អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៦០ ដង)
បរមត្ថប្រយោជន៍

|
បរមត្ថប្រយោជន៍
ប្រយោជន៍គឺព្រះនិព្វាន និព្វាន គឺជាឈ្មោះនៃសេចក្ដីសុខដ៏កំពូល និងចុងក្រោយបង្អស់ ដែលសត្វលោកនឹងត្រូវជួបប្រទះព្រោះអាស្រ័យការប្រកប នូវប្រយោជន៍ថ្នាក់ក្រោមនិងប្រយោជន៍ថ្នាក់កណ្ដាល ដែលបានរៀបរាប់រួចមកហើយនោះឯង។ និព្វាន ជាសេចក្ដីសុខដែលមានពិត ដោយប្រាសចាកការហួងហែង ប្រាសចាកការកង្វល់ ប្រាសចាកការភ័យតក់ស្លុតគ្រប់ប្រការ។ និព្វាន មិនមែនជាដែនដីប្រទេស គេហដ្ឋាន វិមាន ឬថាជាពិភពរបស់ព្រះអាទិទេពណាឡើយ។ និព្វាន មិនមែនជាឋានដែលត្រូវមានប្រលឹងសោយសុខយ៉ាងណានីមួយ ដូចគំនិតសត្វលោកដែលជ្រោកជ្រាកទៅដោយកិលេសគិតស្រម័យនោះទេ។ និព្វាន មិនមែនជាកន្លែងដែលត្រូវទៅដល់ដោយការដើរ ដោយការជិះយាន ឬក៏ដោយការប្រើឫទ្ធិហោះហើរទៅជាដើមនោះឡើយ។ តែថានិព្វាន គឺសំដៅទៅលើការរលត់យ៉ាងកំពូល គឺសូន្យចាកកំដៅ សូន្យចាកការដុត សូន្យចាកការចាក់ដោត សូន្យចាកសត្វ បុគ្គល តួខ្លួន សូន្យចាកការប្រកាន់ សូន្យចាកភាពរឹតរួត សូន្យចាកការតាក់តែងរបស់បច្ច័យគ្រប់យ៉ាង។ និព្វាន គឺជាសភាពនៃសេចក្ដីរលត់យ៉ាងកំពូលនូវសេចក្ដីទុក្ខសោកគ្រប់ប្រការ ដែលត្រូវបង្កើតឡើងដោយស្នាដៃរបស់កិលេស។ ម្យ៉ាងទៀត ចំណងនៃកិលេសគឺសំយោជនៈ ដែលចងរឹតរួតចិត្តសន្ដានរបស់សត្វលោកអស់កាលជាអង្វែងមក ក៏ត្រូវបានដាច់ជ្រុះចាកសន្ដានជាបណ្ដើរៗ ចាប់តាំងពីមគ្គថ្នាក់ក្រោមឡើងទៅជាលំដាប់។ ការបានដល់នូវព្រះនិព្វាន មិនមែនសំដៅទៅលើតែមនុស្សមុច្ឆេទមរណៈ ដែលជាសេចក្ដីស្លាប់ចុងក្រោយបង្អស់របស់ព្រះអរហន្តប៉ុណ្ណោះទេ សូម្បីលោកកំពុងរស់នៅក៏ឈ្មោះថា លោកបានដល់នូវព្រះនិព្វានដែរដូច្នេះទើបព្រះនិព្វានមាន២យ៉ាងគឺ សឧបាទិសេសនិព្វានធាតុ១ និងអនុបាទិសេសនិព្វានធាតុ១។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |