ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,២១៤ ដង
ស្កែនយកតំណ
ទីឃនខសូត្រ ទី៤

ទីឃនខសូត្រ ទី៤

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧៦ ដង)

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងគុហាឈ្មោះ​ សូករខតា នាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ គ្រានោះ មានបរិព្វាជកម្នាក់ ឈ្មោះ ទីឃនខៈ (ជាអគ្គិវេស្សនគោត្ត) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ​ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ ទីឃនខ​បរិព្វាជក លុះឈរនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះ​ថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ​ថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្តទាំងអស់) ។ ព្រះ​មាន​​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ សេចក្តីឃើញណា របស់អ្នកថា របស់ទាំង​អស់ មិនគួរដល់អាត្មាអញ សេចក្តីឃើញនោះ មិនគួរដល់អ្នកទេ ។ បពិត្រព្រះគោតម​ដ៏ចម្រើន ប្រសិនបើសេចក្តីឃើញនុ៎ះ គួរដល់ខ្ញុំសោត ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ។ ម្នាលអគ្គិវេស្សនៈ ពួកជន​ណា​ ដែលនិយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវ​ឃើញដូច្នោះឯង ពួកជននោះក្នុងលោក មានច្រើនជាងនេះទៅទៀត តែពួកជននោះ​ មិនលះបង់ទិដ្ឋិនោះចេញ ហើយគេប្រកាន់មាំ ចំពោះទិដ្ឋិដទៃតទៅទៀត ។ ម្នាល​អគ្គិវេស្សនៈ ពួកជនណា និយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះ​ឯង​ ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះ ក្នុងលោក មានតិចតួចជាងនេះ​ណាស់ តែពួកជននោះ គេលះបង់ទិដ្ឋិនោះចេញបាន ទាំងមិនប្រកាន់ទិដ្ឋិដទៃតទៅទៀតផង ។ 

[៣១] ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់គួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តទាំងអស់) ក៏មាន ។ ម្នាល​អគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់​ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្តទាំងអស់) ក៏មាន ។ ម្នាល​អគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់​ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តខ្លះ មិន​ពេញចិត្តខ្លះ) ក៏មាន ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួក​សមណ​ព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មា​អញ ទិដ្ឋិនេះ របស់ពួកសមណព្រាហ្មណ៍នោះ តែងប្រព្រឹត្តទៅ ក្នុងទីជិត នៃហេតុ ដែល​ប្រកបដោយរាគៈ ក្នុងទីជិត នៃសំយោគៈ ក្នុងទីជិតនៃតម្រេក ក្នុងទីជិតនៃសេចក្តី​ងប់ចិត្ត ក្នុងទីជិតនៃសេចក្តីប្រកាន់មាំ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ ទិដ្ឋិនេះ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ប្រព្រឹត្តទៅក្នុងទី​ជិត នៃហេតុមិនមែនរាគៈ ក្នុងទីជិត នៃហេតុមិនមែនជាសំយោគៈ ក្នុងទីជិតនៃហេតុ​មិនមែនជាតម្រេក ក្នុងទីជិត នៃសេចក្តីមិនងប់ចិត្ត ក្នុងទីជិត នៃសេចក្តីមិនប្រកាន់​មាំ ។ កាលដែលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ ទីឃនខបរិព្វាជក បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះគោតមដ៏ចម្រើន លើកតំកើង នូវសេចក្តី​ឃើញ របស់ខ្ញុំព្រះអង្គ ព្រះគោតមដ៏ចម្រើន ទ្រង់លើកតំកើង នូវសេចក្តីឃើញ​ របស់ខ្ញុំព្រះអង្គ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណ​ព្រាហ្មណ៍​​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់​ខ្លះ មិនគួរដល់អាត្មាអញ ក៏ទិដ្ឋិណា ដែលគួរដល់សមណព្រាហ្មណ៍នោះ ទិដ្ឋិនោះ ប្រព្រឹត្ត​ទៅក្នុងទីជិត នៃហេតុ ដែលប្រកបដោយរាគៈ ក្នុងទីជិតនៃសំយោគៈ ក្នុងទីជិតនៃតម្រេក ក្នុងទីជិតនៃសេចក្តីងប់ចិត្ត ក្នុងទីជិតនៃសេចក្តីប្រកាន់មាំ មួយយ៉ាងទៀត ទិដ្ឋិណា ដែលមិនគួរដល់សមណព្រាហ្មណ៍នោះ ទិដ្ឋិនោះ រមែងប្រព្រឹត្តទៅ ក្នុងទីជិត នៃហេតុមិនមែនជារាគៈ ក្នុងទីជិតនៃហេតុ មិនមែនជាសំយោគៈ ក្នុងទីជិត នៃហេតុមិនមែនជាតម្រេក ក្នុងទីជិត នៃសេចក្តីមិនងប់ចិត្ត ក្នុងទីជិត នៃសេចក្តីមិនប្រកាន់មាំ ។ 

[៣២] ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងទិដ្ឋិនោះយ៉ាងនេះថា សេចក្តីឃើញ របស់អាត្មាអញណាថា របស់ទាំងអស់ គួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមួនមាំថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ នឹងប្រកាន់ខុស ចាក​សមណ​ព្រាហ្មណ៍ទាំងពីរពួកនេះឯង ។ កាលបើប្រកាន់ខុសយ៉ាងនេះមានហើយ ការទាស់​ទែងគ្នាក៏មាន កាលការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនគ្នាក៏មាន កាលសេចក្តីគុំគួនគ្នាមានហើយ សេចក្តីបៀតបៀនគ្នាក៏មាន ។ កាលវិញ្ញូបុរសនោះ ពិចារណា​ឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀន (ថាជាទោសមាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់ទិដ្ឋិនោះចេញផង មិនបានប្រកាន់ទិដ្ឋិឯទៀតផង ។ ការលះបង់នូវទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវទិដ្ឋិទាំងនោះ តែងមាន ដោយប្រការយ៉ាងនេះ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងទិដ្ឋិនោះ យ៉ាងនេះថា សេចក្តីយល់ របស់អាត្មាអញណាថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមាំមួនថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍ដែលមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួកនេះឯង ។ កាលបើប្រកាន់ខុស យ៉ាងនេះមានហើយ ការទាស់ទែងគ្នាក៏មាន កាលការទាស់ទែងគ្នាមានហើយ សេចក្តី​គុំគួន​គ្នាក៏មាន កាលសេចក្តីគុំគួនគ្នាមានហើយ ការបៀតបៀនគ្នាក៏មាន ។ កាលវិញ្ញូបុរស​នោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀនគ្នា (ថាជាទោសមាន) ក្នុងខ្លួន ដោយប្រការដូច្នេះ​ហើយ ក៏លះបង់នូវទិដ្ឋិនោះចេញផង មិនប្រកាន់ទិដ្ឋិឯទៀតផង ។ ការលះបង់ទិដ្ឋិ​ទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណ​ព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះមិនគួរដល់អាត្មាអញ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងទិដ្ឋិនោះយ៉ាងនេះថា សេចក្តីឃើញរបស់អាត្មាអញណាថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់​អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយ​តាមកំឡាំងចិត្ត ដោយមាំមួនថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មា​អញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មា​អញពួក១ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួកនេះ ដោយ​ប្រការដូច្នេះ ។ កាលបើប្រកាន់ខុសយ៉ាងនេះមានហើយ ការទាស់ទែងគ្នាក៏មាន កាលបើការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនក៏មាន កាលបើសេចក្តីគុំគួន មានហើយ សេចក្តីបៀតបៀនគ្នាក៏មាន ។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀន (ថាជាទោស មាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់ នូវទិដ្ឋិនោះចេញផង មិនប្រកាន់ទិដ្ឋិឯទៀតផង ។ ការលះបង់ នូវទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវទិដ្ឋិទាំងនោះ តែងមានដោយប្រការយ៉ាងនេះ ។ 

[៣៣] ម្នាលអគ្គិវេស្សនៈ ក៏ឯកាយនេះ មានរូបជាទីប្រជុំនៃមហាភូតទាំង៤ (ដី ទឹក ភ្លើង ខ្យល់) កើតមកអំពីមាតាបិតា ចម្រើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង មានការគក់ច្របាច់ ការដុសខាត់មន្ទិល ក្លិនស្អុយ ការបែកធ្លាយនឹងការរាត់រាយទៅ ជាធម្មតា បុគ្គល គួរពិចារណាឃើញច្បាស់ ដោយសភាពជារបស់មិន​ទៀង​​ ជាទុក្ខ ជារោគ ថាបីដូចជាបូស ថាបីដូចជាកូនសរ ជាសេចក្តីលំបាក ជាជំងឺ ជារបស់​អ្នកដទៃ ជារបស់វិនាសសាបសូន្យ មិនមែនខ្លួនប្រាណ ។ កាលបុគ្គលនោះ ពិចារណា​ឃើញច្បាស់ នូវកាយនេះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ថាបីដូចជា​បូស ថាបីដូចជាកូនសរ ជាសេចក្តីលំបាក ជាជំងឺ ជារបស់អ្នកដទៃ ជារបស់វិនាសសាបសូន្យ​ មិនមែនខ្លួនប្រាណ សេចក្តីប្រាថ្នាក្នុងកាយ និងសេចក្តីអាល័យកាយ ទាំងកិលេស ដែលប្រព្រឹត្តទៅ តាមកាយណា កិលេសតណ្ហានោះ គេក៏លះបង់បាន ។ 

[៣៤] ម្នាលអគ្គិវេស្សនៈ វេទនានេះ មាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខម​សុខវេទនា១ ។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលសុខវេទនា សម័យនោះ​ មិនទទួលទុក្ខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ ក្នុងសម័យនោះ ទទួលចំពោះ​តែសុខវេទនា ។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលទុក្ខវេទនា សម័យនោះ មិនទទួលសុខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ ទទួលចំពោះ​តែទុក្ខវេទនា ។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលអទុក្ខមសុខវេទនា សម័យ​នោះ មិនទទួលសុខវេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ ទទួលចំពោះ​តែ​អទុក្ខមសុខវេទនា ។ ម្នាលអគ្គិវេស្សនៈ សុខវេទនាជារបស់មិនទៀង ជារបស់ដែល​សង្ខារតាក់តែងកើតឡើងហើយ មានកិរិយាអស់ទៅ និងសូន្យទៅជាធម្មតា មាន​កិរិយាក្លាយទៅ ទាំងមានកិរិយារលត់ទៅវិញ ជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ ទុក្ខវេទនា​ ក៏ជារបស់មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើងហើយ តែងអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ  ទាំងមានកិរិយារលត់ទៅ ជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ សូម្បីអទុក្ខមសុខវេទនា ក៏ជារបស់មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើងហើយ តែងអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ និងរលត់ទៅជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ អរិយសាវ័កអ្នកបានស្តាប់ហើយ កាលឃើញ​យ៉ាងនេះ រមែងនឿយណាយ ចាកសុខវេទនាផង នឿយណាយចាកទុក្ខវេទនា​ផង​ នឿយណាយចាកអទុក្ខមសុខវេទនាផង កាលបើនឿយណាយហើយ រមែងប្រាស​ចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តរមែងរួចចាកកិលេស កាលចិត្តរួចចាកកិលេសហើយ ញាណក៏កើតឡើងច្បាស់ថា ចិត្តរួចស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់​ហើយ ព្រហ្មចរិយធម៌ បាននៅចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើរួចស្រេចហើយ កិច្ច​ដទៃ ក្រៅពីនេះ មិនមានឡើយ ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលមានចិត្តផុតស្រឡះយ៉ាងនេះ រមែងមិននិយាយផ្សំនឹងអ្នកណាៗ មិននិយាយទទឹងទាស់នឹងអ្នកណាៗ វាចា​ណា ដែលគេនិយាយហើយ ក្នុងលោក ក៏ពោលទៅតាមវាចានោះ តែមិនបានស្ទាបអង្អែល (ដោយទិដ្ឋិ) ។ 

[៣៥] សម័យនោះឯង ព្រះសារីបុត្រមានអាយុ គង់ខាងព្រះប្រឹស្តាង្គនៃព្រះមានព្រះ​ភាគ បក់ថ្វាយព្រះមានព្រះភាគ ។ ក្នុងលំដាប់នោះ ព្រះសារីបុត្រមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ការលះបង់នូវពួកធម៌​នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំងឡាយ បានឮថា ព្រះសុគត ទ្រង់ត្រាស់​ការរលាស់ចោល នូវពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំង​ឡាយ ។ កាលព្រះសារីបុត្រមានអាយុ កំពុងពិចារណាហេតុនេះ ស្រាប់តែចិត្តលោកក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដោយប្រការដូច្នេះ ។ ធម្មចក្ខុ ដែលប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងហើយ ដល់​ទីឃនខ​បរិព្វាជក​​ថា ធម្មជាតិអ្វីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា ។ 

[៣៦] គ្រានោះ ទីឃនខបរិព្វាជក បានឃើញធម៌ហើយ បានដល់ធម៌ហើយ បានដឹងច្បាស់នូវធម៌ហើយ មានចិត្តចុះស៊ប់ក្នុងធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ជាហេតុពោលថាអ្វីៗ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ ដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលបិទបាំងទុក ឬក៏ប្រាប់ផ្លូវ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក (ភ្លឺ) មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ តទៅ ។ ចប់ ទីឃនខសូត្រ ទី៤ ។

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ទីឃនខសូត្រ ទី៤
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ១១,២១៣ ដង)
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៥៧១ ដង)
ភិក្ខុធ្វើនូវតិរច្ឆានកថាមែងមានទោស ៥ យ៉ាង
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤,៨៤៦ ដង)
ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ៥,៩៤៨ ដង)
ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.44