អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៤០,១៦០ ដង)
រឿងប្រេតប្តីប្រពន្ធ

|
រឿងប្រេតប្តីប្រពន្ធ
( ចាក បេ. ខុ. ) ( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា ) ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏មួយ ក្នុងក្រុងពារាណសី ។ ត្រកូលនោះមានកូន ៣នាក់ ប្រុស ២នាក់ ស្រី ១នាក់ពៅគេបង្អស់ ។ កូនទាំងបីនេះ ជាពួកម៉ាកមិត្តភ័ក្តរាប់អានគ្នាជាមួយឧបាសក ឧបាសិកា ចំណាយទ្រព្យធ្វើបុណ្យទាន ក្នុងព្រះពុទ្ធសាសនា ។ ចំណែកខាងព្រាហ្មណ៏ ដែលជា មាតា បិតា កូនទាំងបី នោះជាបុគ្គលកំណាញ់ គ្មានសទ្ធាមិច្ឆាទិដ្និ មិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។
ព្រាហ្មណ៏នេះ មានក្មួយប្រុសម្នាក់ ទៅបួសជាសាមណេរ ក្នុងសំណាក់សង្កិចភិក្ខុនោះ ជាអ្នកឃើញទោសរបស់កាម តាំងពីបានបួសហើយ ចេះតែចូលទៅសុំឧបសម្បទាជា ភិក្ខុក្នុងសំណាក់ឧបជ្ឈាយ៏ សង្កិបភិក្ខុ ជាឧបជ្ឈាយ៏ចេះតែ ឃាត់ឪ្យបង្អង់ចាំ ១ ខែទៀត ៗ ជាច្រើនដង ព្រោះលោកជ្រាបថា មានឧបនិស្ស័យជាព្រះអរហន្ត ប៉ុន្តែមិនទាន់ដល់កំណត់កាល ឯអាយុក៏មិនទាន់គ្រប់ ២០ ឆ្នាំផង ថ្ងៃមួយមានខ្យល់ព្យុះធំ បក់បោករលំផ្ទះព្រាហ្មណ៏ ស្លាប់អស់មនុស្សក្នុងផ្ទះ គឺព្រាហ្មណ៏ប្តីប្រពន្ធ ស្លាប់ទៅកើតជាប្រេត ទាំងពីរនាក់ ឯកូនប្រុស ពីរនាក់ ស្លាប់ទៅកើតជាភូមិទេវតា កូនស្រីកើតជាភូមិទេវធីតា បរិបូរណ៏ដោយទ្រព្យសម្បត្តិ នៅអាស្រ័យក្នុងព្រៃធំ ក្បែរក្រុងរាជគ្រឹះ។ ប្រេតប្តីប្រពន្ធ មានរូបកាយអាក្រក់គួរខ្លាច កំពស់ប៉ុនត្នោតលៃ ខ្លួនប្រលាក់សុទ្ធតែឈាម និងខ្ទុះ ដៃកាន់ដំបងដែកប៉ុនដើមត្នោត សំពងក្បាលគ្នាទៅវិញ ទៅមក បែកជាំដំពេញខ្លួន ហើយខាំហែកសាច់គ្នាស៊ីរាល់ពេលវេលា ព្រោះស្រេកឃ្លានខ្លាំងណាស់ ។ ប្រេតទាំងពីរនេះចេះតែដើរតាមភូមិទេវតា ជាកូនទាំងបី ប៉ុន្តែមិនអាចទទួលយកអំណោយពីកូនបានឡើយ ព្រោះកាលជាតិមុន កូនបបួលដឹកនាំ ឪ្យធ្វើទានសីលមិនព្រមស្តាប់តាមសោះ ។ ចំណែកខាងសាមណេរ បានដឹងថាព្រាហ្មណ៏ជាឪពុកម្តាយមីង ព្រមទាំងបងប្អូនបីនាក់ រលំផ្ទះស្លាប់អស់ ហើយក៏ចូលទៅសុំលាឧបជ្ឈាយ៏សឹកទៅផ្ទះវិញ ។ ឧបជ្ឈាណ៏ឃាត់ឪ្យបង្អង់សិន ទើបលោកនៃសាមណេរនោះទៅគង់ក្នុងព្រៃធំ ស្រាប់តែសាមណេរនោះបានឃើញទេវតាបីរូប ហោះចុះឡើងសប្បាយរីករាយក្នុងព្រៃ ក៏សួរឧបជ្ឈាយ៏ ៗ ក៏ឪ្យសួរចំពោះទេវតាផ្ទាល់ខ្លួនឯង សាមណេរក៏សួរទៅទេវតា ហោះមុនគេថា អ្នកជាអ្វី បានធ្វើកម្មអ្វីខ្លះពីជាតិមុន ? សួរដូច្នេះគ្រប់ទេវតាទាំងបី ទេវតាទាំងនោះមិនប្រាប់ដោយខ្លួនឯងទេ គ្រាន់តែប្រាប់ថាចាំសួរប្រេតទាំងពីរនៅខាងក្រោយ ។ មួយស្របក់ប្រេតទាំងពីរក៏មកដល់ សាមណេរឃើញ នឹកអស្ចារ្យក្នុងចិត្តពន់ពេក ទើបសួរទៅកាន់ប្រេតនោះថា អ្នកបានធ្វើអំពើដូចម្តេចខ្លះ កាលពីជាតិមុន ? អ្នកស្គាល់ទេវតាដែលហោះមុនអ្នកឬទេ ? កាលពីដើមទេវតានោះធ្វើអ្វីខ្លះ ? អាត្មាចង់ដឹងណាស់ ព្រោះមិនដែលឃើញ ។ ប្រេតនិយាយប្រាប់សាមណេរនោះថា ខ្ញុំព្រះករុណាកាលពីជាតិមុន នៅក្រុងពារាណសី ជាមនុស្សកំណាញ់ គ្មានសទ្ធាជឿក្នុងព្រះពុទ្ធសាសនា ឯទេវតា បីរូបនោះជាកូនបង្កើតរបស់ខ្ញុំព្រះករុណា កាលពីជាតិមុន បានធ្វើបុណ្យទានក្នុងសំណាក់ព្រះសង្កិចភិក្ខុ ដល់ពេលមានខ្យល់ព្យុះធំ រលំផ្ទះស្លាប់ បានមកកើតជាទេវតានេះឯង ឯខ្ញុំព្រះករុណា ជាមាតា បិតាស្លាប់ក្នុងពេលរលំផ្ទះនោះដែរ បានមកកើតជាប្រេតនេះ ។ ចំណែកលោកម្ចាស់ ក៏មិនមែនអ្នកដ៏ទៃ គឺជាកូនក្មួយបង្កើតរបស់ខ្ញុំព្រះករុណា ។ គ្រាន់តែដូច្នេះហើយ ប្រេតនិងទេវតា ក៏បាត់រូបលែងឃើញតាំងពីពេលនោះមក ។ សង្ខេបតែប៉ុណ្ណេះ ឯសាមណេរ ក៏និមន្តទៅវត្តជាមួយឧបជ្ឈាយ៏ នាំទៅថ្វាយបង្គំព្រះសម្ភុទ្ធ ដំណាលទូលតាមដំណើររឿង ព្រះសម្ភុទ្ធទ្រង់ ប្រារព្ធយករឿងប្រេតនោះមកជាហេតុ ហើយទ្រង់សម្តែងធម្មទេសនាប្រកាសអរឹយសច្ច ៤ ប្រការ មហាជនបានសម្រេចមគ្គផលតាមនិស្ស័យរៀង ៗ ខ្លួន ឯសាមណេរដែលទើបតែបានឧបសម្បទាថ្មីនោះ ខំចំរើនសមណធម៏ មិនយូរប៉ុន្មាន ក៏បានសម្រេចមគ្គផលជាព្រះអហរន្ត ១ អង្គក្នុងលោក ៕ ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងនិទានជាតក វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត ដោយ៥០០០ឆ្នាំ |