អានអត្ថបទ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៤,៧៤៨ ដង)
មាគ៌ាដ៏ប្រសើរ

|
អរិយមគ្គ មាគ៌ាដ៏ប្រសើរ
បណ្តាអរិយមគ្គមានអង្គ ៨ ។ មគ្គមានអង្គ ៨ គឺអ្វីខ្លះ ? គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។
១-សម្មាទិដ្ឋិ ( ការយល់ត្រូវ ) បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច ។ ការដឹងក្នុងកងទុក្ខ ការដឹងក្នុងទុក្ខសមុទ័យ ការដឹងទុក្ខនិរោធ ការដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា នេះហៅថា សម្មាទិដ្ឋិ ។ ២- សម្មាសង្កប្បៈ ( ការត្រិះរិះត្រឹមត្រូវ ) បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច ។ ការត្រិះរិះក្នុងការចេញចាកកាម ការត្រិះរិះក្នុងការមិនព្យាបាទ ការត្រិះរិះក្នុងការមិនបៀតបៀន នេះហៅថា សម្មាសង្កប្បៈ ។ ៣- សម្មាវាចា ( ការនិយាយត្រឹមត្រូវ ) បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច ។ ចេតនាជាហេតុវៀរចាកមុសាវាទ ចេតនាជាហេតុវៀរចាកបិសុណាវាចា ចេតនាជាហេតុវៀរចាកផរុសវាចា ចេតនាជាហេតុវៀរចាកសម្ផប្បលាបៈ នេះហៅថា សម្មាវាចា ។ ៤- សម្មាកម្មន្តៈ ( ការមានការងារត្រឹមត្រូវ ) បណ្តាអរិយមគ្គ ទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច ។ ចេតនាជាហេតុវៀរចាកបាណាតិបាត ចេតនាជាហេតុវៀរចាកអទិន្នាទាន ចេតនាជាហេតុវៀរចាកកាមេសុមិច្ឆាចារ នេះហៅថា សម្មាកម្មន្តៈ ។ ៥- សម្មាអាជីវៈ ( ការចិញ្ចឹមជីវិតត្រឹមត្រូវ ) បណ្តាអរិយមគ្គ ទាំងនោះ សម្មាអាជីវៈ តើដូចម្តេច ។ អរិយសាវ័កក្នុងសាសនេះនេះ លះបង់ការចិញ្ចឹមជីវិតខុសសម្រេចជីវិត ដោយការចិញ្ចឹមជីវិតត្រូវ នេះហៅថា សម្មាអាជីវៈ ។ ៦- សម្មាវាយាមៈ ( ការព្យាយាមត្រឹមត្រូវ ) បណ្តាអរិយមគ្គ ទាំងនោះ សម្មាវាយាមៈ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ ( សេចក្តីប្រាថ្នា ) ឲ្យកើតឡើងសង្វាតប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមកដែលមិនទាន់កើត មិនឲ្យកើតឡើង, ញុំាងឆន្ទៈឲ្យកើតឡើងសង្វាតប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ. ញុំាងឆន្ទៈឲ្យកើតឡើយ សង្វាត ប្រារព្ធ ព្យាយាមផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើតឲ្យកើតឡើង, ញុំាងឆន្ទៈពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យឋិតនៅមិនឲ្យវិនាស ឲ្យរឹងរិតតែដុះដាល ធំទូលាយ ចម្រើនពេញលេញ នេះហៅថា សម្មាវាយាមៈ ។ ៧- សម្មាសតិ ( ការភ្ញាក់រឮកត្រឹមត្រូវ ) បណ្តាអរិយមគ្គ ទាំងនោះ សម្មាសតិ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក, ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក, ពិចារណានូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួនមានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក, ពិចារណានូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក, នេះហៅថា សម្មាសតិ ។ ៨- សម្មាសមាធិ ( ការតម្កល់ចិត្តត្រឹមត្រូវ ) បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់ទុតិយជ្ឈានជាទីផូរផង់ក្នុងសន្តាន មានភាពនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ មានបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះការវិនាសនៃបីតិ ជាបុគ្គលព្រងើយផង មានសតិ និង សម្បជញ្ញៈផង រមែងទទួលនូវសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយតែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន តែងមានចិត្តព្រងើយ ជាអ្នកមានស្មារតី នៅជាសុខ ព្រោះការលះបង់សុខផង ព្រោះការលះបង់ទុក្ខផង ព្រោះការវិនាសទៅនៃសោមន្ស និង ទោមនស្សក្នុងកាលមុនផង លោកក៏ចូល កាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខឥតសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា នេះហៅថា សម្មាសមាធិ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |