Reading Article
Public date : 02, Dec 2022 (20,648 Read)
បុណ្យកតញ្ញូកតវេទី

|
បុណ្យកតញ្ញូកតវេទី
ពិធីនេះភាគច្រើនគេនិយមធ្វើត្រឹមតែមួយយប់ និងមួយព្រឹកប៉ុណ្ណោះដោយមានការនិមន្តព្រះសង្ឃយ៉ាងតិច៤អង្គឡើងទៅ។ អត្ថន័យដែលធ្វើគឺដើម្បីគោរពចំពោះលោកអ្នកជា មាតាបិតា ជីដូនជីតា និងសូមពរជ័យពីលោកមានគុណទាំងឡាយ។ របៀបធ្វើគេពិភាក្សាជាមួយបងប្អូន សុំការឯកភាព តាមលទ្ធភាព អ្នកមានធូរធារ ក្រ និង មធ្យម ដើម្បីទិញសាដក និងវត្ថុផ្សេងៗសម្រាប់ធ្វើបុណ្យ។ ព្រលឹមឡើងថ្ងៃកំណត់គេនិមន្តព្រះសង្ឃឆាន់ទាំងព្រឹកទាំង-ថ្ងៃត្រង់ឬថ្ងៃត្រង់តែម្ដងក៏បានតាមលទ្ធភាព។ បើព្រះសង្ឃវត្តជិតផ្ទះ លោកនិមន្តទៅវត្តវិញជាធម្មតា រីឯពិធីនេះដំបូងអាចារ្យចាប់ពិធីបួងសួងទេវតាប្រកាសពិធីដែលកូនចៅមាននាមជាអាទិ៍គឺ..... មានកតញ្ញូចំពោះ...... ប្រារព្ធធ្វើពិធីនេះឡើង។ បន្ទាប់មកអាចារ្យនិយាយចំពោះសាមីខ្លួនកូនចៅណាមួយអាចនិយាយផ្ទាល់ពីការសុំខមាទោសនូវរាល់ទោសកំហុស ដែលកូនចៅបានប្រព្រឹត្តមិនសមហេតុផលចំពោះលោកមានគុណក្នុងកាលជាកន្លងនិង សូមប្តេជ្ញាគោរពរាប់អានស្រលាញ់បងប្អូន មិនធ្វើអំពើអាក្រក់ណាមួយឲ្យ មាតាបិតា ជីដូនជីតា ព្រួយបារម្ភឡើយ។ រួចលុតជង្គង់ គោរពជូនវត្ថុទាំងអស់នោះទៅលោកអ្នកដែលយើងបម្រុងជូន។ ពេលកូនចៅជូនអ្នកមានគុណត្រូវជូនពរ ជ័យដល់កូនចៅផ្ទាល់មាត់បន្ទាប់មកអញ្ជើញគាត់ទៅផ្ងូតទឹក។ (ពិធីនេះមាននៅក្នុងពិធីស្រង់ព្រះ) បញ្ជាក់ ការធ្វើនេះមិនប្រកាន់ថាបង ប្អូនមាមីងទេ។ ដោយការធ្វើកតញ្ញូកតវេទីនេះទោះបី បុរស- ស្ត្រី- គ្រហស្ថ បព្វជិតណាមួយក៏ដោយ ដែលបានទទួលផលប្រយោជន៍ និងសេចក្ដីសុខ ចម្រើនជាដើម អំពីអ្នកដទៃដែលគេបានទំនុកបម្រុងដល់ខ្លួនឲ្យបានប្រយោជន៍ណាមួយហើយ យើងមិនគួរបំភ្លេចគុណបំណាច់គឺសេចក្ដីល្អដែលអ្នកទាំងនោះបានធ្វើនោះទេគួរធ្វើកតវេទីតបស្នងសងគុណគាត់វិញ។ ម្យ៉ាងទៀត អានិសង្សកតញ្ញូកតវេទីនេះមានកម្លាំងធំធេងណាស់ដូចមាននិទានក្នុងរឿងសុវណ្ណសាមស្រាប់។ រឿងព្រះសុវណ្ណសាម
ក្នុងកាលដ៏កន្លងទៅហើយនៅនគរមួយមាន អ្នកនេសាទពីរត្រកូលមានលំនៅឋានឆ្ងាយពីគ្នាម្នាក់នៅស្ទឹងម្ខាង ចំណែកម្នាក់ទៀតនៅស្ទឹងម្ខាងទៀតហើយអ្នកនេសាទទាំងពីរបានសន្យាគ្នាថា កាលបើយើងទាំងពីរបានកូនស្រីនិងកូនស្រីឲ្យធ្វើជាមិត្ត បើកូនប្រុសមួយនិងស្រីមួយយើងធ្វើជាដន្លងនឹងគ្នាមិនយូរប៉ុន្មានត្រកូលទាំងពីរក៏បានកូនស្រីមួយនិងប្រុសមួយ។ លុះធំពេញវ័យម្ដាយឪពុក ក៏បានផ្សំអ្នកទាំងពីរជាគូភរិយា។ ទោះបីគេបានជាភរិយានឹងគ្នាក៏ដោយតែគេមិនប្រាថ្នាក្នុងកាមទេ គឺចង់តែទៅបួសដើម្បីរួចចាកកាមទាំងឡាយ។ សេចក្ដីប្រាថ្នារបស់ជនទាំងពីរនោះ រឹតតែកើតមានខ្លាំងឡើងៗ រាល់ថ្ងៃទ្រាំមិនបានក៏នាំគ្នាសុំលាម្ដាយឪពុកសងខាងចេញទៅបួស។ ទោះបីម្ដាយឪពុកទាំងសងខាង យំសោកស្ដាយមិនបើកឲ្យបួសក៏ចេះតែទទូចលារឿយៗទាល់តែបាន។ លុះបានហើយម្ដាយឪពុក ក៏បានរៀបចំបរិក្ខាគ្រប់ប្រដាប់សម្រាប់ស្លៀកពាក់ជាឥសី ឲ្យកូនទាំងពីរដោយបំណងរៀងៗខ្លួនបានសម្រាចពេលអ្នកទាំងពីរបានបរិក្ខារគ្រប់គ្រាន់ហើយក៏ស្លៀកពាក់ជាឥសីលាម្ដាយឪពុក ធ្វើដំណើរចូលទៅក្នុងព្រៃហេមពាន្ត ដ៏ជាទីសែនស្ងាត់ចម្រើនមេត្តាភាវនាជាសុខសាន្ត។ វេលាមួយ ព្រះអមរិន្ទ្រាធិរាជ ស្ដេចបើកទិព្វចក្ខុមើលស្រាប់តែឃើញឥសីទាំងពីរនាក់ប្ដីប្រពន្ធត្រូវខ្វាក់ភ្នែកទាំងអស់គ្នានៅពេលខាងមុខ ដូច្នេះត្រូវតែមានកូនម្នាក់សម្រាប់បម្រើ។ ពេលនោះព្រះឥន្ទក៏និម្មិតខ្លួនមកប្រាប់ដល់ឥសីទាំងពីរថា ម្នាលឥសីទាំងពីរ មិនយូរប៉ុន្មានទៀតទេអ្នកត្រូវខ្វាក់ភ្នែក។ ដូច្នេះចូលអ្នករួមសំវាសទៅទើបយើង នឹងនិមន្តទេវបុត្រមួយអង្គមកបម្រើអ្នក ខណៈនោះឥសីប្ដីប្រពន្ធមិនព្រមសោះបន្ទាប់មកព្រះឥន្ទក៏ប្រាប់បន្តទៀតថាបើអ៊ីចឹង ចូលអ្នកយកដៃទៅស្ទាប អង្អែល លើផ្ទៃតាបសីនៅពេលអធ្រាត្រណា! តាបសទាំងពីរថា បើគ្រាន់តែប៉ុណ្ណោះបាន។ លុះឥសីទាំងពីរទទួលព្រម ដូច្នោះហើយព្រះឥន្ទក៏ធារាធនា សុវណ្ណសាមទេវបុត្រពោធិសត្វ ឲ្យស្ដេចចុះចាប់បដិសន្ធិក្នុងផ្ទះនាងបារិកាជាឥសី ដូចសេចក្ដីប្រាថ្នា។ សុវន្ណសាមកុមារ វ័យធំឡើងម្ដាយឪពុកតែងទៅបេះផ្លែឈើជីកមើមឈើមកចិញ្ចឹមជារាល់ថ្ងៃ។ ថ្ងៃមួយជារដូវភ្លៀងមហាមេឃ បង្អុរភ្លៀង១មេយ៉ាងធំ តាបសទាំងពីររត់ជ្រកក្រោមដើមឈើមួយ ក្នុងដំបូកដែលមានពស់១ធំនៅក្នុងរូង។ តាបសទាំងពីរមិនដឹងថា មានពស់ក៏អង្គុយពីលើរូងនោះហើយញើសក្អែលស្រក់ទៅលើរូងនោះ។ ពស់នោះក៏បង្ហុយផ្សែងពិសវាមកត្រូវចំភ្នែក ហើយតាបសទាំងពីរនោះងងឹតភ្នែកទាំងពីរសូន្យឈឹងមើលគ្នាពុំឃើញអង្គុយយំនៅក្រោមដើមឈើនោះ រកផ្លូវទៅអាស្រមពុំរួច។ ព្រះសុវណ្ណាសាមកុមារ ចាំម្ដាយឪពុកនៅអាស្រមបាត់ពុំឃើញមកតាមកំណត់ដូចសព្វដងក៏រត់រកសព្វច្រកល្ហក។ លុះឃើញម្ដាយឪពុកងងឹតភ្នែកទាំងពីរនាក់ក៏ទួញយំហើយ ទ្រង់ដឹកដៃម្ដាយឪពុកចេញទៅកាន់អាស្រមហើយសុវណ្ណសាមកុមារ កាប់បំពង់កូនឈើមកចងខ្វាត់ខ្វែងពីអាស្រមទៅបង្គន់ពីបង្គន់ទៅកាន់កន្លែងសម្រាកជាដើម។ ខ្លួនតែងតែទៅក្នុងព្រៃដងទឹក និងបេះផ្លែឈើមកជូនម្ដាយឪពុករាល់ថ្ងៃ ក្នុងដំណើរទៅនោះ គឺតែងមានសត្វផ្សេងៗដើរអមហែទៅជាមួយ។ ថ្ងៃមួយពេលដែលសុវណ្ណសាមកុមារ ទៅដងទឹកដើម្បីលាងជម្រះកាយម្ដាយឪពុកដោយមានសត្វក្ដាន់ជាដើមបានដើរហែហមអមសឹងតែមើល សុវណ្ណសាមមិនឃើញឡើយ។ ថ្ងៃនោះចំពេលដែលកបិលយក្សមានបំណងចូលព្រៃបាញ់សត្វលេងកម្សាន្តព្រះទ័យ ទ្រង់ទតពីចម្ងាយទៅមិនឃើញព្រះពោធិសត្វឃើញតែក្ដាន់ដើរទន្ទឹមគ្នា ទ្រង់ក៏យឹតធ្នូបាញ់តម្រង់ទៅមិនត្រូវក្ដាន់បែរជាត្រូវព្រះពោធិសត្វទៅវិញ ចំកណ្ដៀតក្អមដួលទៅលើផែនដី។ ពេលនោះសុវណ្ណសាម សែនចុកចាប់ឈឺយ៉ាងខ្លាំងបានរៀបរាប់ថា អ្នកអ្ហើយបាញ់នេះមិនស្លាប់តែរូបខ្ញុំម្នាក់ទេ ស្លាប់ទាំងម្ដាយឪពុក ខ្ញុំទាំងពីររូបទៀតផង ឱ! ខ្ញុំអាសូរម្ដាយឪពុកខ្ញុំណាស់ពីថ្ងៃនេះទៅ ឥតមាននរណាបម្រើអ្នកឡើយ។ ស្ដេចកបិលយក្សស្ដាប់ឮពាក្យនោះហើយក៏មានចិត្តអាណិតមេត្តាជាខ្លាំងចូលទៅសួរថា សូមអ្នកអត់ទោសឲ្យខ្ញុំផង! ខ្ញុំធានាទៅបម្រើម្ដាយឪពុកអ្នកជំនួសអស់មួយជីវិត។ ទូលហើយក៏លាព្រះពោធិសត្វទៅរកអាស្រមរបស់តាបសទាំងពីរ លុះទៅដល់ហើយ ស្ដេចកបិលយក្ស ឡើងកាន់អាស្រមដោយស្នូរព្រះបាទខ្លាំងៗ។ តាបសទាំងពីរសួរថា នរណាដើរអីក៏ឮសូរខ្លាំងម្ល៉េះអ្នកមកពីណា? ស្ដេចកបិលយក្សជម្រាបថា ខ្ញុំឈ្មោះកបិលយក្ស បានបាញ់ក្ដាន់ដែលអមព្រះសុវណ្ណសាមកុមារ ជាកូនរបស់អ្នកទាំងពីរកំពុងបណ្ដើរទៅដងទឹកស្រះតែមិនត្រូវក្ដាន់បែរជាត្រូវ ព្រះសុវណ្ណសាមទៅវិញ ឥឡូវកូនអ្នកក្ស័យជីវិតទៅហើយ ខ្ញុំមកនេះមកបម្រើលោកទាំងពីរជំនួសសុវណ្ណសាម។ និមិត្តតែឮសូរពាក្យទាំងនេះភ្លាមតាបសីទាំងពីររូបក៏បានយំសោកខ្សឹមខ្សួលគួរឲ្យអណិតអាសូរពេក។ ថ្លែងឯនាងមណីមេខលាទេពធីតា ដែលជាអ្នករក្សានៅព្រៃនោះទាំងប៉ុន្មាន មកធ្វើសច្ចាប្រណិធានជុំវិញព្រះពោធិសត្វក្នុងគម្ពីរបានបញ្ជាក់ថា កាលបើមើលឃើញដូច្នេះហើយ មិនជួយនោះប្រាកដជាបែកក្បាលជាបំណែកមិនខាន។ ពេលនោះក៏ធ្វើការប្រណិធាននៅជុំវិញពោធិសត្វ ដែលទ្រង់សន្លប់បាត់ស្មារតីឯតាបសទាំងពីររូបដែលជាម្ដាយឪពុកឲ្យស្ដេចកបិលយក្ស ក៏បាននាំមកជួបសុវណ្ណសាម ជាកូនដល់ហើយតាបសទាំងពីរ និងស្ដេចកបិលយក្សយំសោកសង្រេងហើយធ្វើសច្ចាប្រណិធានទាំងអស់គ្នានៅជុំវិញព្រះពោធិសត្វដោយអានុភាពនៃសច្ចវាចានោះផងដោយ អានិសង្សកតញ្ញូកតវេទិតាធម៌របស់ព្រះពោធិសត្វសុវណ្ណសាមក៏មានស្មារតីឡើងវិញបន្ទាប់មកក្រាបថ្វាយបង្គំតាបសទាំងពីរជាម្ដាយឪពុក ដោយគោរពហើយនាំម្ដាយឪពុកទៅកាន់អាស្រមវិញដោយសុវត្ថិភាព។ ឯស្ដេចកបិលយក្សនោះ ក៏ទទួលបញ្ចសីលតាមព្រះឱវាទព្រះសុវណ្ណសាមពោធិសត្វ ហើយត្រឡប់ទៅកាន់នគរវិញហោង។ នៅទីបំផុតជាតកនេះ ព្រះបរមសាស្ដាទ្រង់សម្ដែងថាកតញ្ញូគឺជនអ្នកដឹងឧបការគុណ និងធ្វើតបចំពោះលោកមានគុណ គឺកតវេទិតាធម៌ដែលមានអានិសង្សដូចពោលមកនេះហើយដែលតថាគតបានត្រាស់ជាព្រះពុទ្ធមកុដត្រៃភពក៏ដោយសារកតញ្ញូកតវេទិតាធម៌នោះឯង។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |