អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៥៣ ដង)
សុខនិងទុក្ខនៅក្នុងចិត្ត

|
សុខនិងទុក្ខនៅក្នុងចិត្ត
ច្រែះ ពេលដែលកើតនឹងដែកណា រមែងស៊ីដែកនោះ មួយថ្ងៃបន្តិចៗ រហូតដល់ដែកនោះរលេះរលួយអស់ទៅ យ៉ាងណាមិញ សេចក្ដីទុក្ខកាលកើតក្នុងចិត្តនៃបុគ្គលណា ក៏រមែងបៀតបៀនចិត្តនៃបុគ្គលនោះជារៀងរាល់ថ្ងៃ ធ្វើឲ្យចិត្តក្ដៅក្រហាយរហូតដល់ដាច់ខ្យល់ស្លាប់ក៏យ៉ាងនោះដែរ។ តាមការពិត ទុក្ខសោកនោះមិនមានអ្នកណាចង់ជួបចង់មានឡើយ ប៉ុន្តែ ទាំងដែលមិនចង់ជួបមិនចង់មាននោះឯង សេចក្ដីទុក្ខក៏នៅតែជាភ្ញៀវដែលអត់មារយាទសូម្បីមិនបានអញ្ជើញ ក៏នៅតែមករកយើងទៀត។ មកដល់ហើយ ទោះជាយើងបណ្ដេញ ក៏មិនព្រមទៅដោយងាយឡើយឬពេលខ្លះទៅហើយមិនជាប៉ុន្មានថ្ងៃក៏ត្រឡប់មកវិញ វិលវល់ដូច្នេះឯងកាន់ខែ កាន់ឆ្នាំ រហូតក្លាយជាសភាវប្រចាំថ្ងៃ ប្រចាំជីវិតរបស់មនុស្សយើង។ នេះពោលចំពោះការដែលមនុស្សយើងខ្វះឧបាយនៃបញ្ញា។ បើយើងសាកល្បងពិចារណាមើលឲ្យល្អ យើងរមែងជួបនូវចំណុចនៃការពិតមួយថា សុខទុក្ខនោះឯងវាកើតឡើងនៅនឹងចិត្ត ហើយចិត្តហ្នឹងឯង ដែលជាធម្មជាតិទទួលយកនូវសុខនិងទុក្ខនោះ។ កាលបើសុខកើតនឹងចិត្ត ចិត្តខ្លួនឯងរមែងជាសុខ តែបើទុក្ខកើតវិញ ចិត្តក៏ជាទុក្ខខ្លួនឯងដែរ។ នេះជាការពិតប្រាកដណាស់ គឺសុខទុក្ខនោះចិត្តរបស់មនុស្សយើងបានទៅនាំយកមក ឲ្យនៅជាមួយពោលគឺធ្វើឲ្យវាកើតឡើងក្នុងចិត្តខ្លួនឯង។ ដោយចំពោះសេចក្ដីទុក្ខដែលប្រៀបដូចជាច្រែកស្នឹមនោះ គឺចិត្តរបស់យើងបាននាំយកមកដោយខ្លួនឯង ស្រេចហើយខ្លួនឯងក៏រមែងជាទុក្ខ ដូចដែកដែលច្រែះស៊ីដូច្នោះ។ មនុស្សយើងដោយច្រើន ចូលចិត្តគិតទៅក្នុងរឿងផ្សេងៗ ហើយសន្សំទុកនូវរឿងដែលមិនល្អក្នុងចិត្ត។ រឿងក្នុងអតីតកាលខ្លះ រឿងខ្លួនឯងខ្លះ រឿងអ្នកដទៃខ្លះរឿងដែលមិនមែនជាសភាវៈពិត គ្រាន់តែជាបញ្ញតិ ទាំងដែលរឿងខ្លះកិលេសក្នុងចិត្តខ្លួនឯង បាននិមិត្តឲ្យកើតឡើងទាំងស្រុងទៀតផង។ បើក្នុងចិត្តប្រាសចាកលោភៈហើយ រឿងក្នុងលោកដែលសម្រាប់ឲ្យជាប់ជំពាក់រមែងមិនមាន។ បើក្នុងចិត្តប្រាសចាកទោសៈហើយ រឿងក្នុងលោកដែលសម្រាប់ឲ្យទាស់ចិត្តរមែងមិនមាន។ បើក្នុងចិត្តប្រាស់ចាកមោហៈហើយ រឿងក្នុងលោកដែលសម្រាប់ឲ្យវង្វេងនិងយល់ខុស រមែងមិនមាន សេចក្ដីពិតក៏រមែងប្រាកដឲ្យដឹងច្បាស់។ ដោយអំណាចកិលេសក្នុងចិត្ត មនុស្សយើងរមែងខ្វាយខ្វល់ចូលទៅជំពាក់វាក់វិនក្នុងរឿងទាំងឡាយ សូម្បីដែលកន្លងទៅហើយ រួចទៅហើយ ក៏នៅតែយកមកគិតឲ្យស្ដុកចិត្ត តឹងណែនក្នុងក្បាល។ ប្រសិនបើរឿងកន្លងទៅហើយ វារួចបាត់ទៅហើយ ឲ្យវាហើយទៅចុះ មិនយកមកទុកឲ្យស្ដុកណែនក្នុងចិត្ត ដូច្នេះ វាក៏មិនមានអ្វីបង្កការបៀតបៀនដល់ចិត្តដែរ។
មនុស្សយើងដែលទន់ខ្សោយដោយបញ្ញា រមែងគិតដោះស្រាយចំពោះតែអ្វីដែលរួចទៅហើយ មានការកើតទុក្ខ មិនសុខចិត្តចំពោះការប្រព្រឹត្តរួចហើយរបស់អ្នកដទៃ មានការស្ដីបន្ទោសដោយការខឹងក្រោធជាដើម។ ចិត្តមិនស្ងប់ គឺមិនអាចដោះស្រាយបញ្ហាក្នុងបច្ចុប្បន្នទៅបានទេ ព្រោះថាបញ្ហាដែលត្រូវដោះស្រាយគឺបច្ចុប្បន្ន។ បើយើងសិក្សាឲ្យបានស្គាល់បច្ចុប្បន្នច្បាស់ ថាតើបច្ចុប្បន្នគឺជាអ្វី យើងនឹងមិនប្រកាន់មាំឡើយ ចំពោះថា ទោះបី បច្ចុប្បន្នវាជាសភាវៈដទៃដែលត្រូវតាមចិត្តរបស់យើងប្រាថ្នាក៏ដោយ ក៏វាត្រឹមតែជាបច្ចុប្បន្នប៉ុណ្ណោះ វារមែងបែកធ្លាយ មិនទៀត សោះសូន្យ តើយើងចាំបាច់ចង់បានរបស់អ្នកដទៃ គ្រាន់តែតម្រូវតាមចិត្តយើងមកធ្វើអ្វី។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |