អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៨៤៩ ដង)
មេមាន់និងកូនមាន់

|
ពេលស្រាងៗ មេមាន់ក្រោកឡើងឈរ បន្ទាប់ពីដេកក្រុងកូនតូចៗ ទុកក្នុងស្លាបអស់ពេញមួយយប់មក។ មេមាត់បបួលកូនចេញរកស៊ី ដោយជើងកកាយ និងភ្នែកសម្លឹងរកចំណី បានអ្វីៗ ហៅកូនមកជុំ បើចំណីរាងធំ មេចឹកបំបែកឲ្យជាបំណែកតូចៗ។ ពេលមេមាន់ដឹងថា មានសត្រូវហើរឆ្វែលពីលើមានខ្លែងជាដើម គឺក្រៃលែងក្នុងការហួងហែងកូន ស្រែកហៅកូនយ៉ាងប្រញាប់ ឲ្យកូនរត់មកជិតៗ ប្រាប់ឲ្យកូនចេះក្រាប ចេះគេចពួនពីសត្រូវ និងបើកស្លាបឲ្យកូនរត់ចូល។ មេមាន់បណ្ដើរកូន ចិញ្ចឹមកូន រក្សាកូន តាំងពីព្រលឹមស្រាងរហូតដល់ព្រលប់ រាល់ៗថ្ងៃ មេមាន់ត្រូវនឿយហត់យ៉ាងគួរឲ្យអាណិត។ ដល់ពេលព្រលប់ត្រូវឈប់សម្រាក មេតែងតែហៅកូនៗឲ្យចូលមកនៅក្រោមស្លាប ដោយក្រាបឲ្យកូនដេកលក់យ៉ាងសប្បាយវាស់ព្រឹក។ ឱ! សេចក្ដីស្រឡាញ់របស់ម៉ែ កុំថាតែមនុស្សឡើយ សូម្បីមាន់ក៏ព្រមលំបាកដោយការចិញ្ចឹមកូនរបស់ខ្លួនរហូតទាល់តែកូនទាំងអស់ធំ ដុះស្លាបក្រាស់ចាស់ជើង រកស៊ីខ្លួនឯងបាន នោះឯង ទើបបានផុតចាកពីទ្រូងរបស់មេទៅតាមកន្លែងរៀងខ្លួន។ កូនមាន់ ដែលធំរហូតដល់ជាមេមាន់ធំមែនទែនហើយ តើមានមាន់ណាខ្លះដែលចិញ្ចឹមនូវមេដើម្បីតបស្នងសងគុណ? មិនមានឡើយ ព្រោះវាជាសត្វ ដូច្នេះទើបទើបមិនចេះដឹងគុណរបស់មេដែលចិញ្ចឹមខ្លួនមក។ អនិច្ចា! មេមាន់គួរឲ្យអាណិតណាស់ ចិញ្ចឹមកូនមកហើយ រហូតដល់កូនធំៗ តែមិនអាចពឹងកូនណាមួយបានឡើយ។ ឪពុកម្ដាយរបស់យើងគ្រប់គ្នា ក៏ដូចគ្នានឹងមេមាន់ដោយត្រូវលំបាកក្នុងការចិញ្ចឹមកូនប្រុសស្រីតាំងពីគភ៌ចាប់ផ្ដើម ដោយសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដ មានការយកចិត្តទុកដាក់យ៉ាងក្រៃលែង។ មាតាបិតានឿយហត់ទាំងកាយទាំងចិត្ត ពិតប្រាកដខ្លាំងក្លា ប៉ុន្តែមានកូនខ្លះក៏ដូចជាកូនមាន់ មិនមានខុសអ្វីឡើយ។ ចូរយកតម្រាប់តាមមេមាន់ ដែលមិនព្រមចោលកូន តែកុំយកតម្រាប់តាមកូនមាន់ឡើយ សឹងដែលធំឡើងហើយ លះបង់ចោលមេរបស់ខ្លួន។ ឪពុកម្ដាយរបស់យើងនោះ មានត្រឹមតែពីរនាក់ប៉ុណ្ណោះ ហើយនឹងនៅឲ្យយើងជាកូនចិញ្ចឹមតបគុណនោះមិនជាយូប៉ុន្មានឡើយ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |