អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩៥១ ដង)
មានទ្រព្យសម្បតិ្ត និងការអស់ទ្រព្យសម្បត្តិ

|
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ ។ ជាទូទៅ គេតែងសប្បាយរីករាយនៅពេលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ ។ នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្តីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ ។ ការបាននូវលាភ ឬទ្រព្យសម្បត្តិ គឺកើតឡើងដោយសារបុណ្យ ដែលធ្លាប់សន្សំទុកក្នុងអតីតកាល រួមជាមួយនឹងសេចក្តីប្រឹងប្រែងនាពេលបច្ចុប្បន្ន ។ ចំណុចល្អនៃការបានលាភ កាលបើមានលាភ ឬទ្រព្យសម្បត្តិយើងអាចធ្វើអ្វីៗ ដែលទាក់ទងទៅនឹងការចំណាយធនធានបានដោយងាយស្រួល ដូចជា ១. ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន ។ ២. ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចពីសេចក្តីអន្តរាយផ្សេងៗ ដូចជាអន្តរាយព្រោះភ្លើងព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម ។ ៣. ចាត់ចែងសម្រាប់ជួយសង្រ្គោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកពីចម្ងាយ... (សំដៅដល់ពលី ៥ យ៉ាង មានពលីញាតិជាដើម) ។ ៤. ចាត់ចែងបរិច្ចាគធ្វើទាន ដល់សមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់ ។ លាភ ឬទ្រព្យសម្បត្តិ អាចប្រើប្រាស់ឲ្យបានជាប្រយោជន៍ច្រើនយ៉ាងទៀត ដែលទាក់ទងទៅនឹងការចំណាយធនធាន ដូចជាការបង់ថ្លៃសាលាជាដើម ។ គុណវិបត្តនៃការមានលាភ លាភសក្ការៈ ឬទ្រព្យសម្បត្តិ អាចនាំឲ្យបានសម្រេចប្រយោជន៍ ដូចដែលបានរៀបរាប់មកខាងលើក៏ពិតមែនហើយ តែក៏អាចសម្លាប់នូវម្ចាស់វា ដែលល្ងង់ខ្លៅបានផងដែរ ព្រោះលាភ ឬទ្រព្យសម្បត្តិមិនអាចជួយមនុស្ស អស់នូវការសៅហ្មងបានឡើយ បើបាត់បង់ស្មារតីហើយ មនុស្សយើងមុខជា សៅហ្មងដោយសារតែលាភ ឬទ្រព្យសម្បត្តិដោយពិតប្រាកដ ។ មនុស្សជាច្រើន កាលនៅមិនទាន់សម្បូរលាភ ឬទ្រព្យសម្បត្តិ មិនទាន់ភ្លើតភ្លើនប៉ុន្មានទេ លុះតែបានលាភ ឬទ្រព្យសម្បត្តិកើតឡើង ក៏ស្រាប់តែបែកគំនិតទៅក្នុងរឿងផ្សេងៗ ដូចជា ស្រី ស្រា ល្បែង និងបាបមិត្តជាដើម ដោយគេយល់ថា ទាល់តែហ៊ឺហាសប្បាយចាយវាយ ទើបជីវិតមានន័យ ។ គំហើយដ៏ឆោតល្ងង់ របស់សត្វទាំងឡាយ បានបង្កើតឲ្យគេនូវគំនិតថា របស់ផ្សេងៗ ដែលជាគ្រឿងបម្រើសេចក្តីសប្បាយរបស់ខ្លួន ឬដែលខ្លួនយកមកប្រើដើម្បីបម្រើសេចក្តីសប្បាយនោះ ជាគំនិតដែលត្រឹមត្រូវ តែគំនិតសច្ចធម៌វិញឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា សត្វលោកទេតើ ដែលយកខ្លួនឯងទៅបម្រើរបស់ទាំងនោះ ក្នុងក្របខ័ណ្ឌនៃការបម្រើតណ្ហារបស់ខ្លួនឯង ។ មនុស្សជាច្រើនយល់ថា មានប្រាក់មានអ្វីៗទាំងអស់ ហើយដោះស្រាយបញ្ហាអ្វីក៏បាន ប៉ុន្តែគេមិនបានដឹងទាល់តែសោះថាប្រាក់ខ្លួនវាផ្ទាល់ ក៏នាំនូវបញ្ហាមកជាមួយដែរ ដូច្នេះប្រសិនបើគេប្រើប្រាស់ ដោយប្រាសចាកសតិស្មារតីហើយ គេមុខជានឹងស្រវឹងតាំងពីពេលដែលមិនទាន់ត្រូវស្រាម្ល៉េះ ។ លាភតែសម្លាប់បុគ្គលពាល ចំពោះអ្នកប្រាថ្នាចេញចាកទុក្ខ ដូចជាភិក្ខុសាមណេរជាដើម បើជាអ្នកធ្ងន់ក្នុងលាពហើយ មិនអាចគេចចេញផុតពីសេចក្តីទុក្ខបានឡើយ គឺនាំមកតែការកង្វល់ និងការហួងហែង រហូតដល់មានការច្រណែនឈ្នានីស ព្រមទាំងឈានចូលទៅដល់ ការឈ្លោះប្រកែកគ្នាថែមទៀតផង ។ លាភដែលកើតឡើងចំពោះ ភិក្ខុឬសាមណេរ ដែលជាអ្នកធ្ងន់ក្នុងលាភនោះ គឺកើតឡើងដើម្បីសម្លាប់បុគ្គលនោះឯង ដូចជាចេកដែលចេញផ្លែ ដើម្បីសម្លាប់តែខ្លួនឯង ឬដូចឫស្សី ដែលចេញផ្លែដើម្បីសម្លាប់ខ្លួនឯង ពុំនោះសោត ដូចជាសេះអស្សតរ ដែលមានផ្ទៃដើម្បីសម្លាប់ខ្លួនរបស់វា ដូចដែលព្រះមានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ផលំ វេ កទលី ហន្តិ ផលំ វេឡុំ ផលំ នឡំ សក្ការោ កាបុរសំ ហន្តិ គព្ភោ អស្សតរី យថា ។ ផ្លែចេកតែសម្លាប់ដើមចេក ផ្លែឫស្សីតែងសម្លាប់ដើមឫស្សី ផ្លែបបុសតែងសម្លាប់ដើមបបុស សក្ការៈតែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌តែងសម្លាប់មេសេះអស្សតរ ។ ត្រូវចេះតស៊ូនឹងការអត់លាភ មនុស្សដែលអាចអត់ទ្រាំ ចំពោះការអត់លាភ ឬការដែលបាត់បង់លាភទៅវិញបាននោះ ក៏ត្រូវតែជាមនុស្សចេះដឹងក្នុងធម្មជាតិដែលនៅជុំវិញជីវិត ឃើញថាជីវិតគឺយ៉ាងហ្នឹងឯង ជួនមានលាភ ជួនក៏បាត់លាភ ជារឿងធម្មតា ។ ការដែលមនុស្សយើង ចេះតែកើតទុក្ខទោមនស្ស ព្រោះការដែលបាត់បង់លាភទៅព្រោះគេគិតថា បញ្ហានេះមិនមែនជារឿងធម្មតា តែកាលបើបានយល់ច្បាស់ថា ការមានលាភ និងការអត់លាភ គឺជារបស់គូគ្នាហើយនោះ មិនមានរឿងអ្វីដែលត្រូវលំបាកចិត្តនោះឡើយ គឺអាចទទួលបានគ្រប់ករណី ។ កាលបើលាភកើតឡើង ក៏មិនត្រេកអរភ្លើតភ្លើន រហូតបាត់បង់ស្មារតី ហើយត្រូវចេះប្រើប្រាស់លាភនោះ ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ ហើយព្រមទាំងចេះប្រើប្រាស់ ឲ្យសមជាម្ចាស់លាភទាំងនោះ មិនឲ្យលាភសក្ការៈ មានអំណាចលើឧត្តមគតិរបស់ខ្លួនឡើយ ហើយត្រូវដឹងថាលាភដែលកើតឡើងនោះ វាមិនមែនចេះតែកើតឡើងរហូតដោយមិនដាច់ខ្សែនោះទេ វាគង់តែលែងកើត ឬបាត់បង់ទៅវិញមិនខាន យើងត្រូវតែត្រៀមខ្លួនទុកជាមុន ។ មនុស្សជាច្រើន ឃើញតែគុណតម្លៃនៃទ្រព្យសម្បត្តិ តែតិចគ្នាណាស់ដែលឃើញទោសរបស់ទ្រព្យសម្បត្តិ ព្រោះតែគេសម្លឹងឃើញតែផ្នែកល្អរបស់ទ្រព្យយ៉ាងនេះឯង ទើបពេលដែលទ្រព្យវិនាសបាត់បង់ទៅ លទ្ធផលដែលគេទទួលបាន គឺទុក្ខតូចចិត្ត ។ដើម្បីការពារនូវសេចក្តីទុក្ខតូចចិត្ត មិនឲ្យកើតឡើង នៅពេលដែលទ្រព្យវិនាសទៅទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងនឹងភិក្ខុទាំងឡាយ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងរមែងមាន នៅក្នុងភោគៈ ទាំងឡាយ ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ? គឺ ភោគៈ ជាសាធារណៈដល់ភ្លើង ១ ភោគៈ ជាសាធារណៈដល់ទឹក ១ ភោគៈ ជាសាធារណៈដល់ព្រះរាជា ១ ភោគៈ ជាសាធារណៈដល់ចោរ ១ ភោគៈ ជាសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១ ... ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងរមែងមាននៅក្នុងទ្រព្យសម្បត្តិ... គឺអាស្រ័យភោគៈ ហើយ ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញ៉ាំងមាតានិងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញ៉ាំងកូនប្រពន្ធ ខ្ញុំទាសៈ និងបុរសកម្មករឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំទាសៈ និងបុរសកម្មករ ឲ្យសុខសប្បាយ ១ ញ៉ាំងមិត្តនិងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្ត អាមាត្យ បានសុខសប្បាយ ១ ។ តម្កល់ទុកនូវទាន មានផលដ៏ខ្ពង់ខ្ពស់ក្នុងសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ល្អប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ ។កាលបានសម្លឹងឃើញ ទោសនិងអានិសង្សយ៉ាងនេះហើយ យើងនឹងទៅជាមនុស្សមានឧបេក្ខាក្នុងការបានលាភ និងការអត់លាភ ។ ការដែលមិនបានសិក្សា អំពីសភាពធម្មតានៃជីវិត ហើយភ្ញាក់ផ្អើលទៅក្នុងរឿងបន់ស្រន់ អង្វរកអំពីវត្ថុស័ក្តិសិទ្ធិផ្សេងៗ រមែងមិនរួចចាក អំពីសេចក្តីអន្តរាយឡើយ ព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្ម ដែលខ្លួនធ្លាប់បានធ្វើហើយ (កម្មុនា វត្តគី លោកោ) ។ មានតែការយល់ដឹង អំពីរឿងរបស់ជីវិតប៉ុណ្ណោះ ទើបអាចតស៊ូនឹងការអត់លាភបាន ។ នៅពេលបានជួបលាភ គួរបានជ្រាបថាមិនទៀង
ព្រោះលាភដូចទឹកភ្លៀង ជួនក៏រាំងមិនប្រាកដ ។ ជួនបានដូចបំណង ជួនក៏បង់ខ្លួនកំសត់
រឿងបាននិងរឿងអត់ សត្វប្រាកដជួបគ្រប់គ្នា ។ បើលាភកើតឡើងពិត ត្រូវមានចិត្តគិតជ្រះថ្លា ធ្វើទានក្នុងសាសនា ឬក៏ថាសង្រ្គោះញាតិ ។ បើបានមិនលះបង់ ជួយស្រោចស្រង់ជនឯទៀត បាននោះពិតចោលម្សៀត ព្រោះខ្វះញាតិរស់អាស្រូវ ។ គួរធ្វើបុណ្យឲ្យហើយ ទាន់នៅឡើយទ្រព្យគង់នៅ ពេលទ្រព្យវិនាសទៅ ក្រែងអស់ផ្លូវខានធ្វើទាន ។ ដកស្រង់ចេញពីសៀវភៅ " រលកលោកធម៌ " រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា ។ ដោយ៥០០០ឆ្នាំ |