អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៩,៨៦១ ដង)
កាយពហុសាធារណតោ

|
កាយពហុសាធារណតោ
( កាយនេះជាសាធារណៈដល់សត្វ ( ដង្កូវ ) និងបច្ច័យនៃសេចក្ដីស្លាប់មានច្រើនប្រភេទ ) បទថា កាយពហុសាធារណតោ មានអធិប្បាយថា កាយនេះជាសាធារណៈដល់សត្វច្រើនប្រភេទ គឺ ជាដំបូងជាសាធារណៈដល់ពួងកិមិជាតិ ( ដង្កូវ ) ៨០ ត្រកូល ក្នុងកិមិជាតិទាំងឡាយនោះ ត្រកូវណាអាស្រ័យស្បែកក្រៅ ក៏ស៊ីស្បែកក្រៅ ត្រកូលណាដែលអាស្រ័យស្បែកក្នុង ក៏ស៊ីស្បែកក្នុង ដែលអាស្រ័យសាច់ ក៏ស៊ីសាច់ ដែលអាស្រ័យសរសៃ ក៏ស៊ីសរសៃ ដែលអាស្រ័យឆ្អឹង ក៏ស៊ីឆ្អឹង ដែលអាស្រ័យខួរក្នុងឆ្អឹង ក៏ស៊ីខួរក្នុងឆ្អឹង វាកើត ចាស់ ឈឺ ស្លាប់ បន្ទោបង់ឧបច្ចារៈបស្សាវៈនៅក្នុងទីនោះឯង ហើយរាងកាយ ក៏ចាត់ជាសាលសម្ភព មន្ទីពេទ្យ ជាព្រៃស្មសានផងដែល ជាបង្គន់ ជាកន្ថោរនោមរបស់ពួកវា ព្រោះថា រាងកាយនេះ កាលបើកិមិជាតិទាំងឡាយនោះកម្រើក ក៏ដល់នូវសេចក្ដីស្លាប់ជាប្រាកដ។ ម្យ៉ាងទៀត កាយនេះជាសាធារណៈដល់កិមិជាតិ ៨០ ត្រកូល យ៉ាងណា ក៏ជាសាធារណៈដល់បច្ច័យនៃសេចក្ដីស្លាប់ ទាំងដែលជាខាងក្នុង បានដល់រោគច្រើនរយប្រភេទទាំងដែលជាខាងក្រៅ បានដល់ សត្វមានពិស ដូចជាពស់និងខ្ទួយជាដើម ដូច្នោះ ឧបមាដូចអាវុធទាំងឡាយ មានកូន សរ ស្នា លំពែង និងដុំថ្ម ជាដើម ដែលមកពីទិសទាំងពួងមុតចំរង្វង់មូល ដែលគេតាំងទុកនៅត្រង់ផ្លូវបែកជា ៤ យ៉ាងណា សូម្បីឧបទ្ទវទាំងពួង តែងធ្លាក់ចុះមកកាន់រាងកាយនេះ ក៏យ៉ាងនោះ ព្រោះការធ្លាក់ចុះនៃឧបទ្ទវទាំងឡាយ នោះក៏នឹងដល់នូវសេចក្ដីស្លាប់បានដូចគ្នា ព្រោះហេតុនោះ ព្រះមានព្រះភាគទ្រង់ត្រាស់ថា៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ កាលពេលថ្ងៃកន្លងទៅហើយ រាត្រីចូលមកដល់ រមែងពិចារនាឃើញយ៉ាងនេះថា បច្ច័យនៃសេចក្ដីស្លាប់របស់យើងមានច្រើនណាស់ គឺពស់អាចខាំយើងក៏បាន ខ្ទួយអាចទិចយើងក៏បាន ក្អែបអាចខាំយើងក៏បាន ព្រោះបច្ច័យមានពស់ខាំជាដើមនោះ កាយកិរិយាអាចមានដល់យើងបាន ភាវៈគឺកាលកិរិយានោះនឹងជាអន្តរាយដល់យើង យើងអាចរអិលដួលក៏បាន ភត្តដែលយើងបរិភោគហើយ អាចកើតជាពិសេសក៏បាន ទឹកប្រមាត់របស់យើងកម្រើកក៏បាន ស្លេស្ម៍របស់យើងកម្រើកក៏បាន ខ្យល់សត្ថកៈ ( ខ្យល់ផ្ដាច់ជីវិត ) របស់យើងងកម្រើកក៏បាន ព្រោះបច្ច័យ មានការរអិលដួលជាដើម កាលកិរិយាអាចមានដល់យើងបាន ភាវៈ គឺ កាលកិរិយានោះ អាចជាអន្តរាយដល់យើង ដូច្នេះព្រះយោគាវចរ គប្បីរឭកដល់សេចក្ដីស្លាប់ ដោយរាងកាយជាសាធារណៈដល់សត្វ ( ដង្កូវ ) និងបច្ច័យនៃសេចក្ដីស្លាប់មានច្រើនប្រភេទ ដូចពោលមកនេះឯង។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |