អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣១,៩១៦ ដង)
ភិក្ខុនៅក្នុងដងព្រៃមួយ

|
វនសំយុត្ត
វិវេកសូត្រទី១ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់ទីសម្រាកក្នុង វេលាថ្ងៃហើយត្រិះរិះនូវអកុសលវិតក្កៈទាំងឡាយដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ ។ ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះឱ្យសង្វេគ ក៏ចូលទៅ រកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា ៖ លោកប្រាថ្នា សេចក្តីស្ងាត់បានជាចូលមកកាន់ព្រៃតែចិត្តរបស់លោកនៅតែត្រាច់ទៅក្នុងអារម្មណ៍ខាងក្រៅ លោកចូរជាជននាំចេញនូវឆន្ទរាគៈក្នុងជនដទៃ តអំពីនោះ លោកនឹងបានសេចក្តីសុខប្រាសចាករាគៈមិនខាន លោកចូរលះបង់សេចក្តីមិនត្រេកអរក្នុងព្រហ្មចរិយធម៌ចោលចេញ លោកចូរជាអ្នកមានស្មារតី ។ ខ្ញុំសូមរំលឹកលោក ដែលជាអ្នកមានស្មារតី ព្រោះថា ធូលី គឺកិលេស ដែលបណ្ឌិតហៅថា បាតាល នេះលំបាកនឹងឆ្លងណាស់ ធូលីគឺកាមកុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែលប្រឡាក់ខ្លួនដោយអាចម៍ដី ប្រឹងទទះជម្រុះធូលី ដែល ប្រឡាក់ខ្លួនឱ្យធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមានព្យាយាម មានស្មារតី តែងធ្វើធូលី គឺកិលេសដែលប្រឡាក់ខ្លួន ឱ្យធ្លាក់ ចេញយ៉ាងនោះឯង ។ មានភិក្ខុមួយអង្គទៀត នៅក្នុងដងព្រៃនៃដែន កោសលដែរ លោកមានការត្រិះរិះដោយអកុសលវិតក្កៈ គឺ កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ ។ ទេវតាបាន ពោលចំពោះភិក្ខុនោះថា លោកដែលវិតក្កៈទាំងឡាយទំពាស៊ីបាន ព្រោះមិនយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា ចូរលោកលះបង់ឧបាយមិនមែនជាប្រាជ្ញាចេញ ហើយចូរត្រិះរិះដោយ ឧបាយប្រាជ្ញាវិញ ប្រារឰនូវព្រះសាស្តា ព្រះធម៌ និង ព្រះសង្ឃ ជាអ្នកប្រព្រឹត្តសីល រមែងបាននូវ បាមោជ្ជៈ បីតិ សុខៈ ឥត សង្ស័យ បើលោក មានបាមោជ្ជៈច្រើនជាងនេះទៅទៀត និងធ្វើនូវទីបំផុតទុក្ខបាន ។ បើពុទ្ធបរិស័ទរលឹកដល់ ព្រះពុទ្ធ ព្រះធម៌ ព្រះ សង្ឃ គង់ខ្មាសបាប ខ្ពើមបាបពុំខាន ព្រោះព្រះពុទ្ធជាបុគ្គល ស្អាត បរិសុទ្ធ ព្រះធម៌មានគុណចម្លងសត្វចេញចាកទុក្ខបានសាវ័ក របស់ព្រះពុទ្ធជាបុគ្គលស្ងប់ទុក្ខរុងរឿង ។ ម៉្យាងទៀតបុគ្គលដែលបានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីរលឹក គួរធ្វើឱ្យពេញលេញក្នុងសីល ហើយនៅដោយបីតិ សុខៈ ក្នុងសីលរបស់ខ្លួន ព្រោះបានពិចារណា ឃើញសីលមានតម្លៃជាងទ្រព្យសម្បត្តិក្នុងលោក ។ ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣ ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |