ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,០៨០ ដង
ស្កែនយកតំណ
រតនបជោតជាតក តចប់

រតនបជោតជាតក តចប់

ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៦ ដង)

ស្តាប់សំឡេង

...ចុចអានខាងដើមអត្ថបទ

ក៏ហេតុតែអំណាចតេជះបុញ្ញាធិការរបស់ព្រះបរមពោធិសត្ត ដែលទ្រង់អាស្រ័យនៅក្នុងគភ៌នៃព្រះរាជទេវីនោះបណ្ដាលឲ្យពិភពសម្ដេចអមរិន្ទឥន្ទកោសី ក្ដៅក្រហាយឡើង គ្រានោះសម្ដេចព្រះសហស្សនេត្រ ទ្រង់បានជ្រាបនូវហេតុនោះគ្រប់ប្រការទើប​​មានទេវឱង្ការ ត្រាស់ឲ្យហៅវិស្សកម្មទេវបុត្រឲ្យចូលមកគាល់ លុះមកដល់ហើយ​​ទើបទ្រង់បង្គាប់ថា នែវិស្សកម្ម ចូរអ្នកចុះទៅកាន់ជើងភ្នំចន្ទបពត៌ហើយនិម្មិតនូវ​ស្រះមួយ ព្រមទាំងឈូកមានផ្កាមានពណ៌ ៥ យ៉ាង ក្នុងវនប្រទេសឲ្យជាទីសប្បាយ​រីក​​រាយនឹងនិម្មិតបណ្ណសាលាមួយ ព្រមទាំងគ្រឿងបរិក្ខារសម្រាប់អ្នកបួសទុកនៅក្នុងទីនោះផង រួចហើយចូរអ្នកត្រឡប់មកវិញចុះ ឯព្រះវិស្សកម្មទេវបុត្រនោះក៏ទទួលទេវ​អាជ្ញាហើយ ចុះមកនិម្មិតតាមព្រះរាជឱង្ការស្រេចហើយទើបចារឹកអក្សរទុកនៅក្លោងទ្វារនោះថា ។

យោបព្វជ្ជិតុកាមោយថាសុខំគណ្ហតុ សេចក្ដីថាអ្នកឯណា ត្រូវការនឹងបួស អ្នកនោះចូរកាន់នូវគ្រឿងបរិក្ខារនេះតាមសេចក្ដីសប្បាយចុះ ហើយវិស្សកម្មក៏ត្រឡប់ទៅកាន់ទីនៅរបស់ខ្លួនវិញក្រាបបង្គំទូលសេចក្ដីទាំងនោះដល់សម្ដេចព្រះឥន្រ្ទាធិរាជស្ដេចបានជ្រាបគ្រប់ប្រការ ។ ឯព្រះបាទមហារថរាជ កាលដែលអណ្ដែតដោយរលកបន្សាត់ទៅ បានរងនូវសេចក្ដីទុក្ខលំបាកក្រៃលែងលើសប្រមាណ អណ្ដែតទៅហួស ៧ ថ្ងៃ ទើបបានដល់មកនគររបស់ព្រះអង្គដដែលវិញ ។ ចំណែកខាងនាងទេវីនោះសោតនាងក៏ឆ្អែតឆ្អន់ទៅដោយសេចក្ដីទោមនស្ស តែរាល់ពេលឥតមានស្រាកស្រាន្តឡើយ ក្នុងថ្ងៃមួយនោះនាងក៏លីលាទៅតាមមគ្គមាគ៌ា បានឃើញនូវបណ្ណសាលាព្រមទាំងអក្សរចារឹកទុកនៅទីក្លោងទ្វារនោះនាងក៏ប្រឹងទតសព្វសេចក្ដីហើយ ក៏ទ្រង់ជ្រាបថាជាស្ដេច​ទេព្តាព្រះអង្គសាងទុកឲ្យ ទើបចូលទៅសម្នាក់អាស្រ័យក្នុងបរមសាលានោះ ហើយ​ក៏ទ្រង់ព្រះផ្នួសបួសជាតាបសនីនៅក្នុងទីនោះ ឯនាងទេវីជាស្រីមានគភ៌បរិបូណ៌គ្រប់ខែថ្ងៃហើយ វេលានោះខ្យល់កម្មជ្ជវាតបក់កម្រើកឡើងបង្វិលគភ៌នាងហើយឲ្យទ្រង់ប្រសូតនូវព្រះរាជឱរស ដ៏ល្អមានពណ៌បីដូចជាពណ៌នៃមាសឆ្អិនក្នុងវេលាពាក់​កណ្ដាល​អធ្រាត្រនោះ លុះព្រឹកឡើងនាងក៏ស្រង់ទឹកជម្រះព្រះមហាសត្តហើយ ឲ្យ​សោយ​នូវក្សីរធារារួចស្រេចទើបផ្ដេកព្រះពោធិសត្តទុកក្នុងទីនោះ ។

ឯព្រះរាជទេវីកាលដែលនឹងកំណត់ព្រះនាមថ្វាយព្រះពោធិសត្តនោះ គឺព្រះនាងកាន់​យក​នូវ​និម្មិតក្នុងថ្ងៃដែលប្រសូតនោះ ព្រោះថ្ងៃយប់នោះពន្លឺកែវគ្រប់យ៉ាងបណ្ដាលឲ្យភ្លឺព្រោងព្រាតដាសពេញក្នុងព្រៃហិមពាន្តទាំងអស់ ទើបកាន់យកហេតុនោះមកកំណត់​ជាព្រះនាមថ្វាយថា រតនបជោត ដូច្នេះ ។ ក្នុងគ្រា ១ នោះព្រះរាជទេវីនាងក៏ដាក់ពោធិសត្តឲ្យទ្រង់ផ្ទំនៅក្នុងបណ្ណសាលា ហើយព្រះអង្គនាងក៏ចូលទៅក្នុងព្រៃដើម្បី​ស្វែងរកមើមឈើនិងផ្លែឈើតូចធំ លុះបានហើយក៏ត្រឡប់មកអង្គុយនៅក្នុង​បណ្ណ​​សាលាវិញបរិភោគនូវផលាផលទាំងនោះតាមធម្មតា ដែលនាងប្រព្រឹត្តធ្វើយ៉ាងនេះដរាបដល់ព្រះពោធិសត្តមានព្រះជន្មាយុបាន ៥ ឆ្នាំ ។ ក្នុងថ្ងៃ ១ នោះព្រះពោធិសត្តទ្រង់ត្រាស់សួរព្រះវររាជជននីថា បពិត្រអ្នកម៉ែ បិតារបស់ខ្ញុំនោះជាអ្វី នៅក្នុងទីណា? ព្រះមាតាបានស្ដាប់ហើយ ក៏ប្រាប់ទៅវិញថាឱកូនសម្លាញ់ បិតារបស់អ្នកនោះជាស្ដេចសោយរាជ្យ មាតានេះជាព្រះរាជទេវី ហើយនាងក៏និយាយរាប់រៀបរឿងពី​ដើមប្រាប់ព្រះរាជបុត្រដរាបដល់ចប់ ព្រះពោធិសត្តបានទ្រង់ព្រះសណ្ដាប់រឿងនោះហើយ មិនអាចនឹងទប់ទល់ខ្លួនបាន ដោយអានុភាពនៃសេចក្ដីកតញ្ញូទើបទូលព្រះមាតាថា បពិត្រអ្នកម៉ែ តាំងអំពីថ្ងៃនេះទៅ សូមព្រះមាតានៅចាំសាលាចុះ ខ្ញុំនឹងទៅស្វែងរកមើមឈើផ្លែឈើមកបម្រើចិញ្ចឹមអ្នក ព្រះមាតាបានស្ដាប់ហើយ ទើបប្រាប់ទៅពោធិសត្វវិញដោយសេចក្ដីស្នេហានឹងកូននោះថា នែកូនសម្លាញ់អ្នកកុំចូលទៅក្នុងព្រៃឡើយ កាលបើអ្នកមានជីវិតរស់នៅ មាតាក៏ឈ្មោះថារស់នៅដែរ ព្រោះហេតុអ្វីក៏បានជាមាតា ពោលយ៉ាងហ្ននឹង ព្រោះថាខ្លួនអ្នកនៅក្មេងតូចពេកណាស់ ហេតុនោះកូនកុំទៅក្នុងព្រៃឡើយ ព្រះបរមពោធិសត្វកាលមិនបានឱកាសយ៉ាងហ្នឹងហើយ ក៏ស្ថិតនៅស្ងៀមនៅទីនោះ ។

វេលាថ្ងៃក្រោយព្រះរាជទេវីនាងក៏ស្ដេចចូលទៅក្នុងព្រៃស្វែងរកផលាផលតែរាល់ ៗ ថ្ងៃ ក្នុងថ្ងៃមួយនោះព្រះពោធិសត្វក៏ចេញចាកបណ្ណសាលា ហើយទៅតាមស្នាមព្រះបាទព្រះមាតា ព្រោះបានចាំផ្លូវនិងទិសដែលមាតាស្ដេចទៅតាំងពីដំបូងឡើយ ។
ថ្ងៃមួយនោះ ព្រះរាជទេវីស្ដេចចេញទៅព្រៃតាំងពីព្រលឹមរកបេះផ្លែឈើបានដាក់ពេញកញ្ជើហើយ ទើបគិតថា អញនឹងត្រឡប់មកបណ្ណសាលាវិញ ហើយនាងចូលទៅឈប់ក្រោមម្លប់ដើមជ្រៃ ១ ដើម្បីបន្ទោបង់នូវសេចក្ដីព្រួយកាយ រួចនាងប្រាថ្នាក្រោកឡើងចេញទៅទៀត ខណៈនោះមានយក្ខ ១ ឈ្មោះពលាហកអាស្រ័យនៅ​ដើម​ជ្រៃ យក្ខនោះក៏ស្ទុះចូលមកចាប់ព្រះហស្តនាងទាញទុក  នាងក៏ទតព្រះនេត្រទៅឃើញរូបយក្ខនោះហើយក៏ញ័ររន្ធត់ស្លុតខ្លាចសេចក្ដីស្លាប់នោះពន់ប្រមាណ ហើយក៏នឹកដល់ព្រះមហាសត្តថា កូនសម្លាញ់អញអើយអ្នកនៅតូចណាស់ ហើយនាងទ្រង់ពិលាបសោយសោកបោកខ្លួន ទើបពោលនូវគាថាដូច្នេះថា៖

អនាថោទានិមេបុត្តោ      វសន្តោឯកោអស្សមេ
ផលាផលំអលទ្ធាន      មមំទិស្វាអនយតឹ
អស្សមានិក្ខមិត្វាន     វិចរតិព្រហាវនេ
មមបុត្តំអទិស្វាន      មញ្ញេហេស្សាមិជីវិតំ
សោនូនកប្បណោបុត្តោ      ចីរំរត្តាយរុច្ចតិ
អឌ្ឍរត្តេចរត្តេវា      នទីវអវសុស្សតិ

សេចក្ដីថា ឥឡូវនេះកូនអញនៅក្នុងអាស្រមតែម្នាក់ឯងរកអ្នកណាមួយ ជាទីពឹងមិនមានឡើយ មុខជានឹងមិនបានបរិភោគនូវផ្លែឈើឡើយ ហើយក៏នឹងចេញចាកអាស្រមទៅស្វែងរកអញក្នុងព្រៃធំ ព្រោះហេតុតែមិនបានឃើញអញមក អញសោតក៏មិនខានឃើញកូនរបស់អញ ហើយអាត្មាអញប្រហែលជានឹងអស់ជីវិតទៅមិនខានឡើយ ឯកូនសម្លាញ់អញសោតក៏នឹងនៅកំព្រាតែម្នាក់ឯងនឹងស្រែកយំរកម្ដាយទាំងយប់កណ្ដាលអធ្រាត្រដរាបដល់ហបហត់បាត់សំឡេងទៅ ដូចជាទឹកក្នុងស្ទឹងដែលហួតហែងនោះឯងមិនលែងឡើយ ។

គ្រានោះព្រះបរមពោធិសត្តអង្គុយនៅចាំព្រះមាតាតាំងពីព្រឹករហូតដល់វេលាល្ងាច មិនឃើញព្រះមាតាត្រឡប់មក ទើបគឹតរំពឹងថា ពេលនេះព្រះអាទិត្យអស្ដង្គតរលត់បាត់រស្មីទៅហើយ ចុះព្រះមាតារបស់អញហេតុអ្វីក៏បាត់យូរដល់ម្ល៉េះប្រហែលជាមានអ្វីមួយបៀតបៀនមិនខានឡើយ លុះគិតដូច្នេះហើយក៏ក្រោកឡើងចាកបណ្ណសាលា ស្រែកបង្កូករកហៅព្រះមាតាថា អ្នកម៉ែៗ ដូច្នេះ ទៅក្នុងទីទៀបមាត់ស្ទឹងនិងព្រៃញាត​ស្បាត​រហូតដល់ជើងភ្នំធំនិងទីដទៃ ៗ ឯព្រះពោធិសត្តប្រាសមាតា ទ្រង់សោយទុក្ខវេទនា​ប្រៀបដូចកូនសុវណ្ណហង្សដែលប្រាសចាកមេ កាលបើពុំឃើញព្រះមាតាហើយ​ក៏ចូលទៅកាន់ដើមជ្រៃដែលយក្ខចាប់ព្រះមាតាទុកនៅនោះ ។

ឯព្រះរាជទេវីសិរិរតនអាភា ទ្រង់ជ្រាបថា ព្រះមហាសត្តតាមមករក ទើបស្រែកប្រាប់ទៅកូនថា នែកូនសម្លាញ់ម្ដាយ ៗ នៅឯណេះហើយ ៗ ព្រះពោធិសត្តក៏ស្ទុះចូលទៅរកមាតា ដល់ហើយក៏ឃើញមាតាអង្គុយជិតមហាយក្ខ ព្រះអង្គក៏មានព្រះហឫទ័យសោមនស្សត្រេកអរ ហាក់ដូចជាព្រះអង្គបានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃស្អែក ព្រះមហាសត្តក៏ខិតចូលទៅជិតមហាយក្ខ ហើយនិយាយអង្វរយក្ខនោះថា បពិត្រមហាយក្ខ សូមអញ្ជើញអ្នកទំពារនូវសាច់ឈាមនឹងបេះដូងរបស់ខ្ញុំចុះ សូមតែអ្នកប្រោសប្រណីលែងមាតាខ្ញុំឲ្យរួចជីវិតចេញទៅជាឆាប់ រួចទើបពោលនូវព្រះគាថា ដូច្នេះថា

ខាទមេមហាយក្ខអានុភាវ       មាតុអត្ថាយជហាមិជីវិតំ
រុធិរំមេហទយំមំសំខាទ      ខាទាហិមំបតិមុញ្ចមាតរំ

សេចក្ដីថា បពិត្រមហាយក្ខ អ្នកជាបុគ្គលមានអានុភាពធំខ្ញុំសូមលះបង់នូវជីវិតរបស់ខ្ញុំជំនួសព្រះមាតា សូមអ្នកបរិភោគនូវឈាមនិងបេះដូងនិងសាច់របស់ខ្ញុំចុះ ចូរអ្នកបរិភោគ​នូវរូបខ្ញុំទាំងមូលឲ្យអស់ចុះ ហើយសូមមេត្តាលែងមាតាខ្ញុំចេញទៅ ។

ព្រះពោធិសត្តនិយាយយ៉ាងនេះហើយ ទើបដើរចូលទៅជិតនៃមហាយក្ខ រួចនិយាយ​ថា​ បពិត្រស្ដេចយក្ខ អ្នកអាណិតខ្ញុំ ៗ សូមឲ្យអ្នកទំពារស៊ីនូវខ្លួនខ្ញុំទៅ សូមតែលែងមាតាខ្ញុំក្នុងវេលានេះកុំខានឡើយ ។ ទើបមហាយក្ខនោះឆ្លើយទៅកាន់ពោធិសត្តវិញថា នែមហាបុរស បើអ្នកនិយាយយ៉ាងហ្នឹងពិតមែន ចូរអ្នកពុះនូវទ្រូង​រូង​យក​បេះដូង​នឹងសាច់មកឲ្យយើងស៊ីឥឡូវនេះមើល ឯបរមពោធិសត្ត ឮដូច្នោះហើយ ទើបមកគិតក្នុងព្រះអង្គថាចុះអញនឹងបានកាំបិតអំពីទីណាអេះ នឹកយ៉ាងហ្នឹងហើយទើបងើបងើយខំសម្រឹងព្រះស្មារតីសម្លឹងមើលទៅឯអាកាស ហើយត្រាស់នូវបាទព្រះគាថាដូច្នេះថា

កតញ្ញុតាយតេជេន     ពុទ្ធោហោមិអនាគតេ
ឯតេនសច្ចវជ្ជេន      សត្ថំបតតុមេមុខា

សេចក្ដីថា ខ្ញុំសូមប្រាថ្នាជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលជាអនាគតខាងមុខ ដោយតេជានុភាពនៃចិត្តកតញ្ញូរបស់ខ្ញុំនេះសូមកាំបិតធ្លាក់ចុះមកក្នុងទីចំពោះមុខខ្ញុំកុំខានឡើយ ដោយពាក្យសច្ចនេះ ។

ពោលយ៉ាងនេះមិនទាន់ផុតពាក្យសច្ចវាចានោះវេលាណា កាំបិតសស្រ្តាដ៏មុតធ្លាក់ចុះមកអំពីទីកណ្ដាលអាកាសមកចំពោះនៅមុខនៃព្រះពោធិសត្ត ជាលំដាប់ស្មើនៃពាក្យសច្ចវាទីនោះឯង ហើយព្រះមហាសត្តនិកាយនិងយក្ខនោះទៀតថា បើខ្ញុំមុខជានឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខ ខ្ញុំសូមថ្វាយបង្គំលាព្រះមាតានឹងស្លាប់ សូមអ្នកឲ្យនូវជីវិតរបស់ខ្ញុំដល់ព្រះមាតាខ្ញុំកុំខានឡើយ ។ គ្រានោះព្រះមាតាក៏អង្វរឃាត់ព្រះពោធិសត្តកុំឲ្យធ្វើដូច្នោះ ឯព្រះពោធិសត្តសោតអ្នកតម្កល់នូវពាក្យព្រះមាតាលើត្បូងលើកទុកហើយក៏ពុះនូវទ្រូងរបស់ព្រះអង្គ ដោយសស្រ្តាដ៏មុត ហើយចាប់យកនូវបេះដូងទាញចេញមកតម្កល់លើត្បូងទើបពោលព្រះគាថាដូច្នេះថា ។

កតញ្ញុតាយតេជេន      ពុទ្ធោហោមិអនាគតេ
ហទយំខាទតុមយ្ហំ     មាមេយក្ខនខិយតុ

សេចក្ដីថា ខ្ញុំសូមឲ្យបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្ខក្នុងកាលខាងមុខ ដោយអំណាចធម៌កតញ្ញូកតវេទីរបស់ខ្ញុំនេះបពិត្រមហាយក្ខ អញ្ជើញអ្នកពិសានូវបេះដូងរបស់ខ្ញុំចុះ ហើយខ្ញុំសូមជីវិតរបស់ខ្ញុំកុំអាលឲ្យរលត់អស់មុនឡើយ ព្រះបរមពោធិសត្តសម្ដែងនូវព្រះគាថាដូច្នេះហើយ ទ្រង់ប្រាថ្នានឹងឲ្យនូវហទយវត្ថុដល់យក្ខនោះដោយគោរព ទើបលើកបេះដូងនោះតម្កល់លើដៃយក្ខហើយទ្រង់ប្រកាសសេចក្ដីឲ្យជាក់ច្បាស់ថា នែមហាយក្ខ ខ្ញុំឯងឲ្យសាច់ដែលមានតម្លៃស្មើជីវិតនេះជាទានមដល់អ្នក ខ្ញុំមិនប្រាថ្នាសម្បត្តិបរមចក្រពត្រាធិរាជ ឬសម្បត្តិព្រះឥន្ទ សម្បត្តិព្រះព្រហ្ម និងព្រះបច្ចេកពុទ្ធឡើយ ឯផលដែលខ្ញុំឲ្យជីវិតនេះ ខ្ញុំសូមឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ១ អង្គក្នុងកាលខាងមុខនឹងបានស្រោចស្រង់សត្តនិករដែលលង់លិចទៅក្នុងសមុទ្ទសាគរពោលគឺភពទាំង ៣ ប្រការ ឲ្យឡើងកាន់សុវណ្ណនាវាពោលគឺព្រះសទ្ធម្ម នឹងនាំចេញចាកសំសារភព ចម្លងទៅកាន់ត្រើយគឺព្រះនិព្វាន ដែលជាស្ថានក្សេមក្សាន្តនិរាសភ័យទាំងពួង ព្រះមហាសត្តប្រកាសយ៉ាងនេះហើយ ក៏ប្រាប់ទៅមហាយក្ខឲ្យបរិភោគនូវសាច់បេះដូងនោះតាមចេតនា ឯមហាយក្ខក៏ទទួលយកសាច់នោះទៅបរិភោគទាំងអស់មិនមានសល់ ហើយនាំយកមាតារបស់ពោធិសត្តនោះមកប្រគល់ឲ្យពោធិសត្តវិញ ។

ព្រះបរមពោធិសត្តបានជួបនឹងព្រះមាតាហើយក៏នាំទៅឲ្យគង់នៅក្រោមម្លប់ឈើ ១ ទើបក្រាបថ្វាយបង្គំទូលព្រះមាតាថាបពិត្រព្រះរាជជននីម្ចាស់ ចាប់ដើមតាំងអំពីខ្ញុំមកជ្រកនៅក្នុងព្រះឧទ្ទរអ្នកមករហូតដល់ថ្ងៃនេះ សេចក្ដីភ្លាំងភ្លាត់របស់ខ្ញុំដោយកាយវាចាចិត្តឯណា ១ សូមព្រះមាតាមេត្តាប្រោសប្រណីប្រទានទោសនោះដល់ខ្ញុំដោយសេចក្ដីការុញ្ញភាពរបស់អ្នកចុះ លុះពោលពាក្យប៉ុណ្ណឹងហើយក៏បាត់បាត់សំឡេងឈឹង ទន់ទោព្រះអង្គក្រាបចុះទៅត្រង់ទីចំពោះព្រះភក្រ្តព្រះមាតា។

ចំណែកសម្ដេចព្រះវររាជជននីទ្រង់បានទតព្រះនេត្រឃើញព្រះមហាសត្តភាំងបាត់ ព្រះស្មារតីដូច្នោះហើយ នាងក៏ក្រោកឡើងត្រកងចាប់ព្រះហស្ដថ្នមព្រះអង្គពោធិសត្តមកផ្ទប់នឹងព្រះឱរារតន៍ មានព្រះហឫទ័យក្ដៅផ្សារហាក់ដូចជានឹងបែកថ្លើមចេញជាពីរភាគ ហើយមិនអាចទប់ទល់នូវសេចក្ដីសោកនោះបានឡើយ ហើយនាងក៏យកព្រះហស្ដទាំងពីរមកឱបក្រសោបថ្នមព្រះឱរសមកដាក់ផ្ដេកផ្ដិតជិតនឹងព្រះឱរា ហើយទ្រង់ព្រះពិលាបសោយសោកជាគាថាដូច្នេះថា៖

បតិតោនូនមេបុត្តោ      សុរិយោវិយមហីតលេ
បតិតោទានិមេបុត្តោ      ចន្ទោវបតិតោឆមា
ឧដ្ឋេហិបុត្តមាសយេ      ទយ្ហន្តេហទយំមម
តយិមតេមរិស្សាមិ     កថំជីវាមិឯកិកា
អនាថាទានិហំបុត្ត     បុត្តនដ្ឋាយថាមិគី
អរញ្ញេវិចរិស្សាមិ     វនេហិចមរិស្សាមិ
បព្វតានិវនានិច     រិក្ខវិមានភូមដ្ឋា
អាកាសដ្ឋទេវតាច    ជលថលាចយេទេវា
ឥន្ទទេវាសព្រហ្មកា    អញ្ជលឹតេនមស្សាមិ
ខិប្បំបុត្តំបមុញ្ចថ     ខិប្បំបុត្តំបមុញ្ចថ

សេចក្ដីថា ឱកូនអញដួលក្រាបនៅលើផែនដីហើយដូចព្រះអាទិត្យឬព្រះចន្ទដែលអស់អំណាចរស្មីហើយ ធ្លាក់ចុះមកលើផែនប្រឹថពី ឱកូនសម្លាញ់ម្ដាយ ចូរអ្នកក្រោកឡើងកុំដេកនៅឡើយ សាច់បេះដូងរបស់ម្ដាយភ្លើងគឺសេចក្ដីទុក្ខនឹងឆេះឥឡូវនេះហើយ កាលបើកូនសម្លាញ់អ្នកស្លាប់ទៅហើយម្ដាយក៏នឹងស្លាប់ជាមួយមិនខានឡើយ ម្ដាយនឹងរស់នៅឯណាបានតែម្នាក់ឯង នែបុត្រជាទីស្រឡាញ់បំផុតរបស់ម្ដាយ ឥឡូវនេះម្ដាយរកទីពឹងពុំនាក់មិនមានឡើយ ដូចមេម្រិគដែលព្រាត់ប្រាសចាកកូន ម្ដាយនឹងត្រាច់ទៅក្នុងព្រៃនឹងក្ស័យជីវិតដល់នូវមរណកាលក្នុងដងនៃព្រៃមិនខាន ។ មួយសោតទេវតាទាំងឡាយ ដែលលោកស្ថិតនៅក្នុងភ្នំនឹងព្រៃទាំងឡាយ និងដើមឈើវិមានភូមិស្ថានទាំងឡាយឬទេវតាដែលស្ថិតនៅលើអាកាសស្ថាននិងជលស្ថាននិងថលស្ថានទាំងឡាយឯណា និងសម្ដេចនរិន្រ្ទាធិរាជព្រមទាំងមហាព្រហ្ម ខ្ញុំម្ចាស់សូមប្រណម្យនមស្ការនូវទេវតាទាំងឡាយនោះសូមលោកទាំងឡាយអញ្ជើញមកជួយដោះទុក្ខកូនខ្ញុំ ឲ្យរួចផុតចាកសេចក្ដីស្លាប់ក្នុងកាលឥឡូវនេះកុំខាន ៗ ព្រះទេវីទ្រង់ឱបនូវព្រះឱរសរបស់នាងហើយទ្រង់ព្រះពិលាបដោយន័យយ៉ាងនេះ ។

គ្រានោះពិភពនៃសកទេវរាជ ក៏បណ្ដាលអាការឲ្យជាហេតុខុសចាកធម្មតា ដោយអំណាចនៃសេចក្ដីកតញ្ញូរបស់ព្រះមហាបុរសរតន៍ សម្ដេចព្រះសហស្សន័យទ្រង់រំពឹងមើលហើយទ្រង់ជ្រាបច្បាស់នូវហេតុនោះទើបស្ដេចចុះចាកសគ្គស្ថានទេវលោក មកស្ថិតនៅលើអាកាសត្រង់ទីដែលមហាយក្ខស្ថិតនៅនោះ ហើយទ្រង់សួរទៅយក្ខនោះថា នែពលាហកយក្ខហេតុអ្វីក៏ឯងធ្វើអំពើកម្មមានកម្លាំងរហ័ស់យ៉ាងនេះ នែមហាយក្ខថាបើមហាបុរសនេះមិនបានរស់ឡើងឥឡូវនេះទេអញនឹងទម្លាយនូវក្បាលរបស់អ្នកឲ្យបែកជា ៧ ភាគ ដោយវជិរាវុធនេះមិនខាន ពលាហកយក្ខ បានស្ដាប់ដូច្នោះហើយ មានចិត្តខ្លាចស្លាប់នោះក្រៃពេក ទើបស្ទុះចូលទៅលើកព្រះបរមពោធិសត្តឡើងហើយក៏លាបស្រឡាបដោយឱសថទិព្វវិសេស ១ រំពេចព្រះពោធិសត្តក៏បានភ្ងាព្រះស្មារតីឡើង ។ ឯសម្ដេចព្រះវររាជទេវីនាងក៏ទ្រង់អធិដ្ឋានថាៈ

កតញ្ញុតាយយុត្តោសោ      ពុទ្ធោហោតិអនាគតេ
មម សច្ចានុភាវេន      ខិប្បំជីវតុឱរសោ ។

សេចក្ដីថា ព្រះឱរសរបស់អញនោះជាអ្នកតាំងមាំក្នុងធម៌កតញ្ញូ មុខជានឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលដោយពិត សូមឲ្យឱរសរបស់ខ្ញុំរស់រួចជីវិតឡើងក្នុងកាលឥឡូវនេះ ដោយអានុភាពនៃសេចក្ដីពិតរបស់ខ្ញុំម្ចាស់កុំខានឡើយ ។

កាលបើចប់ពាក្យសច្ចាធិស្ឋានហើយ ព្រះមហាបុរសក៏មានពណ៌សម្បូរដ៏ផូរផង់ ហាក់ដូចជាពណ៌ទិព្វវិសេស ដោយអំណាចនៃសេចក្ដីអធិស្ឋានរបស់ព្រះរាជទេវី លុះចប់សេចក្ដីអធិស្ឋានជាគម្រប់ពីរព្រះបរមពោធិសត្តក៏មានដង្ហើមចេញចូលបានហើយប្រែព្រះអង្គត្រឡប់ទៅមកខាងឆ្វេងខាងស្ដាំ លុះចប់ពាក្យសច្ចវាទីជាគម្រប់ ៣ ព្រះពោធិសត្តមានព្រះស្មារតីដឹងប្រាកដហើយ ទើបក្រោកឡើងក្រាបថ្វាយបង្គំសម្ដេចព្រះវររាជទេវីព្រះជននីរបស់ព្រះអង្គក្នុងកាលគ្រានោះ ។ តមត្ថំបកាសេន្តោសត្ថាអាហ ព្រះបរមលោកនាថសាស្ដាចារ្យ ទ្រង់ប្រកាសនូវសេចក្ដីទាំងនោះមកដល់ត្រឹមនេះហើយទើបទ្រង់សម្ដែងនូវព្រះគាថានេះថា៖

និរោគោឧដ្ឋហិត្វាន   វន្ទិត្វាសកមាតរំ
ឯកមន្តេនិសីទិត្វា    អាវជ្ជគុណមត្តនោ
ឯវំអាជ្ជមានោសោ   អកម្បិធរណីតទា
សាគរោបិសំខុព្ភតិ    សិនេរុតត្ថឱនមិ
ចាតុមហារាជិកាទេវា     តាវតឹសាចយាមិកា
តុសិតាចេវយេទេវា    និម្មានរតិយេវច
បរនិម្មិតវសវត្តី    យេព្រហ្មាបិចទេវតា
អានន្ទតាបមុទិតា    ទិសាទិសំអកំសុតេ
ទិព្វមណ្ឌារវបុប្ជំ     បទុមំបារិច្ឆត្តកំ
ទិសាទិសំឱកិរឹសុ     នភតលេនរាមរុំ
ចម្បកំសរលនិបំ    នាគបុនាគតេតលំ
ទិសាទិសំឱកិរឹសុ     ភុម្មាភុម្មដ្ឋទេវតា
សព្វេទេវាសមាគតា    បូជយឹសុនរុត្តមំ
បូជយន្តាចយេទេវា    ឥទំវចនមព្រវិ
សាធុសាធុមហាវីរ     កតវេទីនរុត្តម
អចិរេនេវកាលេន    ពុទ្ធោលោកេភវិស្សតិ

ប្រែជាសេចក្ដីថា ព្រះមហាបុរសព្រះអង្គបានប្រាសចាករោគាពាធហើយ ក៏ក្រោកឡើងឱនកាយថ្វាយបង្គំព្រះជននី អង្គុយនៅក្នុងទីដ៏សមគួរមួយ ហើយទើបនឹករឭកដល់គុណគឺសេចក្ដីល្អរបស់ខ្លួន កាលដែលទ្រង់រំពឹងយ៉ាងហ្នឹងហើយទីនោះព្រះធរណីក៏កម្រើកញាប់ញ័រ សាគរសមុទ្ទក៏បន្លឺសព្ទសំឡេងលាន់ឮគឹកកងរំពង ទាំងភ្នំសិនេរុរាជសោតក៏ទន់ទោឱនទៅក្នុងទីនោះ ឯទេវតាក្នុងជាន់ចាតុម្មហារាជិកានិងតាវត្តិង្ស យាមា តុសិត និម្មារតី និងបរនិម្មិតវសវតី រហូតដល់ទេវតាក្នុងជាន់មហាព្រហ្មសោតក៏មានសេចក្ដីសប្បាយរីករាយ តែរាល់គ្នាដោយសោមនស្សចិត្ត ទាំងផ្កាទិព្វមណ្ឌារ​វបា​រិច្ឆតកបទុមជាតិសោត ក៏ធ្លាក់ចុះរោយរាយទួទៅទាំងទិសតូចទិសធំសព្វកន្លែង ពពួក​ជនទួទៅទាំងអស់ក៏រោយរាយនូវគ្រាប់ខ្សាច់និងផ្កាឈើផ្សេង ៗ មានផ្កាស្រល់នឹងផ្កា​រាំង​ផ្កាខ្ទឹងនិងផ្កាបុនាគនិងផ្កាចម្ប៉ាជាដើម ឲ្យផ្សាយក្លិនរហូតទៅក្នុងអាកាសនិងទិសានុទិស ចំណែកទេវតាទាំងឡាយទាំងពួងមានភូមទេវតាជាដើម ក៏មកប្រជុំគ្នាធ្វើសក្ការ​បូជា មហាបុរសជានរុត្តមក្សត្រ លុះបានបូជារួចហើយក៏ពោលសរសើរព្រមគ្នាថា នរុត្តមបពិត្រព្រះមហាបុរសជានរុត្តមលោក ព្រះអង្គមានព្យាយាមធំ ទ្រង់បានសងគុណព្រះជននី ដោយកតវេទិតាធម៌រួចហើយជាកិច្ចដ៏ឧត្តមប្រពៃពេកណាស់ ព្រះអង្គមុខជានឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងលោកនេះមិនខានឡើយ ។

លំដាប់នោះ ទើបពលាហកយក្ខក្រាបថ្វាយបង្គំព្រះបរមពោធិសត្តសូមខមាទោសស្រេចហើយ ក៏ទេវតាទាំងឡាយមានសម្ដេចសក្កទេវរាជជាដើម និម្មិតនូវសុវណ្ណសិវិកា (វមាស ) អញ្ជើញព្រះរាជទេវីនិងព្រះបរមពោធិសត្តឲ្យគង់លើវមាសនោះហើយ ដង្ហែរទៅកាន់ស្រុកមេឃវតី ក្នុងវេលារាត្រីកណ្ដាលអធ្រាត្រ ហើយឲ្យគង់នូវលើរតនបញ្ចាសនឰដ៏ខាងលើប្រាសាទ ៧ ជាន់ ទើបទេវតាទាំងនោះថ្វាយបង្គំលាត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន ៗ រាល់គ្នាវិញ ។

គ្រានោះសម្ដេចព្រះបាទមហារថរាជ ព្រះអង្គក៏បានជួបប្រទះនឹងបុត្រភរិយា ហើយទ្រង់ក៏ស្គាល់ជាក់ប្រាកដជាព្រះរាជទេវីនិងព្រះពោធិសត្ត ស្ដេចក៏មានព្រះហឫទ័យសោមនស្សជាទីបំផុតចិត្តពេកណាស់ ហើយព្រះអង្គទ្រង់លើករាជសម្បត្តិឲ្យទៅរាជឱរសរបស់ព្រះអង្គសោយរាជជំនួស ឯព្រះបរមពោធិសត្ត ទ្រង់បានរាជាភិ​សេក​សោយ​នូវបញ្ចកាមគុណតាមសមគួរហើយ ទ្រង់ក៏ឲ្យទានអស់ ១ ខែទើបលើករាជសម្បត្តិនោះបង្វែរថ្វាយព្រះវររាជបិតាវិញ ដើម្បីនឹងឲ្យព្រះបិតាមាតាទ្រង់ស្រង់តាក់តែងព្រះអង្គនិងសោយឲ្យស្រួលក្នុងព្រះរាជហឫទ័យទើបថ្វាយបង្គំសូមខមា​ទោស​និងសូមព្រះរាជានុញ្ញាតដើម្បីចេញទៅទ្រង់ព្រះផ្នួស ហើយទ្រង់លាអស់រាជវង្សានុវង្សទាំងឡាយគ្រប់គ្នា ឯមហាជនទាំងឡាយនោះ ក៏កើតសេចក្ដីសោកស្ដាយព្រះពោធិសត្តជាទីបំផុតពេក ហើយព្រះអង្គក៏ស្ដេចចេញចាកនគរទៅតែម្នាក់ឯង បែរព្រះភក្រ្តាចំពោះទៅកាន់ភ្នំហិមពាន្តហាក់ដូចជាកូនរាជហង្សហើរចេញអំពីកំពូលភ្នំធំ ។ តមត្ថំបកាសេន្តោសត្ថាអាហ ព្រះបរមសាស្ដាចារ្យ កាលទ្រង់ប្រកាសនូវរឿងទាំងនោះស្រេចហើយ ទើបទ្រង់ត្រាស់នូវគាថានេះថា៖

យតោរជ្ជំលភិត្វាន    មាសំទានំអទាសិសោ
បិតុរជ្ជំនិយាទេត្វា     ហិមវន្តំនិវត្តយិ

សេចក្ដីថា កាលណាដែលព្រះមហាសត្ត ស្ដេចបានរាជសម្បត្តិរួចហើយទ្រង់ក៏បានបរិច្ចាគនូវទានប្រមាណ ១ ខែហើយ ទើបទ្រង់បង្វែរាជសម្បត្តិនោះថ្វាយដល់ព្រះរាជបិតាវិញរួចទើបព្រះអង្គក្រាបថ្វាយបង្គំសូមព្រះរាជានុញ្ញាតនឹងត្រឡប់ទៅកាន់ព្រៃហិមពាន្តវិញ ដើម្បីនឹងបួសជាឫសី ក៏ព្រះបរមពោធិសត្តទ្រង់បព្វជ្ជាជាឫសីរួចហើយវេលាណាព្រះអង្គក៏ចម្រើនអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យបរិបូណ៌ឡើងក្នុងសន្ដានទ្រង់ក៏រក្សាគុណវិសេសទាំងនោះមិនឲ្យសាបសូន្យឡើយ លុះអស់ព្រះជន្មាយុទៅក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោក ។

ឯសម្ដេចព្រះបាទមហារថរាជនិងព្រះនាងសិរិរតនអាភានិងមហាជនក្នុងនគរនោះ ក៏បានតម្កល់នៅក្នុងឱវាទនៃព្រះបរមពោធិសត្តនោះបានធ្វើនូវបុញ្ញរាសីទាំងឡាយ មានទានជាដើម កាលបើអស់អាយុរាល់គ្នាទៅវេលាណាហើយ ក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោកគ្រប់គ្នា ។

សត្ថាឥមំធម្មទេសនំអាហរិត្វា
សច្ចានិបកាសេត្វាជាតកំសមោធានេសិ

សម្ដេចព្រះបរមគ្រូទ្រង់នាំនូវធម្មទេសនារឿងនេះមកហើយ ទើបទ្រង់ប្រកាសនូវអរិយសច្ចទាំង ៤ ប្រការលុះចប់ហើយវេលាណា មាតុបោសក ក៏បានលុះសោតាបត្តិ​ផល​ជាអរិយបុគ្គលក្នុងពុទ្ធសាសនមណ្ឌល ទើបព្រះបរមសាសា្ដទ្រង់ផ្ជុំនូវជាតក​មកប្រាប់ថា នាងសិរិរតនអាភាជាមាតាពោធិសត្តនោះបានមកជានាងមហាមាយាទេវី ព្រះ​បាទព្រះមហារថរាជជាបិតាពោធិសត្តនោះបានមកជាព្រះបាទសិរិសុទ្ធោទនមហារាជ ព្រះសកទេវរាជបានមកជាព្រះអនុរុទ្ធត្ថេរ ពលាហកយក្ខបានមកជាព្រះអង្គុលិ​មាល​ត្ថេរ ព្រះមហាសត្វរតនបជោត នោះមិនគឺអ្នកដ៏ទៃឡើយ គឺអង្គអញតថាគតជានាយកនេះឯង អស់លោកទាំងឡាយចូរទ្រទ្រង់នូវព្រះជាតកនេះទុកដោយប្រការ​យ៉ាង​នេះ ។

ចប់រតនបជោតជាតក ចាកបញ្ញាសជាតក
ព្រះឧត្ដមមុនី អ៊ុំ ស៊ូរ អាចារ្យព្រះរាជបណ្ណាល័យកម្ពុជា
ប្រែនិងរៀបរៀង
ចាកទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំ ១៩៣២
ដោយ គុណធម៌ខ្មែរ


ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
រតនបជោតជាតក តចប់
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ មីនា ឆ្នាំ២០២៦ (អាន: ២៨,១៥៨ ដង)
សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៧,០៧៤ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៤៩,៨០៧ ដង)
បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.52