អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ២៣,៧៣៩ ដង)
មង្គលដ៏ឧត្តម សម្រាប់មនុស្ស និង ទេវតា

|
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង មានទេវតា ១អង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ បានញ៉ាំងវត្តជេតពនទាំងមួកអោយភ្លឺស្វាង ហើយចូលគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។
លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា យ៉ាងនេះថា៖ ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមាននា សោត្ថានំ ព្រួហិ មង្គលមុត្តមំ ។ ទេវតា និង មនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា៖ -ការមិនសេពគប់ជនពាលទាំងឡាយ ១ -ការសេពគប់បណ្ឌិតជនទាំងឡាយ ១ -ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -ការនៅក្នុងប្រទេស ដ៏សមគួរ ១ -ភាវៈនៃបុគ្គលបានធ្វើបុណ្យទុក ហើយក្នុងកាលមុន ១ -តំកល់ខ្លួនប្រពៃ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ -សិល្បៈ គឺសេចក្តីឆ្លៀវ ឆ្លាសក្នុងហត្ថកម្ម របស់អ្នកបួស នឹង គ្រហ្ថ ១ -វិន័យដែលបុគ្គលសិក្សាប្រពៃ ១ -វាចាដែលបុគ្គលពោលល្អ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -ការបំរើ មាតាបិតា ១ -សេចក្តីសង្រ្គោះដល់បុត្រ នឹង ភរិយា ១ -ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -ការបរិច្ចាគទាន ១ -ការប្រព្រិត្តិធម៏ ១ -សេចក្តីសង្រ្គោះញាតិទាំងឡាយ ១ -ការងារទាំងឡាយដែលមិនមានទោស ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -ការមិនត្រេកអរ ក្នុងបាប និងការវៀចាកបាប ១ -សេចក្តី សង្រួមចាកការផឹកនូវទឹកស្រវឹង ១ -សេចក្តី មិនប្រមាថ ក្នុងធម៏ទាំងឡាយ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -សេចក្តីគោរព ១ -សេចក្តីអោនលំទោន ១ -សេចក្តីត្រេកអរ តាមមាន តាមបាន ១ -ភាពជាអ្នកដឹងនូវ ឧបការៈ ដែលអ្នកដ៏ទៃធ្វើហើយ ១ -ការស្តាប់នូវធម៏តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -សេចក្តីអត់ធន់ ១ -ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១ -ការជួបប្រទះ នូវសមណៈទាំងឡាយ ១ -ការសន្ទនា ទៅវិញ ទៅមក នូវធម៏តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -សេចក្តីព្យាយាមដុតនូវបាបធម៏ ១ -ការប្រព្រិត្តិនូវធម៏ដ៏ប្រសើរ ១ -ការឃើញនូវអរិយសច្ចៈទាំងឡាយ ១ -ការធ្វើអោយជាក់ច្បាស់នូវព្រះនិព្វាន ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ -ចិត្តនៃបុគ្គលណា ដែលលោកធម៏ទាំងឡាយ ពាល់ត្រូវហើយមិនរំភើបញាប់ញ័រ ១ -ការមិនឃើញសេចក្តីសោក ១ -ធូលី គឺ រាគៈ ប្រាសហើយ ១ -ចិត្តក្សេមក្សាន្ត ១ ទាំងនេះជាមង្គល ដ៏ឧត្តម។ ទេវតា និង មនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តី ក្នុងទីទាំងពួង នេះជាមង្គល ដ៏ឧត្តម របស់ទេវតា នឹងមនុស្សទាំងឡាយ។ (ដកស្រង់ចេញពី៖ ខុទ្ទកបាថ មង្គលសុត្តំ ព្រះត្រៃបិដក លេខ ៥២ ទំពរ័ ៤-៦) វាយអត្តបទ ដោយ ឧបាសក ទី វ៉េង ណៃ ។ ដោយ៥០០០ឆ្នាំ |