អានអត្ថបទ
ផ្សាយ : ១១ មីនា ឆ្នាំ២០២២ (អាន: ២,៦០៨ ដង)
មហារាហុលោវាទសូត្រ ទី២

|
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជាបច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន។
[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែលព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់ព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាលរាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបានអប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោកអំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។ [១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។ [១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គលគួរឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។ [១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើកាយឲ្យទ្រុឌទ្រោម១ ភ្លើងដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាងក្នុងក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។ [១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់ក្នុងពោះក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។ [១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណាជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូលទៅកាន់យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែលសម្រាប់លេបចូលនូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិតនៅក្នុងទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែងចេញមកតាមចំណែកខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ជាទីទទេ ដល់នូវភាពទទេ ជាចន្លោះដល់នូវទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។ [១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។ [១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។ [១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។ [១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។ [១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។ [១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនករុណាភាវនាហើយ វិហេសា គឺសេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនអសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើអ្នកចំរើនអនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។ [១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមានក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់ទៅវិញ ជាប្រាកដ មិនមែនមិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។ ចប់ មហារាហុលោវាទសូត្រ ទី២។ មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី២៣) ដោយ៥០០០ឆ្នាំ
|