អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៧៩១ ដង)
អក្កោសកសូត្រ

|
អក្កោសកសូត្រ
បិដកលេខ ៣០ ទំព័រ ៨៧ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័នជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ព្រាហ្មណ៍ឈ្មោះអក្កោសកភារទ្វាជៈ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយបានជេរគំរាមព្រះមានព្រះភាគដោយវាចាកជាអសប្បុរស អាក្រក់ ។ កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងអក្កោសភារទ្វាជព្រាហ្មណ៍យ៉ាងនេះថា ម្នាលព្រាហ្មណ៍អ្នកសំគាល់ហេតុនោះដូចម្តេច ពួកមិត្ត អាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកអ្នកដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ជួនកាលពួកមិត្តអាមាត្យ ញាតិសាលោហិតជាភ្ញៀវធ្លាប់មករកខ្ញុំម្តងៗ ដែរ ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានរៀបខាទនីយភោជនីយាហារ និងសាយនីយាហារ ទទួលភ្ញៀវទាំងនោះដែរឬ ។ បពិត្រ ព្រះគោតមដ៏ចម្រើន ជួនកាលខ្ញុំបានរៀបខាទនីយភោជនីយាហារ និងសាយនិយាហារ ទទួលពួកភ្ញៀវទាំងនោះដែរ ។ ម្នាលព្រាហ្មណ៍ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ តើវត្ថុនោះបានទៅអ្នកណាវិញ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ វត្ថុនោះត្រូវបានមកខ្ញុំវិញ ។ ម្នាលព្រាហ្មណ៍ ការជេនុះក៏យ៉ាងនោះដែរ អ្នកឯងជេរតថាគត ដែលជាអ្នកមិនជេរ ខឹងតថាគត ដែលជាអ្នកមិនខឹង ប្រកួតប្រកាន់នឹងតថាគត ដែលជាអ្នកមិនប្រកួតប្រកាន់ តថាគត មិនទទួលការប្រទូស្ត របស់អ្នកនោះទេ ម្នាលព្រាហ្មណ៍ ការជេរនុះត្រូបានទៅអ្នកវិញ ។ ម្នាលព្រាហ្មណ៍អ្នកណាអ្នកណាជេរតបបុគ្គលដែលជេរខឹងតបបុគ្គលដែលខឹង ប្រកួតប្រកាន់បុគ្គលដែលប្រកួតប្រកាន់ ម្នាលព្រាហ្មណ៍ បុគ្គលនេះ តថាគតឲ្យឈ្មោះថា ស៊ីជាមួយគ្នា ធ្វើតបបុគ្គលដែលធ្វើហើយ តថាគតនោះមិនបរិភោគជាមួយនឹងអ្នកទេមិនធ្វើតបអ្នកវិញទេ ម្នាលព្រាហ្មណ៍ ការជេរនោះត្រូបានទៅអ្នកវិញ ។ ព្រាហ្មណ៍ពោលថា បរិស័ទព្រមទាំងស្តេច ស្គាល់ព្រះគោតមដ៏ចម្រើនយ៉ាងនេះ ថា ព្រះមណគោតម ជាព្រះអរហន្តមែន តែព្រះគោតមដ៏ចម្រើននៅតែខឹង ។ ព្រះមានព្រះភាគត្រាស់ថាៈ អក្កោធស្ស កុតោ កោធោ ទន្តស្ស សមជីវិនោ សម្មទញ្ញា វិមុត្តស្ស ឧបសន្តស្ស តាទិនោ។ បុគ្គលមិនក្រោធ មានខ្លួនទូន្មានហើយ រស់នៅសមរម្យមានចិត្តរួចស្រឡៈព្រោះយល់ត្រូវ ជាអ្នកស្ងប់រម្ងាប់កិលេស មិនញាប់ញ័រដោយលោកធម៌ តើមានក្រោធ ពីណាមក ។ តស្សេវ តេន បាបិយោ យោ កុទ្ធំ បដិកុជ្ឈតិ កុទ្ធំ អប្បដិកុជ្ឈន្តោ សង្គាមំ ជេតិ តុជ្ជយំ ។ ព្រោះថា អ្នកណាក្រោធតបបុគ្គលដែលក្រោធហើយ អ្នកនោះឯងនឹងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធនោះឯង ឯបុគ្គលមិនក្រោធតបនឹងអ្នកដែលក្រោធ រមែងឈ្នះសង្គ្រាមដែលគេឈ្នះបានដោយក្រ ។ ឧភិន្មមត្ថំ ចរតិ អត្តនោ ច បរស្ស ច បរំ សង្កុបិតំ ញត្វា យោ សតោ ឧបសម្មតិ ។ អ្នកណាដឹងថាអ្នកដទៃក្រោធនឹងខ្លួន ជាអ្នកមានស្មារតីរម្ងាប់សេចក្តីក្រោធបាន ជាអ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ដល់ជនទាំងពីរនាក់ គឺខ្លួនឯងនិងអ្នកដទៃ ។ ឧតិន្មំ តិកិច្ឆន្តានំ អត្តនោ ច បរស្ស ច ជនា មញ្ញន្តិ ពាលោតិ យេ ធម្មស្ស អកោវិទាតិ ។ បណ្តាជនទាំង២នាក់គឺខ្លួនឯង និងអ្នកដទៃ ដែលជាអ្នករក្សាសេចក្តីសុខ ជនទាំងឡាយណា មិនឈ្លាសក្នុងធម៌ ជនទាំងឡាយ នោះរមែង សំគាល់អ្នកនោះ ថាជាមនុស្សពាល ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អក្កោសកភារទ្វាជព្រាហ្មណ៍ បានទូលព្រះមានព្រះភាគ យ៉ាងនេះថាបពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ ។ បេ ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឭក ខ្ញុំព្រះអង្គសូមបាននូវ បព្វជ្ជា និង ឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចម្រើន ។ អក្កោសកភារទ្វាជព្រាហ្មណ៍ បានបព្វជ្ជានិងឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគហើយ ។ លុះអក្កោសកភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មានចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីសម្រេច ដោយប្រាជ្ញាដ៏ឧត្តមនៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះដែរជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្ត មួយអង្គដែរ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀបដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |