហើយទៅក្រាបបង្គំទូលភត្តកាល ។ ព្រះលោកនាយក មាន ពួកព្រះខីណាស្រព មួយពាន់ចោមរោម ទ្រង់ផ្សាយនូវពន្លឺរស្មី សព្វទិស ហើយស្តេចចូលទៅ កាន់លំនៅរបស់ខ្ញុំ ។ វេលា នោះ ខ្ញុំបានអង្គាសព្រះពុទ្ធមានព្យាយាមធំ ទ្រង់ជាទេវតា ប្រសើរជាងទេវតា ជានរាសភៈ និងភិក្ខុសង្ឃដែលចូលទៅ ក្នុង លំនៅនៃខ្ញុំ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនិងទឹក ។ ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុ មោទនារួចហើយ ទើបទ្រង់គង់ក្នុងកណ្តាល នៃភិក្ខុសង្ឃ ហើយទ្រង់សម្តែង នូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្ត ជ្រះថ្លានោះ នឹងបានទៅកើត ក្នុងទេវលោក ។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិ អស់ ៧៧ ដង នឹងគ្រប់គ្រងរាជ្យលើផែនដី អស់ ១០៨ ដង ។ នឹងបានជាស្តេចចក្រពត្តិ អស់ ៥៥ ដង ឯទ្រព្យសម្បត្តិរាប់មិនអស់ នឹងកើតឡើង សម្រាប់ស្តេច ចក្រពត្តិនោះ ក្នុងកាលនោះ ។ ក្នុងកប្បរាប់មិនបាន អំពីកប្ប នេះ នឹងមានព្រះពុទ្ធមួយអង្គ ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ វរុណនាគរាជ នោះ នឹងឃ្លាតចេញអំពីនរក មកកើតជាមនុស្ស មានឈ្មោះថាកោលិត ជាជាតិញ្រហ្មណ៍ ។ លុះខាងក្រោយមក កោលិត មាណពនោះ ត្រូវកុសលមូលដាស់តឿន ក៏បានចេញបួស នឹង បានជាទុតិយសាវ័ក របស់ព្រះមានព្រះភាគ ព្រះនាមគោតម លោកផ្គងសេចក្តីព្យាយាម មានចិត្តស្លុងចុះទៅរកព្រះនិញ្វន លោកដល់នូវបារមីដោយឫទ្ធិ កំណត់ដឹងនូវអាសវៈធម៌ទាំង ពួង ជាអ្នកមិនមានអាសវៈធម៌ នឹងបរិនិញ្វន ។ ខ្ញុំលុះក្នុងអំណាចនៃកាមរាគ ព្រោះអាស្រ័យនឹងបាបមិត្ត មានចិត្តប្រទូស្ត ក៏បានសម្លាប់មាតានិងបិតា ។ ខ្ញុំចូលទៅយក កំណើតណា ៗ ទោះបីជានរកក្តី ជាមនុស្សក្តី សឹងបរិបូណ៌ ដោយបាបកម្ម ស្លាប់តែនឹងដាច់ក្បាល ។ ជាតិនេះ ជាបច្ឆិម ជាតិរបស់ខ្ញុំ ភពជាខាងក្រោយ ប្រព្រឹត្តទៅហើយ ក្នុងពេលនេះ ខ្ញុំនឹងធ្វើមរណកាល បែបនេះទៀត ។ ខ្ញុំប្រកបរឿយ ៗ ក្នុងវិវេក ត្រេកអរក្នុងការចម្រើនសមាធិ កំណត់ដឹងនូវអាសវធម៌ ទាំងពួង ទាំងជាអ្នកមិនមានអាសវធម៌ ។ ខ្ញុំបានដល់នូវបារមី នៃឫទ្ធិ ហើយញុំាងព្រះធរណី ដ៏ជ្រៅនិងក្រាស ដែលបុគ្គល មិនអាចឲ្យកម្រើកបាន ឲ្យកម្រើកបាន ដោយចុងម្រាមជើងឆ្វេង ។ ខ្ញុំមិនដែលឃើញអស្មិមានះ មានះរបស់ខ្ញុំ មិនដែល មានទេ ខ្ញុំធ្វើចិត្តគោរពចំពោះសមណៈ តាំងពីសាមណេរទៅ ។ ក្នុងកប្បរាប់មិនបាន រហូតមកដល់កប្បនេះ ខ្ញុំបានបំពេញនូវ បុញ្ញកម្មណា ៗ ក៏បានសម្រេចនូវសាវកភូមិនោះ ទាំងបានដល់ នូវអាសវក្ខ័យ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះសម្ពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមហាមោគ្គល្លានត្ថេរ មានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាមោគ្គល្លានត្ថេររាបទាន ។ ដោយ៥០០០ឆ្នាំ
images/articles/3232/________________________________________________.jpg
Public date : 01, Mar 2026 (5,672 Read)
កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ជាទីពឹងនៃសត្វ លោក ទ្រង់បរិនិញ្វនទៅ ពួកជននាំគ្នាធ្វើការបូជាព្រះសាស្តា អង្គនោះ ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាលញាតិនិងមិត្តនៃខ្ញុំទាំងនោះ កំពុងកើតសង្វេត បីតិកើត ឡើងដល់ខ្ញុំ ។ ខ្ញុំប្រជុំញាតិនិងមិត្តទាំងឡាយ ទើបពោលពាក្យ នេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិញ្វនហើយ បើ ដូច្នោះ យើងនឹងធ្វើការបូជា ។ ញាតិនិងមិត្តទាំងនោះទទួល ស្តាប់ថា ប្រពៃហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំ ដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំបុណ្យ ក្នុងព្រះពុទ្ធជាទីពឹងនៃ សត្វលោក ព្រះអង្គនោះ ។ ខ្ញុំបានសង់វិមាន មានកំពស់ ១០០ ហត្ត មានទំហំ ១៥០ ហត្ថ ខ្ពស់ទើសអាកាស ជាវិមានមាន តម្លៃ ដែលរចនាយ៉ាងល្អ ។ ខ្ញុំសង់វិមានដ៏មានតម្លៃ វិចិត្រ ដោយគំនរកុសលទាំង​ឡាយ​ក្នុងទីនោះហើយ បានញុំាងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ ។ ឯចេតិយ នោះរុងរឿង ដូចគំនរភ្លើង ឬដូចស្តេចសាលព្រឹក្សមានផ្ការីក ភ្លឺ ស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូក្នុងអាកាស ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ក្នុងធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបាន ទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះរឭកនូវបុព្វកម្មនោះ ។ ខ្ញុំជិះយានទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ ដ៏ខ្ពស់ កើត ឡើងសម្រាប់ខ្ញុំ ។ ផ្ទះមានកំពូលមួយពាន់ ជាវិការៈនៃមាស សុទ្ធ រុងរឿងជានិច្ច ទិសទាំងពួង សឹងតែភ្លឺដោយតេជះរបស់ ខ្លួន ។ ផ្ទះខាងមុខដទៃទៀត ជាវិការៈនៃកែវក្រហម មានក្នុង កាលនោះ ផ្ទះទាំងនោះភ្លឺរន្ទាល ដោយរស្មី ទៅកាន់ទិសទាំង ៤ ដោយជុំវិញ ។ ផ្ទះមានកំពូលទាំងឡាយ កើតឡើងដោយបុញ្ញកម្ម ដ៏តាក់តែងល្អ ជាវិការៈនៃកែវមណី តែងភ្លឺច្រាលទៅកាន់ ទិសតូចទិសធំ ដោយជុំវិញ ។ ផ្ទះកំពូលទាំងនោះកាលភ្លឺ ឡើង រស្មីធំទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជា ផលនៃបុញ្ញកម្ម ។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេច ចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេច ឈ្នះលើផែនដី គ្រប់គ្រងផែនដី ។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជា ស្តេចចក្រពត្តិមានកម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវ កម្មរបស់ខ្លួន ( ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០ ) ។ ខ្ញុំបរិបូណ៌ ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំ ខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ ។ ទីក្រុងឈ្មោះរម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែងនិងក្លោងទ្វារដ៏មាំ ។ ឯកំពែងនោះ មាន បណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករ ដោយពួកជនទាំងឡាយ ដូចជាបុរីនៃទេវតា ក្នុងជាន់ត្រៃត្រឹង្ស ។ ម្ជុលមានចំនួន ២៥ ដែលគេយកទៅចក្រ ក្នុងបំពង់ម្ជុលពេញ ណែន រមែងកកិតដិតជាប់គ្នា យ៉ាងណាមិញ ។ ទីក្រុងរបស់ខ្ញុំ កុះករដោយដំរី សេះ រថ ទីក្រុងនោះ ច្រើនដោយពួកមនុស្ស ជាក្រុងវិសេសគួរជាទីត្រេកអរ ក៏យ៉ាងនោះដែរ ។ ខ្ញុំបរិភោគ (ភោជន) ផង ផឹកទឹកផង ក្នុងបុរីនោះ រួចហើយទៅកាន់អត្ត ភាពជាទេវតាទៀត ក្នុងបច្ឆិមភព ខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ ខ្ពស់ ។ ខ្ញុំកើតក្នុងត្រកូលញ្រហ្មណ៍ ជាអ្នកសម្បូណ៌ដោយ រតនៈច្រើន បានលះបង់ហិរញ្ញៈចំនួន ៨០ កោដិ ហើយចេញ បួស ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។ បានឮថា ព្រះមហាកស្សបត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាកស្សបត្ថេរាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3072/535ook.jpg
Public date : 18, Feb 2026 (7,646 Read)
អសប្បុរិសទានសូត្រ ទី៧ [៤៧] ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាននេះ មាន ៥ យ៉ាង។ អសប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយមិនគោរព (ក្នុងទេយ្យធម៌) ១ ឲ្យទានដោយមិនធ្វើនូវសេចក្តីគោរព (ក្នុងបដិគ្គាហក) ១ មិនឲ្យដោយដៃខ្លួន ១ ឲ្យទានដូចជាបោះចោល ១ ឲ្យទានដោយឃើញថាមិនឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយគោរព ១ ឲ្យដោយធ្វើនូវសេចក្តីគោរព ១ ឲ្យទានដោយដៃខ្លួនឯង ១ ឲ្យទានមិនដូចជាបោះចោល ១ ឲ្យទានដោយឃើញថាឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន មាន ៥ យ៉ាងនេះឯង។ អសប្បុរិសទានសូត្រ ទី_ ៧ ឬ ការឲ្យទានរបស់អសប្បុរស បិដកភាគ ៤៥ ទំព័រ ៨៧ ឃ្នាប ៤៧ ដោយ៥០០០ឆ្នាំ
images/articles/3082/_______________.jpg
Public date : 18, Feb 2026 (5,956 Read)
[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនឹងចីវរ ក្នុងបុព្វណ្ណសម័យ ហើយចូលទៅកាន់ក្រុង វេសាលី ដើម្បីបិណ្ឌបាត ។ លុះទ្រង់ត្រាច់ ទៅបិណ្ឌបាតក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយទ្រង់ត្រាស់ហៅព្រះ អានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យក និសីទនៈទៅ យើងនឹងចូល ទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ ។ ព្រះអានន្ទដ៏ មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់និសីទនៈទៅតាមខាងក្រោយៗព្រះដ៏មានព្រះភាគទៅ ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅ ដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទ ៤ តថាគតបានចំរើនហើយ បានធ្វើ ឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធ ល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះ ដ៏មានព្រះភាគ ទ្រង់ធ្វើនិមមិត្តជាឪឡារិក ទ្រង់ធ្វើឪកាសជាឪឡារិក យ៉ានេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់បាន មិនបានអារាធនា ព្រះដ៏មានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើនដើម្បីអានុគ្រោះ ដល់ពួកទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកា ជាគំរប់ពីរដងផង ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះទុព្ធដីកានឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូច ជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អ ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គម្បីឋិតនៅ អស់១ អាយុកល្បឬលើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះដ៏មាន ព្រះភាគ ទ្រង់ធ្វើនិមិត្តជា ឪឡារិកយ៉ាងនេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់ បានឡើយ ហើយមិនបានអារាធនាព្រះដ៏មានព្រះភាគ ថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន ព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បី អានុគ្រោះ ដល់ពួកសត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូលទៅចុះ អ្នកចូលសំគាល់នូវកាលដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោក ចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយទៀបគល់ឈើ មួយជិតព្រះដ៏មានព្រះភាគ ។ គ្រានោះ កាលបើព្រះអានន្ទដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន ចិត្តបាប ក៏បានពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចំរើន សូចព្រះដ៏ មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ ចំរើនឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គ ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា នៃមារមានចិត្តបាប ពួកភិក្ខុ ជាសាវករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយល្អតាមពាក្យ ដែលសមហេតុ ហើយសំដែង ធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ តថាគតនឹងមិនទាន់ បរិនិព្វានដរាបនោះដូច្នេះ ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវករបស់ ព្រះដ៏មានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេមចាកយោគៈ ជាពហុស្សូតទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរ ដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាម ធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់ សង្កិនដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយ បាដិហារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះ សុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មាន ព្រះភាគ ត្រាស់វាចានេះ ហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុ ជាសាវិកា តថាគត មិនទាន់មានដរាបណា តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះ។បេ។ ពួក ឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា ។បេ។ ពួកឧបាសក ជាសាវិកា របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សម គួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយ ល្អតាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសក ជាសាវិកា របស់ព្រះដ៏មានព្រះភាគ ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានខាំងសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិន ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគតនឹងមមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនេះ បាន ទាន់ខ្ជាប់ខ្ជួន បានចំរើន បានផ្សាយទៅ សព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានឹង មនុស្ស ចេះសំដែងបានដោយល្អហើយ ។ បពិត្រ ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វាន ទៅ បពិត្រព្រះអង្គ ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគ ហើយ។ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការ បរិនិព្វានរ បស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះទៅ តថាគតនឹង បរិនិព្វានហើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឮដ៏ បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កើតការ ក្រើកដែនដីយ៉ាងធំ គួរឲ្យភ្លូកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ គ្រានោះ ព្រះដ៏ មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីនេះហើយ ក៏បន្លឺនូវ ឧទាននេះ ក្នុងវេលានោះថាព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ នូវព្រះនិព្វានដែលមាន គុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វ ទៅកាន់ភព ទ្រង់ ត្រេកអរនូវអារម្មណ៍ខាងក្នុង [ដោយអំណាច វិបស្សនា] មានព្រះហឬទ័យតាំងមាំហើយ [ដោយអំណាច សមថៈ] ទ្រង់បានទំលាយនូវបណ្ដាញគឺកិលេស ដែលកើតមាន នៅ ក្នុងព្រះអង្គដូចជាក្រោះ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ការ កក្រើក ផែនដីនេះយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើគួរឲ្យភ្លួកភ្លឹក ឲ្យព្រឺព្រួច រោម ទាំងផ្គរក៏លាន់ឡើង ។ ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យការ កក្រើក ផែនដី ជាយ៉ាងធំម្ល៉េះ ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ អង្គដ៏ចំរើន ការកក្រើកផែនដីនេះជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែន ដីនេះ ធំពេកណាស់តើ គួរឲ្យភ្លួកភ្លឹក គួរឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ ឮឡើង។ បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យកើតការ កក្រើផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យដែលនាំឲ្យកើតការកក្រើផែនដី នេះមាន ៨ យ៉ាង។ ហេតុបច្ច័យទាំង ៨យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់បក់ ខ្យល់ធំដែល បក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដី ឲ្យកក្រើកដែរ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី១ ដែលនាំឲ្យការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត សមណៈក្ដី ព្រាហ្មណ៍ក្ដី ដែលមានឬទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តឬទេវតាដែល មានឬទ្ធិធំ មាន អានុភាពធំបុគ្គលនោះ បានចំរើនបឋវិសញ្ញា ឲ្យមានកំឡាំងតិច ចំរើន អាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែងធ្វើផែនដីនេះ ឲ្យកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី២ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិ សត្វ ច្បុតចាកពួកទេវតា ដែលឋិតនៅក្នុងឋានតុសិតមានសតិនឹង សម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាល នោះផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៣ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះពោធិ សត្វ មានសតិនឹងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងដីកាល នោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៤ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាល ណា ដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៥ ដែលនាំឲ្យកើត ការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះផែន ដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៦ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត គតមានសតិនឹងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៧ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ កើតការកក្រើកផែនដី ជាយ៉ាងធំមាន ៨ យ៉ាងនេះឯង ។ ចប់ ចាសវគ្គទី ២ ។ ឧទ្ទានក្នុងចាលវគ្គនោះគឺ និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគទ្រង់ សំដែងធម៌ ដោយសង្ខេប ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគយាសីសប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ១ ផែនដីកក្រើក ១ ។ (បិ. ៤៨ ទំ២៩៣) ដោយ៥០០០ឆ្នាំ
images/articles/3161/dsger534rwfefwe.jpg
Public date : 16, Feb 2026 (6,044 Read)
អកុសលរាសិសូត្រ ទី៥ [១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។ [២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ អកុសលរាសិសូត្រ ទី ៥ ឬ គំនរបាបនិងគំនរបុណ្យ បិដកភាគ ៣៨ ទំព័រ ១៤ ឃ្នាប ១៩ ដោយ៥០០០ឆ្នាំ
images/articles/3103/64rthtgd.jpg
Public date : 08, Jan 2026 (6,683 Read)
[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូបដែរ។ [៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យកំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក។ [៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា។] ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ចប់សូត្រទី៥។ ចង្កមសូត្រ ទី ៥ បិដកភាគ ៣២ ទំព័រ ៣៣ ឃ្នាប ៣៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3234/ersew33rfwe332efwe.jpg
Public date : 05, Dec 2025 (5,818 Read)
ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទមានពួក សិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ដ៏ ប្រសើរជាងនរជន ។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ ជ្រាបច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជា បានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប ។ ខ្ញុំបានស្តាប់ធម៌នោះ ហើយ ក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយបែរមុខឆ្ពោះ ទៅកាន់ទិសទក្សិណ ដើរចេញទៅ ។ ខ្ញុំបានស្តាប់ដោយសង្ខេប ទេ តែអាចសម្តែងដោយពិស្តារបាន ពួកសិស្សទាំងអស់ បាន ស្តាប់ភាសិតដែលខ្ញុំសម្តែង ក៏មានចិត្តរីករាយគ្រប់ ៗ គ្នា ។ ពួកសិស្សទាំងនោះ លះចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យ ជ្រះថ្លាក្នុងព្រះពុទ្ធ ខ្ញុំសម្តែងដោយសង្ខេបក៏បាន ដោយពិស្តារ យ៉ាងនោះ ក៏បាន ។ ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្ម ឈ្លាស វៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញុំាងជនជាបណ្ឌិតទាំងពួង ឲ្យត្រាស់ ដឹង ទាំងជាអ្នកមិនមានអាសវៈ ។ ក្នុងកប្បទី ៥០០ អំពីភទ្ទ កប្បនេះទៅ ខ្ញុំកើតជាស្តេចចក្រពត្តិ ៤ ដង មានកេរ្តិ៍ឈ្មោះល្បី ល្បាញទូទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុង ទ្វីប ៤ ។ បដិ​សម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ បុណ្ណមន្តានីបុត្តត្ថេរាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.03