អានអត្ថបទ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ៦៨,២៣៤ ដង)
ជីវិតដែលមិនត្រូវប្រមាទ

|
ជីវិតដែលមិនត្រូវប្រមាទ
-សួរៈ ការនឹកដល់សេចក្ដីស្លាប់របស់បុគ្គលជាទីស្រឡាញ់ដូចជា មាតា បិតា នឹងបានមកជាមរណានុស្សតិតទៅ កូនចៅ ត្រូវធ្វើយ៉ាងណាក្នុងដំណើរជីវិត? -ឆ្លើយៈ មានច្រើនផ្លូវ ប្រការដំបូងជាគោលទូទៅ មិនចំពោះ តែមាតា បិតា។ តែសម្រាប់មាតា បិតា ធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំង ព្រោះធ្លាប់ប្រសព្ធជិតដិត។ គោលសំខាន់គឺមិនត្រូវប្រមាទគ្រប់ជីវិត គឺយ៉ាងនេះ គឺមិនមានការទៀងទាត់ពិតប្រាកដមានកើតមានរលត់។ ព្រោះហេតុនោះ យើងប្រមាទមិនបាន បើមានអ្វីត្រូវធ្វើគួររួតរះធ្វើកុំបង្អង់។ -សូម្បីតែការបដិបត្តិចំពោះមាតាបិតា ពេលខ្លះយើងគិតថា លោកទើបតែមានអាយុប៉ុណ្ណឹង លោកអាចរស់នៅបានច្រើនឆ្នាំទៀត យើងក៏ព្រងើយៗ ចង់ធ្វើអ្វីក៏ចេះតែលើកថា ចាំពេលនេះ ពេលនោះក៏បាន ធ្វើយ៉ាងនេះពេលដែលឪពុកម្ដាយលះលោកយ៉ាងទាន់ហន់នោះ ក៏បាននូវសេចក្ដីសោកស្ដាយ ខូចចិត្ត។ យើងមិនគួរឡើយ ពេលនោះយើងមានឱកាស គួរតែប្រញាប់ប្រញាល់តបស្នងសងគុណលោក និង មើលរក្សាលោក មិនគួរបណ្ដែតបណ្ដោយដែលសំដែងឲ្យឃើញថា នៅក្នុងសេចក្ដីប្រមាទ។ ចំណែកសម្រាប់យើងខ្លួនឯង គឺត្រូវប្រញាប់ប្រញាល់កិច្ចនាទី ព្រោះជីវិតប្រមាណមិនបាន។ -ប្រការទី២ ជារឿងដែលទាក់ទងទៅនឹងខ្លួនលោកនោះឯង គឺ ការស្លាប់របស់ឪពុកម្ដាយ ធ្វើឲ្យនឹកសេចក្ដីល្អរបស់គាត់ដែលជាគ្រឿង ដាស់តឿនចិត្ត ក្នុងការប្រព្រឹត្តបដិបត្តិក្ដី ក្នុងការជំរុញទឹកចិត្តក្ដី ក៏ជារឿងដែលទាក់ទងជាមួយការរលឹកដល់គុណគឺ សេចក្ដីល្អរបស់លោក ហើយលើកតម្កើង បូជាគុណដោយការបដិបត្តិ ដើម្បីឲ្យសម្រាចជាប្រយោជន៍ ដែលជាប្រការមួយ។ -ពេលខ្លះ យើងរលឹកដល់គុណគឺសេចក្ដីល្អរបស់លោក នឹកដល់ឧបការគុណដែលលោកធ្វើចំពោះយើង ធ្វើឲ្យចិត្តសោកសៅអាឡោះ អាល័យ។ ដូច្នេះត្រូវមានការរលឹកទី២ គឺរលឹកដល់ធម៌រលឹកដល់មនុស្សស្លាប់ ក៏រលឹកដល់គុណគឺសេចក្ដីល្អរបស់លោក ធ្វើឲ្យកើតការសោកសៅ អាឡោះអាល័យ ធ្វើឲ្យចិត្តសៅហ្មង តែកាលរលឹកដល់សេចក្ដីស្លាប់ ក៏បង្អោនចិត្តទៅរកធម៌ គឺនឹកដល់ការពិតនៃជីវិតឲ្យឃើញថា ជាអនិច្ចំ របស់ទាំងឡាយសុទ្ធតែមានការផ្លាស់ប្ដូរប្រែប្រួលមិនទៀង ជាយ៉ាងនេះគ្រប់គ្នា ជារឿងធម្មតានៃសង្ខារធម៌។ មិនចំពោះតែលោកឪពុកអ្នកម្ដាយរបស់ យើងតែប៉ុណ្ណោះទេ ជនដទៃក៏ត្រូវយ៉ាងនេះ គ្រប់ជីវិតជាយ៉ាងនេះពិចារណាយ៉ាងនេះ ហើយអាចបង្អោនចិត្តទទួលការពិត ឬសច្ចធម៌បាន ក៏អាចបន្ថយសេចក្ដីសោកសៅពីក្នុងចិត្តបាន ហើយបង្អោនទៅក្នុងផ្លូវបញ្ញា គឺយល់ពីការពិតដែលជាសច្ចធម៌ ជាការព្រមទទួលដោយបញ្ញា មិនមែនព្រមទទួលដោយបង្ខំនោះទេ។ -ការដឹងសេចក្ដីពិត ដឹងសច្ចធម៌ ចិត្តក៏បានធូរស្រាលរសាយនូវ សេចក្ដីសោកសៅ ទៅហើយផ្សារភ្ជាប់នឹងការពិចារណារបស់ដែលមានតម្លៃ ពិតប្រាកដនៃជីវិតគឺអ្វី? ជីវិតរបស់លោកត្រូវបែកធ្លាយទៅ ហើយរបស់ពិតដែលស្ថិតនៅ គឺគុណធម៌ សេចក្ដីល្អដែលជារបស់មានប្រយោជន៍ ដែលលោកបានធ្វើទុក។ -ការរលឹកមាន ២យ៉ាងគឺ រលឹកដល់អ្នកស្លាប់ និង រលឹកដល់សេចក្ដីស្លាប់ ដែលទាំងអស់នោះ មកបញ្ចប់ត្រឹមធម៌ទាំងនោះឯង។ បើពិចារណាយ៉ាងនេះ នឹងធ្វើឲ្យរសាយការសៅហ្មង បន្ទោបង់នូវសេចក្ដីសោក និង នៅសល់តែគុណធម៌ទាំងឡាយ ដែលលោកបានធ្វើហើយ ជ្រួតជ្រាបសព្វចិត្តសន្ដានរបស់យើង និង នាំឲ្យមកបដិបត្តិដើម្បីបានជាប្រយោជន៍ យ៉ាងហោចក៏បានជាគ្រឿងដាស់តឿនចិត្តរបស់កូនៗឲ្យប្រព្រឹត្ត ល្អតទៅ។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |