អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១១,២៧៣ ដង)
គួររៀនកម្មដ្ឋានក្នុងសំណាក់ពុទ្ធឱរសទាំងអ្នកបានឈាន

|
គួររៀនកម្មដ្ឋានក្នុងសំណាក់ពុទ្ធឱរសទាំងអ្នកបានឈាន
មួយទៀត កុលបុត្រអ្នកមានសីលបរិសុទ្ធ និងកាត់បលិពោធបានហើយយ៉ាងនោះ កាលនឹងរៀនកម្មដ្ឋាននេះ គួររៀនក្នុងសំណាក់ពុទ្ធបុត្រ អ្នកឲ្យចតុត្ថជ្ឈានកើតឡើងដោយកម្មដ្ឋាននេះឯងហើយចម្រើនវិបស្សនា បានសម្រេចភាពជាព្រះអរហន្ត។ កាលមិនបានព្រះខីណាស្រពនោះ គួររៀនក្នុងសំណាក់ព្រះអនាគាមី កាលមិនបានសូម្បីព្រះអនាគាមីនោះ ក៏គួររៀនក្នុងសំណាក់ព្រះសកទាគាមី។ កាលមិនបានសូម្បីព្រះសកទាគាមីនោះ ក៏គួររៀនក្នុងសំណាក់ព្រះសោតាបន្ន កាលមិនបានសូម្បីព្រះសោតាបន្ននោះក៏គួររៀនក្នុងសំណាក់របស់លោកអ្នកបានចតុត្ថជ្ឈាន ដែលមានអានាបានៈជាអារម្មណ៍, កាលមិនបានលោកអ្នកបានចតុត្ថជ្ឈានសូម្បីនោះ ក៏គួររៀនក្នុងសំណាក់របស់ព្រះវិនិច្ឆយាចារ្យ អ្នកមិនវង្វេងទាំងក្នុងបាលីនិងអដ្ឋកថា។ មែនពិត ព្រះអរិយបុគ្គលទាំងឡាយ មានព្រះអរហន្តជាដើម រមែងប្រាប់ចំពោះមគ្គដែលខ្លួនបានសម្រេចហើយប៉ុណ្ណោះ។ ចំណែកព្រះវិនិច្ឆយាចារ្យនេះ ជាអ្នកមិនវង្វេង កំណត់អារម្មណ៍ជាទីសប្បាយ និងមិនសប្បាយ ក្នុងអារម្មណ៍ទាំងពួងហើយទើបប្រាប់ឲ្យ ដូចជាអ្នកនាំទៅកាន់ផ្លូវដំរីធំក្នុងព្រៃស្បាតដូច្នោះ។ (ចាកអដ្ឋកថា សមន្តប្បាសាទិកា) ក្នុងគម្ពីរសារត្ថទីបនីដីកា៖ កុលបុត្រអ្នកប្រាថ្នានឹងរៀនកម្មដ្ឋានណា គប្បីរៀនកម្មដ្ឋានក្នុងសំណាក់ព្រះខីណាស្រព អ្នកញ៉ាំងឈានពួក ៤ ឬបានឈានពួក ៥ ឲ្យកើតឡើង ដោយអំណាចកម្មដ្ឋាននោះនុ៎ះឯងហើយចម្រើនវិបស្សនា មានឈានជាបទដ្ឋាន សម្រេចការអស់ទៅនៃអាសវៈ ព្រោះហេតុនោះ លោកអាចារ្យទើបពោលថា គប្បីរៀនយកអំពីសំណាក់ពុទ្ធបុត្ត អ្នកញ៉ាំងចតុត្ថជ្ឈានឲ្យកើតឡើងហើយ ដោយកម្មដ្ឋាននេះឯង ហើយចម្រើនវិបស្សនា បានសម្រេច អរហត្តផល។ ពាក្យថា ព្រះអរិយបុគ្គលទាំងឡាយ មានព្រះអរហន្តជាដើម លោកអាចារ្យផ្ដើមទុកដើម្បីនឹងសម្ដែងថា លោកជាពហុស្សូតនេះឯង អាចល្អជាងព្រះខីណាស្រពខ្លះ ក្នុងការឲ្យកម្មដ្ឋាននេះ។ ពាក្យថា ដូចអ្នកនាំទៅកាន់ផ្លូវដំរីធំ សេចក្ដីថាប្រៀបដូចសម្ដែងវិថីនៃកម្មដ្ឋាន និងធ្វើឲ្យដូចជាផ្លូវដំរីធំ។ ពាក្យថា កំណត់អារម្មណ៍ជាទីសប្បាយ និងមិនសប្បាយ សេចក្ដីថា លោកអាចារ្យរមែងប្រាប់កម្មដ្ឋានដល់កុលបុត្រណា ក៏កំណត់សេចក្ដីសមគួរដែលជាឧបការៈ និងមិនជាឧបការៈដល់កុលបុត្រនោះទាំងដោយប្រការទាំងពួង។ ឥឡូវនេះ លោកអាចារ្យសម្ដែងបំព្រួមសេចក្ដីនេះថា កុលបុត្រចូលទៅកាន់សំណាក់អាចារ្យអ្នកឲ្យកម្មដ្ឋាន មិនគប្បីពាក់ស្បែកជើង ដោយជើងដែលលាង និងលាបប្រេង បាំងឆត្រ ប្រើអ្នកកាន់គ្រឿងប្រើប្រាស់ និងភេសជ្ជៈ មានធុងប្រេង និងទឹកឃ្មុំ ទឹកអំពៅជាដើម មានអន្តេវាសិកហែហមជុំវិញដើរទៅ។ តែគប្បីបំពេញគមិកវត្តហើយ ហើយកាន់បាត្រ និងចីវររបស់ខ្លួន ដោយខ្លួនឯង ចូលទៅកាន់វត្តណាៗ ក្នុងចន្លោះផ្លូវក្នុងទីគ្រប់កន្លែង ក៏បំពេញវត្តនោះៗ តាមសមគួរ គឺអាគន្តុកវត្តក្នុងវេលាចូលទៅកាន់វត្ត គមិកវត្តក្នុងវេលាចេញអំពីវត្ត គប្បីជាអ្នកមានបរិក្ខារស្រាលព្រម មានការប្រព្រឹត្តដុសខាត់យ៉ាងក្រៃលែង ទើបពោលថា ជាអ្នកមានការប្រព្រឹត្តស្រាល ដល់ព្រមដោយវិន័យនិងអាចារៈ។ ក៏កាលទៅយ៉ាងនេះហើយ កាលចូលទៅកាន់វត្តនោះ គប្បីឲ្យធ្វើឈើស្ទន់ឲ្យជាកប្បិយៈ ក្នុងចន្លោះនោះ គឺយកទៅហើយ ទើបចូលទៅ តែមិនគប្បីឈប់សម្រាកបន្តិច ហើយដើរទៅកាន់បរិវេណដទៃដោយគិតថា យើងនឹងធ្វើការលាងជើង លាបជើងជាដើមទៅកាន់សំណាក់អាចារ្យ។ ព្រោះហេតុអ្វី? ព្រោះបើក្នុងទីនោះ គប្បីមានភិក្ខុទាំងឡាយជាវិសភាគរបស់អាចារ្យនោះ ភិក្ខុទាំងនោះសួរដល់ហេតុដែលមកនៅហើយ បើលោកមកនៅសំណាក់អាចារ្យនោះ នឹងគប្បីញ៉ាំងវិប្បដិសារៈ ឲ្យកើតឡើង ដែលជាហេតុឲ្យលោកគប្បីវិលត្រឡប់ចេញទៅអំពីទីនោះវិញបាន ព្រោះហេតុនោះ គប្បីសួររកទីនៅរបស់លោកអាចារ្យហើយត្រូវចូលទៅក្នុងទីនោះឯង។ ពាក្យថា អាចារ្យដែលមានប្រការដូចពោលហើយ បានដល់អាចារ្យជាកល្យាណមិត្ត តាំងនៅក្នុងសេចក្ដីចម្រើន ស្វែងរកតែប្រយោជន៍ (តាំងនៅ) ដោយចំណែកមួយ ប្រកបដោយគុណ មានសទ្ធាជាដើម មានប្រការដូចដែលបានពោលទុកហើយ ដោយន័យជាដើមយ៉ាងនេះថា៖ បិយោ គរុ ភាវនីយោ វត្តា ច វចនក្ខមោ គម្ភីរញ្ច កថំ កត្តា នោ ចដ្ឋានេ និយោជយេ ភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះពាក្យសម្ដី ១ ជាអ្នកនិយាយពាក្យជ្រាលជ្រៅ ១ ទាំងមិនដឹងនាំក្នុងហេតុដែលមិនគួរ ១។ ក្នុងពាក្យថា អ្នកមានចិត្តដែលខ្លួនឲ្យត្រេកអរហើយ ដោយវត្តបដិបត្តិនេះ មានវិនិច្ឆ័យដូច្នេះ បើអាចារ្យជាភិក្ខុខ្ចីជាង កុំគប្បីត្រេកអរសាមីចិកម្ម មានការទទួលបាត្រនិងចីវរជាដើម, បើអាចារ្យជាភិក្ខុចាស់ជាង គប្បីទៅថ្វាយបង្គំអាចារ្យ។ កាលលោកប្រាប់ថា ចូលដាក់បាត្រនិងចីវរចុះអាវុសោ ទើបដាក់ចុះ កាលលោកប្រាប់ថា ចូលផឹកទឹកចុះ បើប្រាថ្នាគប្បីផឹក កាលលោកពោលថា ចូរលាងជើងចុះ មិនគួរលាងជើងភ្លាមទេ ព្រោះបើទឹកដែលលោកនាំ (ដង) មក ក៏គប្បីជាការមិនសមគួរ, តែបើលោកពោលថា លាងជើងចុះអាវុសោ ខ្ញុំមិនបាននាំមកទេ (អ្នកដទៃនាំមក) ក៏គួរអង្គុយលាងជើងបាន ក្នុងឱកាសទីកំបាំង ដែលអាចារ្យមិនឃើញ ឬក្នុងទីចំណែកម្ខាងសូម្បីនៃវិហារកណ្ដាលវាល។ បើអាចារ្យនៃកែវប្រេងមកឲ្យ គប្បីក្រោកឡើង ប្រើដៃទាំងពីរទទួលដោយគោរព, ព្រោះបើមិនទទួលកែវប្រេងនោះទេ អាចារ្យក៏នឹងគប្បីគិតតបការដទៃបានថា ភិក្ខុរូបនេះធ្វើការប្រើប្រាស់រួមគ្នាមិនល្អចាប់ដើមតាំងពីនេះឯង, តែកាលបានទទួលហើយក៏មិនគួរលាបជើងមុនទេ ព្រោះបើប្រេងនោះ ជាទឹកប្រេងសម្រាប់រឹតខ្លួនរបស់អាចារ្យសោត ក៏នឹងគប្បីជាការមិនសមគួរ ព្រោះដូច្នោះគប្បីលាបក្បាលមុនហើយទើបលាបអវយវៈដទៃ មានកជាដើម កាលលោកប្រាប់ថា អាវុសោប្រេងនោះនេះជាប្រេងសម្រាប់ប្រើបានគ្រប់យ៉ាង លាបជើងក៏បានដូច្នេះ ចាំលាបជាង រួចស្រេចហើយគប្បីប្រាប់ថា "ខ្ញុំនឹងរក្សាប្រេងនេះ លោកម្ចាស់" កាលអាចារ្យទទួលយកទៅគប្បីប្រគេនលោកចុះ។ មិនគួរនិយាយថា លោកម្ចាស់មេត្តាប្រាប់កម្មដ្ឋានដល់ខ្ញុំចុះ តាំងពីថ្ងៃនេះទៅ។ រាប់ចាប់តាំងពីថ្ងៃទី ២ ទៅ បើអាចារ្យមានឧបដ្ឋាកជាប្រចាំ ក៏គប្បីសូមនឹងឧបដ្ឋាកនោះហើយធ្វើវត្តខ្លះ។ បើសូមហើយលោកមិនព្រមឲ្យ កាលបានឱកាសចាំធ្វើវត្ត កាលនឹងធ្វើក៏គួរបង្អោនប្រគេនឈើស្ទន់ទាំង ៣ ខ្នាត គឺខ្នាតតូច កណ្ដាល និងធំ។ ទឹកលុបមុខ ទឹកស្រង់ ក៏គួរចាត់ចែងប្រគេនទាំងពីរយ៉ាងគឺទឹកក្ដៅនិងទឹកត្រជាក់។ តាំងពីពេលនោះតទៅ លោកអាចារ្យប្រើយ៉ាងណារហូត ៣ ថ្ងៃ ក៏ត្រូវចូលទៅតម្កល់ប្រគេនយ៉ាងនោះឯង រហូតអស់កាលជានិច្ច។ កាលលោកមិនធ្វើការចំពោះយ៉ាងណា ប្រើប្រាស់តាមតែបាន ក៏គប្បីបង្អោនប្រគេនដែលរកបានចុះ។ នឹងពោលឲ្យច្រើនទៅធ្វើអ្វី វត្តដ៏ប្រពៃដែលព្រះមានព្រះភាគទ្រង់បញ្ញត្តទុកក្នុងវត្តក្ខន្ធកៈនោះណា មានជាដើមថា "ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យ។ ឯការប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យនោះ ដូច្នេះ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្ដរាសង្គឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លាងមុខ ក្រាលអាសវៈទុក បើបបរមាន អន្តេវាសិកត្រូវលាងភាជន៍ ហើយបង្អោនបបរទៅប្រគេន កាលបើអាចារ្យហុតបបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ត្រូវធ្វើវត្តទាំងនោះចុះ។ គប្បីឃើញថាកុលបុត្រ អ្នកបដិបត្តិដោយន័យតាមដែលពោលមកនេះ រមែងញ៉ាំងចិត្តរបស់លោកអាចារ្យឲ្យត្រេកអរដោយវត្តបដិបត្តិ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |