អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩២៦ ដង)
សុន្ទរភាពជានិរន្តរ៍

|
ទោះបីជាមានទុក្ខនៅក្នុងជីវិត ប៉ុន្តែពុទ្ធសាសនិកបុគ្គលក៏មិនសោកសៅចំពោះរឿងនោះៗ ទាំងមិនខឹងឬថ្នាំងថ្នាក់ចំពោះសេចក្តីទុក្ខសោះឡើយ ។ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ចំណុចដ៏អាក្រក់មួយក្នុងចំណោមអំពើអាក្រក់ជាមូលដ្ឋាននៅក្នុងជីវិត គឺការថ្នាំងថ្នាក់ឬការខឹងក្រោធ ។
ការថ្នាំងថ្នាក់ (បដិឃៈ) បានដល់ចេតនាអាក្រក់របស់សត្វទាំងឡាយ ចំពោះសេចក្តីទុក្ខទាំងអស់ និងចំពោះសភាវៈដែលទាក់ទងជាមួយនឹងសេចក្តីទុក្ខ ។ តួនាទីរបស់វា គឺបង្កើតនូវទីតាំងនៃសេចក្តីទុក្ខ ក៏ដូចជាការប្រព្រឹត្តនូវទង្វើមិនគួរគប្បីទាំងឡាយ ។ ដូចនេះទើបជាការខុសដែលចិត្តមិនអត់ធន់ចំពោះសេចក្តីទុក្ខ ដ្បិតថាការមិនអត់ធន់ឬការខឹងក្រោធចំពោះសេចក្តីទុក្ខ គឺមិនអាចកម្ចាត់នូវសេចក្តីទុក្ខបានឡើយ ។ ផ្ទុយទៅវិញ វាកាន់តែបន្ថែមនូវភាពស្មុគស្មាញ ឡើងថែមមួយកម្រិតទៀត ។ វាជាការបំប៉ោងនូវស្ថានការណ៍ ដែលអាក្រក់ស្រាប់ទៅហើយនោះ ឲ្យកាន់តែអាក្រក់ខ្លាំងឡើងថែមទៀត ។ ហេតុដូច្នេះការដែលប្រសើរបំផុត ក៏គឺមិនខឹងឬមិនថ្នាំងថ្នាក់ ហើយព្យាយាមស្វែងយល់នូវបញ្ហាដែលនាំឲ្យកើតទុក្ខថា វាកើតឡើងមកបានយ៉ាងដូចម្តេច និងរំលត់វាទៅវិញបានយ៉ាងដូចម្តេច បន្ទាប់មកក៏ធ្វើការងារដោយសេចក្តីអត់ធន់ដោយបញ្ញា ដោយការតាំងចិត្តដ៏មុតមាំនិងដោយអស់ពីសមត្ថភាព ។ មានគម្ពីចាស់ៗ ចំនួន២ គឺថេរគាថា និងថេរីគាថា ដែលរួបរួមនូវពាក្យឧទានប្រកបដោយសោមនស្ស នៃបណ្តាសាវ័កទាំងឡាយរបស់ព្រះពុទ្ធជាម្ចាស់របស់បុរសស្រ្តី ដែលលោកទាំងនោះសុទ្ធសឹងជាអ្នកប្រទះនូវសន្តិនិងសេចក្តីសុខក្នុងជីវិត ដោយអាស្រ័យឱវាទទូន្មានរបស់ព្រះអង្គ ។ គ្រាមួយព្រះបាទបសេនទិកោសលបានទូលព្រះអង្គថា សាវ័កទាំងឡាយរបស់ព្រះអង្គជាអ្នករីករាយសប្បាយចិត្ត (ហដ្ឋបហដ្ឋ) មានបីតិបា្រមោទ្យ (ឧទគ្គុទគ្គ) នៅជាសុខសម្រាន្តជាមួយជីវិតផ្លូវធម៌ (អភិរតរូប) មានឥន្រ្ទីយស្រស់ថ្លា (បីណិតិន្រ្ទិយ) ប្រាសចាកភាពខ្វល់ខ្វាយ (អប្បោសុក្ក) ត្រជាក់(បណ្ណលោម) ស្ងប់រម្ងាប់(បរទវុត្ត) និងមានចិត្តភ្លឺស្វាង (ទាំងដែលបរិភោគអាហារត្រឹមមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ) មិនដូចសាវ័ករបស់សាសនាដទៃ ដែលជាអ្នកល្ហិតល្ហៃ គ្រោតគ្រាត ស្លេក ស្លាំង និងមិនគួរឲ្យទាក់ភ្នែកទាក់ចិត្តសោះឡើយ ។ បន្ទាប់មកព្រះបាទបសេនទិកោសលទ្រង់ក្រាបទូលបន្ថែមទៀតថា ព្រះអង្គជឿថាព្រះសាវ័កទាំងឡាយ ដែលមានលក្ខណៈសម្បត្តិពេញលេញបរិបូណ៌យ៉ាងដូច្នេះ ក៏អាស្រ័យមកពីការពិតដែលថា " ព្រះគុណម្ចាស់ទាំងឡាយនេះ បានដឹងច្បាស់នូវគុណវិសេសដទៃក្រៃលែងជាងកាលមុន ក្នុងសាសនារបស់ព្រះដ៏មានបុណ្យយ៉ាងពិតប្រាកដ " ។ ព្រះពុទ្ធសាសនាជាបដិបក្ខចំពោះចិត្ត ដែលមានលក្ខណៈសោកសៅ តក់ស្លុត ខូចចិត្តនិងស្រងូតស្រងាត់ ដែលត្រូវបានចាត់ទុកថាជានីវរណធម៌ (ជាសត្រូវ) ចំពោះការត្រាស់ដឹងនូវសច្ចធម៌ ពោលដោយន័យមួយទៀតគឺគួរចងចាំទុកក្នុងចិត្តថា សេចក្តីឆ្អែតចិត្តដែលប្រកបដោយអំណរ(បីតិ) ជាលក្ខណៈដ៏ល្អមួយក្នុងចំណោមពោជ្ឈង្គ៧ (ធម៌ជាអង្គនៃការត្រាស់ដឹង) ដែលជាគុណសម្បត្តិដ៏សំខាន់ និងគួរបណ្តុះឲ្យកើតមានឡើង ដើម្បីការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន (ទីបំផុតនៃសេចក្តីទុក្ខ) ។ ស្រង់ចាកសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន-កុសល ដោយ៥០០០ឆ្នាំ |