អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១០,៣៦៣ ដង)
ពណ៌នាបញ្ហាព្យាករណ៍

|
ពណ៌នាបញ្ហាព្យាករណ៍
នរជនណា ប្រកបដោយសជាតិបញ្ញា តាំងនៅស៊ប់ ក្នុងសីល ចម្រើនសមាធិចិត្ត និង វិបស្សនាបញ្ញាឈ្មោះថា ជាអ្នកឃើញភ័យ ក្នុងវដ្ដសំសារ អ្នកមានព្យាយាមជាគ្រឿងដុតកិលេស អ្នកមានបញ្ញាជាគ្រឿងរក្សានូវខ្លួន, នរជននោះ គប្បីកាប់ឆ្ការនូវព្រៃស្នាប់ គឺតណ្ហានោះបាន។ ហេតុនោះ បានជាព្រះភគវ័ត ទ្រង់ត្រាស់ព្រះគាថានេះ។ សួរថា ៖ ហេតុអ្វី? បានជាព្រះភគវ័ន ទ្រង់ត្រាស់ព្រះគាថានេះ។ ឆ្លើយថា ៖ បានឮមកថា ក្នុងចំណែកនៃរាត្រី (មាន) ទេវបុត្រមួយរូប (មាននាម និង គោត្រ មិនប្រាកដ) បានចូលទៅគាល់ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងទីក្រុងសាវត្ថី ហើយក្រាបទូលសួរនូវបញ្ហានេះ ដើម្បីដកឡើងនូវសេចក្ដីសង្ស័យ របស់ខ្លួនដូច្នេះថា បពិត្រព្រះគោតម ពួកសត្វ មានគ្រឿងចាក់ស្រែះ គឺ តណ្ហា រឹតឆ្វាក់ឲ្យជាប់ជំពាក់ ទាំងខាងក្នុងទាំងខាងក្រៅព្រោះហេតុនោះ ខ្ញុំសូមទូលសួរព្រះអង្គ តើបុគ្គលណាអាចកាប់ឆ្ការ នូវគ្រឿងចាក់ស្រែះនេះបាន។ គឺជាឈ្មោះនៃតណ្ហា មានបណ្ដាញដូចជាសំណាញ់។ មែនពិត តណ្ហានោះ ឈ្មោះថា ជដា ព្រោះដូចជាបណ្ដាញ ពោលគឺបណ្ដាញនៃមែករុក្ខជាតិទាំងឡាយ មានឫស្សីជាដើម ព្រោះអត្ថថា ចាក់ស្រែះ ព្រោះកិរិយាកើតឡើងរឿយៗ ក្នុងអារម្មណ៍ទាំងឡាយ មានរូបារម្មណ៍ជាដើមដោយអំណាចនៃការកើតឡើង ទាំងខាងក្រោម ទាំងខាងលើ។ ក៏តណ្ហានេះហ្នឹងឯង ទេវបុត្រពោលថា "រឹតឆ្វាក់ទាំងខាងក្នុង ទាំងខាងក្រៅ" ព្រោះកើតឡើង ទាំងក្នុងបរិក្ខារ របស់ខ្លួន និង បរិក្ខាររបស់អ្នកដទៃ ទាំងក្នុងអត្តភាព របស់ខ្លួន និង អត្តភាពអ្នកដទៃ ទាំងក្នុងអាយតនៈខាងក្នុង និងអាយតនៈខាងក្រៅ។ ពួកសត្វ ត្រូវបណ្ដេញគឺតណ្ហា ដែលកើតឡើងដូច្នេះនោះ ចាក់ស្រែះហើយ។ អធិប្បាយថា ពួកសត្វពោលគឺពពួកនៃសត្វនេះទាំងអស់គ្នា ត្រូវបណ្ដេញចេញគឺតណ្ហានោះចាក់ស្រែះ គឺរួបរឹត ដេរឆ្វាក់ហើយ ប្រៀបដូចជាពួករុក្ខជាតិ មានឫស្សីជាដើម ត្រួបពួកស្នាប់បន្លាឫស្សីជាដើម ចាក់ស្រែះ រួបរឹត ដេរឆ្វាក់ដូច្នោះ។ ក៏ពួកសត្វ ត្រូវបណ្ដាញ គឺតណ្ហាចាក់ស្រែះ យ៉ាងនេះហើយព្រោះហេតុណា បពិត្រព្រោះគោតម ព្រោះហេតុនោះ ទើបខ្ញុំទូលសួរព្រោះអង្គ។ ពាក្យថា "តំ តំ គោតម" សេចក្ដីថា ព្រោះហេតុនោះ ទើបខ្ញុំទូលសួរព្រះអង្គ។ ពាក្យថា "កោ ឥមំ វិជដយេ ជដំ" គឺទេវបុត្រ ទូលសួរថា អ្នកណាគប្បីកាប់ឆ្ការ គឺថា អ្នកណាអាចដើម្បីនឹងកាប់ឆ្ការ នូវបណ្ដាញ គឺតណ្ហានេះ ដែលចាក់ស្រែះនូវត្រៃលោកធាតុហើយ ឋិតនៅយ៉ាងនេះបាន។ ចំណែកព្រះមានព្រះភាគ ព្រះអង្គមានកិរិយាប្រព្រឹត្តិ ដោយព្រះញាណមិនមានទើសទាក់ ក្នុងធម៌ទាំងពួង ព្រះអង្គជាទេវតារបស់ពួកទេវតា ជាទេវតាលើសជាងពួកទេវតា ជាព្រះឥន្ទ្រ លើសជាងពួកព្រះឥន្ទ្រ ជាព្រះព្រហ្ម លើសជាងពួកព្រហ្ម ទ្រង់ក្លៀវក្លា ក្នុងចតុវេសរជ្ជញាណ ព្រះអង្គមានកម្លាំង ១០ មានព្រះញាណ គ្មានធម្មជាតដទៃ មករារាំងបាន ព្រះអង្គមានចក្ខុជុំវិញ ត្រូវទេវបុត្រទូលសួរ ដូច្នេះហើយកាលនឹងទ្រង់ដោះស្រាយ នូវសេចក្ដីនេះ ដល់ទេវបុត្រនោះ ទើបទ្រង់ត្រាស់ព្រះគាថានេះថា នរជន មានប្រាជ្ជា មានតាំងមាំ ក្នុងសីលហើយ ចម្រើន នូវសមាធិចិត្ត និង វិបស្សនាបញ្ញា ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ប្រកបដោយបារិហារិយប្បញ្ញា ជាអ្នកឃើញភ័យ ក្នុងសង្សារ បុគ្គលនោះ ទើបកាប់ឆ្ការនូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។ ក្នុងកាលឥឡូវនេះ ខ្ញុំឈ្មោះពុទ្ធឃោសាចារ្យ កាលពណ៌នានូវសេចក្ដីដែលផ្សេង ដោយគុណ មានសីលគុណជាដើម នៃព្រះគាថា ដែលព្រះមានព្រះភាគ ព្រះអង្គស្វែងរកនូវគុណដ៏ធំ សម្ដែងហើយនេះ តាមសមគួរដល់សេចក្ដីពិតនឹងសម្ដែងនូវឧបាយ ជាហេតុបាននូវព្រះនិព្វាន គឺវិសុទ្ធិដែលអាស្រ័យន័យនៃទេសនា របស់ព្រះមហាថេរទាំងឡាយ លោកមានប្រក្រតីនៅ ក្នុងមហាវិហារ ជាសេចក្ដីវិនិច្ឆ័យ ដ៏បរិសុទ្ធល្អ ជាគ្រឿងធ្វើ នូវសេចក្ដីរីករាយ ដល់ពួកកុលបុត្រ ជាព្រះយោគី ក្នុងសាសនានេះ ដែលប្រាថ្នាសេចក្ដីបរិសុទ្ធ បានបួស ក្នុងសាសនានៃព្រះជិនស្រី ដែលគេបានដោយលំបាកហើយមិនដឹងនូវផ្លូវត្រង់ជាផ្លូវក៏ក្សេម ដែលសង្គ្រោះដោយគុណមានសីលគុណជាដើម តាមសមគួរដល់សេចក្ដីពិតដើម្បីសេចក្ដីបរិសុទ្ធ សូម្បីព្យាយាមក៏ដោយ ក៏មិនបានសម្រេចនូវសេចក្ដីបរិសុទ្ធបានឡើយ បពិត្រលោកអ្នកសប្បុរសទាំងឡាយ! កាលខ្ញុំសម្ដែង នូវវិសុទ្ធិមគ្គ ដោយគោរព លោកអ្នកទាំងអស់គ្នា ជាអ្នកប្រាថ្នា នូវសេចក្ដីបរិសុទ្ធិសូមប្រុងចាំស្ដាប់ នូវវិសុទ្ធិមគ្គនោះ ដោយគោរពចុះ។ បទថា "វិសុទ្ធិ" ក្នុងពាក្យថា ខ្ញុំនឹងពោលនូវវិសុទ្ធមគ្គនោះ បណ្ឌិតគប្បីជ្រាបព្រះនិព្វានដ៏បរិសុទ្ធ ដោយចំណែកមួយ ប្រាសចាកមន្ទិលគ្រប់យ៉ាង ផ្លូវនៃសេចក្ដីបរិសុទ្ធិនោះ ឈ្មោះថា វិសុទ្ធិមគ្គ, ឧបាយជាគ្រឿងសំរេចនូវព្រះនិព្វាន ព្រះភគវ័ត ត្រាស់ហៅថា "មគ្គ" អធិប្បាយថា "ខ្ញុំនឹងសម្ដែងវិសុទ្ធិមគ្គនោះ"។ ក៏វិសុទ្ធិមគ្គនេះនោះ គឺព្រះភគវ័តទ្រង់ត្រាស់សម្ដែង ដោយអំណាចនៃគុណតែវិបស្សនាប៉ុណ្ណោះ ក្នុងព្រះបាលីខ្លះ។ សមដូចជាព្រះអង្គត្រាស់ថា ក្នុងកាលណា បុគ្គលឃើញដោយបញ្ញា ថា "សង្ខារទាំងឡាយទាំងពួង មិនទៀត" ដូច្នេះ ក្នុងកាលណោះ បុគ្គល រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធិ។ ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១ រៀបរៀងដោយ ភិក្ខុវិនយធរោ មហា យិន-នឿន ដោយ៥០០០ឆ្នាំ |