អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៤,៨៩៦ ដង)
បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនឋិតក្នុងសីល អ្នកប្រាជ្ញរមែងតិះដៀល

|
សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ បិ. ៤២
១- សីល សមាធិ បញ្ញា និង វិមុត្ត ជាធម៌រកគុណជាតិដទៃប្រសើរជាងគ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតម មានយស បានត្រាស់ដឹងហើយ ។ ព្រះពុទ្ធ សម្តែងធម៌ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់ដឹងច្បាស់ដោយប្រការដូច្នេះ, សាស្តា មានចក្ខុ ធ្វើនូវទីបំផុតនៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ ។ ( ទំព័រ ៣ ) ២- បុគ្គលដែលឃ្លាតចាក ( ធម្មវិន័យ ) រមែងធ្លាក់ចុះ, បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក( កាន់ជាតិ ជរា ព្យាធិ មរណៈ ) ម្តងទៀត ។ ( បើ ) កិច្ច ( ដោយមគ្គទាំង ៤ ) បុគ្គលនោះបានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាតដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ ( រមែងមានដល់បុគ្គលនោះ ) ( ទំព័រ ៥ ) ។ ៣- ជនណា ប្រតិបត្តិខុសក្នុងមាតា ក្នុងបិតា ក្នងព្រះតថាគតជាសម្ពុទ្ធ ក្នុងសាវ័ករបស់ព្រះតថាគតនោះ ជនដូច្នោះនោះរមែងបាននូវបាបដ៏ច្រើន ។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបុគ្គលនោះទៅកាន់បរលោកខាងមុខហើយ រមែងទៅកាន់អបាយទៀត ព្រោះការប្រព្រឹត្តមិនត្រូវតាមធម៌នោះក្នុងមាតា និង បិតាទាំងឡាយ ។ ជនណាប្រតិបត្តិត្រូវក្នុងមាតា ក្នុងបិតា ក្នុងព្រះតថាគតជាសម្ពុទ្ធ ក្នុងសាវ័ករបស់ព្រះតថាគតនោះ ជនដូច្នោះនោះ រមែងបាននូវបុណ្យដ៏ច្រើន ។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ លុះជននោះទៅកាន់លោកខាងមុខហើយ រមែងរីករាយក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តត្រូវតាមធម៌នោះចំពោះមាតា និង បិតាទាំងឡាយ ។ ( ទំព័រ ១១ ) ។
៤- បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះ ដោយហេតុទាំង ២ គឺ សីល ១ សេចក្តីចេះដឹង ១ ។ បើបុគ្គលមានសេចក្តីចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួនក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះតែដោយសីល ប៉ុន្តែសេចក្តីចេះដឹង មិនសម្រេចដល់បុគ្គលនោះទេ ។ បើបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីលទាំងឡាយទេ អ្នកប្រាជ្ញទាំងឡាយរមែងតិះដៀលបុគ្គលនោះដោយសីល ប៉ុន្តែសេចក្តីចេះដឹងតែងសម្រេចដល់បុគ្គលនោះ ។ បើបុគ្គលមានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួននៅក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយរមែងសរសើរបុគ្គលនោះ ដោយហេតុទាំង ២ គឺ សីល ១ និង សេចក្តីចេះដឹង ១ ។ អ្នកណាគួរនិន្ទាបុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ប្រកបដោយបញ្ញា ជាពុទ្ធសាវកនោះ ដែលដូចជាដុំនៃមាសជម្ភូនទបាន ទេវតា និងមនុស្សទាំងឡាយ រមែងសរសើរបុគ្គលនោះ សូម្បីព្រហ្មក៏សរសើរដែរ ។ ( ទំព័រ ១៦ ) ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |